បទយកការណ៍៖ គម្រោង«ទំនប់ស្ទាក់ទឹក»ជួយកសិករឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ពលរដ្ឋចុះទៅពិនិត្យ និងបង្ហាញពី«ទំនប់ស្ទាក់ទឹក» ដែលមានទីតាំងស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ (សាញ់ ប៊ុនហឿន/ កញ្ញា ២០១៩)

កម្ពុជាមានសុភាសិតមួយថា «មានទឹកមានជីវីត»។ ដោយមើលឃើញពីភាពចាំបាច់នៃទឹកនេះហើយ ទើបប្រជាជនក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ តាមរយៈការគាំទ្រពីគម្រោងជីវិត និងធម្មជាតិ របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានព្យាយាមរកវិធីស្ទាក់ទឹកទុកដើម្បីទុកប្រើប្រាស់ក្នុងឃុំ។

«បើថាទឹកមាន គេអាចយកទឹកទៅបាន ប្រើប្រាស់បាន! ហើយភូមិជិតៗហ្នឹងក៏អាចធ្វើបានដែរ (ដាំដំណាំ)។ ពីមុនអត់មានទឹកទេ ខ្ញុំបិទទំនប់ខ្លួនខ្ញុំ! ខ្ញុំដាក់ដីច្រោះដី ខ្ញុំដាក់ឈើដាក់អី (ទប់ទឹក) វាអត់នៅទេ! ទឹកចេញអស់ ហើយខះអស់រលីង»។

នេះជាការរៀបរាប់របស់កសិករ លួន ធីម អាយុ ៧៣ឆ្នាំ ដែលសង្ឃឹម​ថា ការ​សាងសង់​ទំនប់ស្ទាក់​ទឹកទុក​របស់​លោក​នឹង​អាច​ជួយ​ឱ្យ​លោក និងអ្នកភូមិមានទឹកប្រើប្រាស់ទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា ប៉ុន្តែ មិនយូរប៉ុន្មាន​ទំនប់​ដែលលោកបានសាងសង់​ត្រូវបាន​បំផ្លាញ​ដោយសារកម្លាំងទឹកហូរ។

ក្នុងឆ្នាំ២០១៩ ដោយមានកិច្ចសហការរវាងប្រជាជនក្នុងឃុំ និងមន្ទីរជំនាញ ក្រោមការណែនាំបច្ចេកទេសពីគម្រោងជីវិត និងធម្មជាតិ ទំនប់ស្ទាក់ទឹកថ្មីមួយចំនួនត្រូវបានសាងសង់ជាបន្តបន្ទាប់ក្នុងភូមិគោលដៅ។

ទំនប់ស្ទាក់ទឹក
ទីតាំង«ទំនប់ស្ទាក់ទឹក» ដែលមានទីតាំងស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ (សាញ់ ប៊ុនហឿន/ កញ្ញា ២០១៩)

ទំនប់ស្ទាក់ទឹកនេះត្រូវបានធ្វើឡើងដោយបេតុងជាថ្នាក់ៗនៅតាមដងអូរ ដោយទុកចន្លោះសម្រាប់ទឹកហូរ ក្នុងទំហំមួយសមស្រប។ ក្នុងអូរនីមួយៗមានទំនប់ស្ទាក់ទឹកពី៣ ទៅ៥។

ប្រជាជនឃុំពពក លោក មាស ឃឹម ដែលមានដីស្រែជាប់នឹងទំនប់ស្ទាក់ទឹក​បានលើកឡើងថា ទំនប់នេះផ្ដល់ទឹក​ពេញលេញ​ដល់ស្រែ​របស់លោក ​ក៏ដូចជាអ្នកភូមិផ្សេងទៀតដែលធ្វើឱ្យទិន្នផលស្រូវមានការកើនឡើងជាងមុន និងមិនសូវធ្វើឱ្យពលរដ្ឋ​បារម្ភពី​ការខ្វះទឹកនា​រដូវប្រាំង​ដូចឆ្នាំមុនៗ ។

លោក មាស ឃឹម លើកឡើងថា​៖ «ទឹកទំនប់នេះអត់មានហូរទៅណាទេ មានតែហូរចូលស្រែ និងហូរទៅតាមអូរខ្លះ។ ដល់ខែប្រាំង​ទំនប់នេះ​មាន​ផល​ប្រយោជន៍​ដល់​គោក្របីទៀត អាចមានទឹកផឹកដល់គោក្របីនៅកន្លែងនេះ»។

មេភូមិពពក លោក សាន ថូ អាយុ ៤២ឆ្នាំ បាននិយាយថា សព្វថ្ងៃប្រជាពលរដ្ឋក្នុងភូមិលោកទាំងមូល បានប្រើប្រាស់ទំនប់ស្ទាក់ទឹកទាំងនេះ សម្រាប់ធ្វើស្រែប្រាំង ចិញ្ចឹមសត្វ ដាំបន្លែ និងអាចរកត្រីសាច់បានពីអូរទៀតផង។

លោកនិយាយថា៖ «គាត់(ប្រជាពលរដ្ឋ) អាចរកអនុផលពីទឹកបាន ដូចត្រីដូចអីវាអាចនៅ។ គាត់មានអង្រុត ជញ្ជាត់​ទៅអាច​បាន​ត្រី ដោះស្រាយ​ជីវភាពលក្ខណៈគ្រួសាររបស់គាត់ដែរ»។

ប្រជាជនក្នុងឃុំពពក បានឱ្យដឹងថា មុនពេលមានទំនប់ស្ទាក់ទឹកនេះ ប្រជាជនជួបការលំបាកយ៉ាងខ្លាំង ដោយសារ​ប្រជាជន​មាន​លទ្ធភាព​ប្រើប្រាស់ទឹកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ។ នៅរដូវប្រាំងទូទាំងឃុំពពក គ្មានទឹកសម្រាប់ការដាំដុះដំណាំ និងការចិញ្ចឹម​សត្វឡើយ​។ នេះមានន័យថា អ្វីៗគ្រប់យ៉ាងត្រូវពឹងទៅលើទឹកភ្លៀង មានភ្លៀងអាចមានទឹក គ្មានភ្លៀងអ្វីៗក៏ស្វិតស្រពោន​ទៅ​តាម​នោះដែរ​។

មេឃុំពពក លោក កែវ នន មានប្រសាសន៍ថា ឃុំរបស់លោកជារៀងរាល់ខែប្រាំងតែងតែខ្វះខាតទឹក ដែលធ្វើឱ្យប៉ះពាល់​ដល់ការ​បង្កបង្កើន​ផលរបស់ប្រជាជនឃុំផងដែរ ។

លោកថា៖ «ពីមុនឱ្យតែខែប្រាំងគឺដាច់ទឹកអស់ហើយ តែនៅពេលមានទំនប់គឺអាចរក្សាទឹកទុកបាន យើងអាចស្រោចស្រព​ ដូចជា​ដាំដំណាំពោត ដូចជាបន្លែអីផ្សេងៗទៅណាយើងអាចដាំបាន។ ក្នុងខែប្រាំងពលរដ្ឋត្រូវទៅរកទឹកនៅអូរដែលជ្រៅ កន្លែង​ណាអូរ​ជ្រៅគឺមានទឹកនៅ កន្លែងណាដែលរាក់គឺដាច់(ទឹក)អស់ហើយ ត្រីអីក៏យ៉ាប់ដែរ»។

ដើម្បីទទួលបានទឹកប្រើប្រាស់ក្នុងរដូវប្រាំង ប្រជាជនមួយចំនួនបានស្តារ ឬជីកអណ្ដូងឱ្យជ្រៅជាងមុន ដើម្បីស្វែងរក​ប្រភព​ទឹក​ក្រោម​ដីថ្មី នេះបើតាមការបញ្ជាក់បន្ថែមរបស់មេភូមិពពក លោក សាន ថូ។

លោកថា៖ «ពេលដែលអត់ គាត់ជីអណ្ដូងកាន់តែជ្រៅ ជម្រៅកាន់តែជ្រៅ។ ពេលជ្រៅ​ពេលខ្លះមានផលវិបាក​ប៉ះនឹងថ្មធំៗ​ពិបាកចោះ​ណាស់​ ប៉ះក្រួសថ្មហ្នឹង ក្នុង១ថ្ងៃគាត់អាចជីកបានតែកន្លះម៉ែត្រទេ ហើយកន្លែងខ្លះមិនចំដង្ហើមទឹក ក៏វាមិនចេញដែរ»។

បច្ចុប្បន្ន ទំនប់ស្ទាក់ទឹកក្នុងឃុំពពក មានចំនួន៧ ដាក់បន្តគ្នាក្នុងអូរចំនួន៤ក្នុងឃុំ ដែលធ្វើឱ្យពលរដ្ឋ​ក្នុងឃុំអាច​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ព្រៃឈើដុះដាលតាមមាត់អូរ ក៏ដូចជាជម្រាបទឹកក្នុងដីបានឆ្អែតគ្រប់គ្រាន់ផងដែរ។

ក្នុងឆ្នាំ២០១៦ គម្រោងជីវិត និងធម្មជាតិរបស់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិហៅកាត់ថា FAO បានចូលមកដាក់អនុវត្តន៍ក្នុងឃុំនេះ ដែលក្នុងនោះ​ក៏មានការជួយលើការរៀប​ចំ​ទីជម្រាល​ដែលសំដៅលើការគ្រប់គ្រង​ទឹកក្នុង​ឃុំ​ផងដែរ។

មន្ត្រីសម្របសម្រួលនៃ FAO លោក ញ៉ក់ ស៊ីវើន បានឱ្យដឹងថា មូលហេតុដែលអង្គការនេះជ្រើសរើសឃុំពពក គឺជាភូមិដែលទទួលអនុវត្តន៍គម្រោងនេះ ដោយសារ ឃុំនេះជាឃុំមួយដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ លោកបន្ថែមថា គំនិតនៃការធ្វើទំនប់ស្ទាកទឹកនេះគឺជាគំនិតដើមរបស់ប្រជាពលរដ្ឋក្នុងឃុំនេះផ្ទាល់។

លោកថា៖ «ដំបូងឡើយ កសិករគាត់មានគំនិតធ្វើសំណង់ប្រហាក់ប្រហែលនេះដែរ តែគាត់ដាក់អីឡើងពេញ គោលបំណង​របស់​គាត់​គឺ​បង្វែរទឹកខាងនេះ(អូរ)ចូលស្រែរបស់គាត់។ […] ដល់អញ្ចឹងទៅ ពួកយើងចាប់ផ្ដើមរៀនសូត្រពីគាត់ ថាគាត់​ត្រូវការ​អី ហើយហេតុអ្វី​បាន​ជាគាត់​ធ្វើអាហ្នឹង? យើងបានយកគំនិតទាំងអស់ហ្នឹងយកមកប្រជុំពិភាក្សាជាមួយគាត់ ជជែកជាមួយ​គាត់​ធ្វើផែនការ​ជាមួយគ្នា។ ​សរុប​ គំនិតរបស់គាត់ហើយ យើងយកមកជជែកជាមួយអ្នកបច្ចេកទេស ខាងវិស្វកម្មឱ្យគាត់ជួយគូរប្លង់ ជួយពិនិត្យមើលថា ខ្វះអី អញ្ចឹងក្នុងលក្ខខណ្ឌនេះ គឺយើងយកគំនិតរបស់កសិករថាគាត់ត្រូវការទឹកអញ្ចឹង ហើយបានគាត់បិទទំនប់ហ្នឹង។ យើងបិទទំនប់ ដូចយើងឱ្យគាត់មានទឹកដូចគ្នា តែយើងរក្សាចរន្តទឹកឱ្យហូរមកក្រោមខ្លះកុំឱ្យដាច់អញ្ចឹង ដើម្បីធានាថាកុំឱ្យបាក់ដី ឬក៏ហូរច្រោះអីផ្សេងៗ»។

លោក ញ៉ក់ ស៊ីវើន មានប្រសាសន៍ថា ការគ្រប់គ្រងទឹកបានល្អគឺជួយដល់បរិស្ថានប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដូចជា​ការរក្សា​សំណើម​ក្នុង ដោយសារ​ដីស្រូបយកទឹកពីផ្ទៃខាងលើបានឆ្អែត ការបំពេញប្រភពទឹកក្រោមដី ដែលជួយដល់ការធ្វើកសិកម្ម ក៏ដូចជាការរស់នៅ​របស់​ប្រជាជនផងដែរ។

លោក ញ៉ក់ ស៊ីវើន និយាយថា៖ «ទីមួយ គឺផលប្រយោជន៍សម្រាប់គ្រួសារកសិករ និងទីពីរ គឺផលប្រយោជន៍ទីជម្រាលទាំងមូល ឬក៍តំបន់​ទេសភាព​ទាំងមូល។ គេអត់គិតតែរឿងបរិស្ថានទេ គឺគិតទៅលើកសិកម្ម ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច ប្រាក់ចំណូល​ផ្សេងៗ​សម្រាប់​សហគមន៍ដែលនៅក្បែរទីជម្រាល»។

បើតាមលោក ញ៉ក់ ស៊ីវើន តាមរយ:ការគ្រប់គ្រងទីជម្រាលនៅឃុំពពកនេះ មានប្រជាជនប្រមាណជាង ៤០០គ្រួសារក្នុងឃុំពពក បានទទួលផលប្រយោជន៍ទាំងផ្ទាល់ និងប្រយោលពីប្រភពទឹកដែលបានទប់នេះ។

ក្រោមជំនួយរបស់ FAO មានមន្ទីរចំនួន០៣ នៅក្នុងខេត្តគោលដៅនីមួយៗជាដៃគូអនុវត្តគម្រោង រួមមានមន្ទីរកសិកម្ម មន្ទីរបរិស្ថាន និងមន្ទីរកិច្ចការនារី។ មន្ទីរបរិស្ថានគឺជាអ្នកសម្របសម្រួលក្នុងការអនុវត្តគម្រោងក្នុងផ្នែកគ្រប់គ្រងទីជម្រាល និងសហការជាមួយអ្នកពាក់ព័ន្ធក្នុងការសាងសង់សំណង់ស្ទាក់ទឹកខ្នាតតូចនេះ។

មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ដៀប ពិសិដ្ឋ បានយល់ឃើញថា ទំនប់ស្ទាក់ទឹក​នេះមិនទាន់​អាច​ជួយ​ដល់​ប្រជាជន​ឃុំបានច្រើននៅឡើយទេ តែលោកទទួលស្គាល់ថា ទំនប់នេះជាជំហានដំបូង​ក្នុងការជួយជ្រោមជ្រែង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​សម្របនឹងការប្រែប្រួលអាកាសធាតុ និងចេះពីវិធីរក្សាទឹកដែលមានប្រសិទ្ធិភាព។

លោកថា៖ «យើងមិនទាន់ប្រាកដថា ខែប្រាំងមានទឹកឬអត់ទេ មានទឹកគ្រាន់ដាំបន្លែ១ខែ២ខែនៅឡើយទេ។ តែវាអាច​ជួយ​ក្នុង​ខែវស្សា​ហ្នឹងបានច្រើនជាងមុន ដោយសារកាលមុនភ្លៀងមកហ្នឹងទឹកច្រើនណាស់។ ដល់ពេលមកអញ្ចឹងទៅ តែ២ថ្ងៃហូរ​អស់​ដោយសារវាអត់មានអីទប់ ហើយវាហូរលឿនដែលមិនស្រួលបែកចេញពីអូរទៀតទៅជាមានផ្លូវផ្សេង ហូរលើដីស្រែធ្វើ​ឱ្យ​មាន​ការ​ហូរច្រោះ។ ដល់ឥឡូវយើងមានការទប់អញ្ចឹងទៅ វាអាចជួយបានក្នុងខែវស្សាហ្នឹង។ ជំហានដំបូងគឺខែវស្សា ពីមុន​បើទោះ​បីខែ​វស្សា​ក៏​អត់​ទឹកដែរ ខ្វះដែរ»។

មន្ត្រីសហការអនុវត្តគម្រោងនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក សឿ ចាន់ដារ៉ារិទ្ធិ បានប៉ាន់ប្រមាណ​ថា ទំនប់នេះនឹងនៅតែរក្សាទឹក​ក្នុងរដូវប្រាំង​បន្តទៀត ហើយអ្វីដែលសំខាន់នោះគឺការជ្រាបទឹកចូលក្នុងដីបានឆ្អែត មិនមានហូរចោលច្រើនដូចកាលពីមុន។

លោក ចាន់ ដារ៉ារិទ្ធិ និយាយថា៖ «ទំនប់ស្ទាក់ទឹកហ្នឹង សាងសង់ដើម្បីកាត់បន្ថយការហូរទឹកចោល ដែលហូរលឿនចោល​ចុះ​ទៅ​ក្រោម​។ ទំនប់​សំខាន់​ណាស់​បញ្ជ្រាបទឹកទៅក្រោម (រក្សាទឹកក្នុងដី) បានន័យថា ទឹកតំបន់ហ្នឹងច្រើន»។

ការប្រែប្រួលអាកាសធាតុនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើឱ្យរដូវប្រាំងកាន់តែយូរ និងហួតហែងខ្លាំង បានធ្វើឱ្យប៉ះពាល់​ជា​ខ្លាំង​ដល់​ប្រទេស​ក្រីក្រ និងកំពុងអភិវឌ្ឍន៍ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។

លោក ញ៉ក់ ស៊ីវើន មានប្រសាសន៍ថា ការជួយពលរដ្ឋក្នុងការស្ទាក់ទឹកនេះគឺគ្រាន់តែជាផ្នែកតូចមួយជួយដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួលអាកាសធាតុ ក្នុងខណៈដែលគម្រោងកំពុងជួយជំរុញរាជរដ្ឋាភិបាលអោយជួយប្រជាពលរដ្ឋបន្ថែម ក្នុង​ពេល​ដែល​ពិភព​លោកទាំង​មូលកំពុងរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះ។

លោក ញ៉ក់ ស៊ីវើន ផ្ដល់​ជាយោបល់​ថា៖ «រដ្ឋាភិបាលនឹងត្រូវការថវិកាច្រើនដើម្បីជួយដល់កសិករ បើសិនជាអត់ឱ្យគាត់មានសមត្ថភាពបន្សាំទេ! ព្រោះ​អាហ្នឹង​ជាការខាតបង់ថ្នាក់ជាតិមួយ ទី២ សហគមន៍ខ្លួនឯងនឹងប្រឈមនឹងការបាត់បង់ស្បៀងអាហារសម្រាប់បរិភោគ ហើយប្រាក់​ចំណូល​អីផ្សេងៗហ្នឹងគឺជារឿងមួយសំខាន់មែនទែនដែលយើងត្រូវគិតនោះណា។ វាជារឿងចាំបាច់បំផុត ហើយត្រូវតែ​ធ្វើពី​ឥឡូវ​ជាមួយ​ការប្រែប្រួលអាកាសធាតុនេះ អត់អាចត្រូវពន្យារពេលបានទេ។ យើងត្រូវ commit [ប្រឹងប្រែង] ទាំងអស់គ្នា​ បើអត់​ធ្វើ​ទាំង​អស់​គ្នា​ទេ ខាងមុខយើងនឹងប្រឈមច្រើន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ