ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​នីតិវិធី​ផ្ទេរ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ទៅអគារ​ពន្ធនាគារ​ថ្មី

អគារពន្ធនាគារព្រៃស ឬម១ ក្រោយពីត្រូវបានសាងសង់រួចរាល់ អំឡុងតែវិច្ឆិកា ឆ្នា២០១៩។ (វណ្ណ វិចារ)

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ពន្ធនាគារ បាន​ឱ្យ​ដឹង​ថា អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ កំពុង​តែ​រៀបចំ​នីតិវិធី​ចាំ​បាច់​នានា សម្រាប់​ផ្ទេរ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ពី​ពន្ធនាគារ​ស្ថិត​ក្រោម​អំណាច​តុលាការ​​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​អគារ​ថ្មី​​​ដែល​ទើប​តែ​ត្រូវ​បាន​សាង​សង់​រួច​រាល់​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា បាន​ប្រាប់​វីអូឌី​កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា អគារ​ថ្មី​មួយ​ស្ថិត​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ដែលកាលដើមឡើយសង់ឡើង​ក្នុងបំណងដាក់ជួលឱ្យអ្នកជាប់​ឃុំនោះ ត្រូវបានផ្ទេរជាផ្លូវ​ការដាក់​ឱ្យស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ ឬ​ហៅ​កាត់​ថា ពន្ធនាគារ​ប៉េហ្ស៊ី (PJ)

មន្ត្រី​ពន្ធនាគារ​រូប​នេះ ប្រាប់​បន្ថែម​ថា នេះ​គឺ​ជា​សេចក្ដី​សម្រេច​ផ្លូវការ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បន្ទាប់​ពី​អគារ​ពន្ធនាគារ​នោះ ត្រូវ​បាន​សាង​សង់​រួច​រាល់​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

លោក នុត សវនា មាន​ប្រសាសន៍​ថា​៖ «មកដល់ពេលនេះ យើងតេស្តហេដ្ឋារចនាសម្ព័ន្ធ និង​គ្រឿង​បំពាក់​សម្ភារ​បច្ចេកទេស​នៅក្នុងហ្នឹង។ ប្រសិនបើដើរស្រួលបួលហើយ ទើបអាចដំណើរការបាន។ អ៊ីចឹង ក្នុងអំឡុងពេល​នេះ ខ្ញុំមិនអាចជម្រាបជូនបានទេថា នឹងអាចប្រើប្រាស់បាននៅពេលណា។ យើងត្រូវមានលិខិតបទដ្ឋានបែបបទគតិយុត្តិអីត្រឹមត្រូវសមរម្យសិន។ មួយទៀត គឺបច្ចេកទេស និងរចនាសម្ព័ន្ធដឹកនាំ​អង្គភាព។ ជនជាប់ឃុំអត់មានត្រូវបង់លុយអីទេ ព្រោះទីនេះជាកន្លែងគ្រប់គ្រងដោយរដ្ឋ»

លោក នុត សវនា ឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលទិញអគារពន្ធនាគារថ្មីនេះពីក្រុមហ៊ុន​ឯកជន ដែល​លោក​ប្រាប់​ថា លោក​មិន​បាន​ដឹង​ពី​តម្លៃ​នៃ​ការ​ទិញ​អគារ​នោះ​ទេ។

លោកបន្តថា អគារថ្មីនេះ​នឹង​ត្រូវដាក់ដំណើរការឱ្យពិរុទ្ធជនស្នាក់នៅនាពេល​ខាងមុខ ប្រសិនបើមានការរៀបចំលិខិត​បទដ្ឋានត្រឹមត្រូវ និងការងារគ្រប់គ្រងរួចរាល់។

លោក នុត សវនា បញ្ជាក់ថា បច្ចុប្បន្ន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ​នៅកម្ពុជា​ស្ទើរគ្រប់​កន្លែង មានសភាពចង្អៀតណែន ដែលចាំបាច់ត្រូវមានការដោះស្រាយបញ្ហានេះឱ្យមាន​ប្រសិទ្ធិភាព។

គម្រោង​សាង​សង់​អគារ​ពន្ធនាគារ​បង់​ប្រាក់​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​​ផ្ដល់​សិទ្ធិ​វិនិយោគ​ដំបូង​​ទៅ​ក្រុមហ៊ុន​ គន្ធរីខុន ហូលឌីង សម្រាប់​កិច្ច​សន្យា​វិនិយោគ​រយៈ​ពេល ៤៥​ឆ្នាំ មុន​នឹង​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋាភិបាល​វិញ។

បើ​សារព័ត៌មាន Fresh News ដែល​បាន​ដក​ស្រង់​សម្ដី​តំណាង​ក្រុមហ៊ុន គន្ធរីខុន ហូលឌីង អគារ​ពន្ធនាគារ​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ជាមួយ​ទុន​វិនិយោគ​ទំហំ​ជាង ៤​លាន ១​សែន​ដុល្លារ និង​មាន​គ្រែ​​ចំនួន ៤០០ ហើយ​បំពាក់​ទៅ​ដោយ​សម្ភារសុវត្ថិភាព​សន្តិសុខ។​

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ​ស្វាគមន៍ចំពោះការផ្ទេរជាផ្លូវការនេះ ប៉ុន្តែ លោកថា អគារពន្ធនាគារថ្មីនេះ គ្រាន់តែអាចដោះស្រាយកន្លែងដាក់អ្នកជាប់ឃុំបានតិចតួចប៉ុណ្ណោះ។

​លោកបន្តថា មូលហេតុសំខាន់ ដែលនាំពន្ធនាគារកាន់តែចង្អៀតណែន​នោះ គឺបណ្ដាលមកពី​កំណើន​នៃ​បទល្មើស​គ្រឿងញៀន និងការអនុវត្តនីតិវិធីរបស់តុលាការមានការយឺតយ៉ាវ។

លោក ស៊ឹង សែនករុណា និយាយ​ថា៖ «ស្ដង់ដារក្នុងគ្រប់គ្រងអ្នកជាប់ឃុំហ្នឹង អ្នកមានលុយមានអំណាចមាន​សែហ្នឹងផ្សេងទៅ អ្នកជាប់ឃុំហ្នឹងផ្សេងទៅ ក្នុងនាមជាសង្គមស៊ីវិល យើងចង់ឃើញមានការ​អនុវត្តច្បាប់ស្មើៗគ្នា មិនថាអ្នកហ្នឹងជាអ្នកណាទេ»

កាលពីខែកញ្ញាកន្លង​មក​នេះ បងស្រីរបស់សកម្មជនអតីតបក្សសង្រោះជាតិ កញ្ញា យូ ចាន់ធានី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កញ្ញាត្រូវបានអនុរក្សពន្ធនាគារដាក់ឱ្យ​រស់នៅក្នុងបន្ទប់ជាមួយអ្នកជាប់ឃុំដទៃទៀតប្រមាណ ១០០នាក់។

បន្ទាប់ពីការតវ៉ារបស់សាច់ញាតិ និងក្រុមមេធាវីរួចមក មន្ត្រីពន្ធនាគារបាននាំកញ្ញា ធានី ទៅរស់នៅក្នុងបន្ទប់ឃុំឃាំងដែលមិនសូវចង្អៀត​វិញ។

របាយការណ៍ឃ្លាំមើលពន្ធនាគាររបស់អង្គការលីកាដូ ចេញផ្សាយកាលពីឆ្នាំ២០១៨ បង្ហាញថា​ ក្នុងករណីសិក្សាលើអ្នកជាប់ឃុំចំនួនជាង ២៥០០០នាក់ គឺមានអ្នកជាប់ឃុំ ៣៧ភាគរយ​ហើយ ដែល​ជា​​អ្នកជាប់ឃុំបណ្ដោះអាសន្នរង់ចាំសវនាការ។

របាយការណ៍ដដែល ​ក៏បានរកឃើញ​ដែរថា មណ្ឌលអប់រំកែប្រែមួយចំនួនផ្ទុកអ្នកជាប់ឃុំលើសបន្ទុក ជាក់ស្តែងគុកព្រៃស ឬម១ មាន​សមត្ថភាព​ផ្ទុកអ្នកទោសត្រឹមជាង ២ពាន់នាក់ ប៉ុន្តែ ធាតុពិតជាក់ស្តែង មានអ្នកជាប់​ឃុំរហូត​ដល់ទៅជាង ៦ពាន់នាក់គិតត្រឹមខែកក្កដា ឆ្នាំ២០១៨។

របាយការណ៍​បច្ចុប្បន្នភាព​របស់​អគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញថា គិតត្រឹមបំណាច់ខែតុលាក្នុង​ឆ្នាំ​នេះ ក្នុងពន្ធនាគារចំនួន ២៨នៅទូទាំងប្រទេស មានអ្នកជាប់ឃុំ​ជាង ៣៦ ៦០០នាក់ ក្នុងនោះស្រីជាង ៣ ០០០នាក់ ដែលភាគច្រើនជាបទល្មើសគ្រឿងញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ