ចិនដំឡើងថ្លៃអំបិលខ្ពស់រហូតកម្ពុជាមិនមានលទ្ធភាពទិញ

រោងចក្រសិប្បកម្មផលិតអំបិលមួយកន្លែងនៅខេត្តកំពត។ (ត្រាន់ តិចសេង)

កម្ពុជាបានសម្រេចផ្អាកទិញអំបិលពីប្រទេសចិន ដោយសារតែការដំឡើងថ្លៃខ្ពស់ពេក ហើយទិញពីប្រទេសឥណ្ឌាវិញ ដើម្បីយកមកបំពេញតម្រូវការនៅក្នុងប្រទេស។​

​កម្ពុជាបាន​​នាំ​ចូល​អំបិលពីបរទេសរយៈពេល៣ឆ្នាំជាប់គ្នា ដើម្បីមកបំពេញបន្ថែមដល់តម្រូវការផ្គត់ផ្គង់ក្នុងស្រុក ក្រោយពីកម្ពុជាជួបបញ្ហាអាកាសធាតុមិនអាចផលិតអំបិលបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។

ប្រធាន​សមាគមផលិត​​អំបិល​កម្ពុជា​ លោក ប៊ុន បារាំង មាន​ប្រសាសន៍​ថា កាលឆ្នាំ២០១៨ កម្ពុជាបានទិញអំបិលពីប្រទេសចិនប្រមាណ៣ម៉ឺនតោនសម្រាប់បំពេញតម្រូវការបន្ថែមរបស់ប្រជាជនក្នុងស្រុក ប៉ុន្តែ សម្រាប់ឆ្នាំ២០១៩នេះ ផ្អាកទិញអំបិលពីចិនដោយសារឡើងថ្លៃ។

លោកបន្ថែមថា៖ «ចិនដោយសារឆ្នាំនេះវាធ្វើអត់បាន វាធ្វើបានអំបិលមក វារលាយអស់ដោយសារគ្រោះទឹកជំនន់។ អីចឹងចិនវាឡើងថ្លៃខ្លាំងពេក។ សព្វថ្ងៃនេះ នៅប្រទេសចិន វាឡើងដល់១តោនចូលជាង១០០ដុល្លារហើយ។ អីចឹង យើងយកមកលក់នៅកម្ពុជាទៀតបូកសោហ៊ុយហើយ វាចូលជាង២០០ដុល្លារ។ អីចឹង យើងមិនអាចលក់ឲ្យគ្នាយើងហូបបានទេ។ អីចឹង ខ្ញុំត្រូវទាក់ទងទៅស្រីលង្ការ ទៅឥណ្ឌា ព្រោះទៅខាងហ្នឹងអំបិលវាធ្វើពីទឹកសមុទ្រ និងធម្មជាតិដូចយើងដែរ»

ប្រធានសមាគមផលិតអំបិលរូបនេះបន្តថា ដើម្បីរកអំបិលមកបំពេញតម្រូវការក្នុងស្រុកឲ្យទាន់ពេល កម្ពុជាបានទៅរកទិញអំបិលពីប្រទេសឥណ្ឌា និងប្រទេសស្រីលង្ការ ដែលលោកថា អំបិលប្រមាណ៥ពាន់តោនដែលនាំពីឥណ្ឌាបានមកដល់កម្ពុជាហើយកាលពីសប្ដាហ៍មុន ខណៈនៅប្រទេសស្រីលង្ការកំពុងចរចាតម្លៃ។​

លោក ប៊ុន បារាំង ឲ្យដឹងទៀតថា កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងមួយឆ្នាំៗ ខណៈឆ្នាំ២០១៩នេះ កម្ពុជាបាននាំអំបិលចូលពីបរទេសបានប្រមាណ ​៥​ម៉ឺន​តោនហើយ ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។

​ប្រធាន​សមាគម​កសិកម្មឈ្លាសវៃ លោកបណ្ឌិត សាន ប៊ុននីកា មានប្រសាសន៍​​ថា ​បញ្ហា​នៃ​ការផលិត​អំបិល​មិនបាន​គ្រប់​គ្រាន់​នៅ​កម្ពុជា ​មិនមែន​បណ្ដាលមកពី​បញ្ហា​អាកាសធាតុ​នោះ​ទេ គឺបណ្តាលមកពីខ្វះកម្លាំងពលកម្ម និងតម្លៃដីស្រែអំបិលកំពុងឡើងខ្ពស់ ជាដើម។ លោកស្នើទៅរដ្ឋាភិបាលឲ្យមានយន្តការដោះស្រាយ ដោយធ្វើយ៉ាងណារក្សាការផលិតអំពិលឲ្យបានគ្រប់គ្រាន់ ដែលលោកថា យ៉ាងយូរ២ឆ្នាំទៀត ការផលិតអំបិលនៅកម្ពុជាអាចនឹងលែងមានទៀតហើយ។

លោកបណ្ឌិត សាន ប៊ុននីកា ​ព្រមាន​ថា​ ប្រសិនជា​កម្ពុជា​នៅតែ​មាន​បញ្ហា​នេះ​បន្ត​ទៀត​នោះ ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​អំបិល​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​មានការ​នាំចូល​ច្រើនជាង​ការផលិត​ ឬនាំចូល​សុទ្ធ​ ហើយ​​តម្លៃ​អំបិល​នៅ​លើ​ទីផ្សារនឹង​ត្រូវ​​​កំណត់​ទៅតាម​អ្នកនាំ​ចូល​វិញ​ម្តង​។

លោកបន្ថែមថា៖ « លោក​សម្លឹង​មើល​ប្រទេស​ឡាវ​ អត់មាន​អំបិល​នឹងគេ​ទេ​! ដូច្នេះ ​គេ​ចង់ថា ​តម្លៃ​ប៉ុន្មាន​ក៏បាន​ដែរ ​យើង​ត្រូវតែ​ទិញ​ដាច់ខាត​។ ដូច្នេះ​ គួរតែ​រក្សា​អំបិល​របស់​យើង​ឱ្យ​មានបាន​ ព្រោះ​បើ​យើង​មិន​ថែរក្សា​ទេ​ គេ​យក​ដី​ហ្នឹង​ទៅ​ធ្វើ​ផ្ទះល្វែង​ ទៅ​ធ្វើជា​រមណីយដ្ឋាន​អស់​ហើយ​ ហើយ​ចុងក្រោយ​យើង​គ្មាន​អី​ទេ​!»

កម្ពុជាមានកសិដ្ឋានផលិតអំបិល ៧កន្លែងក្នុងខេត្តកែប និងកំពត ដោយមានផ្ទៃដីសរុបចំនួន ៤៦០០ហិកតា ក្នុងនោះមានក្រុមផលិតករជាង ២០០នាក់ ប៉ុន្តែ រយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជាប្រឈមខ្វះខាតអំបិលប្រើប្រាស់ ដោយសារបញ្ហាអាកាសធាតុបណ្តាលឲ្យការផលិតអំបិលមានការថយចុះ។

នៅឆ្នាំ២០១៧ កម្ពុជាបាននាំចូលអំបិលប្រមាណ ៣ម៉ឺនតោន ហើយនៅឆ្នាំ២០១៨ ប្រមាណ ៣ម៉ឺនតោន ខណៈនៅឆ្នាំ២០១៩ នាំចូលប្រមាណ៥ម៉ឺនតោន ដោយរយៈពេល៣ឆ្នាំនេះ កម្ពុជាបានចំណាយថវិកាជិត១០លានដុល្លារ ដើម្បីទិញអំបិលពីក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ