លោក កឹម សុខា ប្តឹងជំទាស់ការសម្រេចរបស់ចៅក្រមសាលាដំបូង

លោក កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

សហ​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ បំពេញការងារតំណាងឱ្យកូនក្តីបានប្តឹង​ជំទាស់​ទៅ​ឧទ្ធរណ៍​ដោយ​ចាត់ទុកថា​ ការដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​សម្រេច​បញ្ជូន​សំណុំរឿង​កូន​ក្ដី​ទៅ​ជម្រះ​ ជា​រឿង​អយុត្តិធម៌​។​

សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២ ខែធ្នូ​ បាន​ចេញប្រកាស​ថា​ សំណុំរឿង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​ កឹម​ សុខា​ ដែល​ជាប់ចោទ​ពី​បទ​ «សន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬឃុបឃិតជាមួយ​បរទេស​ ត្រូវ​បញ្ជូន​ទៅ​ជម្រះ​ ដោយ​តុលាការ​ថា​ ក្រោយពី​បិទ​បញ្ចប់​ការស្រាវជ្រាវ​ ចៅក្រម​ស៊ើបសួរ​មា​នភ​ស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ ។

ប៉ុន្តែ​ ពាក្យ​បណ្ដឹងរ​បស់​សហ​មេធាវីដាក់ទៅសាលាដំបូង ដើម្បីឱ្យបញ្ជូនទៅសាលាឧទ្ធរណ៍កាលពី​ ​ថ្ងៃអង្គារ​ម្សិលមិញ​ អះអាង​ថា​ កូន​ក្ដីកើតទុក្ខ​មិនសុខចិត្ត​ទៅលើ​ដីកា​ ឬដំណោះស្រាយ​នេះ​ និង​សម្រេច​ឱ្យ​សហ​មេធាវី​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​។

បណ្តឹងទាស់​ដដែល​ អះអាង​ថា​ ករណីនេះ​ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ​ លោក​ គី​ ឫទ្ធី​ បាន​រក្សាទុក​ជន​ត្រូវ​ចោទ​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល​។

សហ​មេធាវី​បន្ត​ថា​ ម្យ៉ាងវិញទៀត ​ចៅក្រម​ស៊ើបសួរ​មិនបាន​ធ្វើការ​សម្រេច​ទៅ​លើ​ពាក្យ​បណ្ដឹងរ​បស់​សហ​មេធាវី ​ចុះ​ថ្ងៃទី៧ ខែវិច្ឆិកា ​ឆ្នាំ២០១៩​ និង​មិនបាន​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ពេញលេញ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ឆ្លើយតបទៅនឹង​នីតិវិធី​ច្បាប់​ជាធរមាន​ដែល​បាន​បញ្ញត្តិ​ថា​ ចៅក្រម​ស៊ើបសួរ​មាន​កាតព្វកិច្ច​ស៊ើប​ទាំង​ដោះបន្ទុក​ និង​ដាក់បន្ទុក ​មុននឹង​ចេញដីកា​ដំណោះស្រាយ​បញ្ជូន​ទៅ​ជំនុំជម្រះ​។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យលោក​ កឹម​ សុខា​ គឺ​លោក​ ចាន់​ ចេន​ ឱ្យVOD​ដឹង​នៅ​ថ្ងៃនេះ​ ថា​ទាំង​ការសាកសួរ​នៅ​សាលាដំបូង ​និង​ការស៊ើបអង្កេត​ជាង២ឆ្នាំ​កន្លងមក​នេះ​ ចៅក្រម​ស៊ើប​សួរ មិនបាន​បង្ហាញមុខ​ជនបរទេស​ណាមួយ​ថា​ជា​ភាគី​ពាក់ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​កូន​ក្ដីនេះ​ទេ​។ លោក​ថា​ ដូចនេះ ​សហ​មេធាវី​សម្រេច​ប្តឹង​ករណីនេះ​ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​ជួយ​រក​យុត្តិធម៌​ឱ្យកូន​ក្ដី​តាម​នីតិវិធី​។

លោក​ថា​៖ «កន្លងមក​ សមត្ថកិច្ច​ក្នុង​ការ​កសាង​សំណុំរឿង​កូន​ក្ដី​ខ្ញុំ​ហ្នឹង​ ថាមានការ​ឃុបឃិតជាមួយ​ជនបរទេស​ ប៉ុន្តែ ​រហូតមកដល់​ពេលនេះ​ យើង​ឃើញថា ​ចៅក្រម​មិនទាន់​បាន​សាកសួរ​ទៅលើ​ជនបរទេស​ណាមួយ​នៅឡើយ​ទេ​។ ជាង​នេះ​ទៀត​ ដើម្បី​បំពេញ​នីតិវិធី​ច្បាប់​ជាធរមាន​ហ្នឹង​ ចៅក្រម​មាន​ភារកិច្ច​ស៊ើប​ទាំង​ដាក់បន្ទុក​ ឬដោះបន្ទុក​ ខ្ញុំ​អត់​ទាន់​មាន​ឃើញ​ការ​ដោះបន្ទុក​ទៅលើ​កូន​ក្ដី​របស់ខ្ញុំ​»។

តាម​ពាក្យ​បណ្ដឹ​ង​ចុះ​ថ្ងៃទី៧ ខែ​វិ​ច្ឆ​កា​ ​ប្តឹងទៅ​សាលាដំបូង​ ដែល​សុំ​ទម្លាក់​បទ​ចោទ​លោក​ កឹម​ សុខា​ នោះ​សហមេធាវីការពារក្តីលើកឡើងថា៖

«ក្រោយពី​ចៅក្រម​ស៊ើបសួរ​អង្កេត​អស់​រយៈ​ជាង២ឆ្នាំ​មកនេះ​ គ្មាន​តម្រុយ​ណាមួយ​បញ្ជាក់​ថា ​មាន​បរទេស​ណា​ សូម្បីតែ​ម្នាក់​មក​ត្រូវរ៉ូវ​ ឬសន្និ​ដ្ឋិ​ភាពជា​មួយ​កូន​ក្ដី​ឡើយ​ ដូចនេះ​ វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជនជាប់ចោទ​ តាម​មាត្រា៣៨នៃ​រដ្ឋធម្មនុញ្ញ​ដែល​បញ្ញត្តិ​ត្រូវតែ​លើកលែង​ចោទប្រកាន់​ កឹម​ សុខា​ »។

គិតត្រឹមម៉ោងផ្សាយនេះ អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ អះអាងថា មិនទាន់ទទួលបានពាក្យបណ្តឹងនេះពីសាលាដំបូងនៅឡើយទេ ខណៈVOD មិនអាចទាក់ទងចៅក្រមស៊ើបសួរ លោក គី ឫទ្ធី បាន។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់ថា ការតតាំងក្តីតាមផ្លូវតុលាការ ជាសិទ្ធិរបស់មេធាវី។ ប៉ុន្តែ លោកថា ការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជម្រះនេះ មិនរំលោភនីតិវិធីទេ ។

លោកថា៖ «ជានីតិវិធីរបស់តុលាការ គេទៅមុខអញ្ចឹងហើយ ចៅក្រមស៊ើបសួរបិទការស៊ើបសួរ រកឃើញថាមានមូលដ្ឋានក្នុងការចោទប្រកាន់ការចេញដីកាបញ្ជូនទៅជំនុំជម្រះ នីតិវិធីបន្ទាប់តុលាការនឹងចេញដីកាកំនត់ថ្ងៃជំនុំជម្រះ និងកោះហៅភាគីពាក់ព័ន្ធចូលសវនាការ ហើយបើគាត់មិនពេញចិត្តទៅនឹងនីតិវិធីហ្នឹងទេ គាត់អាចប្តឹងទាស់ទៅសាលាឧទ្ធរណ៍បាន ហើយសាលាឧទ្ធរណ៍គេនឹងសម្រេចថា តើបណ្តឹងរបស់គាត់ហ្នឹងមានមូលដ្ឋានគ្រប់តាមផ្លូវច្បាប់ ឬក៏អត់»។

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា នីតិវិធីរបស់កម្ពុជាហាក់មានភាពស្មុគស្មាញ ដោយថា ជាធម្មតាកាលណាចៅក្រមចេញដំណោះស្រាយហើយ ការសម្រេចស្ថិតនៅលើចៅក្រមជម្រះ។ ប៉ុន្តែ ច្បាប់ក៏បើកចំហរឲ្យភាគីម្ខាងទៀត សុំទៅសភាស៊ើបសួរ ជំទាស់លើដំណោះស្រាយរបស់ចៅក្រមស៊ើបសួរដែរ។ ប៉ុន្តែ មេធាវីរូបនេះ ពន្យល់ទៀតថា ការប្តឹងជំទាស់នេះ ទំនងជាការសាកល្បងរបស់សហមេធាវីរបស់លោក កឹម សុខា ប៉ុន្តែ លោកថា ការតតាំងក្តីនេះ ពិបាកនឹងទទួលបានជោគជ័យ ។

លោកថា៖ «ដោយសាររឿងហ្នឹងជារឿងនយោបាយ មិនមែនជារឿងច្បាប់ ម្ល៉ោះហើយយើងស្មានអត់ត្រូវទេ»។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២១៧ ចោទថា ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ បន្ទាប់មក លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម ស្ថិតក្នុងខេត្តត្បូងឃ្មុំ។ បទចោទនេះ លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនសរ៉ុបជាង២ឆ្នាំ ទាំងក្នុងពន្ធនាគារ និងនៅក្នុងផ្ទះ ទើបតែថ្ងៃ១០ ខែវិច្ឆិកា ទើបសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្ធូរបន្ថយលក្ខខណ្ឌ ដែលការបន្ធូរបន្ថយនេះធ្វើឱ្យលោក កឹម សុខា អាចជួបមន្ត្រីការទូតនានា និងអាចធ្វើដំណើរនៅទូទាំងប្រទេសបាន លើកលែងតែចេញទៅក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយ។

ប៉ុន្តែ សម្រាប់សហរដ្ឋអាមេរិកវិញ ចាត់ទុកលោក កឹម សុខា ជាមនុស្សស្អាតស្អំ តែត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌ និងទាមទារឲ្យទម្លាក់បទចោទ។ ជម្លោះនយាបាយនេះ ធ្វើឲ្យកម្ពុជារងការគំរាមកំហែងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យទាន់ពេល រួមទាំងការបើកផ្លូវឲ្យគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានដំណើរការឡើងវិញទេនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ