រដ្ឋាភិបាលផ្តល់ប្រឹក្សាផ្នែកច្បាប់តាមទូរសព្ទដើម្បីលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌

រូបភាពក្នុងទូរសព្ទដៃនៃទំព័រហ្វេសប៊ុក គណៈកម្មាធិការសិទ្ធមនុស្ស។

គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល​ បង្កើតកម្មវិធីប្រឹក្សាយោបល់ផ្នែក​ច្បាប់តាមទូរសព្ទដោយឥតគិតថ្លៃ ដោយថា ដើម្បីលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា ការដាក់ឱ្យអនុវត្តកម្មវិធីប្រឹក្សាច្បាប់តាមទូរសព្ទដោយឥតគិតថ្លៃ ក្នុងគោលដៅលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌និងសម្រួលការលំបាកជូនពលរដ្ឋកុំឱ្យពិបាកធ្វើដំណើរឆ្ងាយ។​

សេចក្ដីប្រកាសដដែលបន្តថា កម្មវិធីនេះ នឹងមានក្រុមមេធាវីសិទ្ធិមនុស្សរបស់គណៈកម្មាធិការសិទ្ធិមនុស្សចំនួន៣៧នាក់ នៅប្រចាំការជារៀងរាល់ថ្ងៃ ពោលគឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដើម្បីទទួលទូរសព្ទ និងឆ្លើយតបទៅនឹងចម្ងល់ និងក្តីកង្វល់ផ្សេងៗរបស់សាធារណជនពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផងដែរ ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បន្ថែមថា ការបង្កើតកម្មវិធីប្រឹក្សាច្បាប់នេះ ដើម្បីពង្រឹងលើសេវាផ្នែកច្បាប់ដែលមានកន្លងមកឱ្យកាន់តែល្អប្រសើរជាងមុន។ លោកបញ្ជាក់ថា កន្លងមក ប្រជាពលរដ្ឋមួយចំនួនមានបញ្ហា ហើយមិនទទួលបានយុត្តិធម៌ ដោយសារ ពួកគាត់មិនបានយល់ដឹងពីនីតិវិធីច្បាប់។

«សេវាជំនួយផ្នែកច្បាប់ នៅពេល​ដែលពួកគាត់មានបញ្ហាជម្លោះរវាងគ្នា គាត់អត់ដឹងថា ត្រូវដោះស្រាយរបៀបម៉េចតាមផ្លូវច្បាប់​ ហើយពេលខ្លះគាត់ទៅតុលាការដោយអត់មានមេធាវីការពារក្ដី គាត់អាចបាត់បង់អត្ថប្រយោជន៍​​​​​សម្រាប់រូបគាត់។ អ៊ីចឹងទេ យើងឃើញថា សេវានេះ សព្វថ្ងៃនៅមានការខ្វះខាតនៅឡើយ សម្រាប់ពួកគាត់ បើទោះបីជាមានស្ថាប័នផ្សេងៗក៏ដោយ ប៉ុន្តែ វាមិនទាន់បានគ្រប់គ្រាន់ អ៊ីចឹង ការបង្កើតយន្តការហ្នឹងជាការបំពេញបន្ថែម ដើម្បីឱ្យសេវានេះ កាន់តែសម្បូរបែប ហើយបង្កើតជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋ»

អ្នកជំនាញផ្នែកច្បាប់ លោក​មេធាវី សុក សំអឿន សាទរចំពោះការបង្កើតកម្មវិធីប្រឹក្សាផ្នែកច្បាប់តាមទូរសព្ទនេះ ប៉ុន្តែ លោកស្នើឱ្យមានការអនុវត្តដោយតម្លាភាព ដោយថា ប្រសិនបើការអនុវត្តនោះមិនល្អ វានឹងធ្វើឱ្យប៉ះពាល់ដល់គណៈកម្មាធិការសិទ្ធិមនុស្ស។

«​ខ្ញុំមើលឃើញសមាសភាព ពួកគាត់សុទ្ធតែជាមេធាវី ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ប៉ុន្តែ សមាសភាពសុទ្ធតែល្អៗដែរ។ បើជាយោប់ខ្ញុំ! បើយើងសម្រេចចិត្តជួយប្រជាជនហើយ ត្រូវបែងចែកឱ្យដាច់រវាងការងារផ្ទាល់ខ្លួន ឯកជនដែលមានលុយ ហើយនិងរឿងក្ដីដែលយើងត្រូវផ្ដល់យោបល់ប្រជាជន ឱ្យដាច់អ៊ីចឹងទៅ ខ្ញុំគិតថា វាអត់មានបញ្ហាអ្វីទេ»។

នាយករងអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការបង្កើតកម្មវិធីប្រឹក្សាផ្នែកច្បាប់ជាសញ្ញាវិជ្ជមានមួយ ដោយថា បច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនមិនទាន់យល់ដឹងអំពីបញ្ហាផ្លូវច្បាប់នោះទេ ខណៈការផ្សព្វផ្សាយផ្លូវច្បាប់កន្លងមកមិនបានទូលំទូលាយនោះ។ លោកបន្តថា លោកនឹងធ្វើការតាមដាន ចំពោះការផ្ដល់សេវារបស់គណៈកម្មាធិការសិទ្ធិមនុស្ស ដែលផ្ដល់ជូនប្រជាពលរដ្ឋ។

«ការផ្ដល់សេវាហ្នឹង យើងគិតថា គុណភាពប៉ុណ្ណាដល់ប្រជាពលរដ្ឋ អានេះវាជារឿងសំខាន់។ មួយទៀត ខ្ញុំគិតថា ការប្រឹក្សាយោបល់ផ្លូវច្បាប់ហ្នឹងជារឿងមួយល្អ ប៉ុន្តែ សំខាន់ទៅទៀត បើសិនជាគណៈកម្មាធិការមានមេធាវី ដើម្បីផ្ដល់ជូនពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាដីធ្លីដោយមិនគិតកម្រៃ បញ្ហារងគ្រោះដោយសិទ្ធិមនុស្ស បញ្ហាផ្សេងៗទៀតទាក់ទងសិទ្ធិមនុស្សដោយមិនគិតកម្រៃ អាហ្នឹងវាកាន់តែល្អប្រសើរ ព្រោះបច្ចុប្បន្ន ពលរដ្ឋកំពុងរងគ្រោះដោយរឿងសិទ្ធិមនុស្សហ្នឹង ប្រឈមមុខខ្វះមេធាវីក្នុងការទាមទាររកយុត្តិធម៌»

ទោះជាយ៉ាងណា អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយពីរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» បន្តចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ទន់ខ្សោយបំផុត ក្នុងចំណោមប្រទេស១២៦ ដែលកម្ពុជាជាប់លេខ១២៥ លើតែប្រទេសវេណេស៊ុយអេឡាមួយប៉ុណ្ណោះ។

របាយការណ៍ ផ្ដល់ពិន្ទុនេះ ក្នុងសូចនាករ ឬកត្តាវាស់វែង មួយចំនួន ដូចជា ការទប់អំណាចរបស់រដ្ឋាភិបាល អំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិសេរីភាពមូលដ្ឋាន ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ។

កម្មវិធីប្រឹក្សាផ្នែកច្បាប់តាមទូរសព្ទដៃ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ