លោក ស៊ុន ចាន់ថុល ថាក្រសួងកំពុងសិក្សាលើគន្លងដាច់ដោយឡែកសម្រាប់រថយន្តក្រុង

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយបញ្ចប់វេទិកាស្តីពីចលភាពក្នុងទីប្រជុំជន(Urban Mobility Forum) ដែលរៀបចំឡើងដោយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩។ (ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT)

រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល ឱ្យដឹងថា ក្រសួងកំពុងសិក្សាលើលទ្ធភាពបង្កើតគន្លងពិសេសដាច់ដោយឡែ​កសម្រាប់រថយន្តក្រុងនៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍​ដែលជាបញ្ហាចោទធំបំ​ផុ​តសម្រាប់អ្នករស់នៅទីក្រុង។

រដ្ឋមន្ត្រី​រូប​នេះ បាន​លើកឡើងបែប​នេះអំឡុងពេលថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន ក្រោយលោកបានបញ្ចប់វេទិកាពិភាក្សាអំពីចល័តភាពក្នុងទីក្រុង កាលពីព្រឹ​កមិញនេះ នៅរាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងខ្ញុំកំពុងសិក្សាថា តើ​យើងគួរតែមានគន្លងពិសេសសម្រាប់ឡាន Bus [រថយន្តក្រុង] ព្រោះបើជិះ Bus ដដែល វាជាប់កកស្ទះចរាចរណ៍ដដែល គេមិនចង់ជិះទេ។ ប៉ុន្តែ បើយើងមានគន្លងពិសេសសម្រាប់Bus សម្រាប់ឡានដែលជិះរួមគ្នា កុំឱ្យ​ឡានមួយជិះម្នាក់ឯង។ បើឡានមួយជិះលើសពីរនាក់ គួរឱ្យទៅ Lane [គន្លងផ្លូវ] ពិសេសមួយ គន្លងពិសេស។ អាហ្នឹង យើងនឹងពិចារណាសហការជាមួយរាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចការនោះ»

យ៉ាងណា លោក ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់បានថា ការសិក្សានឹងបញ្ចប់នៅពេលណាទេ ប៉ុន្តែ ​លោកថា ខាងក្រសួងនឹងផ្សព្វផ្សាយបន្ទាប់ពីកិច្ចការនោះរួចរាល់។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បដិសេធបក​ស្រាយ​ពីគម្រោងនៃការស្ថាបនា​គន្លង​ពិសេស​នេះ​ ដោយលោករុញសំណួរនេះឱ្យអ្នកសារព័ត៌មានសួរទៅកាន់ក្រសួងវិញ។

អតីតសមាជិកសភាសិង្ហបុរី និងជាស្ថាបនិកក្រុមហ៊ុន Social Innovation Park លោកស្រី Penny Low លើកឡើងអំ​ឡុងសន្និសីទដដែលនោះថា ការជំរុញឱ្យមានការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ជាជាងមធ្យោ​បាយឯកជន គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់ការកាត់បន្ថយបញ្ហាកកស្ទះ។

អតីតសមាជិកសភាសិង្ហបុរី និងជាស្ថាបនិកក្រុមហ៊ុន Social Innovation Park លោកស្រី Penny Low
អតីតសមាជិកសភាសិង្ហបុរី និងជាស្ថាបនិកក្រុមហ៊ុន Social Innovation Park លោកស្រី Penny Low ចូលរួមវេទិកាស្តីពីចលភាពក្នុងទីប្រជុំជន(Urban Mobility Forum) ដែលរៀបចំឡើងដោយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩។ (ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT)

លោកស្រី Penny Low មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំគិតថា យើងគួរតែផ្តួចផ្តើមឱ្យមានការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដទៃផ្សេងទៀត ដូចជាតាមផ្លូវទឹក បន្ថែមពីលើការផ្តោតលើដំណោះស្រាយតាមផ្លូវគោក។ កម្ពុជាមានទន្លេដ៏ស្រស់ស្អាតកាត់ផ្ទៃប្រទេស ដែលយើងអាចប្រើប្រាស់ជាផ្លូវដឹកជញ្ជូនបាន»

បើតាមរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន នៅភ្នំពេញមាន យានយន្តសរុបចំនួន ១,៨លានគ្រឿង កំពុងធ្វើចរាចរទៅមក ក្នុងនោះ រថយន្តមាន​ចំនួន​ជាង ៥សែនគ្រឿ​ង និងរ៉ឺម៉កកង់បីចំនួន ៤ម៉ឺនគ្រឿង និងមានម៉ូតូជាង ១លាន ៣សែន​គ្រឿង។

តួលេខជំរឿនឆ្នាំ២០១៩ បង្ហាញថា ពលរដ្ឋរស់នៅភ្នំពេញមានជាង ២លាននាក់។

សាលារាជធានីភ្នំពេញ បានសហការជាមួយអង្គការ JICA ផ្តល់សេវារថយន្តក្រុងសាធារណៈលើកដំបូងនៅឆ្នាំ២០០៦ ប៉ុន្តែ ត្រូវទទួលបរាជ័យ។

បន្ទាប់មក បានបើកឡើងវិញនៅឆ្នាំ២០១៤ ក្រោយកិច្ចគាំទ្រពីអង្គការដដែល ដោយមានរថយន្តក្រុងចំនួន ៥៧ រត់លើតម្រាយផ្លូវចំនួន ៣ខ្សែ។ ឆ្នាំ២០១៩ ចំនួនរថយន្តបានបង្កើនដល់២៣៥គ្រឿង និងអាចដឹកជញ្ជូនអ្នកដំណើរបាន១ម៉ឺន៥ពាន់នាក់ក្នុងមួយថ្ងៃ ដោយប្រតិបត្តិការ ១៣ខ្សែនៅទូទាំងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ