អ្នកនាំពាក្យ​ RFA​ ថា​ ពុំ​ទាន់​កំណត់ពេលវេលា​ជាក់លាក់​ដើម្បី​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ​ទេ​

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​វិទ្យុ​អាស៊ី​សេរី​ បាន​ប្រាប់​ថា​ វិទ្យុ​អាមេរិក​មួយ​នេះ​ នៅ​មិនទាន់​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​ណាមួយ​ជុំវិញ​ការ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើងវិញ​នៅ​កម្ពុជា​នៅឡើយ​ទេ​ បន្ទាប់ពី​មាន​ជំនួប​មន្ត្រី​ជាន់ខ្ពស់​ស្ថាប័ន​សារព័ត៌មាន​មួយ​នេះ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​។

នាយក​គ្រប់គ្រង​ការិយាល័យ​អាស៊ី​សេរី​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ លោក​ Matthew​ Pennington​ បាន​ជួប​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃសុក្រ​កន្លងមក​នេះ​ អំពី​ការ​បើក​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​។

មន្ត្រី​កិច្ចការ​សាធារណៈ​ និង​ជា​អ្នកនាំពាក្យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ លោក​ Rohit​ Mahajan​ បាន​អះអាង​ប្រាប់​វី​អូ​ឌីតា​មអ៊ី​ម៉ែ​លថា​ លោក​ពុំ​ទាន់​ទទួល​បាន​សេចក្ដីសម្រេច​ណាមួយ​នៅឡើយ​ទេ​ជុំវិញ​បញ្ហា​នេះ​។

លោក Rohit Mahajan បាន​ប្រាប់​តាម​អ៊ីម៉ែល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖ «បើសិនជាទទួលបានព័ត៌មានពិស្ដារ ខ្ញុំនឹងផ្ដល់ព័ត៌មានជូនអ្នក»

អ្នក​នាំ​ពាក្យ​រូប​នេះ មិន​បាន​បក​ស្រាយ​លម្អិត​បន្ថែម​ទៀត​ឡើយ​ជុំ​វិញ​ជំនួប​រវាង​តំណាង​ស្ថាប័ន​របស់​ខ្លួន​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ លោក​បាន​ចង្អុល​បង្ហាញ​ឱ្យ​​ផ្អែក​តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។

បើ​ផ្អែក​តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ ក្រៅ​ពី​ជជែក​អំពីការ​វិល​ត្រឡប់​មក​​វិញ​នៃ​វិទ្យុ​អាស៊ីសេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ លោក Matthew Pennington ក៏​បាន​ជជែក​ផង​ដែរ​អំពី​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​យក​ព័ត៌មាន​ពីរ​រូប​របស់​លោក​វិទ្យុ​មួយ​នេះ មាន​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

ស្ថានទូតអាមេរិក បានរៀបរាប់ថា៖ «ប្រការ​នេះ​ អាច​ជួយ​ដល់​អ្នកសារព័ត៌មាន​ទាំងឡាយ​ រួម​ទាំង​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នា​ថ្ងៃ​អនាគត​ ឱ្យ​មានទំនុក​ចិត្ត​ថា​ ពួកគេ​ត្រូវ​ធ្វើការងារ​របស់​គេ​ដោយមាន​សុវត្ថិភាព​ និង​ស្ថិត​ក្នុង​បរិយាកាស​អំណោយផល​ដល់​សេរីភាព​សារព័ត៌មាន​ និង​នីតិរដ្ឋ​។ ស្ថានទូត​អាម៉េរិក​ រង់ចាំ​មើល​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​លើ​សេរីភាព​សារព័ត៌មាន​ ក្នុង​ប្រទេស​កម្ពុជា​»

ជំនួបមួយ​នេះ បាន​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​ជំនួប​រវាង​លោក ខៀវ កាញារីទ្ធ និង​អគ្គ​រដ្ឋ​ទូត​អាមេរិក លោក Patrick Murphy ដែល​បាន​ជជែក​អំពី​ការ​បើក​ឱ្យ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​​ជួល​ម៉ោង​ផ្សាយ​ដល់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​វីអូអេ(VOA) ដែល​​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ទៀត​ទទួល​បាន​ជំនួយ​គាំ​ទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ លោក​ មាស​ សុភ័​ណ្ឌ​ មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​ថា ​ ភាគី​វិទ្យុ​អាស៊ី​សេរី​ស្នើសុំ​ឱ្យ​ជួយ​សម្រួល​ឱ្យ​ RFA​ បើក​ការិយាល័យ​របស់​ខ្លួន​ឡើងវិញ​នៅ​ភ្នំពេញ​។ លោក​បន្ត​ថា​ រដ្ឋមន្ត្រី​តម្រូវ​ឱ្យ​វិទ្យុ​អាស៊ី​សេរី​សុំច្បាប់​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួងព័ត៌មាន​ និង​លុបចោល​នូវ​ការប្រើ​ប្រាស់​ពាក្យ​ «របប​ក្រុងភ្នំពេញ​» ឬពាក្យ​ «របប​លោក​ ហ៊ុន​ សែន​» ចេញពី​សេចក្ដីរាយការណ៍​របស់​ខ្លួន​។

លោក មាស សុភ័ណ្ឌ មាន​ប្រសាសន៍​ថា​៖ «ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ អាស៊ី​សេរី​អាច​ធ្វើការ​នៅ​កម្ពុជា​វិញ​បាន​ ប៉ុន្តែ​ ត្រូវតែ​កែ​នូវ​ពាក្យ​ដែល​ខ្លួន​បាន​ប្រើ​ មួយទៀត​ត្រូវ​បំពេញ​ឱ្យ​បាន​នូវ​ឯកសារ​គតិយុត្តិ​អ៊ីចឹង​។ ឯកឧត្តម​ក៏​មិន​ជំទាស់​ពី​ការជួល​ម៉ោង​ផ្សាយ​ដែរ​ តែ​មិន​ត្រូវ​ប្រើ​ពាក្យ​របប​ៗហ្នឹង​ទេ​»

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ម៉ៃ ទិត្យថារ៉ា មើល​ឃើញ​ថា នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​វិជ្ជមានមួយ​​នៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ប៉ុន្តែ លោក​ក៏​ចង់​ឃើញ​លំហ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​បើក​ចំហ​ថែម​ទៀត។

លោក ម៉ៃ ទិត្យថារ៉ា ប្រាប់​ថា​៖ «យើង​ចង់​ឃើញ​ការ​បើក​ចំហរ​ថែមទៀត​ចំពោះ​សារព័ត៌មាន​នៅ​កម្ពុជា​។ បើ​មានការ​បើកឱកាស​អ៊ីចឹង​ នឹង​នាំ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ ហើយ​នាំ​ឱ្យ​សារព័ត៌មាន​បំពេញការងារ​ដោយ​គ្មាន​ការភ័យខ្លាច​ទៀតផង​»

វិទ្យុ​អាស៊ី​សេរី​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ថា ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​មានការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្ត​ពីសំណាក់រដ្ឋាភិបាលកម្ពុជា។

វិទ្យុ​អាស៊ី​សេរី​បាន​សម្រេច​ចិត្ត​បែប​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​សម្រេច​ហាម​ឃាត់​វិទ្យុ​ក្នុង​ស្រុក​ចំនួន​ជាង ៣០​ស្ថានីយ៍​ មិន​ឱ្យ​​ផ្សាយ​បន្ត​ផ្ទាល់​នូវ​កម្មវិធី​ព័ត៌មាន​របស់​​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)​ផង​ដែរ។

វិទ្យុ​មួយ​នេះ បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​​កាសែត​ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​នោះ បានសម្រេច​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ផង​ដែរ​ជុំ​វិញ​បញ្ហា​ពន្ធ​ ៦.៣​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​កម្ពុជា​អះ​អាង​ថា កាសែត​មួយ​នេះ​មិន​បាន​បង់​ពន្ធ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុងក្រោយ​។

បន្ទាប់ពី​អាស៊ី​សេរី​បិទទ្វារ​នៅ​ភ្នំពេញ​មិនបាន​ប៉ុន្មាន​ផង​ អតីត​បុគ្គលិក​របស់​ខ្លួន​ពីរ​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​បទ​ចោទ​ធ្វើ​ចារកម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស​ ហើយ​អតីត​បុគ្គលិក​មួយចំនួន​ទៀត​ ត្រូវ​បង្ខំចិត្ត​គេចខ្លួន​ ឬបោះបង់​អាជីព​ជា​អ្នកសារព័ត៌មាន​ទៀតផង​។

វិទ្យុ​អាស៊ី​សេរី​ ចាប់ផ្តើម​ផ្សាយ​ជា​ភាសាខ្មែរ​តាំងពី​ឆ្នាំ១៩៩៧មក​ម្ល៉េះ​។ ក្រៅពី​ផ្សាយ​ព័ត៌មាន​វិទ្យុ​នេះ​ ក៏បាន​ផ្តល់​ឱកាស​ឱ្យ​យុវជន​សិក្សា​រៀនសូត្រ​លើ​ជំនាញ​សារព័ត៌មាន​ តាមរយៈ​ការ​បណ្ដុះបណ្ដាល​ និង​ទទួលយក​អ្នក​ហាត់​ការ​ជាដើម​។

កាលពីឆ្នាំ២០១៤ វិទ្យុនេះ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយ​ចោទ​ថាជា​ស្ថាប័នព័ត៌មានកាន់ជើងបក្សប្រឆាំង និងមានចេតនាអាក្រក់មកមើលរដ្ឋាភិបាល​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ