ធនាគារពិភពលោកជំរុញកម្ពុជាឱ្យកែលម្អគោលនយោបាយ​ដើម្បីធានាគុណភាពការងារនា​ពេល​អនាគត

និមិត្តសញ្ញាធនាគារពិភពលោក។ (បណ្ដាញសង្គម)

ធនាគារ​ពិភព​លោក​ជំរុញ​ទៅកម្ពុជា​ឱ្យ​កែ​លម្អ​គោល​នយោបាយ​របស់​ខ្លួន ដើម្បី​ធានា​នូវ​គុណភាព​ការងារ​សម្រាប់​ទីផ្សារ​នា​ពេល​អនាគត ខណៈធនាគារមួយនេះរកឃើញថា ភាគច្រើននៃកម្លាំង​កម្ពុជាកំពុងស្ថិតក្នុងវិស័យការងារបែប្រពៃណី ឬការងារពុំមានប្រព័ន្ធស្ថិរភាពពិតប្រាកដ។

របាយការណ៍របស់​ធនាគារ​ពិភព​លោក​ចេញផ្សាយកាលថ្ងៃទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ប្រជាជន​កម្ពុជា​ប្រឡូក​ក្នុង​វិស័យ​ការងារ​មាន​ចំនួន​ប្រហែល ៨​លាន​នាក់ ប៉ុន្តែ ពលរដ្ឋ​តែ ៣៧​ភាគរយ​ប៉ុណ្ណោះ កំពុង​បម្រើ​ការងារ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ និង​មាន​អត្ថប្រយោជន៍​បន្ថែម​ ខណៈ​ដែល​កម្លាំង​ពលកម្ម​កម្ពុជា ៦៣​ភាគរយ​ទៀត បាន​ចូល​ពាក់ព័ន្ធ​ក្នុង​ការងារ​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ប្រពៃណី​ដែល​មិន​សូវ​មាន​ស្ថិរភាព។

ធនាគារពិភពលោក លើកឡើងទៀត​ថា មួយ​ភាគ​បី​នៃ​ពលកម្ម​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់ គឺ​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​គ្រប់​គ្រង​កាន់​កាប់​ដោយ​ជន​បរទេស​នៅ​ក្នុង​ឆ្នាំ​២០១៥ ខណៈ​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ខ្មែរ មិន​បាន​ចូលរួម​ចំណែក​បង្កើត​ការងារ​បាន​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​នោះ​ឡើយ បើទោះបី​ជា​មាន​ចំនួន​​ច្រើន​ជាង​ក្រុមហ៊ុន​បរទេស​ក៏​ដោយ។

ធនាគារពិភពលោក បញ្ជាក់ថា ក្រុមហ៊ុនក្នុងស្រុកដែលគ្រប់គ្រងដោយជនជាតិខ្មែរ ជួលកម្មករជាមធ្យមប្រហែល ៨នាក់ប៉ុណ្ណោះក្នុងមួយក្រុមហ៊ុន បើប្រៀបធៀបជាមួយកម្មករខ្ទង់ ១២៤នាក់ ក្នុងក្រុមហ៊ុនគ្រប់គ្រងដោយជនបទេស។

ក្នុងរបាយការណ៍នោះ ធនាគារពិភពលោក បាន​លើក​ឡើង​ថា កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មីៗ​ដើម្បី​ធានា​គុណភាព​ការងារ​សម្រាប់​ទីផ្សារ​អនាគត។

បើ​តាម​របាយការណ៍​នោះ ធនាគារ​ពិភព​លោក​ជំរុញ​មក​កម្ពុជា​ឱ្យ​កែ​លម្អ​វិស័យ​នាំ​ចេញ​ធ្វើ​ឱ្យ​មាន​ភាព​ចម្រុះ​បែប និង​ជំរុញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​សំដៅ​ទៅ​រក​ផលិតកម្ម​មាន​តម្លៃ​ខ្ពស់ ជំរុញ​ការ​គាំ​ទ្រ​ការ​ត​ភ្ជាប់​គ្នា​រវាង​​ក្រុមហ៊ុន​វិនិយោគ​បរទេស​សម្រាប់​ការ​នាំ​ចេញ និង​ក្រុមហ៊ុន​ក្នុង​ស្រុក។

ជាង​នេះ​ទៅ​ទៀត ធនាគារ​ពិភព​លោក បាន​ជំរុញ​ឱ្យ​កសាង​ប្រព័ន្ធ​អភិវឌ្ឍ​ន៍ជំនាញ​សម្រាប់​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស​ទៅ​លើ​ឧស្សាហកម្ម​ផលិត​ផល​មាន​តម្លៃ​ខ្ពស់ និង​បង្កើន​ផលិតភាព​នៅ​គ្រប់​ផ្នែ​កនៃ​សេដ្ឋកិច្ច លើក​កម្ពស់​ការ​កៀរ​គរ​កម្លាំង​ពលកម្ម និង​ការ​ផ្គូ​ផ្គង​ជំនាញ​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​លើក​ទឹក​ចិត្ត​ដល់​ការ​ធ្វើ​ចំណាក​ស្រុក​វិល​ជុំ។

ធនាគារពិភពលោក រកឃើញថា បញ្ហាប្រឈមធំមួយទៀតនោះ គឺពលករខ្មែរខ្វះជំនាញចាំបាច់ ដើម្បីអាចទៅប្រកួតប្រជែងជាមួយកម្មករមកពីប្រទេសផ្សេងៗទៀត ក្នុងការស្វែងរកការងារធ្វើក្នុងក្រុមហ៊ុនគ្រប់គ្រងដោយជនបរទេស។

នាយក​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី អ៊ិនហ្គូណា ដូប្រាចា បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះថា កម្ពុជា​ត្រូវ​តែ​គិត​គូរ​ឡើង​វិញ​អំពី​គោល​នយោបាយ​របស់​ខ្លួន ដែល​ស្រប​ទៅ​តាម​ដំណើរ​វិវត្តន៍​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ទីផ្សារ​អន្តរជាតិ។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា លើក​ឡើង​ថា៖ «ប៉ុន្តែ និន្នាការសកល មានដូចជាការកើនឡើងនូវចំនួនរបស់វណ្ណៈកណ្តាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម ដែលតម្រូវឱ្យកម្ពុជាត្រូវគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងឆ្ពោះទៅកាន់ដំណាក់កាលមួយទៀតនៃ​ការអភិវឌ្ឍផ្នែកលើការនាំចេញ»

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បានទេ​ជុំវិញ​របាយការណ៍​របស់​ធនាគារពិភពលោក​នេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានយល់ស្របទៅនឹងការរកឃើញរបស់ធនាគារពិភពលោកនេះ ហើយថា រដ្ឋាភិបាលគួរតែទទួលយកអនុសាសន៍របស់​ធនាគារពិភពលោក យក​ទៅអនុវត្ត​ដើម្បីពង្រឹងគុណភាពការងារក្នុងប្រទេសកម្ពុជា។

ប្រធានសហភាពការងាររូបនេះលើកឡើងថា កម្ពុជាពុំទាន់មានកម្លាំងពលកម្មជំនាញបច្ចេកទេសគ្រាប់គ្រាន់នៅឡើយទេ ដោយលោកថា កម្លាំងជំនាញបច្ចេកទេសដែលធ្វើការងារថ្នាក់​កណ្ដាល និងថ្នាក់ខ្ពស់ភាគច្រើនជាជនបរទេស។

លោក អាត់ ធន់ ប្រាប់ថា៖ «កម្ពុជាត្រូវយកចិត្តទុកដាក់ ដោយចាប់ផ្តើមបញ្ចូលកម្មករខ្មែរហ្នឹងឱ្យទៅជាអ្នកគ្រប់គ្រងថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ដើម្បីកាត់បន្ថយជនបរទេសបណ្តើរទៅ កុំឱ្យដូចបច្ចុប្បន្ន​ហ្នឹង គេតម្រូវឱ្យជនបរទេសតែ ១០ភាគរយ ប៉ុន្តែ កន្លែងខ្លះវាលើស ១០ភាគរយ។ ដូចក្នុងវិស័យសំណង់ហ្នឹង សូម្បីតែកម្មករធម្មតាក៏នាំចូលពីក្រៅប្រទេសដែរ។ អ៊ីចឹងវាជាការធ្វើឱ្យខាតបង់ដល់ឱកាសវិនិយោគ ឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរយើងច្រើនណាស់»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ប្រសិនបើពុំមានការបណ្តុះបណ្តាលច្បាស់លាស់ ហើយកម្ពុជានៅតែខ្វះកម្លាំងពលកម្មជំនាញនោះ គឺមិនអាចប្រកួតប្រជែង ឬទាញយកប្រយោជន៍នៃឱកាសការងារនៅលើទីផ្សារពិភពលោកនាពេលអនាគតបានឡើយ។

របាយការណ៍​ធនាគារពិភពលោក ឱ្យដឹងថា ៣៧.៦ភាគរយ​នៃក្រុមហ៊ុននាំចេញទាំង​អស់​កាលពីឆ្នាំ២០១៦ លើកឡើងថា កម្លាំងពលកម្មដែលមានការអប់រំជំនាញមិនគ្រប់គ្រាន់ ជាឧបសគ្គដល់ការធ្វើអាជីវកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ