អ្នក​នាំ​ពាក្យ​ថា គ្មានការលើកលែងចំពោះសំណង់ខុសច្បាប់នៅខេត្តព្រះសីហនុ

ការដ្ឋានសំណង់នៅព្រះសីហនុ ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន ក្រោយពេលលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លើកឡើងថា គ្មានការលើកលែងចំពោះសំណង់អាគារខុសច្បាប់នៅខេត្តជាប់មាត់សមុទ្រមួយនេះឡើយ ហើយថា បញ្ហាសំណង់ថ្មីៗកើតឡើងក្នុងចំនួនភាគរយតិចតួចដែលពិបាកនឹងចៀស​រួច។

ការលើកឡើងនេះ គឺឆ្លើយតបទៅនឹងករណីបញ្ហាគុណភាពសំណង់អគារនៅខេត្តព្រះសីហនុ បន្តកើ​ត​មានក្រោយរដ្ឋាភិបាលបង្កើតក្រុមអធិការកិច្ច ដើម្បីត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេក​ទេ​ស​សំ​ណង់នៅទូទាំងប្រទេស បន្ទា​ប់​ពីមានហេតុការណ៍រលំបាក់អគារកំពុងសាងសង់កម្ពស់៧ជាន់នៅក្រុងព្រះសីហនុ ដោយបណ្តាលឱ្យមនុស្សស្លាប់២៨នាក់ និង ២៦នាក់រងរបួស​។

កាលពីដើមខែនេះ អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកដំណើរការសាងសង់សំណង់អគារមួយកន្លែងជាកម្មសិទ្ធិរបស់ជនជាតិ​ចិ​ន ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ក្រោយពីរកឃើញថា អគារនោះមានស្ថានភាពស្រុតចុះ និងប្រេះស្រាំខឿនគ្រឹះក្រោម។ ដោយឡែកសប្តាហ៍មុននេះ ដងសន្ទួចសម្ភារនៅអាគារកំពុងសាងសង់កម្ពស់ជាង១០ជាន់មួយកន្លែង ត្រូវសារព័ត៌មានក្នុងស្រុករាយការណ៍ថា បានបាក់កទ្រេតសង្កត់លើដំបូលអាគារ ដោយសារការទម្លាក់ដងសន្ទួចចុះខុសបច្ចេកទេស។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារជំនាញ បានពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ ដោយតម្រូវឱ្យមានកិច្ចសហការរបស់ម្ចាស់សំណង់ ដើម្បីបញ្ចៀសហានិភ័យផ្សេ​​ង​ៗកុំឱ្យកើតឡើង និងថា បញ្ហាសំណង់ដែលបានកើតឡើងថ្មីៗនេះ គឺឋិតក្នុងភាគរយដ៏តិចតួចដែលពិបា​កនឹងចៀស​ផុត។

លោកអះអាងបន្ថែមថា ចំពោះសំណង់ខុសច្បាប់ ឬខុសលក្ខណៈបច្ចេកទេស គឺអាជ្ញាធរខេត្តបានអនុវត្តវិធានការច្បាប់ដោយដាច់ខាត។

លោក ឃាង ភារម្យ មានប្រសាសន៍ថា៖ «កាលណាបើយើងរកឃើញអាគារហ្នឹងខុសលក្ខខណ្ឌបច្ចេកទេស មិនគោរពតាមស្តង់ដា ក៏ដូចជាច្បាប់សំណង់ ច្បាប់សំណង់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម (និងសំណង់)។ កាលណាខុសហើយ គឺត្រូវតែរុះរើហើយ អត់មានករណីលើកលែងទេ»។     

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគមអាដហុកខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី លើកឡើងថា ចាប់តាំងពីកើតមានហេតុការណ៍បាក់អគារកម្ពស់៧ជាន់មក ខាងអាជ្ញាធរយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់លើសំណង់អាគារដែលរកឃើញថាមានបញ្ហា ប៉ុន្តែ លោកស្រីពុំទាន់ឃើញមានសំណង់ខុសបទដ្ឋានបច្ចេកទេសណាដែលត្រូវបានរុះរើចោលនោះទេ គឺមានតែជួសជុល។

លោកស្រីបន្ថែមថា អាជ្ញាធររដ្ឋបាលខេត្តគួរតែត្រួតពិនិត្យលិខិតស្នាមសាងសង់ មុនអនុញ្ញាតការសាងសង់ ដើម្បីបញ្ចៀសកា​រ​ខាតបង់ និងហានិភ័យផ្សេងៗ។

លោកស្រី ជៀប សុធារី មានប្រសាសន៍ថា៖ «អ៊ីចឹងយើងគ្រាន់តែសំណូមពរថា ដើម្បីឱ្យបានជាផលប្រយោជន៍ទាំងអស់គ្នា អាជ្ញាធរគួរតែរឹតបណ្តឹងទៅលើការត្រួតពិនិត្យមើលលិខិតស្នាមក្នុងការសាងសង់ ហើយគួរតែមានមន្រ្តីជំនាញទទួលបន្ទុកការងារប​ច្ចេកទេសក្នុងការសាងសង់ ទាំងខ្មែរយើង ទាំងក្រុមអ្នកវិនិយោគហ្នឹង គឺត្រូវតែមានការទទួលខុសត្រូវ»

អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី ឱ្យដឹងថា លោកសង្កេតឃើញអាជ្ញាធរមានភាពរួសរាន់ចុះមកចាត់វិធានការបញ្ចៀសហានិភ័យផ្សេងៗ ក្រោយទទួលដំណឹងថាមានសំណង់អគារមានបញ្ហាសុវត្ថិភាពផ្សេងៗ​ ប៉ុន្តែ លោកមិនទាន់ឃើញមានបុគ្គលណាត្រូវបានដាក់ទោសទណ្ឌលើការអនុញ្ញាតឱ្យសាងសង់សំណង់ខុសច្បាប់ជាច្រើននោះទេ។

លោក ស្រេង វ៉ានលី មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ហ្នឹង យើងឃើញថា មានតែការទប់ស្កាត់ ឬក៏ឱ្យឈប់ការសាងសង់ តែដូចមិនបានទាន់ឮថា មានមន្រ្តីណា ឬក៏អ្នកណាទេដែលត្រួវទទួលខុសត្រូវទៅលើសំណង់អាគារជាច្រើនដែលអត់ច្បាប់អត់អីហ្នឹង។ ចឹងឃើញថា វាអត់មានអ្នកទទួលខុសត្រូវ ហើយបើយើងក្រឡេកមើលផ្លូវច្បាប់ ជាធម្មតារាល់ការសាងសង់ទាំងអស់ វាត្រូវតែមានច្បាប់អនុញ្ញាត ទើបអាចសាងសង់ទៅបាន»

គិតត្រឹមដើមខែកញ្ញា​ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានរកឃើញសំណង់ចំនួន១៥ទីតាំង អាចបង្កហានិភ័យដល់អាយុជីវិតមនុស្ស ដែលតម្រូវឱ្យផ្អាកការសាងសង់ និងរុះរើចេញ។ សំណង់ទាំងនេះ ត្រូវបានលោក ឃាង ភារម្យ អះអាងថា ម្ចាស់សំណង់បាននិងកំពុងរុះរើជាបន្តបន្ទាប់។

យោងតាមច្បាប់ស្តីពីសំណង់ថ្មី ឆ្នាំ២០១៩ ជំពូកទី១២ មាត្រា៥២ ចែងថា ចំពោះសំណង់ដែលមានសភាពគ្រោះថ្នាក់ ម្ចាស់សំណង់ និងអ្នកគ្រប់គ្រងសំណង់មានកាតព្វកិច្ចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តតាមវិធានការបញ្ចៀសគ្រោះថ្នាក់ទាំងឡាយដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងករណីចាំបាច់ដើម្បីបញ្ចៀសគ្រោះថ្នាក់ អាជ្ញាធរត្រូវចាត់វិធានការបន្ទាន់ជាអាទិ៍ ហ៊ុមព័ទ្ធ ហាមចូល ហាមប្រើប្រាស់ និងតម្រូវឱ្យរុះរើសំណង់ ហើយរាល់ការចំណាយក្នុងការបញ្ចៀសគ្រោះថ្នាក់ជាបន្ទុករបស់ម្ចាស់សំណង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ