លោក ហ៊ុន សែន ប្រាប់​ទៅ​ប្រតិភូ​អន្តរជាតិ​ថា កម្ពុជាជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋ

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd ASIA PACIFIC SUMMIT ) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋ បើកផ្លូវឱ្យពលរដ្ឋ​ជ្រើសរើសមេដឹកនាំ​ទៅតាម​គោលការណ៍ច្បាប់ និង​គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែប​នេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រតិភូ​​អន្តរជាតិ ៨០០នាក់ មកពី ៤៨ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក ហ៊ុន សែន ថ្លែងថា៖ «បច្ចុប្បន្នកម្ពុជា ជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ​​​​សេ​​រីពហុបក្សជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ សេរី និងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាព​ល​រដ្ឋ​​ជ្រើសរើ​សមេដឹកនាំដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យដែលមានឯករាជ្យបូរណភាពទឹកដីពេញលេញ»

លោក ហ៊ុន សែន ថ្លែងថា សន្តិភាពដែលកម្ពុជារក្សាបានរហូតបច្ចុប្បន្ននេះ កើតចេញពីយុទ្ធសាស្ត្រឈ្នះៗ​របស់រដ្ឋាភិបាល។ លោកថា តាមយុទ្ធសាស្ត្រនេះ កម្ពុជាកាលពីជាង ២០ឆ្នាំកន្លងទៅ ធ្លាប់ល្បីខាងប្រើអាវុធដណ្តើមអំណាចគ្នា និងមានការផ្លាស់ប្តូររបបដឹកនាំញឹកញាប់នោះ បានក្លាយជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ចំពេលដែលកម្ពុជាកំពុងប្រឈមទៅនឹងការគំរាមកំហែងកាត់ផ្តាច់ប្រ​ព័ន្ធ​អនុគ្រោះផ្នែកពាណិជ្ជកម្ម​ពីសហគមន៍អន្តរជាតិនៃប្រទេសលោកសេរី ពិសេសសហភាពអឺរ៉ុប ដែលកំពុងជំរុ​ញ​ឱ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យឡើងវិញ ដោយសារតែការរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ផាត់គណបក្សប្រ​ឆាំងដែលមានអ្នកគាំទ្រជាង ៣លាននាក់ ស្មើនឹង៤២ភាគរយ ចេញពីឆាកនយោបាយ។

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ហៅសារនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចនេះថា ជាការគេចចេញពីការទទួលខុសត្រូវចំពោះមុខសហគមន៍អន្តរជាតិដែលកំពុងជំរុញឱ្យស្តារប្រជាធិបតេយ្យតែប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា ថ្លែង​ថា៖ «យើងឃើញហើយ ការរំលាយគណបក្សប្រឆាំងដ៏ធំមួយក្នុងការប្រកួតប្រជែងគ្នាក្នុងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សហ្នឹងស្ថិតក្នុងភាពគំរាមកំហែងបំភិតបំភ័យ ដែលគេហៅថា មិនទាន់មានសុចរិតភាព តម្លាភាពក្នុងដំណើរការប្រជាធិបតេយ្យ បើនិយាយឱ្យចំទៅ»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ហៅការលើកឡើងរបស់រដ្ឋាភិបាល ត្រូវមួយផ្នែកព្រោះមេដឹកនាំរូបនេះបានចូលរួមចំណែកបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១ ដែលកិច្ចព្រមព្រៀងនេះតម្រូវឱ្យភាគីកម្ពុជា ទម្លាក់អាវុធ និង​ងាក​ទៅ​អនុវត្តគោលការណ៍ប្រជាធិបតេយ្យ។

ប៉ុន្តែ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ អះអាងថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលរងការរិះគន់ថា ធ្វើឱ្យដំណើរការ​ប្រជាធិបតេយ្យដើរថយក្រោយ ពិសេសការរំលាយគណបក្សប្រឆាំង។

លោក អំ សំអាត ប្រាប់ថា៖ «យើងមិនបដិសេធទេរឿងសង្គ្រាមស៊ីវិល ប៉ុន្តែ ទាក់ទងទៅនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស យើងនៅមានកម្រិតនៅឡើយ បានន័យថា យើងមិនទាន់គោរពឱ្យបានពេញលេញ ហើយមិនទាន់មើលឃើញថា កម្ពុជាយើងក្លាយទៅជាប្រទេសគោរពនីតិរដ្ឋពេញលេញនៅឡើយទេ»។

អង្គការ​គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ដែល​មាន​មូលដ្ឋាន​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានចេញរបាយការណ៍កាលពីខែកុម្ភៈ​ឆ្នាំនេះ វាយតម្លៃពីកម្រិតនីតិរដ្ឋនៅកម្ពុជាថា ស្ថិតនៅបាតតារាង ជាប់លេខ ១១២ ក្នុងចំណោម ១១៣ប្រទេសក្នុងពិភពលោក នៅ​លើ​ប្រទេសវេណេស៊ូអេឡាមួយតែ​ប៉ុណ្ណោះ។

តាមរបាយការណ៍ បានផ្តល់ពិន្ទុ ០,៣២ ឱ្យកម្ពុជាសម្រាប់ការគោរព-អនុវត្តច្បាប់ អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ សន្តិសុខ​សណ្ដាប់ធ្នាប់ និងប្រព័ន្ធយុត្តិធម៌។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា​ អះអាងថា តាមរយៈនៃការរក្សាបានសន្តិភាពនេះ ពលរដ្ឋកម្ពុជាទទួលបានឱកាសការងារ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ហើយកម្ពុជាក្លាយជាប្រទេសចូលរួមយ៉ាងសកម្មក្នុងការចូលរួមថែរក្សាសន្តិសុខពិភពលោកតាមរយៈបញ្ជូនកងរក្សាសន្តិភាព និងក្រុមដោះមីន ទៅកាន់ប្រទេសនានានៅលើសកលលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដូចជានៅលីបង់ ស៊ូដង់ ម៉ាលី និងអាហ្វ្រិកកណ្តាល ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ