មេធាវីលោក កឹម សុខា ខកចិត្តដែលតុលាការបញ្ជូនសំណុំរឿងកូនក្តីទៅជម្រះ

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

សហមេធាវីការពារក្តីរបស់លោក កឹម សុខា បង្ហាញការខកចិត្តដែលតុលាការមិនព្រមទម្លាក់បទចោទកូនក្តីតាមការស្នើសុំ តែបែរជាបញ្ជូនសំណុំរឿងចម្រូងចម្រាសនេះទៅជំនុំជម្រះ​។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទម្សិលមិញ ចេញប្រកាសថា សំណុំរឿងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដែលជាប់ចោទពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ត្រូវបញ្ជូនទៅជំនុំ​ជម្រះ។

តុលាការសំអាងថា ក្រោយពីបិទបញ្ចប់ការស្រាវជ្រាវ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទលោក កឹម សុខា ។

ប៉ុន្តែ សហមេធាវី លោក ចាន់ ចេន ប្រាប់VODនៅថ្ងៃនេះថា លោកមានការសោកស្តាយចំពោះចំណាត់ការនេះដោយលោកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា សហមេធាវីបានដាក់ពាក្យសុំឲ្យទម្លាក់បទចោទកូនក្តី តាមរយៈសម្របសម្រួលនយោបាយ ។

លោកថា៖ «កូនក្តីខ្ញុំគាត់ជាអ្នកនយោបាយ ហើយការគិតរបស់ខ្ញុំថា រឿងនេះវាពាក់ព័ន្ធទៅនឹងរឿងនយោបាយច្រើនជាង។ អីចឹង ក្នុងកាលៈទេសៈនេះ បើសិនជាតុលាការទម្លាក់ចោលបទចោទប្រកាន់លើកូនក្តីខ្ញុំបាទ ហើយទុកឱកាសឲ្យគាត់ជជែកគ្នា​ដើម្បីដោះស្រាយនូវអ្វីជាផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ខ្ញុំចង់ឃើញអីចឹងជាង»។

ទោះជាយ៉ាងណា មេធាវីរូបនេះសុំមិនបញ្ជាក់ថា អ្វីជាផលប្រយោជន៍ជាតិ ដែលបានពីការទម្លាក់បទចោទកូនក្តីលោក កឹម សុខា ទេ។

គិតត្រឹមថ្ងៃអង្គារនេះ រដ្ឋាភិបាលកម្ពុជាមានពេលតែ៩ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ដើម្បីរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធEBA ពាក់ព័ន្ធទៅនឹងការដែលអឺរ៉ុបទាមទារឲ្យស្តារប្រជាធិបតេយ្យឡើងវិញ ក្នុងនោះមានទាំងការទាមទារឲ្យដោះលែងលោក កឹម សុខា ផងដែរ។

បើតាមលោក ចាន់ ចេន សហមេធាវីបានប្រាប់តុលាការ តាមរយៈលិខិតនោះថា ចៅក្រមស៊ើបសួរ លោក គី ឫទ្ធី បានចំណាយពេលជាង២ឆ្នាំមកហើយក្នុងការស៊ើបអង្កេត លោកថា ដូចនេះ«វិមតិសង្ស័យជាប្រយោជន៍របស់កូនក្តីលោក»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ