កម្ពុជា​សហការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យក​ធ្វើ​ធ្យូង

ពលរដ្ឋ​រៀប​ចំ​ឈើ​សម្រាប់​ដុត​ធ្វើ​ធ្យូង។ រូបភាព​ UNDP Cambodia

រដ្ឋាភិបាល​​តាម​រយៈ​ជំនួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ UNDP បាន​បង្កើត​ការ​គ្រប់គ្រង​ការ​ផលិត និង​ចែកចាយ​ធ្យូង​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​ថា ​នឹង​ធ្វើ​ឱ្យ​មាន​ការ​គ្រប់គ្រង​ព្រៃឈើ​បានល្អ ក៏ដូច​ជា​​ផ្ដល់​​ចំណូល​ដល់​សហគមន៍​ព្រៃ​ឈើ​ផង​ដែរ។

ក្នុង​ពិធី​ដាក់​ដំណើរ​ការ​នូវ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​សម្រាប់​ផលិត​កម្ម​ធ្យូង​ប្រកប​ដោយ​និរន្តរភាព​នៅព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ​នេះ មន្ត្រី​គោល​នយោបាយ​ផ្នែក​គ្រប់គ្រង​​ធនធាន​ធម្មជាតិ ជីវៈចម្រុះ និង​បរិស្ថាន នៃ​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ លោក អ៊ុំ សូនី មាន​ប្រសាសន៍​ថា កំណើន​នៃ​ការ​ប្រើប្រាស់​ធ្យូង​ដ៏​ច្រើន​នៅ​កម្ពុជា ​កំពុង​ចោទ​ជា​បញ្ហាដល់​បរិស្ថាន ដែល​ត្រូវ​ការ​ប្រព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​មួយ​ដើម្បី​គ្រប់គ្រង​លើ​ការ​ផលិត​ធ្យូង​នេះ។

លោក​បន្ថែម​ថា ​ការ​គ្រប់គ្រង​លើ​ការ​ផលិត​នេះ​ គឺ​ធ្វើ​តាម​បែប​ពាណិជ្ជកម្ម​តាម​អ៊ិនធឺណិត​ដែល​អ្នក​លក់​ធ្យូង​ មាន​ក្រុម​ហ៊ុន​ចាំ​ទទួល​ទិញរួច​ជា​ស្រេច​ ខណៈ​ក្រុម​ហ៊ុន​មាន​បណ្ដាញ​ចែកចាយ​ធ្យូង​របស់​ខ្លួន​ទៅ​កាន់​អ្នក​ប្រើប្រាស់។

លោក អ៊ុំ សូនី ថ្លែង​​ថា៖ «យើង​មាន​ក្រុម​ហ៊ុន​ពីរ គឺ​ក្រុមហ៊ុន Geres ជា​អ្នក​ដាក់​បញ្ចូល​ ឬក៏​ចុះ​បញ្ជី​អ្នក​ផលិត​ធ្យូង​ហ្នឹង​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​របស់​យើង។ ចំណែក​ឯក្រុម​ហ៊ុន KGC (Khmer Green Charcoal) ហ្នឹង ​ជា​អ្នក​បញ្ជា​ទិញ​ពី​អ្នក​ផលិត​ធ្យូងហ្នឹង​យក​មក​ដល់​ដៃ​អ្នក​ប្រើប្រាស់ តែ​គាត់​ប្រើក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្នឹង​ដូច​គ្នា»

ពលរដ្ឋ​ដែល​មាន​បំណង​ចង់​ទិញ​ធ្យូង​ដែល​ផលិត​ដោយ​សហគមន៍​ព្រៃ​ឈើ​នេះ​ អាចបញ្ជាទិញ​បាន​លើ​គេហទំព័រ kjuongo.com ឬ​តាម​រយៈ​App ទូរស័ព្ទ kjuongo delivery app។

របាយការណ៍​UNDP ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកាកន្លង​ទៅ​ រក​ឃើញថា​ តម្រូវ​ការ​ធ្យូង​ដុត​នៅ​កម្ពុជាក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​ ៦លាន​តោន​ ដែល​ស្មើ​នឹង​ការកាប់​បំផ្លាញ​ព្រៃ​ប្រមាណ​ ៧១,​​៦០០​ហិកតា ដែល​នេះវា​មិន​ត្រឹម​តែ​ប៉ះពាល់​ទៅ​លើ​ព្រៃ​ឈើប៉ុណ្ណោះ​ទេ តែ​វា​នឹង​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​មនុស្ស​ផង​ដែរ។

ប្រធាន​រដ្ឋបាល​រដ្ឋបាល​ព្រៃឈើ​ លោក​ កែវ អូម៉ាលីស មាន​ប្រសាសន៍​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើយក​ទៅ​ធ្វើ​ធ្យូង​ដែល​គ្មាន​និរន្តរភាព​បង្ក​ផល​ប៉ះពាល់ជាច្រើន​ដល់​ធនធាន​ព្រៃ​ធម្មជាតិ​ ហើយ​ថា ​វា​នឹង​ធ្វើ​ឱ្យ​បរិស្ថាន​បាត់បង់​ប្រព័ន្ធ​អេកូឡូស៊ី​របស់ខ្លួនធ្វើ​ឱ្យ​តំបន់​ដែល​រង​ការ​កាប់​បំផ្លាញ​នោះ​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​កាន់​តែ​ខ្លាំង​ផង​ដែរ។

លោក កែវ អូម៉ាលីស ថ្លែង​​ថា៖ «គាត់​កាប់​ដើមឈើ​មួយ​ដែល​សម្រាប់​មនុស្ស​ជំនាន់​បន្ទាប់ បើគាត់​កាប់​អាធំ​ ហើយ​កាប់​អាតូច​ទៀត​ វា​នឹង​ធ្វើ​ឱ្យ​ដី​ហ្នឹង​ទៅ​ជា​វាល​ ដូចជា ខេត្ត​កំពង់​ស្ពឺ​មួយ​អញ្ចឹង ​ការ​កាប់​ឈើ​សម្រាប់​ជាអូស ជា​ធ្យូង​នេះ ​វា​ធ្វើ​ឱ្យ​ខេត្ត​នេះ​ទាំង​មូល​មាន​ការ​ប៉ះពាល់​។ អញ្ចឹង​បាន​ហើយ​ជា​យើង​រៀប​ចំ​ឱ្យ​មាន​ការ​ដាំ​ឈើ​ដើម្បី​ផលិត​ជា​ធ្យូង​វិញ​ ទើប​ជា​ការ​មួយ​ដែល​ល្អ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់ដល់​ធម្មជាតិ​ក៏​ដូច​ជា​តំបន់​ការ​ពារ​ផង​ដែរ» 

លោក កែវ អូ​ម៉ាលីស យល់​ថា ​តាម​រយៈ​គម្រោង​ថ្មី​នេះ​នឹង​ជួយ​ដល់​សហគមន៍​ព្រៃឈើ​ក្នុង​ការ​ដាំ​ដុះ​ដើមឈើ ក៏​ដូច​ជា​ទាញ​យក​អនុផល​ព្រៃ​ឈើ​បាន​សមស្រប​សម្រាប់​បម្រើដល់​ការ​ផលិត ក៏​ដូចជា​ជួយ​ឱ្យ​សហគមន៍​​រក​ចំណូលប្រកប​ដោយ​និរន្តរភាពមួយ​ផង​ដែរ។

តំណាង​ UNDP ប្រចាំ​កម្ពុជា​ លោក Nick Beresford បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ក្នុង​បរិបទ​ប្រជាជន​កម្ពុជា​ នៅ​តែ​មាន​ចំណូល​ចិត្ត​ច្រើន ​ក្នុង​ការ​ប្រើប្រាស់​ធ្យូង​ ជាជាង​ប្រភព​ថាម​ពល​ផ្សេង​ទៀតនោះ​ ​ការ​ជួយ​ឱ្យ​មាន​ការ​ទាញ​យក​ដោយនិរន្តភាព​ពី​ព្រៃ​ឈើ​​ គឺ​ជា​ការ​ចាំ​បាច់​ក្នុង​ការ​ជួយ​ដល់​បរិស្ថាន ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ផង​ដែរ។

លោក​ Nick Beresford ៖ «អញ្ចឹងដូចខ្ញុំបានបញ្ជាក់ថាយើងមានកិច្ចការផ្សេងៗទៀតដែលយើងធ្វើការជាមួយរដ្ឋាភិបាលក៏ដូចជាអង្គការ​​ដៃគូដទៃទៀតទាក់ទងនឹងថាមពលពន្លឺព្រះអាទិត្យ ទាក់ទងនឹងថាមពលកកើតឡើងវិញដទៃទៀត ដែលនេះ(ធ្យូង) ​គឺគ្រាន់តែជាការងារមួយផ្នែកដែលយើងចូលរួមវិភាគទានក្នុងការកសាងប្រភពថាមពល ដែលមាននិរន្តភាពក៏ដូចជារួមចំណែកធ្វើឱ្យសេដ្ឋកិច្ច​​កម្ពុជាមានការរីកចំរើនទូលំទូលាយ»

បច្ចុប្បន្ន​ កម្ពុជា​មាន​សហគមន៍​ព្រៃ​ឈើ​ចំនួន ​៦៣៦​សហគមន៍​នៅ​ទូទាំង​ប្រទេស ខណៈ​មានតែ​សហគមន៍​ចំនួន ៥​ប៉ុណ្ណោះ​ ត្រូវ​បាន​ចុះបញ្ជីសហការ​ជាមួយ​គម្រោង​ផលិត​កម្ម​នេះ។

​បើតាម​មន្ត្រី​គម្រោង​UNDP លោក អ៊ុំ សូនី ថា​ គម្រោងនេះ​​នឹង​ពង្រីក​ដល់​សហគមន៍​ព្រៃ​ឈើ​ដទៃ​ទៀត​ជា​បន្តបន្ទាប់​នាពេល​ខាង​មុខ ខណៈ​សហគមន៍​ ៥​ដែល​ចុះ​បញ្ជី​សហការ​នេះ ត្រូវ​បាន​​រំពឹង​ថា ​អាច​ផ្ដល់​ធ្យូង​បាន​ដល់​ទៅ​ជាង ​៤០​តោន​ក្នុង​មួយខែ​សម្រាប់​​ផ្គត់ផ្គង់​នៅ​ទី​ផ្សាររាជធានី​ភ្នំពេញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ