ពីរ​​ឆ្នាំ​មក​ហើយ អតីត​បុគ្គលិក​ RFA ២​រូប បន្ត​រស់​នៅ​​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​​

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ វា​មាន​រយៈ​ពេល ២​ឆ្នាំ​ហើយ ដែល​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ២​រូប លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឬ​ យាង សុជាមេត្តា ត្រូវ​បាន​​ចាប់​ខ្លួន និង​ជាប់​បណ្ដឹង​នៅ​ឯ​តុលាការ​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បន្ទាប់​មក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​មក អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​មិន​ច្បាស់​លាស់​ ហើយ​ពួកគេ​ក៏​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​អាជីព​សារព័ត៌មានដែល​ពួកគេ​ស្រឡាញ់​ចូល​ចិត្ត​នោះ​ឡើយ។

អនាគត​​របស់​ពួកគេរឹត​តែ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​ថែម​ទៀត បន្ទាប់​ពី​តុលាការ​សម្រេច​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​​ឡើង​វិញ​លើ​សំណុំ​រឿង​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា​កន្លង​មក។

លោក យាង សុជាមេត្តា នៅ​តែ​អះ​អាង​ថា រូប​លោក និង​លោក អ៊ួន ឈិន មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​លោក​ថា នីតិវិធី​របស់​តុលាការបាន​ធ្វើ​ឱ្យ​រូប​លោក​បាត់បង់សិទ្ធិសេរីភាពក្នុងការដើរហើរ និងប៉ះពាល់សតិអារម្មណ៍ក្រុមគ្រួសារ រួមទាំងជីវភាពគ្រួសារ ដោយសារតែមិនអាចប្រកបមុខរបវិជ្ជាជីវៈដែលខ្លួនស្រលាញ់ឲ្យបានពេញលេញ។ លោកបន្ថែមថា៖

«បើនៅតែបន្តធ្វើអីចឹង វាហាក់ដូចជា តុលាការកំពុងតែធ្វើបាប និងមានចេតនាសងសឹកមកលើយើងខ្ញុំទាំងពីរនាក់ ដែលជាអតីតអ្នកយកព័ត៌មានឱ្យ​វិទ្យុអាស៊ីសេរី ហើយការនៅតែបន្តសំណុំរឿងរបស់ខ្ញុំ វាបង្ហាញនូវមុខមាត់អាក្រក់របស់ប្រព័ន្ធតុលាការនៅកម្ពុជាដែលកំពុងតែរងការចោទប្រកាន់ថា មិនបានប្រព្រឹត្តនូវវិជ្ជាជីវៈរបស់ខ្លួន»

លោក អ៊ួន ឈិន និយាយថា ការបន្តសំណុំរឿងរបស់លោកនេះ គឺលោកមានការឈឺចាប់ណាស់ ដោយលោកត្រូវបាត់បង់សិទ្ធិសេរីភាព បាត់បង់ការងារដែលខ្លួនស្រលាញ់ ហើយ​សម្ភារសម្រាប់ប្រកបរបរចិញ្ចឹមជីវិតត្រូវបានរឹបអូសដោយសារតែការចោទប្រកាន់ដែលគ្មានភស្តុតាងច្បាស់លាស់នោះ។ លោកបន្ថែមថា៖

«ការបាត់បង់សេរីភាពនេះ វាគឺជារឿងដែលពិបាកណាស់ ខ្ញុំចង់ចេញទៅរៀនទៅសូត្រ និងទៅធ្វើអីនៅក្រៅប្រទេសក៏មិនកើត។ ហើយការទន្ទឹងរង់ចាំការផ្តល់យុត្តិធម៌ ការផ្តល់របស់របរដែលចាប់យកនោះមកឲ្យខ្ញុំ ដើម្បីប្រកបរបររកស៊ីធ្វើនេះធ្វើនោះឲ្យកម្រៃចិញ្ចឹមជីវិតឡើងវិញនោះ ក៏ខ្ញុំកាន់តែរង់ចាំកាន់តែខ្លាំងផងដែរ»

នៅ​ចំ​ខួប ២​ឆ្នាំ​នេះ​ដែរ ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​បាន​អំពាវ​នាវ​ទៅ​តុលាការកម្ពុជាឱ្យទម្លាក់ចោលទាំងស្រុងនូវបទចោទប្រកាន់ប្រឆាំង​អតីត​បុគ្គលិក​វិទ្យុអាស៊ីសេរី ២​នាក់​ផង​ដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់​ខ្លួន​នៅ​ថ្ងៃ​នេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ខេមបូចា) ដែល​ទើប​ទទួល​ស្គាល់​ដោយ​ក្រសួង​ព័ត៌មាន​កាល​ពី​ខែ​តុលា​កន្លង​មក​នេះ បានលើកឡើងថា អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២រូបនេះ បានរស់នៅដោយមិនមានសេរីភាព​ពេញលេញអស់រយៈពេល ២ឆ្នាំ​មក​ហើយ ដោយសារការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ​ចាប់​តាំង​ពី​ការដោះលែងឱ្យនៅក្រៅឃុំ​កាលពីខែសីហា ឆ្នាំ២០១៨។

ខេមបូចា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងគ្មានមូលដ្ឋានទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ហើយបានចាត់ទុកការបន្តសំណុំរឿងលើអ្នកទាំង ២នាក់នោះថា ជាការធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ និងជាការគំរាមកំហែងដល់សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាទាំងមូល។

នាយកប្រតិបត្តិ​នៃ​ខេមបូចា លោក ម៉ៃ ទិត្យថារ៉ា បាន​និយាយ​ក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖

«ការបន្តធ្វើទុក្ខបុកម្នេញលើអតីតអ្នកសារព័ត៌មានទាំង ២រូបនោះ គឺជាការបន្តបំភិតបំភ័យដល់អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ជាពិសេសអតីតអ្នកយកព័ត៌មានអាស៊ីសេរី ដោយអ្នកខ្លះមិនហ៊ានបន្តអាជីពជាអ្នកសារព័ត៌មាន ហើយអ្នកខ្លះទៀតបន្តលាក់ខ្លួនដោយសារភ័យខ្លាច»

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បាន​ឱ្យ​ដឹង​ថា តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ស៊ើប​អង្កេត​ឡើង​វិញ ប៉ុន្តែ លោក​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំ​វិញ​អំពី​រឿង​នេះ។

នៅ​ចំ​ថ្ងៃ​ខួប ២​ឆ្នាំ​នេះដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើង​លើទំព័រហ្វេសប៊ុ​ករបស់​ខ្លួនថា ការចាប់ខ្លួន ការឃុំខ្លួនដ៏យូរ និងដំណើរការកាត់ក្តីដែលអូសបន្លាយវែងលើអ្នកទាំង២នាក់នោះ គឺបានបំផ្លាញសេរីភាពសារព័ត៌មាន និងធ្វើអ្នកដទៃផ្សេងទៀតភ័យខ្លាចមិនចង់ធ្វើការងារផ្នែកសារព័ត៌មាននេះ។

ស្ថានទូតមហា​អំណាច​មួយនេះ បានស្នើទៅតុលាការឱ្យ​ទម្លាក់ចោលការចោទប្រកាន់ទៅលើអតីតអ្នកសារព័ត៌មានទាំង ២រូប រួមទាំងផ្តល់សិទ្ធិសេរីភាពពេញ និងយុត្តិធម៌ជូនអ្នកទាំង២នាក់នោះឡើងវិញ។

១​​ថ្ងៃ​មុន​ខួប ២​ឆ្នាំ​នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក៏បានសេចក្តីថ្លែងការណ៍មួយ ដោយទាមទារ​ទៅតុលាការកម្ពុជា ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ ២​រូប​ផង​ដែរ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ចារកម្ម» ​បម្រើ​ឱ្យ​រដ្ឋ​បរទេស ដែល​អង្គការមួយនេះចាត់ទុកការចោទប្រកាន់នេះថា «គ្មាន​ភស្តុតាង​ពិត​ប្រាកដ»

នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទទួល​បន្ទុក​តំបន់​អាស៊ី បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា​៖

«ករណី​ចោទ​ប្រកាន់​លើ​លោក អ៊ួន ឈិន និង ​យាង សុធារិន្ទ គួរ​ត្រូវ​បាន​ទម្លាក់​ចោល​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា ហាក់​ដូចជា​មាន​ចេតនា​ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះជា​ការ​ព្រមាន​ទៅ​អ្នកសារព័ត៌មាន​ដទៃ​ទៀត»

លោក​បន្ត​ថា​៖

«ករណី​មិន​ទាន់​បញ្ចប់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង​សារព័ត៌មាន​រាយការណ៍​ស៊ីជម្រៅ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា»

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែលជា​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ទៀត បាន​រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដោយចាត់​ទុក​ករណី​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ថា ជា​ការ​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​​អ្នកសារព័ត៌មាន​នៅ​កម្ពុជា។

អង្គការ​នេះ​ បាន​ថ្លែងក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖

«អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ទម្លាក់​ចោល​ភ្លាមៗ​នូវ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ទៅ​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហើយ​ត្រូវ​ចាត់វិធានការ​កែលម្អ​បន្ថែម​ទៀត ដើម្បី​ស្ដារ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ