អ្នក​ភូមិ​ថា អាជ្ញាធរខេត្ត​កោះកុងបដិសេធលិខិតសហគមន៍​ជូនដំណឹងអំពី​ការ​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​

ប្រជា​ពលរដ្ឋ​មក​ពី​ស្រុក​ចំនួន ៣ នៅ​ក្នុង​ខេត្ត​កោះកុង លើក​បដា​តវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដែល​ពួកគេ​ថា អូស​បន្លាយ​រយៈ​ពេល ១០​ឆ្នាំ​មក​ហើយ។ (បញ្ញា ឆពណ្ណ)

​តំណាងពលរដ្ឋមាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កោះកុង អះអាងថា ពួកគេ​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​សប្ដាហ៍​ក្រោយ​នេះ ប៉ុន្តែ អាជ្ញាធរខេត្តកោះកុង មិនទទួលយកលិខិតជូនដំណឹងរបស់ពួកគេ​អំពី​ការ​ជួប​ជុំ​នេះ​នោះ​ឡើយ។

ប្រជាសហគមន៍មានជម្លោះដីធ្លីនានា ស្ថិត​នៅស្រុកបុទុមសាគរ បានដាក់លិខិតទៅរដ្ឋបាលស្រុក និងខេត្តកោះកុង​កាលពីម្សិលមិញនេះ ដើម្បីជូនដំណឹងទៅអាជ្ញាធរអំពីគម្រោងប្រារព្ធ​ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូខាងមុខនេះ នៅ​ក្នុង​បរិវេណ​វត្ត​មួយ ស្ថិត​ក្នុង​សហគមន៍​របស់​ពួកគេ។

អ្នកស្រី អ៊ិត តឹង ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ និងជាអ្នកយកលិខិតទៅដាក់សាលាស្រុក និងខេត្តផ្ទាល់ ប្រាប់វីអូឌីនៅ​ថ្ងៃ​នេះថា អ្នកភូមិមាន​ជម្លោះដីធ្លី គ្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃចន្ទ​សប្ដាហ៍​ក្រោយ​នេះ ដោយគ្រោងហែក្បួន និងជួបជុំគ្នានៅវត្តមួយ ស្ថិត​ក្នុងភូមិកណ្ដោល ឃុំកណ្តោល។

តំណាងពលរដ្ឋរូបនេះបន្តថា អាជ្ញាធរស្រុក និងខេត្តបានច្រានចោលដោយមិនព្រមចុះហត្ថាលេខា និងទទួលយកលិខិតនោះឡើយ ក្រោមហេតុផលថា លិខិតនោះធ្វើមិនត្រូវតាមបែបបទរដ្ឋបាល។

អ្នកស្រី អ៊ិត តឹង ប្រាប់ថា៖ «រដ្ឋបាលស្រុក និងខេត្តហ្នឹងគេថា គេអត់ទទួល គេអត់បោះត្រាឱ្យទេ។ ហើយគេថា ចង់ធ្វើអីធ្វើទៅ បើសិនមានការចាប់ខ្លួន គេមិនទទួលខុសត្រូវទេ។ ខាងអាជ្ញាធរហ្នឹងពួកគាត់ដូចជាមិនសប្បាយចិត្តជាមួយពួកយើង ដែលនាំគ្នាធ្វើពិធីគោរពសិទ្ធិមនុស្សចឹងទេ»

តំណាង​ពលរដ្ឋម្នាក់​ទៀត លោក ឆាន់ ឈឿន ដែល​កំពុង​ប្រឈម​មុខ​នឹង​បណ្ដឹង​នៅ​តុលាការ​ ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ ហេង ហ៊ុយ នោះ និយាយថា ទោះបីជាអាជ្ញាធរមិនព្រមទទួលយកលិខិតជូនដំណឹងរបស់ពួកគាត់ក៏ដោយ ក៏​អ្នកភូមិនៅ​តែរក្សាជំហរប្រារព្ធ​ទិវាសិទ្ធិអន្តរជាតិដដែល នៅថ្ងៃទី៩ ខែ​ធ្នូខាងមុខនេះ ដោយមិនបារម្ភពីការចោទប្រកាន់ ឬការចាប់ខ្លួនឡើយ។

តំណាងរូបនេះបន្តថា ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះ គឺមានប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីសហគមន៍ចំនួន៤ ដែលគ្រោងមានមនុស្សប្រហែល៨០០នាក់ចូលរួម ហើយថា ក្នុងកម្មវិធីនោះ បានការជួបជុំញ៉ាំនំបញ្ចុក និងកម្មវិធីសួរសំណួរពាក់ព័ន្ធការយល់ដឹងអំពីសិទ្ធិមនុស្សប៉ុណ្ណោះ។

លោក ឆាន់ ឈឿន ប្រាប់ថា៖ «សហគមន៍ដែលបានចងគ្នាហ្នឹង បានប្ដេជ្ញាចិត្តនៅតែប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃទី៩នោះ ឱ្យខានតែបាន ព្រោះកាលណាយើងមិនបានគោរពសិទ្ធិមនុស្សរបស់យើង មានន័យថា យើងមិនមែនជាមនុស្សទេ។ បើគេមិនឱ្យគោរពទិវាសិទ្ធិមនុស្ស មានន័យថា រំលោភសិទ្ធិមនុស្សហើយ»

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននេះទេ ដោយថា លោករវល់ប្រជុំ ហើយរដ្ឋបាលក៏មិនទាន់ជូនដំណឹងទៅលោកអំពីរឿងនេះដែរ។

អភិបាលរងខេត្តកោះកុងរូបនេះ បន្តថា អាជ្ញាធរពុំមានការហាមឃាត់ ឬរារាំងមិនឱ្យពលរដ្ឋប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នោះទេ។

លោក សុខ សុទ្ធី បន្តថា៖ «យើងចាំពិនិត្យជាក់ស្តែងសិនថា តើ​វាជាការអនុវត្តផ្ទុយពីគោលការណ៍យ៉ាងម៉េចខ្លះ។ តើពួកគាត់ប្រមូលផ្តុំហ្នឹងមានគ្នាប៉ុន្មាន? អីប៉ុន្មាន? ហើយយើងក៏ការពារសុវត្ថិភាពជូនពួកគាត់ដែរ»

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា យល់ថា ក្រុមអាជ្ញាធរមានការរើសអើងចំពោះពលរដ្ឋរងគ្រោះដីធ្លី និងមិនបានបំពេញកាតព្វកិច្ចបម្រើសេវាសាធារណៈជូនពលរដ្ឋពិតប្រាកដនោះទេ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ បន្តថា អាជ្ញាធរហាក់មានចេតនាមិនចង់ឱ្យប្រជាពលរដ្ឋនាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះឡើយ ហើយលោក​ថា បើសិនជាអាជ្ញាធររារាំង និងហាមឃាត់មិនឱ្យអ្នកភូមិប្រារព្ធ​វិធីនេះ វាគឺជាការរំលោភសិទ្ធិមនុស្ស។

លោក ប៉ែន វុទ្ធា បន្ថែមថា៖ «ប្រជាពលរដ្ឋគាត់បានធ្វើលិខិតជូនដំណឹងហើយ។ គាត់អញ្ជើញអាជ្ញាធរឱ្យចូលរួមកម្មវិធីហ្នឹងទៀត។​ អ៊ីចឹង អាជ្ញាធរគួរតែបង្ហាញឆន្ទៈមួយក្នុងការចូលរួមជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរថ្នាក់មូលដ្ឋាន ឬថ្នាក់ខេត្តហ្នឹង អាចពាំនាំពីកង្វល់ប្រជាពលរដ្ឋប្រាប់ទៅដល់ថ្នាក់ជាតិទៀត ដើម្បីធ្វើយ៉ាងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានឆាប់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ