សង្គម​ស៊ីវិល និងរដ្ឋាភិបាល គ្រោង​ប្រារព្ធពិធីទិវា​សិទ្ធិមនុស្ស​ក្រោមប្រធានបទផ្សេងគ្នា

ក្រុម​សកម្មជន​ដី​ធ្លី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​សាលា​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​ការ​តវ៉ា​ជំទាស់​នឹង​សំណើ​ច្បាប់​អង្គការ​-សមាគម នៅ​មុខ​ព្រឹទ្ធ​សភា កាល​ពី​ឆ្នាំ​២០១៥។ (បញ្ញា ឆពណ្ណ)

ក្រុម​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រោង​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ នៅ​ថ្ងៃ​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ក្រោម​ប្រធាន​បទ​ផ្សេងគ្នា​ផង​ដែរ​នា​ពេល​ខាង​មុខ​នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានខ្លួន​ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ថា ទិវា​សិទ្ធិ​មនុស្ស​ នឹង​ត្រូវ​រៀបចំ​រួម​គ្នា​ជាមួយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ក្រុម​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ការ​ប្រារព្ធ​ពិធី​​សិទ្ធិ​មនុស្ស​ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​បី​ថ្ងៃ​មុន​ទិវា​សិទ្ធិ​មនុស្ស ១០​ ធ្នូ នោះ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​សកល «យុវជន​ក្រោក​ឡើង ដើម្បី​សិទ្ធិ​មនុស្ស» ចាប់​ពី​ពេល​រសៀល​រហូត​ដល់​ម៉ោង ៨​យប់។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ប្រធានបទនេះ ជាការជួយរំលេចពីតួនាទីដឹកនាំរបស់យុវជន និងជាការជំរុញឱ្យ​កាន់តែប្រសើរក្នុងការចូលរួមរបស់យុវជន ដើម្បីជួយលើកកម្ពស់សិទ្ធិមនុស្ស និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការរាប់បញ្ចូល​គ្រប់គ្នានៅក្នុងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយកាត់បន្ថយវិសមភាព និងទំនាស់ក្នុងសង្គម។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន មានប្រសាសន៍ថា ប្រធានបទ​នេះគឺ​ជា​ការ​ផ្ញើសារ​ទៅ​យុវជនឱ្យ​ចូលរួមធ្វើការផ្លាស់ប្ដូរសង្គមឱ្យស្របទៅតាមច្បាប់ ដោយសារ​ការធ្វើសកម្មភាពរបស់យុវជនមួយចំនួនកន្លងមក លោកមើលឃើញថា ធ្វើទៅតាមអ្នកនយោបាយបញ្ជា។

«យើងឃើញយុវជនមានការចូលរួមច្រើន ក៏ប៉ុន្តែ យុវជនមួយចំនួនក៏មិនទាន់មានគុណភាពនៅឡើយ បានន័យថា គាត់ត្រូវបានអ្នកនយោបាយពង្វក់ ឬក៏ប្រើប្រាស់​ជាឧបករណ៍ ជាឈ្នាន់នយោបាយក្នុងការសម្រេចមហិច្ឆិតារបស់ខ្លួន ដោយប្រើប្រាស់មនោគមវិជ្ជា រូបភាព​សិទ្ធិ និងសេរីភាព ហើយទីបំផុតយុវជនទាំងអស់ហ្នឹង បានធ្លាក់ខ្លួនទទួលខុសក្នុងផ្លូវច្បាប់ ហើយអ្នកនយោបាយទាំងអស់នោះរត់យករួចខ្លួន ​ដោយមិនទទួលខុសត្រូវពីលទ្ធផលដែលខ្លួនជាអ្នករៀបចំនោះទេ»

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ មាជ​ សុវណ្ណារ៉ា​ បាន​ច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយ​លោកថា អ្នកនយោបាយទៅវិញទេ តែងតែប្រើអំណាចដើម្បីគំរាមកំហែងយុវជន ពេលពួកគេចូលរួមកិច្ចការងារសង្គម និងសកម្មភាពនយោបាយ។

«យើងខ្វះការឱ្យតម្លៃដល់យុវជន។ អាហ្នឹង ជាតិយើងគ្រោះថ្នាក់ហើយ។ យើងមើលប្រទេសជាតិមួយ កាលណាយើងឱ្យយុវជន​មិនដឹងរឿងឱ្យច្រើន មិនដឹងរឿងប្រវត្តិសាស្រ្ត អតីតកាលទេ នឹងគ្រោះថ្នាក់។ អ៊ីចឹង ខ្ញុំមើលឃើញឧទាហរណ៍ជាគំរូ គឺទឹកដីកម្ពុជាក្រោម គឺខុសពីប្រទេសថៃ គេសេរីភាព គេប្រាប់ប្រវត្តិសាស្រ្ត ការពិតឱ្យយុវជន ដើម្បីតម្រង់ទិសយុវជន កុំឱ្យជាតិគេអន្តរាយ ប៉ុន្តែ ស្រុកខ្មែរយើងហាមឃាត់យុវជនកុំឱ្យដឹងលឺនយោបាយ ហើយទីបំផុតយើងបាត់ឆន្ទៈ​ជាតិ អ្នកបន្តវេន ទំពាំងស្នងឫស្សី យើងមានតែសុភាសិត»​​

ទិវាសិទ្ធិមនុស្សអន្តរជាតិ ក៏​ត្រូវ​បាន​គ្រោង​រៀបចំ​ឡើង​ដោយ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ផង​ដែរ ក្រោម​ប្រធាន​បទ «ការ​អភិវឌ្ឍ​ត្រូវ​តែ​បម្រើ​សិទ្ធិ​មនុស្ស» នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ នៅ​ចំ​ថ្ងៃ​ទី​១០ ធ្នូ​តែ​ម្ដង​។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ណៃ វ៉ង់ដា បាន​ប្រាប់​ថា គម្រោង​អភិវឌ្ឍន៍ ឬ​វិនិយោគ​កន្លង​មក បាន​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស ដូចជា សិទ្ធិ​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ជា​ដើម។

លោក ណៃ វ៉ង់ដា ប្រាប់​ថា៖ «យើងលើកយកប្រធានបទនេះ ដោយសារតែ កន្លងមកនេះ យើងតែងតែនិយាយថា ការធ្វើជំនួញត្រូវតែគិតគូរពីសិទ្ធិមនុស្ស ប៉ុន្តែ ឥឡូវនេះ យើងមិនចង់ឱ្យគ្រាន់គិតគូរទេ គឺចង់ឱ្យបម្រើបញ្ហាសិទ្ធិមនុស្ស​យកជាធំ។ អ៊ីចឹងបានជាយើងយកប្រធានបទនេះ។ យើងមើលឃើញថា ការអភិឌ្ឍ ឬការវិនិយោគ មានការបញ្ហាប្រឈមខ្លះទាក់ទងសិទ្ធិមនុស្ស សិទ្ធិដីធ្លីជាដើម»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ទៅ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​រួច​មក​ហើយ ​អំពី​គម្រោង​ជួប​ជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ដែល​មនុស្ស​ប្រហែល ២​ពាន់​នាក់ មក​ពី​បណ្ដា​ញ​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី ក្រុម​សហជីព ក្រុម​កម្មករ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​បាន​រំពឹង​ថា នឹង​ចូលរួម​ប្រារព្ធ​ពិធី​មួយ​នេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​យល់ព្រម​ឱ្យសង្គមស៊ីវិលបា្ររព្ធទិវាសិទ្ធិ​មនុស្សហើយ ប៉ុន្តែ ត្រូវសុំការអនុញ្ញាតពី​ក្រសួងមហាផ្ទៃ​បន្ថែម​ទៀត ដោយថា ចំនួនអ្នកចូលរួមក្នុង​ពិធី​នេះ លើសពីដែនសមត្ថកិច្ច​របស់​លោក។

លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា៖ «សាលារាជធានីភ្នំពេញអាចកំណត់បានតែ២០០ នាក់ អ៊ីចឹងឡើងដល់ ២០០០ នាក់អ៊ីចឹង ទាល់ឆ្លងយោបល់ពីក្រសួងមហាផ្ទៃសិន ហើយខ្ញុំនឹងដាក់រៀបចំប្រជុំការងារហ្នឹង នៅមិនទាន់ដាក់ទៅក្រសួងមហាផ្ទៃ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ