ចំណូលលក់សំបុត្រចូលទស្សនាតំបន់អង្គរ ធ្លាក់ចុះរយៈ​ពេល​១១ខែជាប់​គ្នា

ទិដ្ឋភាពប្រាសាទអង្គរវត្ត និង ភ្ញៀវទេសចរដែលមកទស្សនា កាលពីចុងឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

តួលេខ​របស់​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ បង្ហាញ​ថា ចំនួន​ភ្ញៀវ​ចូល​ទស្សនា​តំបន់​អង្គរ​បាន​ធ្លាក់​ចុះ​រយៈ​ពេល១១​ខែ​ជាប់ៗ​គ្នា ដែល​ជំរុញ​ឱ្យ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រធ្លាក់​ចុះ​បន្ត​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ្រឹះស្ថានអង្គរ ដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ​​ទទួល​បន្ទុក​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បានឱ្យដឹងថា កម្ពុជា​រក​ចំណូលបានជាង ៨៩​លាន​ដុល្លារ តាម​រយៈ​ការ​លក់​សំបុត្រ​សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅតំបន់អង្គរ ​ចន្លោះ​ពី​ខែ​មករា​ ដល់​ខែ​វិច្ឆិកា​កន្លង​មក​នេះ។

តាមសេចក្តីប្រកាសដដែល ចំនួនទឹកប្រាក់នេះ គឺបានមកពីភ្ញៀវទេសចរទិញសំបុត្រចំនួន ១ ៩៩៧ ២៦៧នាក់ ថយចុះ១៤.០៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០១៨។

ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ បាន​ធ្លាក់​ចុះ​ពី​ចំនួន​ជាង ១០៤​លាន​ដុល្លារ​​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ឬ​ធ្លាក់​ចុះ ១៤.៣២​ភាគរយ។

របាយការណ៍ដដែលឱ្យដឹងទៀតថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ តំបន់ប្រាង្គប្រាសាទបុរាណរបស់កម្ពុជា ទទួលបានភ្ញៀវបរទេ​សចូលទស្សនាមានចំនួន ១៩៣ ២៦០នាក់ ថយចុះ ១៧.១០ភាគរយ ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៨ និងទទួលបានទឹកប្រាក់ពីការលក់សំបុត្រចំនួន ៨ ៨៥៤ ១៩០ដុល្លារអាមេរិក ថយចុះ១៦.៤៧ភាគរយ ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៨។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា បញ្ហាធ្លាក់ចុះនៃកំណើនភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាប គឺមួយផ្នែកដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក ដែលប៉ះពាល់ចំណូលប្រជាជនទូទាំងពិភពលោក ពិសេសប្រជាជនចិន ដែលជាប្រភពទេសចរដ៏ធំរបស់កម្ពុជា និងមួយផ្នែកទៀត ដោយសារការលក់ផលិតផលអនុស្សាវរីយ៍ក្លែងក្លាយដល់ភ្ញៀវ។

​ក្រសួង​ទេសចរណ៍​ បាន​ដាក់​ចេញ​វិធាន​ការ ​១១​ចំណុច​​ក្នុង​ការ​លុប​បំបាត់​កញ្ចប់​ទេសចរណ៍​សូន្យ​ ដើម្បី​ការ​ពារ​អ្នក​ទេសចរ​ និង​រំពឹង​ថា ​ក្រោយ​លុប​បំបាត់​កញ្ចប់​សេវា​នេះ ​វានឹង​អាច​ធ្វើ​ឱ្យ​មាន​អ្នក​ទេសចរណ៍​កើន​ឡើង​វិញ ខណៈក្រសួង​​ក៏​កំពុង​សិក្សា​លើ​វិធាន​ការ​ជាង​២០​ចំណុច​ទៀត​ ដើម្បី​ដាក់​ចេញ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​កើនឡើង​អ្នក​ទេសចរ​បរទេស​ឡើង​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ