វិភាគ​៖ ការ​ដោះលែង​អ្នកនយោបាយ​ប្រឆាំង​ជា​ជំហាន​ផ្សះផ្សា​ជាតិ​ដើម្បី​ការពារ​ EBA​ ឬ?

លោក ហ៊ុន សែន – លោក កឹម សុខា – លោក សម រង្ស៊ី និងលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប។ (បណ្ដាញសង្គម)

ថ្លែង​ពី​ខេត្តកំពត​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យ​ធ្វើការ​ជាមួយ​ព្រះ​ជា​អាជ្ញា​ ដើម្បី​ដោះលែង​អ្នកជាប់ឃុំ​ដែលមាន​និន្នាការ​ប្រឆាំង​ ប៉ុន្តែ ​ប្រកាស​បិទផ្លូវ​​លោក​ សម​ រង្ស៊ី​ ដែល​ព្យាយាម​វិល​ចូល​កម្ពុជា​​វិញ​។

របត់​នយោបាយ​ថ្មីនេះ​ វា​បាន​កើតឡើង​ចំ​ពេល​សហភាព​អឺរ៉ុប​​បញ្ចប់​របាយការណ៍​វាយតម្លៃ​ចុងក្រោយ​ពី​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​​​ពី​កម្ពុជា​នូវ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​អាវុធ» ឬ​ហៅ​កាត់​ថា EBA

វិធានការ​នោះ​ សហភាព​អឺរ៉ុប​ ទុក​ពេល១ខែ​​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ស្ដា​រស្ថា​នភា​ពសិ​ទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​តាម​លក្ខខណ្ឌ​របស់​ខ្លួន​។

សហភាព​អឺរ៉ុប​ ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង ​លោក​ កឹម​ សុខា​ ត្រូវប្រគល់សងអាសនៈជាប់ឆ្នោតឃុំ-សង្កាត់ ចំនួន៥០០៧ របស់គណបក្សសង្គ្រោះជាតិមកវិញ ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ តាម​យន្តការ​ប្រជាធិបតេយ្យ​ មាន​គណបក្ស​ប្រឆាំង​ដែល​បាន​រំលាយ​ បាន​ចូលរួម​ប្រកួត​ឡើងវិញ​ជាដើម​  ​ក្រោយពី​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​ចេញពី​ឆាកនយោបាយ​រួចមក​។

ជ្រុង​មួយទៀត​នៃ​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នេះ​ លោក​ កឹម​ សុខា​ ដែល​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ទាំង​ក្នុង​ពន្ធនាគារ​ និង​ក្នុង​ផ្ទះ​​អស់​ពេល​ជាង ២ឆ្នាំ​មក​នោះ​ ក៏​ត្រូវ​បា​នប​ន្ធូរ​បន្ថយ​លក្ខខណ្ឌ​ដែរ​ ដោយ​ឱ្យ​ធ្វើដំណើរ​ក្នុង​ប្រទេស​បាន​ តែ​មិន​ឱ្យ​ចេញក្រៅ​ប្រទេស​ និង​ធ្វើនយោបាយ​ឡើយ​។

សំណួរ​ត្រង់ថា​ ការប្រែប្រួល​នេះ​ ជា​ជំហាន​ផ្សះផ្សា​ជាតិ​ដើម្បី​ការពារ ​EBA ​របស់​សហភាព​អឺរ៉ុប​ឬ?

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​ កញ្ញា​ លី​ ស្រី​ស្រស់​ និយាយ​ថា​ ការ​វិវឌ្ឍ​នេះ​ជា​សញ្ញា​វិជ្ជ​មាន​ខ្លះ​ៗ ឆ្លើយ​ទៅ​នឹង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ ប៉ុន្តែ​ ថា​ ការប្រកាស​បិទផ្លូវ​លោក​ សម​ រង្ស៊ី​ ហើយ​បើកផ្លូវ​លោក​ កឹម​ សុខា​ សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ​ ជា​យុទ្ធ​សា​ស្ត្រ​ចាស់​ដែល​បក្ស​កាន់អំណាច​ធ្លាប់​ប្រើ​ ដើម្បី​យក​ប្រៀប​លើ​គូប្រកួត​ មិនមែន​ជា​ផ្លូវត្រង់​ឆ្ពោះទៅ​ការពារ​ EBA​ ទេ​។

កញ្ញា លី ស្រីស្រស់ និយាយ​ថា​៖ «បើ​ខ្ញុំ​មើលទៅ​លោកនាយក​រដ្ឋមន្ត្រី​ ចង់​ឱ្យ​លោក​ សម​ រង្ស៊ី​ ស្ថិតនៅ​ក្រៅ​ឆាកនយោបាយ​ជា​រៀង​រហូត​។ ដល់​អ៊ីចឹង​ វា​ជា​រឿង​មួយ​បង្ហាញថា​ [គាត់​]ចង់​បំបែក​អ្នក​ កឹម​ សុខា​ និង​អ្នក សម​ រង្ស៊ី​ និយម​»

អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ រំឭក​ថា​ ការ​ចាប់​ឃុំខ្លួន​លោក​ កឹម​ សុខា​ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងទៅ​ បក្ស​កាន់អំណាច​បាន​លេងល្បែង​ប្រថុយប្រថាន​មួយ​ យក​ប្រព័ន្ធ​តុលាការ​ឡូកឡំ​នឹង​រឿង​នយោបាយ​ ដែល​ថា​ ពេលនេះ​បង្កើត​ជា​សំណួរ​ថា​ តើ​រយៈពេល១ខែ​នេះ​ ស្ថាប័ន​ច្បាប់​អាច​រត់​តាម​អ្នកនយោបាយ​ ដើម្បី​ស្រាយចំណង​ចាស់​ រក្សា​ EBA ​ទាន់ពេល​ឬក៏​អត់​។

កញ្ញា​ លី ស្រីស្រស់ និយាយ​បន្តថា​៖ «ដំណាក់កាល​ដែលគេ ​[អឺរ៉ុប​] សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ដោយសារតែ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ហ្នឹង​ដែរ​ ដូចជា​ការ​ចាប់​លោក​ កឹម​ សុខា​ អី​អ៊ីចឹង​។ […] យើង​សួរ​ថា​ តើ​រយៈពេល១ខែ ​យើង​អាច​ឆ្លើយ​ទាន់​ទៅ​នឹង​ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ទេ​? នេះ​ជា​សំណួរ​មួយ​ដែល​សូម្បីតែ​រដ្ឋាភិបាល​មិន​ទាន់​អាច​បញ្ជាក់​ថា​ ការ​វិវឌ្ឍ​ចុងក្រោយ​នេះ​អាច​ធានា​ពី​វត្តមាន​ EBA ​ចំពោះ​កម្ពុជា​ដែរ​ ឬទេ​ នេះ​ជា​ចំនុច​សំខាន់​»

អ្នកវិភាគ​នយោបាយ​ លោក​ បណ្ឌិត​ មាស​ នី​ មានប្រសាសន៍​ថា​ បើ​គេ​ពិនិត្យ​ពីដើម​ចម​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ឥរិយាបថ​អ្នកនយោបាយ​បច្ចុប្បន្ន​ ពិ​បា​កទស្សន៍​ទាយ​ថា​ បរិយាកាស​នយោបាយ​ថ្មីនេះ​ ជា​ជំហាន​ឆ្ពោះទៅ​រក​ការផ្សះផ្សា​ជាតិ​ដ៏​ពិតប្រាកដ​ដូចដែល​សហគមន៍​អន្តរជាតិ​ចង់បាន​។

លោក​ មាស នី និយាយថា​៖ «ការទាស់ទែង​គ្នា​កន្លងមក​ហ្នឹង​ ដូចជា​មិនឃើញ​ទាស់ទែង​អី​ធំដុំ​សម្រាប់​សង្គមជាតិ​ទេ​ គឺ​ភាគច្រើន​គឺ​ការ​ចង់​ឈ្នះ​ចង់​ចាញ់​ដោយសារ​យក​ប្រៀប​គ្នា​​រវាង​គូ​ប​ដិ​បក្ខ​នៃ​អ្នក​នយោបាយ​ធំៗ​ទាំងពីរ​ហ្នឹង​នេះ ​ដែល​យើង​ឃើញ​។ នេះ​យើង​អត់​ទាន់​និយាយ​ដល់​មនុស្ស​មួយ​ក្រុម​តូច​ទៀត​ ដែល​គេ​ខ្វល់តែ​ទៅលើ​ការ​គាំទ្រ​តែ​ទៅលើ​បុ​គ្គ​លមួយៗដែលគេ​ស្រឡាញ់​ គឺ​និយាយ​ប៉ះ​អត់​បាន​ គឺ​ក្រុម​អ្នក​ផ្កាប់មុខ​មួយ​ក្រុម​តូច​នេះ​»

ប៉ុន្តែ​ លោក​ មាស​ នី​ វិភាគ​ថា​  ​ការ​វិវឌ្ឍន​យោ​បាយ​ថ្មីនេះ​ ពលរដ្ឋ​នឹង​ដឹង​កាន់តែ​ច្បាស់​ថា​ ក្រុម​អ្នកនយោបាយ​ណា​​ជា​អ្នកធ្វើ​ឱ្យ​ជាតិ​ចាញ់​គ្មាន​ទី​បញ្ចប់​នោះ​ ដោយ​ថា​ សម័យ​ទំនើប​នេះ​ព័ត៌មាន​នៅក្នុង​ដៃ​ប្រជាពលរដ្ឋ​។

លោក មាស នី និយាយ​បន្ត​​ថា​៖ «នៅពេល​ដែល​ពលរដ្ឋ​មានការ​យល់ដឹង​ នយោបាយ​ទាំងឡាយ​ដែលគេ​ហៅថា ​នយោបាយ​ចាស់​ធ្លាប់​ប្រើ​ពីមុន​មក​ហ្នឹង​ វា​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ធុញទ្រាន់​វា​ដដែល​ៗមិន​អាច​រក​ផ្លូវ​បញ្ចប់​ឃើញ​។ អ្នកឈ្នះ​អ្នក​ចាញ់​គឺ​អ្នកដឹកនាំ​នយោបាយ​ តែ​អ្វី​ដែល​យើង​ចាញ់​ៗរហូត​ហ្នឹង​គឺជា​តិ​ចាញ់​អត់មាន​ទី​បញ្ចប់​»

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ថា ​ការ​វិវឌ្ឍ​នយោ​បាយ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ជា​ការចេញដំណើរ​​ឆ្លើយតបទៅនឹង​កង្វល់​របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ ​លោក​ថា​ បើ​ចំណុច​ចាប់ផ្តើម​បង្កប់​នូវ​​ភាព​មិន​ទុកចិត្ត​គ្នា​ដូច​កន្លងទៅ​ លោក​ថា​ កម្ពុជា​នឹង​មិន​អាច​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​របស់​ប្លុក​លោកសេរី​នេះ​បាន​ទេ។

លោក ឯម សុវណ្ណរ៉ា និយាយ​​ថា​៖ «សហគមន៍​អឺរ៉ុប​គេ​លើកឡើង​ហ្នឹង មាន​ច្រើន​នៅក្នុង​ហ្នឹង​ ដល់​អ៊ីចឹង​ ការ​ឆ្លើយតបហ្នឹង ​យើង​ត្រូវ​បើក​លំហ​សេរីភាព​ពិតប្រាកដ​ មិនមែន​មានន័យថា​ លែង​គេ​ហើយ​មានច្បាប់​មួយ​សម្រាប់​ទប់​គេ​ ដែលគេ​ហៅថា​ លែង​គេ​ហើយ​យក​កាំភ្លើង​ភ្ជង់​គេ​ ដៃ​កាន់​កៃ​ចាំ​កេះ​គ្រាប់​ អាហ្នឹង​ក៏​អត់​សមរម្យ​ដែរ​»

ការ​មិន​យកពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ សម្រាប់​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ហៅថា ​EBA​ នេះ​ មានតែ​ប្រទេស​ក្រីក្រ ៣ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឱ្យ​ ក្នុង​នោះ​មាន​ប្រទេស​ឡាវ​ មី​យ៉ាន់​មា​ និង​កម្ពុជា​។

លក្ខខណ្ឌ​ចម្បងៗ​ដែល​សហភាព​អឺរ៉ុប​ភ្ជាប់​ទៅ​នឹង​អំ​ណោយផល​ពី​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ មាន​​ការ​លើកកម្ពស់​សិទ្ធិ​ការងារ​ សិទ្ធិ​ដីធ្លី​ និង​សិទ្ធិមនុស្ស​ជាដើម​។

សភាព​អឺរ៉ុប​ធ្លាប់​ប្រកាស​មិន​ទទួលស្គាល់​ការ​ឈ្នះ​ឆ្នោត​របស់​បក្ស​កាន់អំណាច​នៅ​ឆ្នាំ២០១៨​ នា​អាណត្តិ​ទី៦​ ដែល​ការប្រកួត​នោះ​ គណបក្ស​ប្រឆាំង​ត្រូវ​បាន​រារាំង​។

ប្លុក​លោកសេរី​មួយ​នេះ​ ចាត់ទុក​ការ​ផាត់ចេញ​គណបក្ស​ប្រឆាំង​ដែល​ធ្លាប់​មាន​សំឡេងឆ្នោត​គាំទ្រ​ជាង ៣លាន​នាក់​ ឬស្មើ ៤២ភាគរយ​ មិន​ឱ្យ​ចូលរួម​ប្រកួត​នោះ​ថា​ ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ទាមទារ​ឱ្យ​ស្ដា​រប្រ​ធិប​តេយ្យ​ឡើងវិញ​ ជា​ថ្នូរ​នឹង​ការ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។

សេច​ក្ដី​ថ្លែងការណ៍​ពីទី​ក្រុង​ហ្សឺណែវ​ ចុះ​ថ្ងៃ១១​ ខែវិច្ឆិកា​ អ្នករាយការណ៍​ពិសេស​ស្ដី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ថ្លែង​ថា​ លោកស្រី​ស្វាគមន៍​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​មួយចំនួន​លើ​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូប​នេះ​ និយាយ​ថា៖

«សោក​ស្ដាយដែល​តុលាការ​បន្ត​រឹតត្បិត​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​របស់​លោក​ កឹម​ សុខា​»

លោកស្រី​ រ៉ូ​ណា​ ស្មី​ត ទទូច​ជាថ្មី​ម្ដ​ងទៀត​ដល់​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​ទាំងអស់​ ឱ្យ​កាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ភាព​តានតឹង​ និង​ស្វែងរក​កិច្ច​សន្ទនា​ក្នុង​បរិ​យាស​កាស​សន្តិវិធី​មួយ​ ដោយ​អនុញ្ញាត​ឱ្យ​សំឡេង​នយោបាយ​ផ្ទុយ​អាច​សម្ដែងចេញ​បាន​ ព្រមទាំង​បញ្ចៀស​ការ​រឹតត្បិត​តទៅទៀត​លើ​សិទ្ធិ​សេរីភាព​ខាង​គំនិត​ ការ​បញ្ចេញ​យោបល់​ និង​ការ​ជួប​ប្រជុំ​ដោយសន្តិវិធី​។

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ វិភាគ​ថា​ ការ​វិវឌ្ឍន​យោ​បាយ​ថ្មីនេះ​ មិនមែន​ជា​ជំ​ហាន​ឆ្នោះ​ទៅ​ផ្សះផ្សា​ជាតិ​ ដើម្បី​រក្សាទុក​ EBA ​ទេ​ ដោយ​ថា​ បក្ស​កាន់អំណាច​ទំនង​ដឹងមុន​ថា​ ទី​លា​នប​ក្រ​កួត​ដែល​សហភាព​អឺរ៉ុប​កំពុង​ទាមទារ​នោះ​ ជា​ការបង្កគ្រោះថ្នាក់ដល់​អំណាច​របស់​ខ្លួន​ ។

លោក គឹម សុខ និយាយ​​ថា​៖ «EBA ​ច្បាស់ជា​ត្រូវ​ព្យួរ​ហើយ ពី​ព្រោះ​លោក​ ហ៊ុន​ សែន​ មិន​ហ៊ាន​ផ្តល់​ឱ្យ​ទាំង​សំណុំ​បែបហ្នឹង​​ក្នុងរយៈពេល ១ខែ ២ខែ​ ឬ៣ខែ​នោះ​ទេ​ ដោយសារតែ​ការ​រស់​ឡើងវិញ​នៃ​សេរីភាព​នយោបាយ​របស់​សកម្មជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ខ្ញុំ​គិតថា ​លោក​ ហ៊ុន​ សែន​ មិន​ហ៊ាន​ប្រថុយ​លេង​ទេ ​អាច​នាំ​ឱ្យ​គាត់​បាត់​អំណាច​ឆាប់​»

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្ញើ​សារ​នយោបាយ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និ​ស្សិត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ផ្តល់​តំណែង​ឃុំ​-សង្កាត់​ជាប់ឆ្នោត​ ឱ្យ​ទៅ​គណបក្ស​ប្រឆាំង​វិញ​នោះ ​នឹង​មិន​ត្រូវ​ធ្វើឡើង​ទេ​ ហើយ​ការបោះឆ្នោត​ឡើងវិញ​ក៏​មិន​ត្រូវ​ធ្វើឡើង​ដែរ​។

ទោះជា​យ៉ាងនេះ​ក្ដី ​លោក​ គឹម​ សុខ​ បង្ហាញ​ការយល់ឃើញ​ថា​ វិបត្តិ​នយោបាយ​ រួម​ទាំង​បញ្ហា​ EBA​ អាច​ដោះស្រាយ​បាន​ បើ​អ្នកនយោបាយ​ខ្មែរ​ មិន​យក​ប្រយោជន៍ជាតិ​ធ្វើជា​ចំណាប់ខ្មាំង​ ដើម្បី​តែ​ប្រយោជន៍​បក្ខពួក​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ