សិក្ខាកាម​សារព័ត៌មានជំនាន់ទី១របស់CCIM ថា​​ទទួល​បាន​ចំណេះដឹង និង​បទពិសោធ​ន៍​ច្រើនក្រោយ​ពី​បញ្ចប់វគ្គ

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។ (ហ្វេសប៊ុក Newsroom Cambodia)

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ អះអាងថា ​ទទួល​បាន​នូវចំណេះ​ដឹង និងបទពិសោធន៍​ច្រើន ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន​ បន្ទាប់​ពី​​បាន​ចូល​​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM)។

ដើម្បីលើកកម្ពស់​វិស័យសារព័ត៌មាន​នៅកម្ពុជា «មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ»  (CCIM) ​​រៀបចំ​​វគ្គបណ្ដុះ​បណ្ដាល​​ផ្នែក​សារព័ត៌មាន​​ចំនួន​​៦វគ្គ ដោយ​​វគ្គនីមួយៗ​មាន​រយៈ​ពេល​​៣​ខែ។ មជ្ឈមណ្ឌលនេះ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​​ជំនាញ​​សរសេរ​​សារព័ត៌មាន​​ជំនាន់​ទី១ ​ចាប់ពីថ្ងៃ​ទី០២ ខែកញ្ញា ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។
សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។ (ហ្វេសប៊ុក Newsroom Cambodia)

បន្ទាប់​​ពីវគ្គបណ្ដុះ​​បណ្ដាល​ត្រូវ​បាន​បញ្ចប់ សិក្ខាកាម​ដែល​ចូលរៀនក្នុងវគ្គនេះ បានលើកឡើងស្រដៀងគ្នាថាពួកគេទទួលបាន​ចំណេះ និង​ជំនាញ​​ ក៏ដូចជា​​បទពិសោធន៍ថ្មី​ប្លែក​​ជាច្រើនពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន រួមមាន​ការ​​សរសេរ​​​​ព័ត៌មាន ការ​​សរសេរអត្ថបទ​បែបFeature វិធីសាស្រ្តក្នុង​ការ​សម្ភាស​ប្រភព ការប្រើប្រាស់​​ប្រព័ន្ធ​អ៊ីនធឺណិត​​ឲ្យ​មាន​សុវត្ថិភាព ក្រមសីលធម៌​ជា​អ្នក​សារព័ត៌មាន វិធីសាស្ត្រ​នៃ​ការ​​ស្រាវជ្រាវ​ របៀប​​ស្វែងរក​​ព័ត៌មាន​ រួម​ទាំង​​នីតិវិធីខ្លះៗ​​ដែល​​អ្នកសារព័ត៌មាន​​ត្រូវ​ស្វែង​យល់​។

លោក ឆន ចាន់ស៊ី គ្រូបណ្ដុះ​បណ្ដាល​​ផ្នែក​​សារព័ត៌មាន​​ បាន​​ឲ្យដឹងថា វគ្គនេះ​​ពិតជា​​មានសារៈសំខាន់ណាស់សម្រាប់​អ្នកដែល​ចង់ក្លាយជា​អ្នកសារព័ត៌មានអាជីព។ លោក កត់សម្គាល់​ឃើញថា ​​​បន្ទាប់ពីឆ្លងកាត់​​វគ្គបណ្ដុះបណ្ដាល​​រយៈ​ពេល​៣ខែ​មក សិក្ខាកាម​​មាន​ការ​​យល់ដឹង​ច្រើន​​ទាក់ទង​នឹង​​ការ​ធ្វើព័ត៌មាន​​បែបវិជ្ជាជីវៈ។

លោក ឆន ចាន់ស៊ី មានប្រសាសន៍ថា ៖ «​ជាការពិត កន្លងមក តាមដែល​យើងស្ទាប​ស្ទង់​មើល គាត់ [សិក្ខាកាម] អត់ដឹង​ថា ​ព័ត៌មាន​គឺជាស្អីទេ។ ប៉ុន្តែ​​ ដល់​ពេល​​គាត់បាន​​ឆ្លងកាត់វគ្គបណ្ដុះ​បណ្ដាល​​របស់យើង បាន​យល់ច្បាស់​​ថា​ ស្អីទៅ​ជាព័ត៌មាន ស្អីទៅ​ជា​ព័ត៌មាន​​បែប​វិជ្ជាជីវៈ។ […] វគ្គ Newsroom Cambodia នេះ​មានសារៈប្រយោជន៍ខ្លាំងណាស់​សម្រាប់យុវជនខ្មែរយើង​។ ពួកគាត់​​អាច​ទទួល​បាន​ចំណេះ​ដឹងផ្សេងៗ​​ក្នុង​ការ​​សរសេរ​អត្ថបទ​​។ អ្វីដែល​យើង​​បង្រៀន​ គឺបង្រៀន​​ពីលក្ខណៈ​ជា Basic ក្នុងការធ្វើ​សេចក្ដីរាយការណ៍  មានន័យថា​​ យើង​បង្រៀន​​ពួកគាត់​​ពីមុំនៃរឿង របៀប​ជ្រើសរើស​​រឿង ហើយ​តើរឿង​អស់ហ្នឹង​ជួយអ្វីខ្លះដល់​សង្គម​របស់​យើង”។

បើតាមលោក ចាន់ស៊ី វគ្គបណ្ដុះបណ្ដាល​​សារព័ត៌មាន​​ក្រោយៗ​ទៀត នឹង​ធ្វើការកែប្រែ​​ឲ្យ​កាន់​តែ​មាន​​ប្រសិទ្ធភាព​​បន្ថែមទៀត តាមរយៈ​ការ​​សិក្សា​នូវ​អ្វីដែល​ខ្វះចន្លោះ​ក្នុងវគ្គទី១ ដើម្បី​ឲ្យសិក្ខាកាម​​អាច​ធ្វើ​រឿង​​បាន​តាម​​បែប​វិជ្ជាជីវៈ​។ លោក​បន្ថែមថា ការរៀប​ចំ​កាល​វិភាគ​ទៅ​តាម​ពេលវេលា​​របស់​សិក្ខាកាម ​ពិតជា​មាន​​សារៈសំខាន់​ ព្រោះថា​​កន្លងមក ជួប​បញ្ហា​ត្រង់​ថា ​សិក្ខា​កាម​​​អត់​សូវ​មាន​​ពេល​វេលា​​គ្រប់គ្រាន់។ អ្វីដែលថ្មីនៅក្នុងវគ្គបណ្ដុះ​បណ្ដាលក្រោយៗ ​នឹងមាន​ការ​ដាក់​បញ្ចូល​ការ​ធ្វើព័ត៌មាន ​មានរបៀបជាប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ​ មានន័យថា ​សិក្ខាកាម​អាច​ធ្វើ​ព័ត៌មាន​ជាលក្ខណៈ​អនឡាញ​ក៏បាន ជាវិទ្យុក៏បាន។

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។
ការចុះអនុវត្តផ្ទាល់របស់សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។ (ហ្វេសប៊ុក Newsroom Cambodia)

សិក្ខា​កាម​ដែល​​ទើប​​បញ្ចប់ការ​សិក្សា​មួយរូប កញ្ញា ម៉ៅ ស៊ីណា បាន​ឲ្យដឹងថា ឆ្លង​កាត់​វគ្គបណ្ដុះ​​បណ្ដាលវគ្គ​​សារព័ត៌មាន​រយៈពេល៣ខែ កញ្ញា​ពិត​ជា​​ទទួល​បាន​​នូវ​ចំណេះ​ដឹង​ច្រើន ទាំង​ការ​សម្ភាស​ប្រភព ការ​សរសេរ​អត្ថបទ​​ព័ត៌មាន ការ​សរសេរ​បែប​ហ្វ៊ីតឆ័រ (Feature) រួម​ទាំង​ការ​​ប្រើប្រាស់​អ៊ីនធឺណិត​​ឲ្យមានសុវត្ថិភាពផងដែរ​។

កញ្ញា ម៉ៅ ស៊ីណា លើកឡើងថា៖ «ក្នុងរយៈ​ពេល​៣ខែ​ហ្នឹង ខ្ញុំគិតថា​​ ខ្ញុំ​បាន​រៀន​​សូត្រ​ច្រើន​ពី ស៊ីស៊ីអាយអឹម (CCIM)។ ទី១ ទាក់ទង​​ទៅនឹង​ការសម្ភាស​ ការ​សរសេរ​ព័ត៌មាន ការ​សរសេរ​ហ្វ៊ីតឆ័រ (Feature)។ មួយទៀត ខ្ញុំ​បាន​​យល់​​ដឹងថែមទាក់ទង​​ទៅ​នឹង​អ្វី​ជា​​ព័ត៌មាន​ពិត អ្វី​ជា​ព័ត៌មាន​​មិនពិត ហើយ​នៅក្នុង​​ហ្នឹង​ក៏ដឹង​អំពី​នីតិវិធីខ្លះៗ​ ទាក់ទង​នឹងអ្នកសារព័ត៌មាន ​ដែល​កាលពីមុន​ខ្ញុំ​អត់​ដឹង​សោះ»។​

មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ត្រូវបានបង្កើត និងចុះបញ្ជីនៅ​ក្រសួង​មហាផ្ទៃ ជាអង្គការ​ក្រៅ​​រដ្ឋា​ភិបាល នៅក្នុងខែមិថុនា ឆ្នាំ២០០៧។ មជ្ឈមណ្ឌល​នេះ ផលិតព័ត៌មាន​សម្រាប់​ផ្សាយ​តាមវិទ្យុ អនឡាញ​ ក៏ដូចជា​​ផ្សព្វផ្សាយ​​តាម​បណ្ដាញ​​សង្គមផ្សេងៗ។ ក្រៅពីនេះ​ ក៏មាន​ការ​បណ្តុះបណ្តាល​​ផ្នែក​​សារព័ត៌មាន បង្កើត​​យុទ្ធនាការ​តស៊ូមតិលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដើម្បី​ទទួល​បានព័ត៌មាន សេរីភាព​អ៊ីនធឺណិត សេរីភាព​បញ្ចេញមតិតាម​អ៊ីន​ធឺ​ណិត និង​សុវត្ថិភាពអ្នក​សារព័ត៌មាន។

មិនខុសពី​សិក្ខាកាម​ខាងលើ​ កញ្ញា អេង ស្រីពៅ ដែលទើប​តែ​ឆ្លងកាត់​​វគ្គបណ្ដុះ​បណ្ដាល​​សារព័ត៌មាន​​រយៈពេល៣ខែដែរនោះ បានឲ្យដឹងថា​ កញ្ញា​ពិត​ជា​​ទទួល​​បាន​​នូវ​ចំណេះ​​ដឹងច្រើន ​ពីរបៀប​​សរសេរ​ព័ត៌មាន​​បែប​វិជ្ជាជីវៈ។

កញ្ញា អេង ស្រីពៅ និយាយថា៖«អ្វីដែលខ្ញុំ​រៀន​សូត្រ​បាន គឺបាន​ច្រើន​មែនទែន។ ទី១ គឺយើង​​ចេះស្វែង​រក​​ប្រភព ចេះស្វែង​រក​ព័ត៌មាន​ ជាពិសេស​​គឺ​ចេះចាប់យក​​​មុំនៃរឿង ក្នុង​រឿង​ហ្នឹង​តើយើង​ត្រូវ​ការ​​ប្រភពប៉ុន្មាន ដើម្បី​​ឲ្យមានភាព​ពេញ​លេញ​ក្នុង​​រឿងហ្នឹង​​មួយ»។ វាការងារ​មួយដែល​​យើង​ជាយុវជន គួរតែ​​ចាប់រៀន​យក​​វគ្គសារព័ត៌មាន​​នេះ។ វគ្គសារព័ត៌​មាន អាច​​ធ្វើឲ្យ​យើង​រៀន​បាន​ស្វែង​យល់​ពី​ព័ត៌មាន​ពិត ព័ត៌មាន​​មិនពិត ហើយ​​វាអាច​ឆ្លុះ​បញ្ចាំង​ពីស្ថានភាព​​ជាក់ស្ដែង។ ពេល​យើងចេះ​ យើង​អាច​យក​មកសរសេរ បង្ហាញ​​សាធារណជន ​ឲ្យ​គេ​​បាន​ដឹង​ពីអ្វីដែល​​ជា​ព័ត៌មាន​ពិត​​ក្នុង​​ប្រទេស»។

លោក Michael Dickison ជា​គ្រូបណ្ដុះ​បណ្ដាល​ជំនាញ​សរសេរ​​ព័ត៌មានជា​​ភាសា​អង់គ្លេស បាន​​ដឹងថា Newsroom Cambodia បង្រៀន​​សិក្ខាកាម​​ជា​ច្រើន​​ទាក់ទង​ទៅនឹង​សារព័ត៌មាន។ លោក​បន្ថែមថា កម្មវិធីនេះ​​មានសារៈ​សំខាន់​​ខ្លាំង​ណាស់ ហើយ​បច្ចុប្បន្ន​ កម្ពុជា​​ត្រូវ​ការ​អ្នកសារព័ត៌​មានដែល​​​ល្អបន្ថែម​​ទៀត។

លោក Michael Dickison មានប្រសាសន៍ថា៖ «ពួកយើងគិតថា​ កម្មវិធីនេះ​មានសារៈសំខាន់​ណាស់។ ពួកយើង​បង្កើតកម្មវិធីនេះ​ឡើង ព្រោះថា វិស័យ​សារព័ត៌មានពិតជា​មានសារៈសំខាន់​នៅ​កម្ពុជា។ ពួកយើង ​កំពុង​កសាង​ឧស្សាហកម្មសារព័ត៌មាន​ឡើងវិញនៅ​កម្ពុជា ក្រោយពីរង​ការ​លំបាកពីរបីឆ្នាំ​កន្លងមក​នេះ។ ដូច្នេះ​ហើយ ខ្ញុំគិតថា យើងត្រូវការ​អ្នកសារព័ត៌មាន​ដែលល្អបន្ថែម​ទៀត​ក្នុងប្រទេស»។

បើតាម​លោក Michael វគ្គបណ្ដុះបណ្ដាល​សារព័ត៌មាន​នេះ គឺជាការ​អនុវត្តពាក់​​កណ្តាល​​អាជីព ដែល​សិក្ខាកាម​​មក​រៀនទាក់ទង​នឹង​អត្ថបទព័ត៌មាន​រយៈពេល​៣ខែ។ លោកសង្ឃឹមថា សិក្ខាកាម​​ដែល​បាន​​បញ្ចប់​វគ្គនេះ​ នឹង​អាច​ធៀប​ជាមួយ​នឹង​អ្នកសារព័ត៌មាន​អាជីពបាន។

មិនខុស​គ្នា​ពី​សិក្ខាកាម​​២រូប​ខាង​លើ លោក សាញ់ ប៊ុនហឿន ដែល​​ជានិស្សិត​ផ្នែក​សារព័ត៌មាន​នៅ​សកលវិទ្យាល័យ​​មួយ ហើយ​ក៏ជា​សិក្ខាកាម​​ទើប​បញ្ចប់​​វគ្គបណ្ដុះ​បណ្ដាល​​ផ្នែក​សារព័ត៌មាន​​រយៈ​ពេល​៣ខែនេះដែរ បាន​​ឲ្យដឹងថា លោក​មាន​ការ​យល់​ដឹង​ច្រើន​​ពីអ្វី​ទៅ​ដែល​​ហៅថា​ព័ត៌មាន ហើយ​ក៏​អាច​សរសេរព័ត៌មាន​​តាម​​បែបផ្សេងៗ​បាន​​ផង​ដែរ។

លោក សាញ់ ប៊ុនហឿន៖ «ខ្ញុំ​ខ្លួនឯង​ផ្ទាល់ ខ្ញុំ​មិន​កុហក​ខ្លួនឯង​​ទេ មក​ដល់ឥឡូវ​ ខ្ញុំ​អាច​សរសេរ​អត្ថបទ​​ព័ត៌មាន​​បាន ខ្ញុំ​អាច​សរសេរ​​ហ្វ៊ីតឆ័រ​បាន ខ្ញុំ​អាច​​ធ្វើ​វីដេអូទាក់ទង​នឹង​អត្ថបទ​​ព័ត៌មានបាន។»

បើតាម ប៊ុនហឿន កន្លងមក​លោក​ធ្លាប់​​ចូល​រួម​​វគ្គបណ្ដុះ​បណ្ដាល​​ផ្នែកសារព័ត៌មាន​​ផ្សេង​រួច​មក​​ហើយ ប៉ុន្ត​ វាមាន​ភាព​​ខុស​គ្នាដាច់​​​រវាង​​វគ្គមុន និង​វគ្គសារព័ត៌មាន​​ដែល​ផ្ដល់​​ដោយ​ មជ្ឈមណ្ឌល​កម្ពុជា​​ដើម្បី​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ។ ​និស្សិត​ផ្នែកសារព័ត៌រូប​នេះ​បន្ថែម​ថា ចូល​រៀននៅ​ស្ថាប័នផ្សេង គេ​មិន​បាន​​បង្រៀន​​លម្អិត​ពី​អ្វី​ទៅ​​ដែល​ហៅ​ថា​ព័ត៌មាន​នោះ​ទេ ប៉ុន្តែ​​ ពេល​មកចូល​​រួម​វគ្គបណ្ដុះ​​បណ្ដាល​​ជាមួយCCIM ធ្វើ​ឲ្យលោក​​​យល់​​ពី​សារព័ត៌មាន​​បាន​​ច្រើន។

កញ្ញា ស្រីពៅ បាន​លើកទឹក​​ចិត្ត​​ឲ្យ​​យុវជន​ផ្សេងៗ​​ទៀត​ រៀន​​វគ្គសារព័ត៌មាន​​ឲ្យ​​បាន​ច្រើន​នាថ្ងៃ​​អនាគត ដោយសារបច្ចុប្បន្ន​​​ អ្នក​សារព័ត៌មាន​​ឯករាជ្យនៅ​​មាន​ចំនួន​​តិចតួច​នៅ​ឡើយ។

កញ្ញាថា៖​ «ចំពោះខ្ញុំជា​យុវជនអ៊ី​ចឹង ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​​ដែលមាន​​ឱកាស​​បាន​​មករៀន​​វគ្គសារព័ត៌មាន​នេះ ហើយ​​ខ្ញុំ​ក៏​ចង់​ឲ្យ​ទៅ​ថ្ងៃអនាគត គឺមាន​​អ្នកចាប់​​អារម្មណ៍​រៀន​​ខាង​សារព័ត៌មាន​​ឲ្យបាន​​ច្រើន ដោយសារតែ​ឥឡូវ ​​អ្នក​សារព័ត៌មាន​​ឯករាជ្យ​គឺ​នៅ​មានការខ្វះខាត​ច្រើន អ៊ីចឹងខ្ញុំ​​ចង់​លើកទឹក​ចិត្ត​ឲ្យ​យុវជន​​មករៀន​​វគ្គសារព័ត៌មាន​​ឲ្យ​បាន​ច្រើន»៕

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។
សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្រោយបញ្ចប់វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។ (ហ្វេសប៊ុក Newsroom Cambodia)

ដោយ៖ ម៉ូវ ម៉ារ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ