ពលរដ្ឋជាង១០០នាក់តវ៉ាមុខសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារឲ្យតុលាការដោះលែងប្រជាការពារភូមិម្នាក់

នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកភូមិរាប់សិបនាក់ បានធ្វើការតវ៉ាមុខសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារទៅតុលាការឲ្យដោះលែងប្រជាការពារភូមិម្នាក់ឲ្យមានសេរីភាពឡើង​វិញ។ (ផ្ដល់ឱ្យ)

ពលរដ្ឋម្នាក់ លោក សែម ធី អះអាងថា អ្នកភូមិជាង១០០នាក់ បានបន្តតវ៉ាមុខសាលាដំបូងខេត្តកោះកុងបន្តទៀតនៅថ្ងៃនេះ ដើម្បីទាមទារទៅតុលាការឲ្យដោះលែងប្រជាការពារភូមិម្នាក់ឲ្យមានសេរីភាពឡើង​វិញ។

កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ សាលាដំបូងខេត្តកោះកុងបានសម្រេចបញ្ជូនប្រជាការពារភូមិម្នាក់ លោក ទិត្យ ស៊ីថា អាយុ៤០ នៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ទៅឃុំខ្លួនបណ្តោះអាសន្ន ក្រោមការចោទថា «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ទៅតាមបណ្ដឹងលោកភិបាលរងខេត្តកោះកុង សុខ សុទ្ធី។

លោក សែម ធី ប្រាប់វីអូឌីថា ប្រជាការពារភូមិម្នាក់ឈ្នោះ ទិត្យ ស៊ីថា ត្រូវបានសមត្ថកិច្ចខេត្តកោះកុងចាប់បញ្ជូនទៅតុលាការកាលពីម្សិលមិញនេះ ក្រោយពីប្រជាការពាររូបនោះ ​មានជម្លោះជាមួយអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី។

លោក សែម ធី ឲ្យដឹងថា ក្រោយសមត្ថកិច្ចចាប់លោក ទិត្យ ស៊ីថា ដែលជាប្រជាការពារភូមិទៅតុលាការគឺក្រុមអ្នកភូមិជាង១០០នាក់បាននាំគ្នាទៅតវ៉ាមុខសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារឲ្យដោះលែងលោក ទិត្យ ស៊ីថា មានសេរីភាពវិញ ដោយថា ប្រជាការពារភូមិរូបនោះមិនមានកំហុសដល់ថ្នាក់ជាប់ពន្ធធនាគារនោះឡើយ។

លោកបន្ថែមថា៖ «ពួកយើងទាមទារទាល់តែមានការដោះលែង បានពួកយើងទៅផ្ទះវិញ។ បើ ទិត្យ ស៊ីថា ហ្នឹងអត់រួចខ្លួនទេ ពួកយើងអត់ទៅផ្ទះវិញទេ ព្រោះការចាប់ខ្លួននេះ វាអត់សមហេតុផល។ ហើយបងប្អូនយើងមួយឃុំនេះសុំទទួលទោសជំនួសគាត់ និងសុំអង្វរដោះលែងគាត់តែម្តងតើ! គ្រាន់តែទំនាស់ពាក្យសម្តីសោះ។ ឥលូវបងប្អូនយើងមិនព្រមចេញទេ មានតែនាំគ្នាចូលមកតវ៉ាថែម»

ពលរដ្ឋម្នាក់ទៀត លោក រស់ សុផល និយយាថា ជាអ្នកភូមិគាំទ្រលោក ទិត្យ ស៊ីថា ដោយសារប្រជាការពារភូមិរូបនោះ សកម្មក្នុងការជួយការពារ និងជួយដោះស្រាយបញ្ហាផ្សេងៗដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងនោះបញ្ហាវិវាទដីធ្លីដែលក្រុមហ៊ុនរំលោភយកដីធ្លី ក៏ប្រជាការពាររូបនេះតែងតែជួយការពារ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋដែរ។

លោក រស់ សុផល បន្តថា កន្លងមកប្រជាការពារភូមិ លោក ទិត្យ ស៊ីថា តែងតែរិះគន់ថ្នាក់ដឹកនាំខេត្តដែលមិនបានដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋក្នុងសហគមន៍របស់ខ្លួន ជាពិសេសបញ្ហាផ្លូវ និងការរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុន ឌឹវើ​លុប​មែន​ គ្រុប​ (UDG)។

លោកបន្ថែមថា៖ «ខ្ញុំមើលឃើញវាខុសមែន តែកំហុសតិចតួចត្រឹមទាស់ពាក្យសម្តី។ បើកន្លងមក ថ្នាក់ដឹកនាំខេត្តមានកំហុសច្រើនជាងហ្នឹងផង។ គាត់សន្យាជាមួយប្រជាពលរដ្ឋថា ដោះស្រាយបញ្ហាដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ប៉ុន្តែគាត់មិនបានធ្វើតាមពាក្យសម្តីរបស់គាត់ទេ ដែលធ្វើឲ្យ ទិត្យ ស៊ីថា វាខឹង វាជ្រុលប្រើពាក្យសម្តីមិនសមរម្យបន្តិចទេ! អីចឹងខ្ញុំសូមអំពាវនាវទៅរដ្ឋាភិបាលឲ្យដោះលែង ទិត្យ ស៊ីថា វិញ ហើយទម្លាក់ចោលការចោទប្រកាន់គាត់ទៅ​ ព្រោះគាត់អត់មានអីខុសសោះ»

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់វីអូឌីថា លោកប្តឹងលោក ទិត្យ ស៊ីថា ពីបទ«គំរាមកំហែងថានឹងសម្លាប់» ដោយលោកថា ប្រជាការពារភូមិរូបនោះបានគំរាមសម្លាប់លោក កាលពីថ្ងៃទី៨ ខែមេសា។

លោក សុខ សុទ្ធី បន្តថា កន្លងមកលោកធ្លាប់ឲ្យលោក ទិត្យ ស៊ីថា សុំទោសជាសាធារណៈដើម្បីបញ្ចប់រឿងដែរ ប៉ុន្តែ លោក ទិត្យ ស៊ីថា មិនព្រមធ្វើ ទើបលោកឲ្យតុលាការចាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី សុំមិនឆ្លើយលើករណីនេះទេ ដោយលោកថា សាលាដំបូងខេត្តត្រៀមចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធករណីនេះហើយ។

ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរចុះថ្ងៃទី៣០ ខែសីហា សាលាដំបូងខេត្តកោះកុង បានលើកឡើងពីមូលហេតុដែលឈានដល់ការចាប់ខ្លួនប្រជាការពារភូមិ លោក ទិត្យ ស៊ីថា ថាកាលពីថ្ងៃទី៧ ខែមេសាឆ្នាំ២០១៩ តំណាងក្រុមហ៊ុន ញូញៀន ឌឹវើ​លុប​មែន​ គ្រុប​ បានរាយការណ៍ប្រាប់អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ថាមានប្រជាពលរដ្ឋនៅភូមិសំរុងតាកែវ នាំគ្នាយកគ្រឿងចក្រឈូសឆាយផ្លូវក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន។

ប្រភពដដែលនេះ បញ្ជាក់ថា ក្រោយពីលោកអភិបាលរងខេត្ត សុខ សុទ្ធី ទទួលបានដំណឹងនេះ លោកបានបញ្ជាទៅមេឃុំព្រែកខ្សាច់ លោក រៀម រុំ ឲ្យបញ្ឈប់សកម្មភាពប្រជាពលរដ្ឋ កុំឲ្យយកគ្រឿងចក្រទៅឈូសឆាយផ្លូវនោះតទៅទៀត ដោយថា ដើម្បីរង់ចាំការពិភាក្សាដោះស្រាយសិន។

តុលាការខេត្តកោះកុងបានស្រង់សំឡេងសាររបស់ប្រជាការពារភូមិ លោក ទិត្យ ស៊ីថា មកដាក់ក្នុងដីកាថា៖

«បងឯងនិយាយជាមួយមេឃុំ បងឯងគំរាមមេឃុំម៉េចខ្លះ។ ស្តាប់ពាក្យសម្តីបងឯងឲ្យច្បាស់ និយាយជាមួយមេឃុំ ហើយបងឯងគិតឧត្តមគតិខ្លួនឯងផង។ បងឯងនិយាយពីមុនយ៉ាងមិច និយាយក្រោយយ៉ាងម៉េច បងស្តាប់ឲ្យច្បាស់ ប្រយ័ត្នជាន់ដានខ្លួនឯងណាបងងាប់! ខ្ញុំឲ្យបងឯងងាប់ថ្ងៃណាក៏បានដែរ អ្នកភូមិខ្ញុំ ខ្ញុំប្រាប់មិនយកបងឯងជាមុខទេ បងឯងត្រៀមងាប់ទៅ។ បើបងឯងនិយាយខុសតែមួយម៉ាត់ អូខេបង ប្អូនថា ចាំទទួលបង ស្វាគមន៍បងជានិច្ច»។

តុលាការបញ្ជាក់ថា នៅចំពោះមុខអយ្យការគឺលោក ទិត្យ ស៊ីថា បានទទួលស្គាល់ថា សារសំឡេងនោះពិតជារបស់ខ្លួនដែលផ្ញើរទៅលោក សុខ សុទ្ធីមែន ប៉ុន្តែ លោកប្រកែកថា លោកមិនមានបំណងធ្វើសកម្មភាពដូចការនិយាយក្នុងសារសំឡេងឡើយ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា សុំមិនវែកញែកក្នុងរឿងនេះទេ ប៉ន្តែ លោកថា ជម្លោះរវាងប្រជាការពារភូមិ និងអភិបាលរងខេត្តកោះកុងកើតឡើងដោយសាររឿងប្រជាពលរដ្ឋនាំគ្នាធ្វើផ្លូវចេញចូលក្នុងភូមិ ដើម្បីបម្រើផលប្រយោជន៍ប្រជាសហគមន៍។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ស្នើទៅអភិបាលរងខេត្ត និងតុលាការពិចារណាឡើងវិញចំពោះការចោទប្រកាន់ និងឃុំខ្លួនលោក ទិត្យ ស៊ីថា ដោយថា ការផ្ញើសារសំឡេងរបស់ប្រជាការពាររូបនោះដោយសារខឹង និងស្រវឹងផង។

លោកបន្ថែមថា៖ «រឿងនេះវាកើតឡើងដោយសារតែគាត់ខឹងមួយឆាវ និយាយទៅធ្វើប៉ះពាល់ដល់ទៅថ្នាក់ដឹកនាំខេត្ត។ អីចឹងហើយក្នុងនាមយើងជាថ្នាក់ដឹកនាំខេត្ត យើងអាចពិចារណាមើលថា ក្នុងនាមគាត់ជាប្រជាពលរដ្ឋនិយាយទៅវាមានភាពប៉ះពាល់មកលើយើងពិតមែន ប៉ុន្តែ យើងមើលៗថា សណ្ឋាននៃការនិយាយរបស់គាត់ហ្នឹងគឺពិតជាចេតនាប៉ុនប៉ង ឬយ៉ាងម៉េច? ឲ្យជាក់ស្តែង ព្រោះតាមយើងដឹង ការ(និយាយ)របស់គាត់ហ្នឹងដូចជាស្រវឹងផង»

បើតាមលោក ប៉ែន វុទ្ធា គឺប្រជាការពារភូមិ លោក ទិត្យ ស៊ីថា ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកោះកុងហើយ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ