លោក ស ខេង ទទួល​ស្គាល់​ថា យុទ្ធនាការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​បរាជ័យ

វេលាម៉ោ​ង​ ០៦.៣០​ នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​ មានករណីគ្រោះ​ថ្នាក់​ច​រា​ចរណ៍​ស្ថិតនៅ​ចំណុច​សេះស​ ផ្លូវជាតិ​លេខ​៤១​ ចន្លោះគីឡូម៉ែត្រលេខ​៤០​ .៤១​ ភូមិតាដែង​ ឃុំពោ​​ធិម្រាល​ ស្រុ​កបរសេដ្ឋ​ បង្កឡេីងរវា​ងរថយន្ដសណ្ដោងរឺម៉ក​ដឹកទំនិញសុីម៉ង់​បេីកបរក្នុងទិស​ដៅ​បញ្រ្ចាសគ្នា​ បុកជាមួយរថយន្ត​ប្រភេទ​តូរីស​ ដឹកកម្មករ​-កម្មការិនី​។ រូបភាព៖ ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ PL

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​ទទួល​ស្គាល់​ថា យុទ្ធនាការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ទទួល​​បរាជ័យ​ហើយ ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ បាន​ថ្លែង​ទទួល​ស្គាល់​បែប​នេះ​នៅ​ក្នុង​​អំឡុង​ពេល​លោក​ចូល​រួមក្នុង​ទិវា​អន្តរជាតិ​រំឭក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ចរាចរណ៍​ផ្លូវ​គោក នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ស ខេង ថ្លែង​ថា​៖ «និន្នាការ​កើន​ឡើង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ គឺ​ជា​សញ្ញា​មិន​ល្អ​ទាល់​តែ​សោះ។ ខ្ញុំ​ទទួល​ស្គាល់ បើ​ [ទោះបី] ចង់​នរណា​វាយ​តម្លៃ​ថា បរាជ័យ ក៏​វាយ​តម្លៃ​ទៅ»

ជាមួយ​នឹង​ការ​ថ្លែង​ទទួល​ស្គាល់​បែប​នេះ លោក ស ខេង ក៏​បាន​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ទាំង​អស់​ឱ្យ​ចូលរួម​ទប់​ស្កាត់​បញ្ហា​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​អំពី​បញ្ហា​មួយ​នេះ។

លោក ស ខេង ថ្លែង​បន្ត​ថា​៖ «ប៉ុន្តែ សូម​អំពាវ​នាវ​ជួយ​គ្នា​ តើ​មាន​មធ្យោបាយ​អី មាន​គំនិត​អី មាន​យោបល់​យ៉ាង​ម៉េច សូម​ជួយ​មក ព្រោះ​អាហ្នឹង ​យើង​ត្រូវ​បង្ហាញ​ជាក់​ស្ដែង។ យើង​មិន​អាច​ភូត​បន្លំ​ទេ។ បរាជ័យ​ថា ជោគ​ជ័យ​ហ្នឹង អា​ហ្នឹង វា​និយាយ​ភូត​គេ គេ​មិន​ជឿ​ទេ»

ផ្អែក​តាម​តួលេខ​របស់​នគរបាល​ជាតិ គ្រោះ​ថ្នាក់​ចរាចរណ៍ ៣,៤៥៣​លើក បាន​កើត​ឡើង​នៅទូទាំង​ប្រទេស​ ដោយ​បាន​សម្លាប់​មនុស្ស​ ១,៦៦៥​នាក់ និង​បណ្ដាល​ឱ្យ​មនុស្ស ៥,២១២​នាក់​ផ្សេង​ទៀត​រង​របួសនៅ​ក្នុង​រយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ។

លោក ស ខេង បាន​ថ្លែង​ថា ចំនួន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង ២៨​ភាគរយ (៧៦០​លើក)​ ខណៈ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង ១៥១​នាក់ ហើយ​ចំនួន​មនុស្ស​រង​របួស បាន​កើន​ឡើង ៣៣​ភាគរយ ឬ​កើន​ឡើង ១,៣០៦​នាក់។របាយការណ៍​នគរបាល​ជាតិ បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៥​នាក់ បាន​ស្លាប់​ ហើយ ១៧​នាក់​ទៀត​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ