តំណាងពលរដ្ឋ៦នាក់មានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅកោះកុង ត្រូវតុលាការកោះហៅឲ្យឆ្លើយបំភ្លឺជាលើកទី២

តំណាងពលរដ្ឋ៦នាក់ទទួលដីកាលើកទី២ ពីសមត្ថកិច្ចមូលដ្ឋាន ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកោះកុង។ (ផ្ដល់ឱ្យ)

តំណាងពលរដ្ឋ៦នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ស្ថិត​ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឲ្យបំភ្លឺជាលើកទី២។

កាលពីខែកក្កដា តំណាងពលរដ្ឋមានជម្លោះដីធ្លី ១០នាក់ ត្រូវសាលាដំបូងខេត្តកោះកុងចេញដីកា​កោះហៅឲ្យឆ្លើយបំភ្លឺទៅតាមបណ្តឹងរបស់លោក ហេង ហ៊ុយ ដែលចោទប្រកាន់ពី«បទបរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ប៉ុន្តែ ក្នុងចំណោម១០នាក់នោះ បានចូលឆ្លើយបំភ្លឺតែ៤នាក់ប៉ុណ្ណោះ ខណៈ៦នាក់ទៀតដាក់ពាក្យសុំពន្យារ។

ក្នុងដីកាចុះថ្ងៃទី១៨ ខែវិច្ឆិកាដូចគ្នា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោក រស់ សារាំ បានកោះហៅតំណាងពលរដ្ឋ៦នាក់ដែលសុំពន្យារលើកមុននោះឲ្យចូលបំភ្លឺនៅក្នុងខែធ្នូជាបន្តបន្ទាប់ ដោយតំណាង៣នាក់ចូលបំភ្លឺថ្ងៃទី១៧ និងតំណាង៣នាក់ទៀតចូលបំភ្លឺថ្ងៃទី១៨ ខែធ្នូ​។

តំណាងពលរដ្ឋម្នាក់ លោក ឆាន់ ឈឿន ប្រាប់វីអូឌីថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីចូលទៅឆ្លើយបំភ្លឺចំពោះតុលាការតាមពេលវេលាកំណត់ដោយពុំមានការភ័យខ្លាច និងព្រួយបារម្ភនោះទេ ដោយថា រូបលោកមិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។

តំណាងរូបនេះបន្តថា អ្នកភូមិ១៩៧គ្រួសារពិតជាបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ រំលោភយកអស់ពិតមែន កាលពីអំឡុងឆ្នាំ២០០៧។

លោកបន្ថែមថា៖ «ខ្ញុំនឹងឆ្លើយប្រាប់តុលាការតាមការជាក់ស្តែងគឺក្រុមហ៊ុនលោក ហេងហ៊ុយ បានរំលោភយកដីធ្លីពួកខ្ញុំពិតមែន។ ​ការនិយាយបរិហារកេរិ៍្តយ៉ាងម៉េច គឺខ្ញុំអត់បាននិយាយទេ ពួកខ្ញុំនិយាយតែរឿងគេរំលោភយកដីធ្លីពួកខ្ញុំ»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ិត តឹង និយាយថា ករណីតុលាការខេត្តកោះកុងកោះហៅតំណាងអ្នកភូមិឲ្យចូលបំភ្លឺតាមបណ្តឹងរបស់ឧកញ៉ា ហេង ហ៊ុយ​ នេះ វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ជាពលរដ្ឋក្រីក្រ ដោយថា អ្នកភូមិត្រូវបានឧកញ៉ារំលោភយកដីធ្លីអស់ហើយ ប្តឹងពួកគេទៅតុលាការថែមទៀត។

តំណាងពលរដ្ឋរូបនេះ បានអំពាវនាវទៅប្រមុខរដ្ឋាភិបាលឲ្យដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ និងស្នើទៅតុលាការពិចារណាទម្លាក់ចោលការកោះហៅអ្នកភូមិមានជម្លោះដីធ្លីតទៅទៀត។

អ្នកស្រីនិយាយថា៖ «តុលាការហាក់មានភាពលម្អៀងកាន់ជើងតែឧកញ៉ាម្នាក់ ចំណែកប្រជាពលរដ្ឋរាប់រយនាក់គាត់មិនដែលមកស៊ើបសួរ។ គាត់មិនដែលមកសួរនាំរកទីតាំងដីពលរដ្ឋផ្ទាល់ទេ គាត់បែរជឿលើឧកញ៉ា​តែម្នាក់។ អីចឹង សុំតុលាការត្រួតពិនិត្យឲ្យបានច្បាស់លាស់មុនចេញដីកាហៅពួកខ្ញុំ ថាពួកខ្ញុំមានជម្លោះដីធ្លីជាមួយលោក ហេង ហ៊ុយ ពិតប្រាកដឬអត់។ ហើយសុំទម្លាក់ចោលការចោទប្រកាន់មកលើប្រជាពលរដ្ឋទាំង១០នាក់នោះផង»

វីអូឌីមិនអាចសុំការឆ្លើយតបពីលោក ហេង ហ៊ុយ បានទេពាក់ព័ន្ធករណីនេះដោយទូរសព្ទលោកមិនអាចទាក់ទងបាន។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ករណីតុលាការកោះហៅតំណាងពលរដ្ឋឲ្យឆ្លើយបំភ្លឺតាមបណ្តឹងឧកញ៉ា ហេង ហ៊ុយ នេះ វាគឺជាការគំរាមកំហែងកុំឲ្យពលរដ្ឋចេញតវ៉ាដីធ្លីទៀត។ លោក បន្តថា ការកោះហៅជាលើកទី២នេះ បានបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ខណៈពលរដ្ឋទាំងនោះកំពុងរវល់ច្រូតកាត់ប្រមូលផលស្រូវ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ និយាយបន្តថា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះពលរដ្ឋ រដ្ឋាភិបាលត្រូវដោះស្រាយវិវាទដីធ្លីនេះជូនពលរដ្ឋឲ្យបានឆាប់ ហើយតុលាការត្រូវទម្លាក់ចោលការចោទប្រកាន់លើពួកគេ ដោយថា ប្រសិនបើរឿងនេះមិនបានដោះស្រាយបញ្ចប់ទេ ប្រជាពលរដ្ឋនៅតែបន្តតវ៉ាមិនឈប់ឡើយ។

លោកមានប្រសាសន៍ថា៖ «សម្រាប់អាជ្ញាធរវិញ ប្រសិនបើនៅតែមានប្រជាពលរដ្ឋធ្វើតវ៉ាទាមទារ ហើយឡើងទៅភ្នំពេញដើម្បីស្វែងរកដំណោះស្រាយ បើមើលពីទិដ្ឋភាពទៅ វាហាក់ដូចជារដ្ឋាភិបាលមិនបានបង្ហាញពីការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីហើយបានបាត់បង់ដី»

ពលរដ្ឋប្រហែល ១០០នាក់ ដែលអះអាងថា តំណាងឲ្យពលរដ្ឋ ១៩៧គ្រួសារមកពីឃុំជីខលើ និងជីខក្រោម បានឡើងមកតវ៉ានៅភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដីជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ដោយចោទថា ក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកតាំងពីឆ្នាំ២០០៧។

ប៉ុន្តែ កាលពីខែកក្កដា ក្រសួងរៀបចំដែនដីបានចេញប្រកាសចំនួនពីរដង ដោយបដិសេធដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ១៩៧គ្រួសារ ដោយថា ពលរដ្ឋទាំងនោះមិនជាប់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីនោះទេ ហើយបានស្នើទៅអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋទាំងនោះទៀតផង។ ក្រោយមក តុលាការខេត្តកោះកុងបានកោះហៅតំណាង១០នាក់ឲ្យចោលបំភ្លឺតាមបណ្តឹងរបស់​ឧកញ៉ា ហេង ហ៊ុយ ក្រោមការចោទថា «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ