បញ្ញវន្តមួយក្រុមគ្រោងស្រាវជ្រាវរកឱ្យឃើញបណ្ឌិតពិតនិងក្លែងក្លាយ

ពិធីប្រកាស និងផ្ទេភារកិច្ច​ថ្នាក់ដឹកនាំរាជបណ្ឌិតសភាកម្ពុជា និងការប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ​ នៃរាជបណ្ឌិតសភាកម្ពុជា កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០១៧(រូបពីទីស្តីការគណៈរដ្ឋមន្ត្រី)

ក្រុមបញ្ញវន្តមួយក្រុមប្រកាសពីគម្រោងនៃការស្រាវជ្រាវរកឱ្យឃើញ អ្នកដែលបានសិក្សាដល់ថ្នាក់បណ្ឌិតពិតប្រាកដ និង ក្រុមដែលមិនបានសិក្សាតាមលក្ខខណ្ឌត្រឹមត្រូវ ហើយតាំងខ្លួនជាបណ្ឌិតនៅក្នុងប្រទេសកម្ពុជា។​

គម្រោងនៃការសិក្សាស្រាវជ្រាវនេះ មានការផ្តួចផ្តើមពីបណ្ឌិត គីម ហ៊ាង និង បណ្ឌិតមួយចំនួនទៀត។ តាមគម្រោងក្រុមបណ្ឌិតនេះ នឹងជួបគ្នាលើកដំបូង នៅថ្ងៃទី៦ខែមករាឆ្នាំ២០២០ខាងមុខ។​

លោក គីម ហ៊ាង៖« រកអោយឃើញថា ប្រទេសកម្ពុជា មានបណ្ឌិតពិតប្រាកដប៉ុន្មាននាក់ ដែលមានសញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត មាននិក្ខេបបទបញ្ចប់ការសិក្សា និងចេញពីសាកលវិទ្យាល័យ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល នៃប្រទេសនោះ ទាំងនៅកម្ពុជា និងនៅបរទេស»។

លោក គីម ហ៊ាង មានប្រសាសន៍ថា ចំនួនអ្នកចូលរួម និង ទីតាំងដែលត្រូវជួបគ្នាជាក់លាក់ នឹងត្រូវប្រកាសនៅត្រឹមពាក់កណ្តាលខែធ្នូនេះ។

តាមគម្រោងក្រុមនេះ ក៏នឹងរកឱ្យឃើញផងដែរថា អ្នកណាខ្លះដែលតាំងខ្លួនជាបណ្ឌិត តែមិនបានឆ្លងកាត់ការសិក្សាត្រឹមត្រូវ។​

លោក គីម ហ៊ាង៖«រកអោយឃើញថា តើប្រទេសកម្ពុជាមានមនុស្សប៉ុន្មាននាក់ ដែលតាំងខ្លួនជាបណ្ឌិត តែខ្លួនឯងមិនមែនជាបណ្ឌិតពិត មិនមែនជាបណ្ឌិតកិត្តិយសពិត និងបណ្ឌិត ពីការរៀនតាម Online = Long Distance Learning ពិតប្រាកដ»។

លោក បណ្ឌិត គីម ហ៊ាង បញ្ជាក់ថា គម្រោងនេះគឺ​ ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងតម្លៃពិត របស់បណ្ឌិតពិត ដែលបានចំណាយពេលរាប់សិបឆ្នាំ ដើម្បីរៀនសូត្រ និងសិក្សាស្រាវជ្រាវ បណ្ឌិតកិត្តិយសពិត និងបណ្ឌិត ដែលរៀនតាម Online = Long Distance Learning ពិត។​

ក្នុងពិធីសម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងក្តីបារម្ភពីការផ្តល់ងារជាបណ្ឌិតច្រើន តែអ្នកខ្លះមិនមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ