លោក ហ៊ុន សែន ថារឿង​ក្ដីលោក​ កឹម សុខា នឹងមិន​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ​ទេ

លោក កឹម សុខា និងលោក ហ៊ុន សែន។ (បណ្ដាញសង្គម)

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ​សំណុំ​រឿង​ប្រឆាំង​​លោក​ កឹម សុខា នឹង​មិន​មាន​ការ​លើកលែង​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​​ថ្លែង​បន្ត​ថា សំណុំ​រឿង​មួយ​នេះ នឹង​ត្រូវ​បន្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ​បន្ត​ទៀត។

ថ្លែង​ក្នុង​ពិធី​ចែកសញ្ញា​បត្រ​​នៅព្រឹក​នេះ​ លោក ហ៊ុន សែន ថ្លែង​ថា ដំណើរ​ការ​រឿង​ក្ដី​លោក ​កឹម សុខា ត្រូវ​ប្រើ​រយៈពេល​យូរ​បន្ត​ទៀត ខណៈ​លោក​ថា គ្មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «លើកលែងការចោទប្រកាន់ក៏អត់ទេ! អាហ្នឹង គឺរឿងតុលាការគេចោទប្រកាន់រួចទៅហើយតើ ហើយសមត្ថកិច្ចរបស់តុលាការ មិនដឹងជាកាត់ពេលណាអីពេលណា? គេគ្រាន់តែ​បិទការស៊ើបអង្កេតតែប៉ុណ្ណោះ ដើម្បីបញ្ជូនទៅជម្រះ តែរឿងជម្រះពេលណាជារឿងរបស់តុលាការ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកទេ»

កាល​ពី​ថ្ងៃ​ទី១៥ ខែវិច្ឆិកា​កន្លង​ទៅ ​ចៅក្រមស៊ើប​សួរ​​សាលា​ដំបូងរាជធានី​ភ្នំពេញ​​ លោក គី ឬទ្ធី បាន​សម្រេច​បិទ​ការ​ស៊ើប​សួរលើ​ករណី​លោក ​កឹម សុខា។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី រិន្ទ​ ឱ្យ​ដឹង​ថា ​តុលាការ​នៅ​មិន​ទាន់​មាន​នីតិវិធី​ថ្មី​ទាក់ទង​នឹង​សំណុំ​រឿង​លោក កឹម សុខា​ នៅ​ឡើយ​ទេ។

យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នីតិវិធី​បន្ត​ក្រោយ​ពី​បញ្ចប់​ការ​ស៊ើប​សួរ​នេះ ​​អាច​មានរ​យៈពេល​ ១​ខែ​ចាប់​ពីពេល​ដែល​ព្រះ​រាជអាជ្ញា​ទទួល​បាន​សំណុំ​រឿង​។

យោង​តាម​មាត្រា​២៤៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៅពេល​ដែល​ព្រះរាជអាជ្ញាទទួល​ការ​ជូន​ដំណឹង​ពី​ចៅក្រមពី​ការ​បិទ​ការស៊ើប​សួរ​ និង​យល់​ឃើញ​ដូច​ចៅក្រម​ពី​ការ​បញ្ចប់​ការ​ស៊ើប​សួរ​នោះ ព្រះរាជអាជ្ញា​ធ្វើ​សេចក្តី​សន្និដ្ឋានស្ថាពរ​ជា​លាយ​លក្ខណ៍​អក្សរ​ និង​មាន​សំអាង​ហេតុ​។ ព្រះរាជអាជ្ញា​អាច​ប្ដឹង​សុំ​ឱ្យ​ចៅក្រម​ស៊ើប​សួរ​សម្រេច​បញ្ជូន​ខ្លួន​ជន​ត្រូវ​ចោទ ទៅកាន់​តុលាការ​ជំនុំ​ជម្រះ​ ឬ​ក៏​លើក​លែង​ការ​ចោ​ទ​​ប្រកាន់បាន​។

លោក​ស្រី​មេធាវី ម៉េង សុភារី សហមេធាវីការ​ពារក្ដី​ឱ្យ​លោក ​កឹម សុខា និយាយ​ថា​ លោក​ស្រី​មិន​ទាន់​អាច​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ ដោយ​រង់ចាំ​សេចក្តី​សម្រេច​ពី​តុលាការ​ជា​មុន​សិន។

លោក​ស្រី ម៉េង សុភារី ប្រាប់​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ ក្រុម​មេធាវី​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ដីកា​ដំណោះស្រាយ​ទាក់ទង​នឹង​ការ​បញ្ជូន​ទៅជំនុំ​ជម្រះ​នៅ​ឡើយ​ទេ អញ្ចឹង​ចាំ​មើល​ដី​កា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើប​សួរ​សិន​ថា​តើគាត់​ជា​ដីកា​ដំណោះស្រាយ​ក្នុង​ការ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ ឬ​ក៏​យ៉ាង​ណា?»។ ​

សហភាពអឺរ៉ុបដែលមានសមាជិក ២៨ប្រទេស បញ្ចប់​របាយការណ៍​ស៊ើប​អង្កេត​​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​បាន​បញ្ជូន​លទ្ធផល​នៃ​ការស៊ើប​អង្កេត​នោះ​មក​រដ្ឋាភិបាល​កម្ពុជា​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។ សហភាព​អឺរ៉ុប​ទុក​ពេល​ ១​ខែ​ឱ្យ​កម្ពុជា​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ មុន​នឹង​សម្រេច​ថា ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធផ្នែកពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬហៅកាត់ថា (EBA) នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី មាន​ប្រសាសន៍​ថា​ ការមិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម​ សុខា នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​បង្កើន​សម្ពាធ​បន្ថែម​ទៀត​មក​លើ​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​​ឱ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម។

លោក​ មួង សូនី ប្រាប់ថា៖ «ខ្ញុំ​គិត​ថា ​ក្រោយ​ពី​រឿង​សេដ្ឋកិច្ច EBA ហ្នឹង វា​អាច​នឹង​មាន​រឿង​ផ្សេង​ទៀត​ ព្រោះ​លោក​សេរី អឺរ៉ុប​ហ្នឹង​គេ​មិន​ទុក​ឱ្យ​កម្ពុជា​ដឹក​នាំ​បែប​ផ្ដាច់ការ​ គ្មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទេ។ ខ្ញុំ​គិត​ថា​ គេ​នឹង​មាន​វិធាន​ការ​ទៅមុខ​ទៀត​ ដែល​វិធាន​ការ​ចម្បងដែល​មុន​គេ​ហ្នឹង​គឺ​ការ​បាត់បង់​​ EBA ដែល​ប្រឈម​នឹង​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច»

លោក កឹម សុខា អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​​ត្រពាំង​ផ្លុង ស្ថិត​នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម មុន​នឹង​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ក្រោម​បទចោទ«​ក្បត់ជាតិ»

លោក​ កឹម សុខា ត្រូវ​បាន​តុលាការផ្ដល់សេរីភាព​ឱ្យ​វិញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ តែ​ភ្ជាប់​លក្ខខណ្ឌ​មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស និង​ហាម​ធ្វើ​នយោបាយ​​។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​សម្តែង​ការ​សោកស្តាយដែលតុលាការមិនទម្លាក់ចោលបទចោទទាំងស្រុងលើលោក កឹម សុខា ដោយ​ទទូច​ឱ្យ​តុលាការ បិទ​បញ្ចប់​ការ​ស៊ើបសួរឱ្យ​បាន​ឆាប់​រហ័ស ឬ​ក៏​ទម្លាក់​ចោលបទ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹងលោកផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ