កម្មករជិត១ពាន់នាក់នៅកំពង់ស្ពឺផ្ទុះការតវ៉ាឲ្យថៅកែទទួលតំណាងពួកគេ២នាក់ចូលធ្វើការងារវិញ

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេៈ សមាជិកសហជីពសេរីឯករាជ្យនៃរោងចក្រ ម៉ូណូភា (ខេមបូឌា) Monopia (Cambodia) ប្រមាណ ៨០០នាក់ ធ្វើកូដកម្មសុំឱ្យរោងចក្រទទួលយកតំណាងរបស់ពួកគេវិញ។ រូបភាព៖ សហជីព

កម្មករអះអាងថា ពួកគេប្រមាណ៨០០នាក់ បម្រើការងារនៅរោងចក្រមួយក្នុងស្រុងសំរោងទង ខេត្តកំពង់ស្ពឺ កំពុងធ្វើការតវ៉ាទៀតដើម្បីទាមទារទៅថៅកែឲ្យទទួលយកតំណាងពួកគេ២រូបចូលធ្វើការងារវិញ។

កម្មការនីផ្នែកដេរ អ្នកស្រី ផៃ ចន្ថា អះអាងថា តំណាងសហជីព២នាក់បម្រើការងារនៅរោងចក្រដេរកាបូបដែលមានឈ្មោះថា ម៉ូណូភា (ខេមបូឌា) Monopia (Cambodia) ត្រូវបានថៅកែជាជនជាតិកូរ៉េបញ្ឈប់ពីការងារដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលបណ្តាលឲ្យកម្មករប្រមាណ៨០០នាក់ផ្ទុះការតវ៉ាចំនួន២ថ្ងៃហើយតាំងពីម្សិលមិញ។

កម្មការនីរូបនេះ លើកឡើងថា ករណីថៅកែបញ្ឈប់តំណាងកម្មករ២នាក់នោះ ដោយសារតំណាងពួកគេសកម្មក្នុងការជួយទាមទារសិទ្ធិ និងការពារផលប្រយោជន៍របស់កម្មករ។

អ្នកស្រី ផៃ ចន្ថា និយាយថា រោងចក្រនេះក្រៅពីបញ្ឈប់តំណាងកម្មករដោយពុំមានមូលច្បាស់លាស់ហើយ ថៅកែដែលជាជនជាតិកូរ៉េក៏តែងតែគាបសង្កត់ និងបង្ខំឲ្យកម្មករធ្វើការងារ ហើយថា រោងចក្រនេះក៏ពុំមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ដែរ។

អ្នកស្រីបន្ថែមថា៖ «ថៅកែរោងចក្រនេះប្រើកម្មករដាច់ថ្លៃ ហើយអត់មានអីទាំងអស់ សូម្បីតែបន្ទប់ទឹកចាប់ពីម៉ោង២ ម៉ោង៣ទៅ អត់មានទឹកប្រើប្រាស់ ហើយកម្មករមកឈរចាំបន្ទប់ទឹកក៏ថៅកែមកស្តីឲ្យគ្នា។ រោងចក្រនេះដល់ថ្ងៃឈប់សម្រាកហើយ ថៅកែមកបង្ខំឲ្យកម្មករឲ្យដេរឲ្យដល់គ្រប់ចំនួន ហើយស្តីឲ្យកម្មកររហូត»

ប្រធានរដ្ឋបាលរោងចក្រ ម៉ូណូភា (ខេមបូឌា) Monopia (Cambodia) លោក សែន ជា មានប្រសាន៍ថា រោងចក្របានចេញលិខិតព្យួរការងារតែតំណាងសហជីព២នាក់ប៉ុណ្ណោះ ដើម្បីទុកពេលឲ្យមន្ទីរការងារខេត្តកំពង់ស្ពឺចុះធ្វើអធិការកិច្ចការងារ។

លោក សែន ជា អះអាងថា ករណីព្យួរការងារតំណាងសហជីពទាំង២រូបនោះ ដោយចោទពួកគេថា បានប្រព្រឹត្តខុសពីច្បាប់ស្តីពីការងារ អសកម្មការងារ និងអាកប្បកិរិយាមិនល្អចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ជាដើម។

លោកបញ្ជាក់ថា៖« ម៉ោងការងារ គាត់អត់ធ្វើការ គាត់ដើរទៅក្រៅហូបកាហ្វេ ហើយមានអាកប្បកិរិយាមិនល្អជាមួយថ្នាក់ដឹកនាំ។ អីចឹងហើយយើងសុំព្យួរការងារគាត់ដើម្បីសុំការសម្រេចពីខាងអធិការកិច្ចការងារពីមន្ទីរការងារ។ ឥលូវគាត់មិនបានធ្វើតាមនីតិវិធីច្បាប់ទេ គឺគាត់បានទៅអំពាវនាវបញ្ចុះបញ្ចូលកម្មករឲ្យធ្វើបាតុកម្មប្រឆាំងរោងចក្រវិញ»

មន្ត្រីសហជីពសេរីឯករាជ្យប្រចាំរោងចក្រ ម៉ូណូភា (ខេមបូឌា) Monopia (Cambodia) លោក អឿន ចាន្នី បានច្រានចោលការចោទប្រកាន់របស់ប្រធានរដ្ឋបាលរោងចក្រ ដោយថា លោកមិនបានធ្វើប្រព្រឹត្តដូចការលើកឡើយនោះទេ។

លោក អឿន ចាន្នី ឲ្យដឹងថា មន្ត្រីសហជីព២រូបដែលក្រុមហ៊ុនបញ្ឈប់ពីការងារនោះមានរូបលោក និងលោក នៅ ចន្ថា ជាមន្ត្រីសហជីពមូលដ្ឋានរបស់សហជីពសេរីឯករាជ្យ ហើយលោកចាត់ទុកករណីថៅកែបញ្ឈប់រូបលោក និងតំណាងកម្មករម្នាក់ទៀតនោះថា គឺជាការរើសអើងសហជីព។

លោកបន្ថែមថា៖ «គេរើសអើងសហជីព គេរើសអើងតំណាងកម្មករ បើមានតំណាងកម្មករតំណាងសហជីព ធ្វើឲ្យកម្មករមានសិទ្ធិសេរីភាព។ អីចឹង ករណីនេះ វាបិទសិទ្ធិសេរីភាព និងបិទសិទ្ធិសេរីភាពខ្ញុំពេកហើយ។ គាត់ជាថៅកែរោងចក្ រគាត់មានលុយមានកាក់ គាត់ចង់ធ្វើអ្វីក៏បាន អីចឹងសម្រាប់ខ្ញុំ អត់ទទួលយកទង្វើដែលគាត់ធ្វើអញ្ចឹងទេ»

ប្រធានការិយាល័យអធិកាកិច្ចការងារនៃមន្ទីការងារខេត្តកំពង់ស្ពឺ លោក ប៉ាត់ សុង មានប្រសាសន៍ថា មន្ទីរការងារទទួលលិខិតអន្តរាគមន៍ពីភាគីជម្លោះទាំងពីរហើយ ដោយថា មន្ទីរការងារនឹងកោះហៅភាគីជម្លោះទាំងពីរមកផ្សះផ្សាគ្នានៅថ្ងៃស្អែកនេះ។

លោកមានប្រសាសន៍ថា៖«ខ្ញុំបានធ្វើលិខិតអញ្ជើញពួកគាត់ហើយ ប៉ុន្តែខ្ញុំធ្វើការផ្សះផ្សានៅថ្ងៃស្អែក ព្រោះប្រធានមន្ទីរទើបស៊ីញ៉េឲ្យមិញ»

បើតាមសហជីព អឿន ចាន្នី រោងចក្រ ម៉ូណូភា (ខេមបូឌា) Monopia (Cambodia) ស្ថិតក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង និ​ងមានកម្មករជាង៩០០នាក់កំពុងបម្រើការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ