ពលរដ្ឋជាង៣០០នាក់​មក​ពី​ខេត្ត​កោះកុងជំរុញទៅរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លី

ប្រជា​ពលរដ្ឋ​មក​ពី​ស្រុក​ចំនួន ៣ នៅ​ក្នុង​ខេត្ត​កោះកុង លើក​បដា​តវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដែល​ពួកគេ​ថា អូស​បន្លាយ​រយៈ​ពេល ១០​ឆ្នាំ​មក​ហើយ។ (បញ្ញា ឆពណ្ណ)

ពលរដ្ឋមានជម្លោះដីធ្លីរាប់រយនាក់មកពីក្រុមផ្សេងៗ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនក្នុងខេត្តកោះកុង បានជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនដោះស្រាយបញ្ចប់វិវាទីធ្លីជូនពួកគេ ខណៈជម្លោះនោះអូសបន្លាយជាង១០ឆ្នាំ​មក​ហើយ។

ពលរដ្ឋមានជម្លោះដីធ្លីជាង ៣០០នាក់មកពីស្រុកគិរីសាគរ ស្រុកបុទុមសាគរ និងស្រុកស្រែអំបិល បានប្រមូលផ្តុំគ្នាតវ៉ាមុខក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ឱ្យ​ជួយដោះស្រាយបញ្ចប់វិវាទដីធ្លីពួកគេឲ្យបានឆាប់។

អ្នកស្រី​ សាំង​ ពុយ​ ដែល​អះអាង​ថា​ ជាតំណាងពលរដ្ឋមានជម្លោះដីធ្លី ២៦គ្រួសារ មកពីឃុំព្រែកកោះស្តេច ឃុំភ្ញីមាស ឃុំព្រែកខ្សាច់ ស្ថិត​ក្នុង​ស្រុកគិរីសាគរ និងតំណាងឲ្យពលរដ្ឋមកពីឃុំថ្មស ឃុំតានូន ស្រុកបុទុមសាគរ ប្រាប់វីអូឌីថា អ្នកភូមិ ២៦គ្រួសារនោះ ត្រូវក្រុមហ៊ុន ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) រំលោភយកដីធ្លីជាង ១០ឆ្នាំហើយ។

តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ដីលំនៅដ្ឋាន និងដីកសិកម្មរបស់អ្នកភូមិ ៤៣២.៧ហិកតា ត្រូវក្រុមហ៊ុនរំលោភយកក្រោមហេតុផលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដោយមិនបានដោះស្រាយផលប៉ះពាល់ដីធ្លីជូនពលរដ្ឋឡើយ។

អ្នកស្រី សាំង ពុយ អះអាងថា អ្នកភូមិបានចូលទៅរស់នៅលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៧៩ ដោយមានប័ណ្ណបញ្ជាក់ការកាន់កាប់ដី​ធ្លី​ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ហើយថា កន្លងមកអ្នកភូមិរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនលើកហើយ ប៉ុន្តែ មិនទទួលបានដំណោះស្រាយឡើយ។

អ្នកស្រីបន្ថែមថា៖ «ដំណោះស្រាយគឺត្រូវដោះដូរកន្លែងរស់នៅឲ្យពួកយើងថ្មី ព្រោះយកដីពួកយើងអស់ហើយ។ ហើយសំណងដោះស្រាយឲ្យពួកយើងប៉ុន្មាន? យើងសុំដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់ ព្រោះក្រុមហ៊ុនហ្នឹងគេយកដីពួកខ្ញុំទៅអភិវឌ្ឍ យកទៅលក់បន្ត ចំណេញបន្ត ចុះហេតុអីប្រជាពលរដ្ឋយើងសុំតែមួយរស់ ហេតុអីដោះស្រាយអត់បាន? ហេតុអីកៀបសង្កត់ប្រជាពលរដ្ឋខ្លួនឯង»

កាលពី​ឆ្នាំ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៣ម៉ឺន​ ៦ពាន់​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បុទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន Union​ Development​ Group​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍។

របាយ​កា​រ​ណ៍​ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ បាន​រក​ឃើញថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១​,១៤៣គ្រួសារ​ ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង ១ម៉ឺនហិ​កតា​ និង​ផ្ទះ ១៥០០ខ្នង​ ត្រូវ​បង្ខំ​ឱ្យ​រុះរើ​ និង​ឈូស​ឆាយ​។

ចំណែកអ្នកស្រី អិន ធូ ដែលអះអាងថា ជាតំណាងពលរដ្ឋ១៩៧គ្រួសារបានលើកឡើងនៅកន្លែងតវ៉ាថា អ្នកភូមិ១៩៧គ្រួសារនៅស្រុកស្រែអំបិល ត្រូវបានក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប រំលោភយកតាំងពីឆ្នាំ២០០៧ ខណៈដែលអ្នកភូមិបានចូលទៅកាន់កាប់ និងបង្កបង្កើនផលលើដីកំពុងមានជម្លោះតាំងពីចន្លោះឆ្នាំ១៩៩៣ និង១៩៩៥។

តំណាងពលរដ្ឋរូបនេះ បន្តថា ក្រុមហ៊ុនដាំអំពៅរបស់លោក ហេង ហ៊ុយ បានគំរាមកំហែង និងចូលទៅឈូសឆាយបំផ្លាញផលដំណាំរបស់អ្នកភូមិអស់ ដូចស្វាយ ខ្នុរ ចន្ទី ពោត ស្រូវ ដោយមិនបានដោះស្រាយសំណងជូនប្រជាពលរដ្ឋឡើយ។

អ្នកស្រី អិន ធូ ឲ្យដឹងថា ប្រជាពលរដ្ឋទាមទារទៅរដ្ឋាភិបាលអន្តរាគមន៍ទៅក្រុមហ៊ុន ដោយកាត់ឆ្វៀលដី៤២១ហិកតាចេញពីដីក្រុមហ៊ុន និងបង់សងជំងឺចិត្ត៧ពាន់ដុល្លារក្នុងមួយគ្រួសារ។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរគាត់សន្យាដោះស្រាយជូនពួកខ្ញុំ ប៉ុន្តែ គាត់មិនបានទៅជួបពួកខ្ញុំទេ។ គាត់សន្យាខ្យល់។ បើគាត់នៅតែមិនដោះស្រាយឲ្យពួកខ្ញុំទេ ពួកខ្ញុំនឹងឡើងមកតវ៉ានៅភ្នំពេញរហូត។ ព្រោះពួកខ្ញុំបាត់បង់ដីធ្លីដោយសារក្រុមហ៊ុន ហេង ហ៊ុយរំលោភយក»

តំណាងពលរដ្ឋរូបនេះបន្ថែមថា ការតវ៉ាកន្លងមក គឺអាជ្ញាធរថ្នាក់ខេត្ត និងក្រសួងរៀបចំដែនដីមិនទាន់ដោះស្រាយបាននៅឡើយទេ ហើយតំណាងពលរដ្ឋប្រមាណ១០នាក់ត្រូវបានជាប់បណ្តឹងរបស់ក្រុមហ៊ុននៅតុលាការថែមទៀត។

ជាមួយគ្នានេះដែរ ក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ និង១៥គ្រួសារ ដែលអាជ្ញាធរបានដោះស្រាយរួចហើយនោះក៏បានឡើងមកតវ៉ាដែរនៅថ្ងៃនេះ ដើម្បីជំរុញទៅរដ្ឋាភិបាលពន្លឿនចេញប័ណ្ណកម្មសិទ្ធិ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ជូនពួកគេតាមការសន្យា។

អ្នកស្រី ផាវ ញឺង ដែលអះអាងថា ជាតំណាងពលរដ្ឋ១៧៥គ្រួសារ និង១៥គ្រួសារផង និយាយថា ពលរដ្ឋ១៧៥គ្រួសារដែលរដ្ឋាភិបាលដោះស្រាយដីឲ្យរួចមកហើយនោះ គឺពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធនៅឡើយទេ និងក្រុមពលរដ្ឋ១៥គ្រួសារក៏មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវដែរ។

អ្នកស្រី ផាវ ញឺង បញ្ជាក់បន្ថែមថា ក្រុមអ្នកភូមិក៏ទាមទារទៅក្រសួងមហាផ្ទៃចាត់វិធានការចំពោះអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលអ្នកភូមិចោទថា បានឃុបឃិតគ្នាលួចលក់ដីរដ្ឋខុសច្បាប់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំមកថ្ងៃនេះ លក្ខខណ្ឌចម្បងជាងគេគឺចេញប្លង់កម្មសិទ្ធ ផ្លូវ និងក្រសួងត្រូវចាត់វិធានការអ្នកលក់ដីដែលសេសសល់ក្រោយពីវាស់ចែកជូនឲ្យពួកខ្ញុំ។ ព្រោះដីនៅសល់នេះ ពួកយើងធ្លាប់ស្នើសុំទុកចែកជូនកូនចៅជំនាក់ក្រោយ»

បើតាមតំណាងពលរដ្ឋដែលយកញត្តិទៅដាក់ផ្ទាល់ដល់ក្នុងក្រសួងមហាផ្ទៃ គឺមន្ត្រីរដ្ឋបាលក្រសួងបានបោះត្រាទទួលយកញត្តិរបស់ក្រុមអ្នកភូមិ និងសន្យាបញ្ជូនទៅថ្នាក់លើពិនិត្យ។

អ្នកនាំពាក្យ លោក សេង ឡូត និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ទូរសព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។

អភិបាលរងខេត្តកោះកុង លោក សុខ សុធី មានប្រសាសន៍ថា ពលរដ្ឋដែលឡើងមកតវ៉ានៅភ្នំពេញថ្ងៃនេះមាន៣ក្រុម។ ហើយលោកបន្តថា ចំពោះក្រុមពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុន ញូញៀន (UDG) គឺហួសពីសមត្ថកិច្ចរបស់អាជ្ញាធរខេត្តក្នុងការដោះស្រាយ។ ចំណែក្រុមពលរដ្ឋ១៩៧គ្រួសារដែលមានជម្លោះដីធ្លីជាមួយលោក ហេង ហ៊ុយ វិញ លោកថា ជាករណីវិវាទដីធ្លីមានប្លង់កម្មសិទ្ធិ ក៏ហួសពីសមត្ថកិច្ចរបស់អាជ្ញាធរដែរ ដោយថា ករណីនេះមានតែដោះស្រាយតាមផ្លូវតុលាការ។

លោក សុខ សុធី បន្តថា សម្រាប់ក្រុម១៧៥គ្រួសារវិញ គឺអាជ្ញាធរកំពុងដោះស្រាយ ហើយថា ករណីចោទថា មានពលរដ្ឋមួយក្រុមទៀតឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានលួចលក់ដីរដ្ឋនោះគឺមិនពិតទេ។

លោកបន្ថែមថា៖ «អ្នក(មាន)ជម្លោះជាមួយក្រុមហ៊ុន ញូញៀន គឺរដ្ឋាភិបាលបាននិរាករចោលហើយ អីចឹងចង់ដោះស្រាយ ទាល់តែរដ្ឋាភិបាលចេញ ស.ជ.ណ. ធ្វើម៉េចទៀតឲ្យថ្នាក់ក្រោមជាតិដោះស្រាយនោះ បានយើងដោះស្រាយបាន។ ក្រុមទី២ អ្នកដែលមានទំនាស់ជាមួយលោក ហេង ហ៊ុយ យើងដឹងទាំងអស់គ្នាថា ដីនោះជាដីវិវាទមានប្លង់​ ហើយការដោះស្រាយដីមានប្លង់ជាសមត្ថកិច្ចរបស់តុលាការ។ ហើយក្រុមទី៣ កុំថាឡើយបោះបង្គោលថ្ម ធ្វើដល់ផ្ទះថ្ម ក៏មិនអាចយកបានដែរ ព្រោះជាដីរបស់រដ្ឋ»

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធហាក់ពុំមានចេតនាដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋ ដោយថា យន្តការដោះស្រាយពេលកន្លងមកពីមានភាពយឺតយ៉ាវ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់ពេលវេលា និងផលប្រយោជន៍ជាច្រើន។

លោកបន្ថែមថា៖ «ក្នុងនាមជាអាជ្ញាធរ ដែលជាអ្នកបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនទាំងអស់ហ្នឹង អីចឹងត្រូវតែទទួលខុសត្រូវឆាប់ដោះស្រាយបញ្ចប់រឿងហ្នឹង ។ ហើយសម្រាប់សហគមផ្សេងៗដូចជា១៩៧គ្រួសារហ្នឹង ពួកគាត់ទើបប្តឹងមែន ប៉ុន្តែត្រូវពិនិត្យមើលឲ្យជាក់លាក់ឲ្យមែនទែន បើមិនអីចឹង ពួកគាត់នៅតែបន្តតវ៉ារហូតមានដំណោះស្រាយ។ បើនៅតែអីចឹង វាមិនមែនជាផលល្អសម្រាប់អាជ្ញាធរទេ ព្រោះវាជាមុខមាត់រដ្ឋាភិបាល»

មន្ត្រីសម្របសម្រួលស្តីទីនៃសមាគមអាដហុកប្រាំខេត្តកោះកុង លោក ប៉ី វ៉ាន់នី មានប្រសាសន៍ថា វិវាទដីធ្លីនៅខេត្តកោះកុងនៅសល់ច្រើនករណីទៀតដែលមិនទាន់ដោះស្រាយ ដោយអាជ្ញាធរបានត្រឹមតែសន្យាប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរមិនត្រឹមតែមិនយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងពលរដ្ឋមិនចេញតវ៉ាថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ