លោក​ ហ៊ុន​ សែន​ ទទួលយក​លក្ខខណ្ឌ​មេដឹកនាំ​អាមេរិក​ពី​ការ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​

លោក ដូណាល់ ត្រាំ និងលោក ហ៊ុន សែន ជួបគ្នាក្នុងកិច្ចប្រជុំអាស៊ាន កាលពីឆ្នាំ២០១៧។ (FN)

មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានទទួលយកលក្ខខណ្ឌរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឲ្យរដ្ឋាភិបាលវិលទៅរកប្រជាធិបតេយ្យវិញ ដើម្បីស្តារទំនាក់ទំនងនយោបាយការទូតឡើងវិញ។

លោក ដូណាល់ ត្រាំ តាមរយៈលិខិតចុះថ្ងៃទី១ ខែវិច្ឆិកា ប្រាប់លោក ហ៊ុន សែន ថា វាមានសារៈសំខាន់ណាស់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីដែលលោក ហ៊ុន សែន ត្រូវនាំកម្ពុជាត្រឡប់មករកមាគ៌ាអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យវិញ ដើម្បីកុំឲ្យកម្ពុជាធ្លាក់ក្នុងគ្រោះថ្នាក់ខ្លាំង។

មេដឹកនាំអាមេរិក បានអះអាងទៀតថា ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយកម្ពុជាបានពើបប្រទះនឹងការលំបាក ប៉ុន្តែ លោកថា ភាពរកាំរកូសនេះមិនបម្រើប្រយោជន៍នៃប្រជាជនអាមេរិក និងកម្ពុជាទេ។

លោក ត្រាំ បញ្ជាក់ថា អាមេរិកគោរពឆន្ទៈអធិបតេយ្យរបស់ប្រជាជនកម្ពុជា ហើយសហរដ្ឋអាមេរិកមិនស្វែងរកឲ្យមានការប្តូររបបនោះទេ ហើយថា រដ្ឋបាលសហរដ្ឋអាមេរិកស្វះស្វែងធ្វើឲ្យទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយថា ប្រសិនបើមេដឹកនាំកម្ពុជាព្រម អាមេរិកអាចណែនាំឲ្យក្រុមទទួលបន្ទុកនយោបាយការបរទេសរបស់អាមេរិកចាប់ផ្តើកិច្ចពិភាក្សាគ្នា។

លិខិតចុះថ្ងៃទី២៦ ខែវិច្ឆិកានេះ ​លោក ហ៊ុន សែន ឯកភាពជាមួយលោក ដូណាល់ ត្រាំ។ ប៉ុន្តែ លោកបញ្ជាក់ថា កម្ពុជា អាមេរិកមិនត្រូវធ្វើឲ្យបញ្ហានេះ ក្លាយជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរនោះទេ។

លោក ហ៊ុន សែន ថ្លែងទៀតថា នៅពេលបច្ចុប្បន្ននេះ មួយផ្នែកនៃវិបុលភាពរបស់ប្រជាជនកម្ពុជា គឺពិតជាបានមកពីលទ្ធផលនៃការចូលរួមវិភាគទានរបស់ប្រជាជន និងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដោយចាប់ផ្តើមពីការធ្វើប្រជាធិបតេយ្យនគរូបនីយកម្មដោយសន្តិវិធីដល់ការកសាងប្រទេសជាតិ អភិបាលកិច្ចសង្គម និងការទទួលបានការចូលទីផ្សារដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក។

មេដឹកនាំកម្ពុជា ថ្លែងទៀតថា លោករីករាយក្នុងការសហការបង្កើតក្រុមការងារ ដើម្បីស្តារទំនុកចិត្ត ពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។

លោក ហ៊ុន សែន បន្តថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះការយោគយល់ និងការអត់ធ្មត់របស់ឯកឧត្តមចំពោះបញ្ហាអស់ទាំងនេះ ហើយខ្ញុំមានសេចក្តីរីករាយឲ្យក្រុមការងារកិច្ចការបរទេសរបស់យើងខ្ញុំ ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់ឯកឧត្តម ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរដូចដែលឯកឧត្តមបានបញ្ជាក់នៅក្នុងលិខិតរបស់ឯកឧត្តម​​»។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ហៅសារឆ្លើយតបរបស់រដ្ឋាភិបាលនេះជាភាសាការទូត មិនមែនជាចំណុចចាប់ផ្តើមទៅរកការផ្សះផ្សាជាតិឡើងវិញ ដើម្បីស្តារប្រជាធិបតេយ្យដូចដែលប្រទេសលោកសេរីចង់បាននោះទេ។

លោកថា៖ «ខ្ញុំជឿថា ការប្រឹងប្រែងដើម្បីកិច្ចសហការជាមួយសហរដ្ឋអាមេរិក វាជារឿងចាំបាច់ ហើយរដ្ឋាភិបាលអាចនឹងប្រឹងប្រែង ប៉ុន្តែ ដើម្បីវិលមកដោះស្រាយបញ្ហាវិបត្តិនយោបាយនេះ ខ្ញុំមើលទៅហាក់គ្មានឃើញបញ្ជាក់ក្នុងលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រីនេះទេ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ហៅការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះថា ជាចំណុចចាប់ផ្តើមវិលទៅរកការផ្សះផ្សាជាតិ ដើម្បីបញ្ចៀសកម្ពុជាពីទណ្ឌកម្មអន្តរជាតិ ។

លោកថា៖ «ជាជំហានវិជ្ជមានមួយអាចបញ្ចៀសមន្ទិលសង្ស័យ រវាងភាគីកម្ពុជា និងអាមេរិកបាន គេហៅថាបន្ទន់ឥរិយាបថ ឬក៏ងាកមករកការចរចាពង្រឹងលទ្ធិប្រជាធិបតេយ្យ។ អញ្ចឹង កម្ពុជាអាចគេចផុតពីសម្ពាធផ្សេងៗពីអាមេរិក និងសហគមន៍អឺរ៉ុប»

កម្តៅការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើតឡើងជាបន្តបន្ទាប់ចាប់ពីមានការចាប់ខ្លួនអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា អំឡុងខែកញ្ញា ឆ្នាំ២០១៧។

លោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទោះពេលនោះលោកមានអភ័យឯកសិទ្ធិសភាក៏ដោយ ដោយចោទថា បានឃុំឃិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ សហរដ្ឋអាមេរិកវិញ អះអាងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌ និងអំពាវនាវឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ។

រយៈ៣ខែ ក្រោយពីចាប់ខ្លួនលោក កឹម សុខា តុលាការកំពូលបានប្រកាសសាលដីការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រី១១៨នាក់មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។

សហភាពអឺរ៉ុបប្រើប្រព័ន្ធអនុគ្រោះពន្ធ EBA ទាមទារឲ្យដោះលែងលោក កឹម សុខា ត្រូវស្តារកាយសម្បទារគណបក្សប្រឆាំងឡើងវិញ និងត្រូវរៀបចំការបោះឆ្នោតតាមយន្តការប្រជាធិបតេយ្យ មានគណបក្សប្រឆាំងចូលរួមជាដើម នូវអ្វីដែលសហភាពអឺរ៉ុបថា ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ