តុលាការ​សម្រេចបិទ​ការ​ស៊ើបសួរ​លើ​លោក កឹម សុខា

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​លើ​លោក កឹម សុខា ក្រោយពី​បន្តនីតិវិធី​ស៊ើប​សួរ​ជាង​២​ឆ្នាំ​មក​ហើយ​នោះ។

ក្នុង​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៥ វិច្ឆិកានេះ ​ចៅក្រមស៊ើប​សួរ​​សាលា​ដំបូងរាជធានី​ភ្នំពេញ​​ លោក គី ឬទ្ធី បាន​ឱ្យ​មេធាវី​ការ​ពារ​លោក ​កឹម សុខា គឺ​លោកមេធាវី ផែង ហេង ​ដឹង​ថា ​តុលាការ​​​បាន​សម្រេច​បិទ​ការ​ស៊ើប​សួរលើ​ករណី​លោក ​កឹម សុខា ​ហើយ​ ចាប់​ពី​ពេល​នេះ​តទៅ។

លោក​សរសេរថា៖ « ត្បិត​សំណុំ​រឿង ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ​ កឹម សុខា ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស​ ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា​ និង​ទី​កន្លែង​ផ្សេង​ទៀត​ កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៧ បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ និង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញាត្តិមាត្រា​៤៤៣ ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រកម្ពុជា​ នោះ​យើង​បាន​សម្រេច​បិទ​ការស៊ើប​សួរ​ចាប់ពី​ពេល​នេះ​តទៅ » ។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី រិន្ទ បាន​ឱ្យ​ដឹង​ថា​ក្រោយ​ពី​បិទ​ការ​ស៊ើប​សួរ​ តុលាការ​នឹង​បញ្ជូន​ទៅ​ឱ្យ​អយ្យការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ មុននឹងបន្តនីតិវិធី​ផ្សេង​បន្តទៀត។

លោក អ៊ី រិន្ទ៖ « ពេល​ដែល​ចប់​ដីកា​សន្និដ្ឋាន​ស្ថាពរ​ពី​នោះ​មក​បាន​គេ​បញ្ជូន​មក​ចៅក្រម​ស៊ើប ហើយ​បាន​ចៅក្រម​ស៊ើប​គាត់​សម្រេច​យ៉ាង​ណា​នឹង​មាន​នីតិវិធី​តាម​ហ្នឹង​ទៀត » ។

យោង​តាម​មាត្រា​២៤៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៅពេល​ដែល​ព្រះរាជអាជ្ញាទទួល​ការ​ជូន​ដំណឹង​ពី​ចៅក្រម​ និង​យល់​ឃើញ​ដូច​ចៅក្រម​ពី​ការ​បញ្ចប់​ការ​ស៊ើប​សួរ​នោះ ព្រះរាជអាជ្ញា​ធ្វើ​សេចក្តី​សន្និដ្ឋានស្ថាពរ​ជា​លាយ​លក្ខណ៍​អក្សរ​ និង​មាន​សំអាងហេតុ​។ ព្រះរាជអាជ្ញា​អាច​ប្ដឹង​សុំ​ឱ្យ​ចៅក្រម​ស៊ើប​សួរ​សម្រេច​បញ្ជូន​ខ្លួន​ជន​ត្រូវ​ចោទ ទៅកាន់​តុលាការ​ជំនុំ​ជម្រះ​ ឬ​ក៏​លើក​លែង​ការ​ចោ​ទ​ប្រកាន់។

សហមេធាវី​របស់​លោក កឹម សុខា លោក​​ស្រី ម៉េង សុភារី មាន​ប្រសាសន៍​ថា​ នេះជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា តែ​ទោះ​ជាយ៉ាង​ណា ​មេធាវី​នៅ​តែ​ទាម​ទារ​ឱ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរីភាពឡើង​វិញ​ដល់​លោក​ កឹម សុខា។

លោកស្រី ម៉េង​ សុធារី៖ « យើង​មិនដឹង​ថា ​រឿង​ហ្នឹង​ចៅក្រម​លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​កូន​ក្ដី​យើង​ខ្ញុំ​ ឬ​ក៏​បញ្ជូន​ទៅជំនុំ​ជម្រះ​ទេ។ ប្រសិន​ជា​ដីកា​ដំណោះស្រាយ​មាន​ខ្លឹម​សារ​លើក​លែង​បទ​ចោទ​ហ្នឹង​មិន​ត្រូវ​ការ​ជំនុំ​ជម្រះ​ទេ ហើយ​ពេល​នេះ​គឺ​សហមេធាវីក៏ដូចជាកូន​ក្ដី​គឺ​នៅ​តែ​ទាម​ទារ​ឱ្យ​លើក​លែង​បទ​ចោទ​ក្នុង​ដីកា​ដំណោះស្រាយ​ហ្នឹង​តែ​ម្ដង » ។

អ្នក​វិភាគ​លោកបណ្ឌិត​ មាស នី មាន​ប្រសាសន៍​ថា​​​​មាន​សញ្ញា​ពីរ​បន្ទាប់​ពី​ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើប​សួរ​នេះគឺ​ការ​ចោទ​ប្រកាន់ ឬ​លើក​លែង​ទោស​ដល់​លោក កឹម សុខា ដែល​សញ្ញា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ពិបាក​ដោះស្រាយ​។

បណ្ឌិត​ មាស នី៖ « ប្រសិន​បើ​ចោទ​ប្រកាន់​លោក​ កឹម សុខា កាត់​ទោស​លោក​ កឹម​ សុខា ថា​ជា​មនុស្ស​ក្បត់ជាតិ គឺ​តុលាការ​ត្រូវ​តែ​រក​ឱ្យ​ឃើញ​នូវ​ភស្តុតាង ខ្សែសង្វាក់ទំនាក់ទំនង​ជាក់លាក់​រវាង​បុគ្គល​ ឬ​ស្ថាប័ន​ណា​នៅ​ពី​ក្រោយ​ខ្នង​លោក​ កឹម សុខា ដែល​មាន​ទំនាក់​ទំនង​ជា​លាយលក្ខណ៍​អក្សរ​ ឬ​តាម​បែប​ណា​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​រក​ភស្តុតាង ហ្នឹង​បាន​អាច​កាត់​ទោស​បាន។ ប្រសិន​ជា​លើក​លែង​ទោស​ទម្លាក់​ចោល​ការចោទ​ប្រកាន់​នោះ​វា​នឹង​វិល​រកករណី​នៃ​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ​វិញ​ បានន័យ​ថា ​ប្រសិន​ជា​ទម្លាក់​ចោល​បទ​ចោទ​លោក ​កឹម សុខា បាន​ន័យ​ថា​ ការ​រំលាយ​បក្សសង្គ្រោះជាតិ​គឺ​ខុស​ច្បាប់! »

លោក កឹម សុខា អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម មុន​នឹង​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា លោក​ត្រូវ​បាន​តុលាការផ្ដល់សេរីភាព​ឱ្យ​វិញ​តែ​ភ្ជាប់​លក្ខខណ្ឌ​មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស និង​ហាម​ធ្វើ​នយោបាយ​។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​សម្តែង​ការ​សោកស្តាយដែលតុលាការមិនទម្លាក់ចោលបទចោទទាំងស្រុងលើលោក កឹម សុខា ដោយ​ទទូច​ឱ្យ​តុលាការ បិទ​បញ្ចប់​ការ​ស៊ើបសួរឲ្យ​បាន​ឆាប់​រហ័ស ឬ​ក៏​ទម្លាក់​ចោលបទ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹងលោកផង​ដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ