វិទ្យុក្នុងស្រុក​សាទរ​ក្រោយ​រដ្ឋាភិបាល​បើក​ឱ្យ​វិទ្យុ​អាមេរិក​អាច​ជួល​ម៉ោង​ផ្សាយ​ឡើង​វិញ

ពលរដ្ឋ​កម្ពូជា​មួយ​រូប ស្វែង​រក​កម្មវិធី​ផ្សាយ​នៅ​លើ​វិទ្យុ​ បន្ទាប់​ពី​កម្មវិធី​ផ្សាយព័ត៌មាន​នៅ​លើ​ស្ថានីយ៍​វិទ្យុ​ជាង ៣០​ ត្រូវ​បាន​បិទ​មិន​ឱ្យ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOD)

ម្ចាស់​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​ធ្លាប់​ជួល​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី (RFA) បាន​បង្ហាញ​ការ​សាទរ​របស់​ពួកគេ​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​វិទ្យុ​​អាមេរិក​ទាំង​ពីរ​នេះ បន្ទាប់​ពី​វិទ្យុ​ទាំង​ពីរ​នេះ​បាន​ស្វែង​រក​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ។

នាយក​គ្រប់គ្រង​ការិយាល័យ​អាស៊ី​សេរី​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ លោក​ Matthew​ Pennington​ បាន​ជួប​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃសុក្រ​កន្លងមក​នេះ​ អំពី​ការ​បើក​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​។

ជំនួបមួយ​នេះ បាន​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​ជំនួប​រវាង​លោក ខៀវ កាញារីទ្ធ និង​អគ្គ​រដ្ឋ​ទូត​អាមេរិក លោក Patrick Murphy ដែល​បាន​ជជែក​អំពី​ការ​បើក​ឱ្យ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​​ជួល​ម៉ោង​ផ្សាយ​ដល់​វិទ្យុ​អាស៊ីសេរី និង​វីអូអេ ដែល​​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ទៀត​ទទួល​បាន​ជំនួយ​គាំ​ទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក។

នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បាន​ប្រាប់​ថា លោក​ស្វាគមន៍​ដំណើរ​វិវត្តន៍​វិជ្ជមាន​ដែល​ទើប​កើត​ឡើង​ថ្មីៗ​នេះ ហើយ​លោក​ប្រាប់​ថា លោក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ជជែក​ពិភាក្សា​ជាមួយ​វិទ្យុ VOA អំពី​ការ​ជួល​ម៉ោង​ផ្សាយ​សម្រាប់​វិទ្យុ​មួយ​នេះ។

លោក ម៉ម សូណង់ដូ ​ដែល​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​ជា​សមាជិក​មួយ​រូប​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ផង​នោះ ចាត់​ទុក​ដំណើរ​វិវត្តន៍​ចុង​ក្រោយ​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ការ​ចូលរួម​ពី​​គ្រប់​ស្ថាប័ន​ផលិត​ព័ត៌មាន​ចម្រុះ​នៅ​ក្នុង​វិស័យ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ម៉ម សុណង់ដូ មាន​ប្រសាសន៍ថា៖«ក្រោយពីការជួបហើយ បានខ្ញុំអាចធ្វើពាក្យ​សំណើរទៅជម្រាបក្រសួងព័ត៌មាន។ តើការផ្សាយហ្នឹងវាយ៉ាងម៉េចទៅតាមកម្មវិធីរបស់ VOA ហ្នឹង ចាំទុកឱ្យក្រសួងគេជាអ្នកសម្រេចទៅ។ មិនមានបញ្ហាអ្វីចំពោះខ្ញុំទេ ប៉ុ​ន្តែ ខ្ញុំធ្វើអ្វីមួយតោងមានការអនុញ្ញាតពីក្រសួងព័ត៌មាន។ គេសុខចិត្តឱ្យខ្ញុំធ្វើ បើគេមិនសុខចិត្ត ហើយគេមិនឱ្យ ក៏ខ្ញុំមិនអាចធ្វើប៉ាតណាប៉ាតណីបានដែរ។ ខ្ញុំមិនចង់មានបញ្ហាជាមួយក្រសួងព័ត៌មានទេ ព្រោះយើងធ្វើការនៅក្នុងការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន»

ស្ថានីយ៍​វិទ្យុក្នុង​ស្រុក​ជាច្រើន និង​ទូរទស្សន៍​មួយ​ចំនួន ក្នុង​នោះ​មាន​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) ផង​ដែរ បាន​ជួល​ម៉ោង​ផ្សាយ និង​ទទួល​ផ្សាយ​កម្មវិធី​ព័ត៌មាន​ផលិត​ឡើង​ដោយ​​វិទ្យុ​ វីអូអេ និង​វិទ្យុ​អាស៊ី​សេរី នៅ​មុន​ការ​បង្ក្រាប​របស់រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​កន្លង​មក។

អ្នក​ស្រី ជា ស៊ុនដាណែត នាយិកា​វិទ្យុ FM១០២ នា​ពេល​បច្ចុប្បន្ន និង​​ជា​អតីត​អ្នក​គ្រប់​គ្រង​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បានឱ្យ​ដឹង​ថា មាន​តែ​វិទ្យុ​ វីអូអេ តែ​មួយ​គត់ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ជជែក​គ្នា​សម្រាប់​ការ​ជួល​ម៉ោង​ផ្សាយ​នេះ ហើយ​ភាគី​ទាំង​ពីរ​នឹង​ជួប​ជជែក​អំពី​រឿង​នេះ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ។

អ្នកស្រី ជា ស៊ុនដាណែត មាន​ប្រសាសន៍​ថា៖«ខ្ញុំត្រូវធ្វើលិខិតទៅក្រសួង ហើយសរុបសេចក្តីទៅ គឺ VOA អត់មានទទួលខុសត្រូវចំពោះក្រសួងទេ ព្រោះគេបានចុះបញ្ជីអីហ្នឹងហើយ។ ម្ចាស់ស្ថានីយ នៅពេលយើងផ្តល់ឱ្យគេហើយ យើងត្រូវស្តាប់ ត្រូវត្រួតពិនិត្យ យើងត្រូវស្តាប់ យើងត្រូវអីហ្នឹង។ ប្រសិនបើការនិយាយហ្នឹង វាមិនប្រកបដោយវិជ្ជាជីវៈអីហ្នឹង យើងត្រូវទទួលខុសត្រូវ»

ប៉ុន្តែ សម្រាប់​កិច្ចសហការ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​វិញ អ្នកស្រី ស៊ុនដាណែត ឱ្យ​ដឹង​ថា មិន​ទាន់​មាន​សំណើរ​ណា​មួយ​នៅ​ឡើយ​ទេ ខណៈ​ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​តម្រូវ​ឱ្យ​​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា។

​មជ្ឈ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ដែល​​ផ្សាយ​សំឡេង​នៅ​លើ​ហ្វ្រេកង់ FM១០២ មុន​នឹង​ប្ដូរ​មក​ហ្វ្រេកង់ ១០៣.៥ នា​ពេល​សព្វថ្ងៃ​នេះ បាន​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ទៅ​វិទ្យុ​អាស៊ីសេរី វិទ្យុ វីអូអេ និង​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​ជា​ភាសា​ខ្មែរ​ផង​ដែរ​នៅ​មុន​ឆ្នាំ​២០១៧​កន្លង​មក។

នាយិកា​មជ្ឈ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អ្នកស្រី វួន សុវិរីយ៍ បាន​​បដិសេធ​ជជែក​អំពី​កិច្ចការ​នេះ នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​សុំ​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

ក្នុង​ជំនួប​ជាមួយ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ លោក Matthew​ Pennington កាល​ពី​សប្ដាហ៍​មុន​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ប្រាប់​ថា រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ តម្រូវ​ឱ្យ​វិទ្យុ​អាស៊ី​សេរី​សុំច្បាប់​ពី​ក្រសួង​ និង​លុបចោល​នូវ​ការប្រើ​ប្រាស់​ពាក្យ​ «របប​ក្រុងភ្នំពេញ​» ឬពាក្យ​ «របប​លោក​ ហ៊ុន​ សែន​» ចេញពី​សេចក្ដីរាយការណ៍​របស់​ខ្លួនន។

វិទ្យុ​ស្ទឹងសែន FM១០០MHz ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ក៏​បាន​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ទៅ​ដល់​​វិទ្យុ​អាស៊ី​សេរី​ផង​ដែរ​នៅ​មុន​ឆ្នាំ​២០១៧​កន្លង​មក។

នាយិកា​វិទ្យុ​ស្ទឹងសែន អ្នកស្រី គឹម សុបញ្ញា បាន​ប្រាប់​ថា អ្នកស្រី​សប្បាយ​រីករាយ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា វិទ្យុ​អាស៊ី​សេរី អាច​ មក​បើក​ការិល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ។

អ្នកស្រី សុបញ្ញា អះអាង​ថា ការ​ជួល​ប្រេកង់​វិទ្យុ​ទៅ​ដល់​វិទ្យុ​អាមេរិក​មួយ​នេះ មិន​ត្រឹម​តែ​ផ្ដល់​ចំណូល​សម្រាប់​វិទ្យុ​របស់​អ្នកស្រី​នោះ​ទេ ប៉ុន្តែ វា​ក៏​បន្ថែម​នូវ​ប្រភព​ព័ត៌មាន​ចម្រុះ​ដល់​អ្នក​ស្ដាប់​ថែម​ទៀត​ផង​ដែរ។

អ្នកស្រី គឹម សុបញ្ញា ប្រាប់ថា៖ «ពីអារម្មណ៍របស់ខ្ញុំ បើសិនជាមានក៏ល្អ ប៉ុន្តែ គ្រាន់ថា ដូចពីមុនចឹងណា៎បង ខ្លាចតែវាមានផលប៉ះពាល់ពេលដែលយើងផ្សាយៗ គាត់បើកផ្លូវ ស្រាប់តែគាត់បិទផ្លូវ គាត់បិទតែម្តង»

កម្មវិធី​ព័ត៌មាន​​សំឡេង​ប្រជាធិបតេយ្យ (VOD) របស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ក៏​ត្រូវ​បាន​​ផ្សព្វផ្សាយ​នៅ​លើ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ នៅ​មុន​ចុង​ឆ្នាំ​២០១៧​កន្លង​មក។

នាយក​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី បានប្រាប់​ថា លោក​មើល​ឃើញ​ដំណើរ​វិវត្តន៍​វិជ្ជមាន​នា​ពេល​ថ្មីៗ​នេះ ហើយ​ស្ថាប័ន​របស់​លោក​នឹង​ស្វែង​រក​កិច្ច​សហការ​ឡើង​វិញ​ជាមួយ​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​​ផង​ដែរ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន​ឡើង​វិញ។

លោក វី បាន​ប្រាប់​បន្ត​ថា ប៉ុន្តែ លោក​ចង់​ឃើញ​លំហ​សេរីភាព​កាន់​តែ​ទូលាយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ អាច​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​ដល់​ប្រជាពលរដ្ឋ។

លោក ណុប វី ប្រាប់​ថា​៖ «យើង​ចង់​ឃើញ​ថា រដ្ឋាភិបាល​គាត់​បើក​ចំហរ​នៅ​ក្នុង​​ការ​ផ្ដល់​សេរីភាព​ពេញ​លេញ​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ទាំង​អស់​ហ្នឹង ដើម្បី​ធ្វើ​ម៉េច​ធានា​ថា ពួកគាត់​មាន​ការ​សម្រេច​ចិត្ត​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធី​ដែល​អាច​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន ទទួល​បាន​ដំណឹង​អី​ផ្សេងៗ​គ្រប់​និន្នាការ ឬ​ក៏​ព័ត៌មាន​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ពួកគាត់​ ជាជាង​អ្វី​ដែល​ពួកគេ​ទទួល​បាន​ព័ត៌មាន​តែ​ពី​ម្ខាងៗ»

វិទ្យុ​អាស៊ីសេរី បាន​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​​​នៅក្នុង​ប្រទេស​កម្ពុជា​​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៧​កន្លង​មក ដោយ​ថា ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​មានការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្ត​ពីសំណាក់រដ្ឋាភិបាលកម្ពុជា។

វិទ្យុ​អាស៊ី​សេរី​បាន​សម្រេច​ចិត្ត​បែប​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​សម្រេច​ហាម​ឃាត់​វិទ្យុ​ក្នុង​ស្រុក​ចំនួន​ជាង ៣០​ស្ថានីយ៍​មិន​ឱ្យ​​ផ្សាយ​បន្ត​ផ្ទាល់​នូវ​កម្មវិធី​ព័ត៌មាន​របស់​​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)​ផង​ដែរ។

វិទ្យុ​មួយ​នេះ បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​​កាសែត​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​នោះ បានសម្រេច​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ផង​ដែរ​ជុំ​វិញ​បញ្ហា​ពន្ធ​៦.៣​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​កម្ពុជា​អះ​អាង​ថា កាសែត​មួយ​នេះ​មិន​បាន​បង់​ពន្ធ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុងក្រោយ​។

បន្ទាប់ពី​អាស៊ី​សេរី​បិទទ្វារ​នៅ​ភ្នំពេញ​មិនបាន​ប៉ុន្មាន​ផង​ អតីត​បុគ្គលិក​របស់​ខ្លួន​ពីរ​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​បទ​ចោទ​ធ្វើ​ចារកម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស​ ហើយ​អតីត​បុគ្គលិក​មួយចំនួន​ទៀត​ ត្រូវ​បង្ខំចិត្ត​គេចខ្លួន​ ឬបោះបង់​អាជីព​ជា​អ្នកសារព័ត៌មាន​ទៀតផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ