មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ស្នើ​ទៅ​ចិន​ឱ្យ​បង្កើន​កម្ចី​មក​កម្ពុជា​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ

លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថានៅក្នុង​ពិពណ៌«​សម្ភារផ្គត់ផ្គង់ ​និង​ផលិតផលឧស្សាហកម្មខេត្តហ៊ូណាន ប្រទេសចិន» នៅ​រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (បញ្ញា ឆពណ្ណ)

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ប្រកាសជាសាធារណៈថា ​កម្ពុជាត្រូវការថវិកា​ជាច្រើន​ទៀត​ពី​ប្រទេស​ចិន ដើម្បី​​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស​។

តម្រូវ​ការ​ថវិកាពី​ចិន​សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​នេះ ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ប្រកាស​ជាសាធារណៈ​នៅ​ថ្ងៃ​នេះ ក្នុង​ពិពណ៌«​សម្ភារផ្គត់ផ្គង់ ​និង​ផលិតផលឧស្សាហកម្មខេត្តហ៊ូណាន ប្រទេសចិន» នៅ​រាជធានីភ្នំពេញ។

នៅចំពោះមុខអ្នកនយោបាយចិន និងអ្នករកស៊ីចិនរាប់សិបនាក់ លោក ស៊ុន ចាន់ថុល ថ្លែង​​អំណរ​គុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ប្រាក់ឱ្យកម្ពុជាខ្ចីយកទៅកសាងផ្លូវស្ពាន​នាពេលកន្លងមក។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា៖ «សូមលើកទឹកចិត្តដល់អ្នកវិនយោគ(ចិន)ទាំង​អស់​ សូមចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលកំពុងមានតម្រូវការចាំបាច់។ យើងសង្ឃឹមជឿ​ជាក់ថា ផ្អែកតាមទំនាក់ទំនងល្អរវាងកម្ពុជា និងចិន នឹងជំរុញអ្នកវិនយោគចិនច្រើនថែមទៀត​មករកស៊ីនៅកម្ពុជា»

សមាជិកមជ្ឈឹមបក្សកុម្មុយនីស្តចិន លោក ឌូ ឆាហាវ ថ្លែង​ថា ចិនជាមិត្តរបស់កម្ពុជា​តាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត។ លោកបន្តថា កម្ពុជាជាទីតាំងយុទ្ធសាស្ត្រ​មួយក្នុង​គោលនយោបាយ«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»របស់ចិន ហើយ​ថា ចិននៅតែជួយកម្ពុជា​តាម​វិធាន​ការជាក់ស្តែង ពិសេសគឺការជំរុញអ្នកវិនយោគចិនមករកស៊ីនៅកម្ពុជា។

លោក ឌូ ឆាហាវ៖ «កម្ពុជាជាសមាជិកមួយក្នុងយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយផ្លូវមួយ ស្ថិតនៅ​ក្នុងតំបន់ភូមិសាស្ត្រដ៏សំខាន់ក្នុងអាស៊ាន​ ដែលតម្រូវឱ្យមានការវិនិយោគលើវិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ រួមផ្សំ​នឹងធនធានដែលកម្ពុជាមានស្រាប់ បង្កើតជាផែនការងារវាសនាតែមួយ​រវាងកម្ពុជា និងចិន»

បើតាម​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល កម្ពុជាបានជំពាក់ថវិកា​ចិនជិត ៣​ពាន់​លាន​ដុល្លារ (២ ៨៩០លាន​​ដុល្លារ) រួចមក​ហើយ​ក្នុងគម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាប្រវែងសរុបចំនួន ៣ ២៤៧គីឡូម៉ែត្រ។

នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនចិនមួយឈ្មោះ China Road and Bridge Corporation បានផ្តើមសង់​ផ្លូវល្បឿន​លឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ ដោយប្រកាសថា ត្រូវចំណាយថវិកា​សាងសង់អស់ជាង ២ពាន់​លានដុល្លារ ឬផ្លូវមួយគីឡូម៉ែត្រត្រូវចំណាយថវិកា​អស់ជាង​ ១០​លាន​ដុល្លារ។ ផ្លូវនេះសង់ទុកសម្រាប់ជួលឱ្យ​អ្នកដំណើរជិះ​ បង់លុយក្នុងរយៈ​ពេល​ ៣០ឆ្នាំ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ​លោក សន ជ័យ ប្រាប់​ថា ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា ដូចយ៉ាងខេត្តព្រះសីហនុជាដើម ​បានរងការខូចខាតយ៉ាងដំណំដោយសារកំណើន​យ៉ាងសន្ធឹករបស់វិនិយោគគិនពីប្រទេសចិន។

លោក សន ជ័យ បន្ត​ថា កម្ពុជាត្រូវស្នើទៅ​ចិនដើម្បីជួយជំនួយឥត​សំណងខ្លះយកមកជួសជុលផ្លូវទាំងនេះ ប៉ុន្តែ លោក សន ជ័យ បញ្ជាក់ថា លោកចង់ឃើញការ​សាង​សង់ផ្លូវមានគុណភាព ជាជាងចាំតែខ្ចីលុយចិនមកសង់ផ្លូវ។

លោក សន ជ័យ៖ «ការខូចខាតផ្លូវនៅកម្ពុជា បណ្ដាលមកពីកត្តាសំខាន់ គឺការអនុវត្តច្បាប់ផ្លូវថ្នល់បានពេញលេញ និង​អំពើពុករលួយ​ក្នុងពេលសង់ផ្លូវម្ដងៗ។ ​ជាដំណោះស្រាយ ត្រូវពិនិត្យលើការអនុវត្ត​គម្រោងផ្សេងៗទាក់ទងតាំង​ពីការដេញថ្លៃធ្វើផ្លូវ និងដំណោះស្រាយមួយទៀត គឺការពង្រឹងច្បាប់ផ្លូវថ្នល់»

ប្រទេសចិនជាម្ចាស់បំណុលធំជាងគេនៅកម្ពុជា ដោយក្ដោបក្ដាប់បំណុលកម្ពុជាប្រមាណគឺស្មើនឹងជាង ៤ពាន់៧រយលានដុល្លារអាមេរិក ឬស្មើនឹងប្រមាណជិត ៤០ភាគរយ នៃបំណុលសរុប​ដែលកម្ពុជាជំពាក់បរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ