ការ​ផ្តល់​ដីសម្បទាន​ទ្រង់ទ្រាយ​ធំ​កំពុង​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ​ធ្លាក់​ចូលក្នុង​បំណុល​

ពលរដ្ឋ​សហគមន៍​ប្រមេ​រុ​ នៅក្នុង​ខេត្តព្រះវិហារ​ ពិភាក្សា​គ្នា​ពី​ក្តី​បារម្ភ​បាត់បង់​មុខរបរ​ ខណៈ​គ្រួសារ​ខ្លះ​បាន​ធ្លាក់ខ្លួន​ចូល​ទៅ​ក្នុង​បំណុល​ធនាគារ​ កាលពី​ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ (រូបភាព​៖ ជន​ ចាន់​រ៉ែ​ន)

ស្រុក​ឆែប​ ខេត្តព្រះវិហារ​៖ ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ពាន់​នាក់​នៅក្នុង​ខេត្តព្រះវិហារ​ កំពុងតែ​បាត់បង់​មុខរបរ​របស់​ពួកគេ​ ហើយ​គ្រួសារ​ខ្លះ​បាន​ធ្លាក់ខ្លួន​ចូល​ទៅ​ក្នុង​បំណុល​ ខណៈ​ពេល​ដែល​មាន​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​ បាន​ឈូស​ឆាយដី​ប្រមាណ​ជា​ ២ម៉ឺន​ហិ​កតា​។ ការ​ត្រួសត្រាយ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ព្រៃ​ និង​ដីចម្ការ​របស់​អ្នកភូមិ​នៅក្នុង​តំបន់​នោះ​។

យោង​តាម​ការ​ជួប​សម្ភាសន៍​ជាមួយនឹង​អ្នកភូមិ​នៅក្នុង​តំបន់​ចំនួន​ ២៥នាក់​ និង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ការសិក្សា​ស្រាវជ្រាវ​ របស់​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅក្នុង​តំបន់​នោះ​ អ្នកយកព័ត៌មាន​ VOD​ រក​ឃើញថា​ ក្រុមហ៊ុន​ចំនួន​ ៥ ជាប់ពាក់ព័ន្ធ​នឹង​គ័ង​ដុង​ ឆាយ​ណា​ ហេង​ហ្វូ​ អ៊ី​នធើ​ណេ​ស៊ិន​ណល​ ស៊ុ​គ័រ​ (Guangdong​, China’s​ Hengfu​ International​ Sugar​) ប៉ុន្តែ​ ក្រុមហ៊ុន​នោះ​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ថា​ ហេង​ហ្វូ​ គ្រុប​ ស៊ុ​គ័រ​ អ៊ិ​នដា​សស្រ្ទី​ (Hengfu​ Group​ Sugar​ Industry​)។

បើ​យោង​តាមច្បាប់​របស់​កម្ពុជា​ ក្រុមហ៊ុន​នេះ​ បាន​ទទួល​ដីសម្បទាន​ដល់ទៅ​ ៤ដង​នៃ​ទំហំដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​សម្រាប់​ក្រុមហ៊ុន​មួយ​។ ក្រុមហ៊ុន​នេះ​ បាន​ធ្វើសកម្មភាព​ឈូស​ឆាយ​នៅមុន​ពេល​ដែល​មានការ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​។ ក្រុមហ៊ុន​ក៏​មិនបាន​ផ្តល់​ព័ត៌មាន​ដល់​សហគមន៍​ ឬផ្តល់​សំណង​ចំពោះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ ហើយ​បាន​ឈូស​ឆាយដី​រហូតដល់​មាត់ទឹក​។

យើង​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដើម្បី​ទទួល​បានការ​បំភ្លឺ​។ ស្ត្រី​ម្នាក់​ដែល​ជា​តំណាង​របស់​ក្រុមហ៊ុន​ បាន​បដិ​សេធ​ផ្តល់​ការ​អត្ថា​ធិប្បាយ​ដល់​អ្នកសារព័ត៌មាន​។ នាង​បាន​ប្រាប់​ថា​ ក្រុមហ៊ុន​បាន​ប្រឈមមុខនឹង​បញ្ហា​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ត្រូវ​បាន​លើកឡើង​ ប៉ុន្តែ​ មិនបាន​ចេញផ្សាយ​របាយការណ៍​ជា​សាធារណៈ​។

លោក​ អៀម​ អោន​ អាយុ​ ៦០ឆ្នាំ​ អ្នក​រស់នៅ​ក្នុង​សហគមន៍​ភូមិ​ប្រើស​ក្អក​ ឃុំ​ម្លូ​រព្រៃ២​ ស្រុក​ឆែប​ បាន​ប៉ាន់ប្រមាណ​ថា​ មាន​អ្នកភូមិ​ប្រហែលជា​ ៩០ភាគរយ​ បាន​ធ្លាក់ខ្លួន​ជំពាក់បំណុល​។

លោក​ អៀម​ អោន​ និយាយ​ថា​៖ «កាលពី​ក្រុមហ៊ុន​មិនទាន់​ចូល​ ពួក​ខ្ញុំ​អាច​រក​សត្វព្រៃ​តិចតួច​អាច​លក់​ដូរ​ខ្លះ​ៗទិញ​ប្រេង​ ដូចជា​ជ័រទឹក​ ជ័រចុង​ ឬក៏​អ័​កកេដេ​ ឬក៏​យ៉ិន​ស៊ីន​ ឬក៏​បាយដំណើប​ជាដើម​ យក​មក​លក់​បាន​»។

គាត់​និយាយទៀតថា៖ «ឥឡូវនេះ រកអត់បានទេ មានតែខ្ចីធនាគារ។ កាលបើរាំងស្ងួត ធ្វើស្រែមិនបានទៀត ពេលនោះយើងអាចលក់ធនធានក្នុងផ្ទះ តែសម្រាប់អ្នកមាន បើអ្នកអត់មានលំបាកតិច»

លោក ហេង ភួន មេឃុំ​ម្លូរព្រៃ១ ​ដែល​ស្ថិត​នៅជិត​នោះដែរ បាន​និយាយថា ​កាលពីឆ្នាំកន្លងទៅ ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​របស់លោក ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ការ​ផ្លាស់ប្តូរ​ដី​ដាំដុះ​ដែល​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើងនូវ​បំណុល។

គាត់​និយាយ​ថា​៖ «នៅមុន​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​មកដល់​ ប្រជាពលរដ្ឋ​មិនដែល​ជាប់បំណុល​ធានា​គារ​ ដូច​នៅពេល​នេះ​ទេ​»។

ជនជាតិ​ដើម​ភាគតិច​កួយម្នាក់ បង្ហាញសៀវភៅបំណុលធនាគារដល់អ្នកយកព័ត៌មាន VOD

នៅ​ឆ្នាំ២០១១​ រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ ៥ មាន​ក្រុមហ៊ុន​ ហេង​ ណុង​ ក្រុមហ៊ុន​ ហេង​ រ៉ូយ​ ក្រុមហ៊ុន​ ហេង​ យូ​ ក្រុមហ៊ុន​ ឡាន​ ហ្វេ​ង និង​ក្រុមហ៊ុន​ រ៉ូយ​ ហ្វេ​ង ដែល​មាន​ទំហំ​រវាង​ ៦៤៨៨ហិ​កតា​ ទៅ​ ៩១១៩ហិ​កតា​ សម្រាប់​ក្រុមហ៊ុន​នី​មួយ​ៗ។

យោងតាម​កំណត់​ត្រា​​​របស់អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុមហ៊ុន​ចំនួន៣ គឺមាន​ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រ៉ូយ ក្រុមហ៊ុន ហេង​ យូ​ បាន​ទទួលកិច្ច​សន្យា​នៅ​ថ្ងៃតែមួយ គឺនៅថ្ងៃទី៨ ខែវិច្ឆិកា។

ដោយ​រួម​បញ្ចូលគ្នា​ ក្រុមហ៊ុន​ទាំង​ ៥​នេះ ទទួល​បាន ​​៤២៤២២ហិកតា​នៅក្នុង​ខេត្ត​ព្រះ​វិហារ។ នេះ​បើ​យោងតាម​​កំណត់​ត្រា​​នៃ​អង្គការ​ទិន្នន័យ​ដើម្បីអភិវឌ្ឍកម្ពុជា និង​របាយការណ៍​របស់អង្គការ​សិទ្ធិមនុស្ស​លីកាដូ។

ក្រាហ្វិកបង្ហាញពីទីតាំង និងទំហំដីសម្បទានដែលក្រុមហ៊ុនចិនទាំង៥ នៅខេត្តព្រះវិហារ

ច្បាប់ភូមិបាលឆ្នាំ២០០១វិញ ចែងថា សម្បទានដីសេដ្ឋកិច្ចច្រើនបំផុតត្រឹម ១ម៉ឺនហិកតា។

លោក លីវ ហ្វេង (Liu Feng) ប្រធាន​​ក្រុមហ៊ុន​ ហេង ហ្វូ ប្រាប់​សារព័ត៌មាន​ The China Daily នៅក្នុង​ឆ្នាំ២០១៦ថា ដោយ​មិនគិត​ក្រុមហ៊ុន​ទាំង​ ៥នោះទេ គឺក្រុមហ៊ុន​របស់លោក​ទទួល​បាន​ដីសម្បទាន​ចំនួន​ ៤២៤២២ហិកតា​សម្រាប់ការអភិវឌ្ឍនេះ។ គាត់​និយាយ​បន្តថា ​ក្រុមហ៊ុន​រំពឹង​ថា​ នឹង​ពង្រីកផ្ទៃដីទៅដល់​ ១៨០០០០ហិកតានៅពេល​អនាគត។

យោងតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​ភ្នំពេញ ​ប៉ុស្តិ៍កាលពី​ឆ្នាំ២០១៤ ឱ្យដឹងថា ​ក្រុមហ៊ុន​ទាំង ៥នោះ មានអសយដ្ឋាន ​និងលេខទំនាក់ទំនង​ដូចគ្នា។

អសយដ្ឋាន​ដែល​បាន​ដាក់ប​ង្ហាញ​នៅក្នុង​បញ្ជីឈ្មោះ​ក្រុមហ៊ុន​តាម​អនឡាញ​របស់​ក្រសួង​ពាណិជ្ជកម្ម​ ក៏​បាន​កំណត់​ដូច​គ្នា​ដែរថា ក្រុមហ៊ុន​ ហេង​ រ៉ូយ ក្រុមហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រ៉ូយ ហ្វេង គឺ​ស្ថិតនៅ​អាគារ​ Prince Tower ដែលជា​អតីត​​អគារ​ Phnom Penh Tower ស្ថិតនៅតាម​ផ្លូវ​មុន្នីវង្ស ក្នុង​រាជធានីភ្នំពេញ។

ក្រុមហ៊ុន​ ហេង​ ណុង​ មិន​ត្រូវ​បាន​ដាក់​បង្ហាញនៅក្នុង​បញ្ជីនោះទេ។ ចំណែក​អសយដ្ឋានក្រុមហ៊ុន ហេង យូ ដែល​​ស្ថិតនៅក្នុង​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ ត្រូវ​បាន​មន្រ្តី​អង្គការ​មិនមែន​រដ្ឋាភិបាល​កំណត់​ថា ​គឺ​ជា​ក្រុមហ៊ុន​ដាំ​ស្រូវ។

អ្នក​យកព័ត៌មាន​បាន​ទៅ​មើល​ក្រុមហ៊ុន​ ហេង ហ្វូ ដែល​ស្ថិត​នៅក្នុង​ស្រុក​ឆែប​ ឃុំ​ម្លូរព្រៃ១ ដែល​ដាំ​ស្រូវ និង​ដើម​អំពៅ នៅក្នុង​ខែ​កក្កដា។ សន្តិសុខ​មិន​បាន​អនុញ្ញាតិ​ឱ្យ​អ្នក​យកព័ត៌មានចូល​ទៅ​សម្ភាសន៍​តំណាង​ក្រុមហ៊ុន​ទេ។ លេខ​ទូរស័ព្ទ​ដែល​ត្រូវ​បានមើល​ឃើញ​​នៅ​រោងចក្រនោះ ក៏​មិន​អាចទាក់ទងបានដែរ ចំណែក​អ្នក​ដែល​លើក​ទូរស័ព្ទ​បាន​និយាយ​ថា ​គាត់​លែង​ជា​បុគ្គលិក​របស់ក្រុមហ៊ុនទៀតហើយ។

ក្រាហ្វិចបង្ហាញពី សហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារធ្លាក់ខ្លួនជំពាក់បំណុលធនាគារ

ការ​បាត់បង់​ដី

ដោយ​យោងតាម​អ្នក​ភូមិ​ ការ​ឈូសឆាយ​ដី​ព្រៃ​បាន​ធ្វើ​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១១។​

អ្នកស្រី ខៀវ ហិម រស់នៅភូមិប្រមេរុ ស្រុកត្បែងមានជ័យ មាន​ប្រសាសន៍ថា៖ «ក្រុមហ៊ុនចូលឈូសឆាយដីរបស់ប្រជាពលរដ្ឋស្រស់ៗតែម្តង ដោយពុំបានពិគ្រោះយោបល់ ឬជូនដំណឹងអ្វីនោះដែរ​។ យើង​បាន​ព្យាយាម​ដើម្បី​បញ្ឈប់​ពួកគេ នៅពេល​ដែលយើង​ឃើញ​គ្រឿង​ចក្រកំពុង​ឈូសឆាយ»។​

មន្រ្តី​ចង​ក្រង​សហគមន៍​នៃ​អង្គ​ការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍ថា​ ភូមិ​២៥ នៅក្នុង​ឃុំ​ចំនួន​១០ នៃ​ស្រុក​ចំនួន ​៣ រងផល​ប៉ះពាល់ខ្លាំង​ពី​កា​រឈូសឆាយនោះ។ លោក​ថា​ ក្រុមគ្រួសារ​ជាច្រើន​ត្រូវ​បាន​បណ្តេញចេញពី​ដី​របស់​ពួកគេ ដើម្បី​យក​ដីនោះទៅ​ដាំ​ដើម​អំពៅ។ លោក​បន្តថា ប្រហែលជា​​ពាក់កណ្តាល​នៃ​​ដី​ដែល​ត្រូវ​បាន​ផ្តល់សម្បទាននោះ ឥឡូវនេះ​ ត្រូវ​បាន​ឈូសឆាយ​អស់ហើយ។

អង្គការ​ធ្វើការលើ​សិទ្ធដីធ្លី​បានប៉ាន់​ប្រមាណថា ប្រហែល ២៥ភាគរយ​នៃ​ដី​នោះ គឺ​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​មាន​ប្រហែលជា​២០០០គ្រួសារ។ ពលរដ្ឋ​ខ្លះ​ក្នុង​ចំណោម​ ១ម៉ឺន​នាក់​ បានទាម​ទា​រ​ប័ណ្ណ​កម្មសិទ្ធិ​ដោយ​សារតែពួកគេ​បាន​រស់នៅ​ទីនោះ​តាំងកំឡុងឆ្នាំ១៩៨០មក។

អង្គការ​មិនមែនរដ្ឋាភិបាល និង​អ្នក​ភូមិ​​ បាន​និយាយ​ថា​ ទោះ​ជា​មាន​ការ​តវ៉ា​ជាមួយក្រុមហ៊ុន​ ហេង ហ្វូ តែ​អ្នក​ដែល​រងផលប៉ះពាល់​ជា​ច្រើន​ មិនទាន់ទទួល​បាន​សំណងនៅឡើយ។​

លោក សោភ័ណ និយាយថា៖​ «អ្នកខ្លះ​មិនដែលទទួ​ល​បាន​សំណងទាល់តែសោះ»

ហ្គ្រេន(Grain) ដែល​ជា​អង្គការ​មិន​រក​ផល​កម្រៃ និយាយថា អ្នក​ភូមិ​ខ្លះបាន​​ទទួល​យក​សំណង​ បន្ទាប់ពី​ដី​របស់​ពួកគេ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ដើម​អំពៅ ដោយ​មិនអាច​មានផ្លូវ​ដើម្បី​ចូលទៅកាន់ដីរបស់ពួកគេបាន។ អង្គការ​នេះ​និយាយថា​ អ្នក​ភូមិ​បានទទួល​សំណង​តិច​តួច​គឺ ​២៥០ដុល្លារក្នុងមួយហិកតា។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយជាមួយនឹង​អង្គការ​ពន្លកខ្មែរ​ និង​អង្គការ​បី​ផ្សេងទៀត អង្គការ​ហ្គ្រេន បាន​បញ្ជាក់ថា ក្រុមហ៊ុន​ បាន​រឹបអូសយក​កម្មសិទ្ធិ​ដី​មួយចំនួនដោយ​មិនមាន​ការ​ផ្តល់សំណង​អ្វី​ទាំងអស់។

ដោយ​យោងតាម​ច្បាប់ ការដកយក​កម្មសិទ្ធិ​ដី​របស់​ប្រជាពលរដ្ឋ ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាតិនោះទេ ល្គឹកណាវា​ គឺ​ដើម្បី​ផល​ប្រយោជន៍​សាធារណៈ និង​ក្រោយ​ពេលដែល​សំណងដោយ​យុត្តិធម៌ត្រូវ​បាន​ផ្តល់ជូនជាមុន។

បន្ថែម​ជា​មួយនឹងការ​មិន​បាន​ផ្តល់សំណង​សមរម្យនេះ ក្រុមហ៊ុ​ន​ក៏​មិន​បាន​រៀបចំ​ធ្វើ​ការ​សិក្សា​ពី​ហេតុប៉ះពាល់​បរិស្ថាន​ និង​សង្គម​ផងដែរ រហូតទាល់តែមានការ​ឈូសឆាយ​ចាប់ផ្តើម។​ នៅពេលនោះ ​ក្រុមហ៊ុន​បាន​រៀបចំ​ការសិក្សា​ពី​ផល​បះពាល់​បរិស្ថាន និង​សង្គម ដែលរៀបចំ​ដោយ​ Green Environment Group នៅខែកក្កដា ឆ្នាំ២០១៦ ខណៈ​ដែល​ជម្លោះ​​បាន​បន្តកើតមានឡើង​រយៈ​ពេល ​៥ឆ្នាំមកហើយ។

គម្រោង​កសិកម្ម​ដែល​មានទំហំ ១​ម៉ឺន​ហិកតា ឬ​ច្រើន​ជាងនេះ ត្រូ​វ​បាន​ទាមទាឱ្យ​ដាក់​របាយការណ៍​វាយតម្លៃ​ពី​ផល​ប៉ះពាល់បរិស្ថាន​ និង​សង្គមនៅមុនពេល​មានការ​សម្រេច នេះ​បើ​យោងតាម​អនុក្រិត្យ​​ចេញនៅឆ្នាំ១៩៩៩។ ការ​ទាមទា​នេះ​ គឺ​ត្រូវ​បាន​បញ្ចៀស​ដោយ​ការ​បំបែកក្រុមហ៊ុនជា​៥ នៃ​ក្រុមហ៊ុន​ហេង ហ្វូ។ នៅក្រោម​ច្បាប់​កិច្ចការ​ពារបរិស្ថាន អ្នក​ដែល​បាន​ប្រព្រិត្ត​បទល្មើ​សនឹង​ត្រូវ​មានទោស​ជាប់ពន្ធ​ធនាគារ​រហូតដល់​ ៥ឆ្នាំ។​

ការ​វាយ​តម្លៃផល​ប៉ះពាល់ប​រិស្ថានពីក្រុមហ៊ុន​ រ៉ូយ ហ្វេង និង​ក្រុមហ៊ុន ឡាន ហ្វេង នៅក្នុង​ឆ្នាំ​២០១៦ ដែល​ត្រូវ​បានពិនិត្យ​ឃើញ​ដោយ​អ្នក​យកព័ត៌មាន ​VOD បាននិយាយថា​ ក្រុមហ៊ុន​នឹង​ត្រូវឈូសឆាយ​ដី​ចម្ការ​របស់​​អ្នក​ភូមិ​ដើម្បីធ្វើ​ផ្លូវ​ចូលទៅកាន់​ចម្ការអំពៅ។ វា​បន្ថែម​ថា ​អ្នក​ភូមិ​គួ​រត្រូវ​បាន​ផ្តល់សំណង​​សមរម្យ​ និង​អាចទទួល​យក​បាន​សម្រាប់ពួកគេ។

អ្នក​ភូមិ​បាន​និយាយថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​តាម​នោះ​ឡើយ ​ទោះ​បីជាមានការ​ចេញ​របាយការណ៍​ដូច្នេះ​ក៏ដោយ។

សិដ្ឋ សាវន
លោក សិដ្ឋ សាវន តំណាង​សហគមន៍​ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ត​ព្រះវិហារ ផ្តល់បទសម្ភាសន៍ នៅខាងមុខរោងសហគមន៍ដែលបានបិទទ្វារអស់ជាច្រើនឆ្នាំ​មកហើយ។ (ម៉ម មុនីរតន៍)

លោក សិដ្ឋ សាវន តំណាងសហគមន៍ប្រមេរុ ស្រុកត្បែងមានជ័យលើកឡើងថា អ្នក​ភូមិ​បាន​បន្ត​ដាក់​ពាក្យ​បណ្តឹងទៅកាន់​អាជ្ញាធរ​គ្រប់កន្លែង​អំពី​ផលប៉ះពាលនេះ។

គាត់​និយាយថា៖ «ក្រុមហ៊ុន​មិនមាន​ការ​​ផ្តល់សំណងនោះទេ។ អ្នក​ភូមិ​បាន​សួរ​ថា តើ​យើង​បាន​ដាក់ពាក្យ​បណ្តឹង​ប៉ុន្មានដងហើយ ហើយ​ហេតុអ្វី​បានជា​ពួកគេ​មិន​បាន​ដឹង​ពីរឿងនេះ»

ការ​វាយតម្លៃផលប៉ះពាល​ បាន​និយាយ​ដែរថា ព្រៃ​ត្រូវ​តែ​ត្រូវ​បាន​រក្សាទុក​យ៉ាង​ហោចណាស់​ ១០០ម៉ែត្រពី​មាត់ស្ទឹង​ទាំងសង្ខាង​។​ វា​គឺជា​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​នោះទេ។

អ្នកភូមិ​ប្រើសក្អក ឈ្មោះ អោន បាននិយាយថា ក្រុមហ៊ុន​ចម្ការអំពៅ​បាន​សម្អាត​​ដីព្រៃ និង​បាន​ចូលទៅក្នុងដីដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​មើល​ព្រៃ និង​ស្រែប្រហែល​ជា ​១០ម៉ែត្រ​ទៀត​ផង។ វា​គឺទី​កន្លែង​មួយ​ដែលអ្នក​យកព័ត៌មាន​​បាន​មើល​ឃើញ​នៅទីនោះ។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ទទួល​ស្គាល់​ថា ​មានពេលខ្លះ ក្រុមហ៊ុនក៏អនុវត្តបំពានគោលការណ៍ ដែលបានព្រមព្រៀងដែរ។​

គាត់​មានប្រសាសន៍ថា៖ «នីតិវិធីគេធ្វើត្រឹមត្រូវ។ ប៉ុន្តែ ដោយឡែកជួនកាលអ្នកខ្លះចន្លោះតិចតួចដែរ ជួនកាលដែលយើងឈូសមុន អាចប៉ះពាល់អ៊ីចឹងទៅណា»

បន្ទាប់​ពី​ការ​ព្យាយាម​​ទាក់ទងទៅ​ក្រុមហ៊ុន ដោយ​ការធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​ធ្វើការ​ផ្ទាល់នៅក្នុង​ខេត្តព្រះវិហារ ទូរស័ព្ទ ការ​ផ្ញើសារ និង​សារអេឡិចត្រូនិចជាច្រើន នៅទីបំផុតអ្នក​នាំពាក្យ​ក្រុមហ៊ុន ហេង ហ្វូ​ បាន​ហៅអ្នក​យកព័ត៌មានទៅជួបនៅការិយាល័យក្រុមហ៊ុននៅក្រុង​ភ្នំពេញ។ ការិយាល័យ​ក្រុមហ៊ុន​ស្ថិត​នៅជាន់ទី​១៥​ នៃ​អាគារ Prince Tower លើ​ផ្លូវ​មុន្នីវង្ស នៅក្នុង​ខែតុលានេះ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ លោក សៅ លី បដិសេធ​ផ្តល់ការ​ឆ្លើយ​តបទៅសាធារណជន​ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​ត្រូវ​បាន​លើកឡើងដោយ​អ្នកភូមិ និង​អង្គការ​មិនមែនរដ្ឋាភិបាល​ ក្រោយ​ពេលដែល​បាន​និយាយ​ប្រហែល​ជា ​១៥នាទី។

ឱកាសចុងក្រោយ

ដោយ​យោងតាម​កាសែត The Cambodia Daily នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៦ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ចូលរួមបើក​សម្ភោធ​រោងចក្រ​ស្ករអំពៅ​ដែលមាន​តម្លៃ ​៣៦០លានដុល្លារ។ លោក​នាយក​រដ្ឋមន្រ្តី​បាន​សន្យា​ផ្តល់ការងារ​រាប់រយ​កន្លែង​សម្រាប់​ពលរដ្ឋ​នៅមូលដ្ឋាន ដោយ​បាន​និយាយថា​ អ្នក​ភូមិ​មានឱកាស​បានលក់​អំពៅ​របស់ពួកគេឱ្យ​ទៅក្រុមហ៊ុន។

ទោះ​យ៉ាង​ណា​ លោក ធាន ហេង មេឃុំ​ប្រមេរុ ប្រាប់​ VOD ថា មិនមាន​នរណា​ម្នាក់នៅក្នុង​ភូមិ​-ឃុំ​របស់លោក បានទទួល​យក​នូវការងារនោះទេ។

លោក ធាន ហេង បន្តថា៖ «ពីមុនក្រុមហ៊ុនចង់បានដែរ តែបងប្អូនយើងគេអត់ធ្វើ។ គិតទៅ ខ្ញុំមិននិយាយ​កាន់​ជើង​ខាងក្រុមហ៊ុន និងមិននិយាយកាន់​ជើង​ខាងបងប្អូនទេ បងប្អូនយើងទម្លាប់ថា អត់ចង់ធ្វើខ្ញុំគេ»

អ្នក​ភូមិ​ឈ្មោះ នួន ម៉ុន អាយុ ៦៥​ឆ្នាំ បាន​និយាយ​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី នៅ​ចំ​ថ្ងៃ​សម្ពោធ​នោះ​​ថា ក្រុមហ៊ុន រ៉ូយ ហ្វេង បាន​យក​ដី​របស់​គាត់​ចំនួន​ជិត ១​ហិកតា ហើយ​ជម្លោះ​បាន​អូស​បន្លាយ​រយៈ​ពេល ៥​ឆ្នាំ​ហើយ ប៉ុន្តែ អ្នកភូមិនៅ​តែ​មិន​អាច​មានការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន។

លោក នួន ម៉ុន និយាយ​ថា​៖ «យើង​មិន​ចង់​ធ្វើ​ការ​ឱ្យ​គេ​នៅលើ​ដីរបស់យើង​នោះទេ។ ពួកគេ​មិន​មាន​ប្រយោជន៍​សម្រាប់យើងទេ»

ច្រើន​ជា​ងកា​រផ្តល់​នូវ​កំណើនសេដ្ឋកិច្ច​ដល់​ពួកគេ នៅក្នុងការ​អនុវត្ត​​ចម្ការអំពៅ​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​​ដោយ​បាន​កាត់​បន្ថយនូវ​ជីវភាពរស់នៅ​របស់​សហគមន៍នៅជុំ​វិញ​ក្រុមហ៊ុននោះ។

សហគមន៍ជនជាតិ​កួយ ដែល​ត្រូវ​បាន​សម្ភាសន៍​ដោយអ្នក​យកព័ត៌មាន​ VOD បាន​និយាយ​ម្តងហើយ​មុ្តងទៀត ដោយ​លើកពីការបាត់បង់​លទ្ធភាព​របស់ពួកគេ​ក្នុង​ការ​ប្រមូល​អនុផល​ពីព្រៃឈើ ដែលជា​ប្រភព​ចំណូល​សំខាន់​របស់សហគមន៍។

«ខ្ញុំ​បាន​បោះបង់​ចោល​ការងារនេះ​ពីព្រោះ​ថា ក្រុមហ៊ុន​បាន​ឈូសព្រៃដែល​ខ្ញុំបានប្រើ​ប្រាស់​ដើម្បី​ប្រមូល​អនុផលសម្រាប់​សហគមន៍» ពិន ជ័យ អាយុ៤០ឆ្នាំ ដែលជាស្រ្តី​ជនជាតិ​កួយ​ក្នុងឃុំ​ប្រមេរុ​ ប្រាប់អ្នក​យកព័ត៌មាន។

លោក ស៊ុន វាសនា ដែលជាឈ្មួញកណ្តាលរស់នៅភូមិបុះធំ ស្រុកត្បែងមានជ័យ ឱ្យដឹងថា នៅ​មុនឆ្នាំ២០១២ លោកធ្លាប់ទិញជ័រទឹកបានចន្លោះពី ១៥០០លីត្រ ទៅ ១៨០០លីត្រ ក្នុងមួយថ្ងៃ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះមកនៅត្រឹម ១៥០លីត្រ ទៅ​ ៣០០លីត្រប៉ុណ្ណោះ​ក្នុង១ថ្ងៃ។

លោកប្រាប់ថា៖ «មានការធ្លាក់ចុះដោយសារពីមុនមានដើមឈើច្រើនទៅ មានគេយកជ័របានច្រើន។ ដល់ពេលឥឡូវគេកាត់អស់ហើយជ័រនៅសល់តិចតួច ដល់ពេលហើយទៅដងជ័រវាបានតិចតាមហ្នឹងដែរ»

​យោងតាមអង្គការពន្លកខ្មែរ សហគមន៍ប្រមូល​អនុផល​​ព្រៃឈើ​ ដែលមានការ​ជួយ​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ឃុំ​ប្រមេរុ ​​ត្រូវ​បាន​​បិទ​នៅក្នុង​ឆ្នាំ២០១៦ ដោយ​សារតែ​កា​រធ្លាក់ចុះ​ខ្លាំង​នៃ​អនុផល​ព្រៃឈើ។ របាយការណ៍​អង្គការ​មិនមែនរដ្ឋាភិបាល​បង្ហាញថា ចន្លោះពីឆ្នាំ២០១០ ដល់២០១៦ ចំណូល​របស់​សហគមន៍ពី​ផលិតផល​ អនុផលព្រៃឈើបានធ្លាក់ចុះយ៉ាង​គំហុក។​

នៅក្នុង​ខែ​ធ្នូ ឆ្នាំ២០១០ នៅពេល​ដែល​ចម្ការ​បាន​ចាប់ផ្តើម​ផ្តល់​អនុផល សហគមន៍​រក​ចំណូល​បាន​ ២៧លានរៀល​ ឬ​ប្រហែល​នឹង ​៦៧៥០ដុល្លារ។ នៅពេលនោះចម្ការ​​ត្រូវ​បាន​បិទ​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៦ ហើយ​វា​បាន​​កាត់បន្ថយ​ចំណូល​ជាងពាក់កណ្តាល គឺ​លើ​សពី​ ១៣លានរៀល​ ឬ​ប្រហែលជា ៣២៥០ដុល្លារ នេះ​បើ​យោងតាម​ឯកសារ​គណនេយ្យ​របស់អង្គការ​មិនមែនរដ្ឋាភិបាល។

រស់នៅស្រុកត្បែងមានជ័យ អ្នកស្រី  ស៊ិង សេត ដែលអះអាងពីភាពរងគ្រោះ​ដោយ​បាត់បង់​ចម្ការ​ ហើយ​នឹង​ធ្លាក់ខ្លួន​កាន់តែ​ក្រនៅក្នុង​សហគមន៍ ឥឡូវនេះ ​គឺ​ត្រូវ​បន្ត​ធ្វើ​ស្រែតាម​យថាផល។

អ្នកស្រីនិយាយថា៖ «ដើម្បីអាចមានចំណូលទ្រទ្រង់ជីវភាព សមាជិកខ្លះក្នុងគ្រួសារ ត្រូវបង្ខំចិត្តចំណាកស្រុក ហើយអ្នកខ្លះទៀត នៅរដូវវស្សាដើរស៊ីឈ្នួលស្ទូងស្រូវឱ្យ​គេ»

លោក សោភ័ណ​ នៅ​អង្គការ​ពន្លកខ្មែរនិយាយថា អនុផល​ព្រៃឈើកន្លងមក បាន​ផ្តល់​ចំណូល​ដែល​អាច​ផ្គត់ផ្គងជីវភាព​ពួកគេ​ តាម​រយៈការ​ប្រមូល​ផល​ជ័រ ស្លឹក និង​អនុផល​ច្រើន​ផ្សេងទៀត។ ពួកគេ​បាន​ផ្តល់​បណ្តាញ​សុវត្ថិភាព​ នៅពេល​ដែល​ដំណាំកសិកម្ម​មិន​ទទួល​ផល​ដោយ​សារ​ជំនន់ ឬ​រាំង​ស្ងួត។

លោកនិយាយថា​ ឥឡូវនេះ​ គឺ​មានជម្រើស​តិច​ណាស់ នៅពេលដែល​អ្នកភូមិ​ខ្លះមិន​អាច​រក​បាន​ចំណូល​ពីការ​ចញ្ចឹម​មាន់ ទា​ ជ្រូក។

គាត់និយាយថា៖ «ហេតុអ្វី? ពីព្រោះពួកគេមិនមានដី​ដែល​អាច​ឱ្យពួកគេ​ចិញ្ចឹម​សត្វបាន»

ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ