សមាជិកឧត្តមក្រុមប្រឹក្សាហៅវិធានការ EU ធ្វើឡើងខុសច្បាប់អន្តរជាតិ

លោក ពេជ្រ ស្រស់ – លោក ម៉ម សូណង់ដូ និងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង។ រូបភាព៖ បណ្ដាញសង្គម

ថ្នាក់ដឹកនាំគណបក្សមួយចំនួនជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា វិធានការ EU ដាក់សម្ពាធលើកម្ពុជាជារដ្ឋឯករាជ្យនោះ ធ្វើឡើងក្រោមហេតុផលនយោបាយ និងផ្ទុយពីច្បាប់អន្តរជាតិ។​ ​

ការលើកឡើងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីសហភាពអឺរ៉ុបប្រកាសកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា បានបញ្ចប់របាយការណ៍ស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន ហើយបានបញ្ជូនរបាយការណ៍នេះទៅឱ្យរដ្ឋាភិបាលកម្ពុជាដោយទុករយៈពេល១ខែ ដើម្បីឱ្យធ្វើការឆ្លើយតប។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា លោកមិនមានគម្រោងលើកយកបញ្ហាការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធទៅជជែកជាមួយរដ្ឋាភិបាលនោះទេ។ លោកបន្តថា ការទាមទាររបស់សហភាពអឺរ៉ុបជារឿងនយោបាយ និងជាការរំលោភអធិបតេយ្យភាពកម្ពុជា ដែលហៅថា ខុសទៅនឹងច្បាប់អន្តរជាតិ។

«ខ្ញុំមើលឃើញលក្ខខណ្ឌស្មើនឹងបញ្ជារដ្ឋាភិបាលមួយហើយ ក្នុងនាមខ្លួនជាអង្គការពិភពលោកមកបញ្ជារដ្ឋាភិបាលមួយដែលមានអធិបតេយ្យភាព វាមិនសមរម្យ វាខុសច្បាប់អន្តរជាតិ។»

ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង លើកឡើងដែរថា លោកមិនចាប់អារម្មណ៍រឿងប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបដែលភ្ជាប់ជាមួយលក្ខខណ្ឌនយោបាយនោះទេ។​

«ខ្ញុំអត់សំខាន់ទេ ប្រសិនជាគេឈរលើមូលដ្ឋាន ការចូលអភិវឌ្ឍន៍កម្ពុជា ដោយការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ជួយសម្រួលពន្ធនានា ហើយបើគេមិនផ្ដល់ យើងបង់ពន្ធទៅ។ ប៉ុន្តែ បើគេផ្ដល់ជាការផ្ដល់មួយដោយមិនភ្ជាប់លក្ខខណ្ឌនយោបាយ យើងអាចនឹងពិចារណាអីផ្សេង សុខៗគេចង់ផ្ដាច់ អាហ្នឹងយើងអាចពិចារណាផ្សេងសម្រាប់ខ្ញុំ ប៉ុន្តែ បើលក្ខខណ្ឌនយោបាយចេះចុះអី អាហ្នឹងខ្ញុំយល់ថា រឿងអីយើងគួរតែរៀបចំកិច្ចការនយោបាយប្រទេសទៅតាមការបញ្ជាដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីតាមការបញ្ជារបស់បរទេស ដើម្បីប្រព័ន្ធអនុគ្រោះពន្ធ ធ្វើអ៊ីចឹងអត់ត្រូវទេ»។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ក៏យល់ថា បញ្ហានេះជារឿងនយោបាយដែរ។ លោក ម៉ម សូណង់ដូ ថាលោកមិនមានយោបល់អ្វីទេគឺគាំទ្រលើចំណាត់ការរបស់រដ្ឋាភិបាល។​

«ពីមុនហ្នឹង មានគណបក្សប្រឆាំងហ្នឹង វារញ៉េរញ៉ៃ វាមិនមែនយកបញ្ហាជាតិមកដោះស្រាយទេ វាយកចំណុចខ្សោយប្រទេសជាតិ ដើម្បី​ទាមទារអំណាច ដើម្បីឈ្នះឆ្នោត ដូច្នេះប្រទេសយើងវាវ៉ល់ ការមិនយកបញ្ហាហ្នឹងទៅលើកនិយាយជា​មួយរាជរដ្ឋាភិបាល ពីព្រោះខ្ញុំស្របគោលការណ៍រដ្ឋាភិបាល គឺយើងអត់មានជម្រើសទេ ត្រូវតែដាក់ចង្កូត ដាក់គន្លឹះឱ្យស្រួល ទៅទិសដៅណាដែលយើងបានកំណត់ »។

អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក  អ៊ូរ ច័ន្ទរ័ត្ន មានប្រសាសន៍ថា ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប មានសារៈសំខាន់សម្រាប់មនុស្សរាប់លាននាក់ ដែលត្រូវមានវិធានការការពារ។​

«ខ្ញុំមើលឃើញថា ឧត្ដមក្រុមប្រឹក្សា ពិគ្រោះយោបល់ មានជំហរដូចរដ្ឋាភិបាល មានទស្សនៈគាំទ្ររដ្ឋាភិបាល។ ដូច្នេះ មើលមិនឃើញសារៈសំខាន់ពី EBA ទេ ប៉ុន្តែ យើងជាប្រជាពលរដ្ឋ យើងមើលឃើញ EBA មានសារៈសំខាន់ វាប៉ះពាល់ជីវភាពរាស្ត្ររាប់លាននាក់ ហើយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល»។

នៅក្នុងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា គណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបបានបញ្ចប់របាយការណ៍របស់ខ្លួន ហើយបានបញ្ជូនឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ និងឆ្លើយតប។

សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅ​កាត់​ថា GMAC បង្ហាញក្ដីបារម្ភ ដោយថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កម្មកររោងចក្រ ៧៥ម៉ឺននាក់ និងប៉ះពាល់ដល់ពលរដ្ឋខ្មែរ ៣លានគ្រួសារផ្សេងទៀតដោយប្រយោល។

ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ EBA របស់អឺរ៉ុបនេះ​ សម្រាប់​ការ​នាំ​ទំនិញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។ EBA ​នេះ​បាន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​​ប្រមាណ ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ