លោក ផៃ ស៊ីផាន ប្រាប់​អ្នក​សារព័ត៌មាន​កុំ​ផ្សាយ​បញ្ហា​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​​បន្លាចប្រជាជន

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ជន ចាន់រ៉ែន)

លោក ផៃ ស៊ីផាន អំពាវនាវដល់បណ្តាញសារព័ត៌មានឱ្យបញ្ឈប់​ការចុះ​ផ្សាយ​ព័ត៌មាន​ជុំ​វិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ថា ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ជា​ការ​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ និង​ជា​រឿង​អាម៉ាស់​របស់​ស្ថាប័ន​សារព័ត៌មាន​នោះ។

លោក ផៃ ស៊ីផាន បាន​លើក​ឡើង​បែប​នេះ​​នៅ​ក្នុងសន្និសីទកាសែតមួយ​នៅ​ព្រឹក​ថ្ងៃ​នេះ​ នៅ​ឯ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ដែល​និយាយ​អំពី​ទិដ្ឋភាព​នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល​កម្ពុជា​គ្រោង​ធ្វើ​ឡើង​ជាមួយ​ប្រទេស​ចិន​នា​ពេល​ខាង​មុខ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ លើកឡើងថា ការធ្លាក់ចុះនៃផលប្រយោជន៍ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធ គឺជារឿងមិនគួរឱ្យបារម្ភ ខណៈកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងកម្រិតខ្ពស់។ យ៉ាងណា លោកថា រដ្ឋាភិបាលនៅតែខិតជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។  

លោក ផៃ ស៊ីផាន ថ្លែងថា៖ «បណ្តាញសារព័ត៌មានកុំឱ្យយក EBA ហ្នឹង វាជាព្រាយបិសាចមួយសម្រាប់មកបន្លាចកម្ពុជា បន្លាចប្រ​ជា​ពលរដ្ឋកម្ពុជា។ សម្តេចថា បើសិនជា​កម្មករកុំបារម្ភ នៅតែធ្វើការនៅតែមានប្រាក់ខែបើក ហើយបើកក្នុង ១ខែ ​២ដងទៅទៀ​ត នៅតែកំណើនប្រាក់បៀរវត្សរ៍​តទៅទៀត កុំចាប់អារម្មណ៍នឹងអ្វីដែលអ្នកដែលគេយក EBA មកបំភិតបំភ័យ។ ប៉ុន្តែ អ្នកទាំងអស់នោះ គេមិនមែនយកចិត្តទុកដាក់ពលីគ្រប់បែបយ៉ាងដូចរដ្ឋាភិបាលទេ។ អាហ្នឹងគឺជាចំណុចសំខាន់»

សហភាព​អឺរ៉ុប បាន​បញ្ចប់ និង​បញ្ជូន​មក​រដ្ឋាភិបាល​កម្ពុជានូវ​របាយការណ៍​ស៊ើប​អង្កេត​មួយ​ទៅ​លើ​កង្វល់​ជុំ​វិញ​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ទុក​ពេល ១​ខែ​សម្រាប់​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ទាំង​នោះ មុន​នឹង​ឈាន​ទៅ​សម្រេច​ថា ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ។

កាលពីសប្តាហ៍មុននេះ ​ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ធំៗ​របស់​អឺរ៉ុប Primark និង H&M បាន​ព្រមាន​ថា ពួកគេ​នឹង​ដក​អាជីវកម្មខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ងាក​ទៅ​រក​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ ប្រសិន​បើ​ EBA ត្រូវ​បាន​ដកហូតពីកម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ លើកឡើងក្នុងសន្និសីទកាសែតដដែលនោះថា មកទល់ពេលនេះ លោកមិនទាន់ឃើញសញ្ញាណណាមួយនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ដោយលោកអះអាងថា កម្ពុជាមានហេតុផលល្អៗដើម្បីធ្វើការឆ្លើយរួចហើយ។ លោកបន្ថែមថា ព័ត៌មានដកការបញ្ជាទិញពីរោងចក្រនៅកម្ពុជាថ្មីៗនេះ គឺជាពាក្យចចាមអារ៉ាម។

លោក ប៉ែន សុវិជាតិ ថ្លែង​ថា៖ «ព្រោះមកដល់ឥឡូវ យើងមិនទាន់សន្និដ្ឋានថា យើងនឹងបាត់(EBA)ទេ ហើយពាក្យចចាមអារ៉ាមមួយចំនួនដែលថា ក្រុមហ៊ុនបញ្ជាទិញនេះដកចេញ ក្រុមហ៊ុនបញ្ជាទិញនោះដកចេញ គឺជារឿងចចាមអារ៉ាម។ ជាក់ស្តែង រោងចក្រកាត់ដេរទាំងអស់ នៅដំណើរការធម្មតា នៅផលិតនាំចេញធម្មតា»

អតីតតំណាងរាស្រ្តមកពីអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន លើក​ឡើង​ថា ការផ្សព្វផ្សាយ ក៏ដូចជាការវិភាគអំពីបញ្ហាប្រឈមផ្សេងៗ ដែលអាចនឹងកើតឡើងក្នុងសង្គម គឺជារឿងល្អ ដើម្បីឱ្យអ្នកពាក់ព័ន្ធដឹង និងបានធ្វើការត្រៀមខ្លួនជាមុន។

លោក អ៊ូ ច័ន្ទរ័ត្ន មាន​ប្រសាសន៍ថា៖ «មិនគួរទៅហាមឃាត់មិនឱ្យផ្សាយនោះទេ ព្រោះអាហ្នឹងវាជាអ្វីដែលយើងបម្រុងនឹងប្រឈម។ អ្វីដែលសំខាន់តើរដ្ឋាភិបាលធ្វើយ៉ាងម៉េចដើម្បីបញ្ចៀសនូវបញ្ហាដែលត្រូវប្រឈមខាងមុននោះ»

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា លើកឡើងថា អ្នកសារព័ត៌មានព្យាយាមរាយការណ៍ព័ត៌មានទៅតាមស្ថានភាពជាក់ស្តែងដែលកំពុងកើតឡើងក្នុងសង្គម។ លោកថា កិច្ចការនេះមិនមែនជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋនោះទេ តែជាអ្វីដែលពួកគេគួរដឹង។

លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ពលរដ្ឋទូទៅ ពួកគាត់គួរតែបានដឹងនូវអ្វីដែលកើតឡើងនៅក្នុងសង្គមរបស់ខ្លួន ហើយយើងដឹងហើយថា បច្ចុប្បន្ន នៅកម្ពុជាយើង បញ្ហាអ្វីដែលសំខាន់ ហើយបញ្ហាអ្វីដែលកំពុងកើតឡើង គឺមានការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហា EBA នេះ ដោយសារតែឥឡូវនេះ គេទុករយៈពេលតែមួយខែទៀតសម្រាប់រដ្ឋាភិបាលធ្វើការឆ្លើយតបទៅនឹងរបាយការណ៍របស់គេ»

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការអំពាវមិនឱ្យប្រព័ន្ធផ្ស​ព្វផ្សាយលើកយកបញ្ហា EBA ទៅផ្សព្វផ្សាយ គឺហាក់បីដូចជារដ្ឋាភិបាលមិនចង់កែលម្អបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ការរំឭក EBA គឺបានន័យថា ចង់ឱ្យមានការកែលម្អអំពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ហើយបើសិនជាយើងមិនឱ្យនិយាយអំពី EBA បាន​ន័យ​ថា​ម៉េច? បានន័យថា តើយើងមិនចង់ធ្វើការកែលម្អទៅតាមលក្ខខណ្ឌ EBA របស់សហគមអឺរ៉ុបឬអត់?»

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ GMAC​ បាន​បង្ហាញក្ដី​បារម្ភ​ថា ​បើ​កម្ពុជា​មិន​អាច​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​នេះ​បានទេ​ ​កម្មករកាត់ដេរ​ខ្ទង់ ៧៥ម៉ឺន​នាក់​ និង​​ពលរដ្ឋ​កម្ពុជា​ពាក់​ព័ន្ធ​ប្រហែល ៣លាន​គ្រួសារ​ផ្សេងទៀត​ នឹង​ត្រូវ​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ