ប្រជា​សហគមន៍​មួយ​នៅ​ខេត្តត្បូងឃ្មុំ​ផ្ទុះ​ការ​តវ៉ា​រារាំង​គ្រឿងចក្រ​ចូលឈូសឆាយ​ដំឡូង​​មី​របស់ពួកគេ

គ្រឿង​ចក្រ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Harmony Investment បាន​កាយ​ផ្លូវ​មួយ​របស់​សហគមន៍​ស្រែប្រាំង ស្ថិត​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩។ (រូបថត​ផ្ដល់​ឱ្យ​ដោយ​ប្រជា​សហគមន៍​ស្រែប្រាំង)

ប្រជាពលរដ្ឋនៅ​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អះអាងថា ពួកគេបានឃាត់ទុកគ្រឿងចក្រចំនួន ១៣​គ្រឿងរបស់ក្រុមហ៊ុនចិនមួយ ដោយចោទថា បានឈូសឆាយបំផ្លាញដំណាំរបស់ពួកគេអស់ ៧​ហិកតាលើដីសហគមន៍។

លោក ថា លីដា ដែលអះអាងថា​ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិ​ស្រែប្រាំង ស្ថិត​នៅក្នុងឃុំត្រពាំងព្រីង ​​ប្រាប់វីអូឌីថា ក្រុមហ៊ុនចិន Harmony Investment បានយកគ្រឿងចក្រចំនួន ១៣​គ្រឿងមកចូលឈូសបំផ្លាញដំឡូងមីរបស់ពួកគេ​អស់​ទំហំ ៧​ហិកតា។

ប្រជា​សហគមន៍​រូប​នេះ បន្ថែម​ថា ក្រោយពីមានការឈូសបំផ្លាញនេះ អ្នក​ភូមិ​បាននាំគ្នាឃាត់គ្រឿងចក្របានចំនួន ១១​គ្រឿង និងរថយន្ត​មួយគ្រឿងផងដែរ។

លោក ថា លីដា ប្រាប់​ថា​៖ «ប្រជាពលរដ្ឋបានសំណូមពរឱ្យគាត់កាយផ្លូវឱ្យវិញ ផ្ដល់សំណងការខូចខាតរបស់ប្រជាពលរដ្ឋ និងចុះកិច្ចសន្យាមិនឱ្យខាងក្រុមហ៊ុនចិន យកគ្រឿងចក្រមកឈូសឆាយលើកក្រោយទៀត ប៉ុន្តែ ក្រុមហ៊ុនចិនមិនព្រម យើងក៏បានឃាត់គ្រឿងចក្រ ១១​គ្រឿង»

លោក ឆេង ឆូយ ប្រជា​ពលរដ្ឋ​ម្នាក់ទៀត​នៅ​ភូមិ​ស្រែប្រាំង​ផង​ដែរ បាន​ឱ្យ​ដឹង​ថា ពួកគាត់ទាំងអស់គ្នា នឹងមិនប្រគល់គ្រឿង ១១​គ្រឿងទៅឱ្យក្រុមហ៊ុន និងអាជ្ញាធរវិញទេ ប្រសិន​បើ​ក្រុមហ៊ុ​ន និងអាជ្ញាធរមិនសងសំណង និងធ្វើផ្លូវឱ្យប្រជាសហគមន៍វិញនោះ។

លោកបន្តថា ដីដែលក្រុមហ៊ុនចិនបានយកគ្រឿងចក្រទៅឈូសឆាយ​នៅថ្ងៃនេះ ជាដីសហគមន៍ដែលពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ២០០៨មកម្លេះ។

លោក ឆេង ឆូយ ប្រាប់​ថា​៖ «ដីហ្នឹង​ជាដីប្រជាពលរដ្ឋតាំងដូនតាមក ហើយបានដាក់ទៅជាសហគមន៍។ ដល់ពេលមេឃុំលក់ដីប្រជាពលរដ្ឋអ៊ីចឹង ប្រជាពលរដ្ឋម៉េចសុខចិត្ត ហើយមកឈូសឆាយអត់មានច្បាប់ អត់មានទម្លាប់ត្រឹមត្រូវអ៊ីចឹង។ ហើយយើងដាំដំឡូងអីហ្នឹង សុទ្ធតែទិញគេ មួយបាច់ ៣​ពាន់រៀល ហើយម្នាក់ៗមិនមែនដាំមួយបាច់ណា។ ក្នុងម្នាក់ៗដាំ ៤០០ ទៅ ៥០០​បាច់ ហើយខ្មែរដូចគ្នាយើងមិនឈឺចាប់ ព្រោះប្រជាពលរដ្ឋអាស្រ័យផលនឹងកសិកម្មហ្នឹងហើយ។ បើសិនជាអស់ដំឡូង អស់ស្រូវអីហ្នឹង ប្រជាពលរដ្ឋបានអីបរិភោគ»

បើតាមលោក ថា លីដា អះអាងថា ពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន​តាំងពីឆ្នាំ២០១២ មកម៉្លេះ ដែលមានទំហំដីជាង ១​ហិកតា ដែលគ្រប់គ្រងដោយសហគមន៍ពីរ គឺសហគមន៍ស្រែប្រាំង និងបុស្សស្នោរ ដែលមានប្រជាពលរដ្ឋចំនួនជាង ២០០​គ្រួសារដែលបានស្រ័យផលលើដីសហគមន៍នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ