អ្នកនាំពាក្យរដ្ឋាភិបាលថា​ កម្ពុជា​នឹងមិនបន្ទន់ជំហរដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA

លោក ផៃ ស៊ីផាន និងលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា កម្ពុជានឹងមិនមានការបន្ទន់ជំហរណាមួយជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ ”អ្វីៗគ្រប់យ៉ាង​លើកលែងអាវុធ” ឬហៅកាត់ថា EBA ដោយលោកបញ្ជាក់ថា កម្ពុជាអនុវត្តទៅតាមច្បាប់របស់ប្រទេស។​

ការលើកឡើងបែបនេះរបស់លោក គឺឆ្លើយតបទៅនឹងរបាយការណ៍ស៊ើបអង្កេតដំណាក់កាលទី២ របស់គណកម្មការអឺរ៉ុប ក្នុងដំណើរឈានទៅដល់ការព្យួរប្រព័ន្ធ EBA ពីកម្ពុជា​ ដែលបានផ្ញើទៅរដ្ឋាភិបាលពិនិត្យ និងឆ្លើយតបនៅថ្ងៃម្សិលមិញ។ បើតាម​នីតិវិធី កម្ពុជាមានពេល​១ខែ គិតចាប់ពីថ្ងៃទទួល ដើម្បីធ្វើការពិនិត្យ និងឆ្លើយតប ហើយគណកម្មការនឹងបិទបញ្ចប់របាយការ​ណ៍ និងធ្វើការសម្រេចចិត្តនៅខែ​កុម្ភៈ ឆ្នាំ២០២០។   

លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានសរសេរលើបណ្តាញសង្គមTwitter របស់លោកស្រីថា សហភាពអឺរ៉ុបមានការព្រួយបារម្ភខ្លាំងពីបញ្ហាសិទ្ធិមនុស្ស។​ លោកស្រី Cecilia Malmstrom៖

«យើងបានបញ្ចប់របាយការណ៍របស់យើងស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធបណ្តោះអាសន្នលើកម្ពុជា។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។​»  

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា កម្ពុជាបានពន្យល់តបក្តីកង្វល់របស់សហគមន៍អឺរ៉ុប ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជារួចហើយ ហើយខ្លួនកំពុងរង់ចាំមើលលទ្ធផលនៃការសម្រេចចិត្តរបស់គណៈកម្មការ។ លោកគូសបញ្ជាក់ថា កម្ពុជា នឹងមិនមានការផ្លាស់ប្តូរជំហរដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះនោះទេ។ លោក ផៃ ស៊ីផាន៖

«យើងអត់មាននិយាយរឿងបន្ធូរបន្ថយ យើងពន្យល់ពីអ្វីដែលយើងបានធ្វើ ពីព្រោះការកសាងជាតិ មិនមែនទៅតាមអារម្មណ៍ ទៅតាមវេក្យាសព្ទរឿងអ្វីនោះទេ ឬវោហារសព្ទនោះទេ គឺយើងធ្វើទៅតាមអ្វីដែលជាច្បាប់»

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានឱ្យដឹងថា កម្ពុជា បានទទួលយករបាយការណ៍នោះពីគណកម្មការហើយ ប៉ុន្តែ លោកថា លោកមិនទាន់បានពិនិត្យខ្លឹមសារនៅក្នុងនោះនៅឡើយ។ យ៉ាងណា លោកលើកឡើងថា ការបង្ហាញពីក្តីកង្វល់នានារបស់សហគមន៍អឺរ៉ុបកន្លងមក គឺជាសិទ្ធិរបស់ពួកគេ។ លោក កុយ គួង៖

«បាទ! អារឿងខាងគាត់កង្វល់ អាហ្នឹងគឺជាសិទ្ធិរបស់គាត់ ប៉ុន្តែ អ្វីដែលយើងអាចធ្វើបានក៏ជាសិទ្ធិរបស់យើងដែរ។ អ្វីដែលយើងអាចធ្វើបាន យើងធ្វើ អ្វីដែលយើងធ្វើមិនបាន គឺយើងមិនអាចធ្វើបានទេ»

ចាប់ពីខែកុម្ភៈមក សហភាពអឺរ៉ុបដែលមានសមាជិក ២៨ប្រទេស បានដំណើរការនិតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្ដោះ​អាសន្ន​ ក្រោយពីរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន។

សហភាពនេះ ​បាន​ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពសិទ្ធិមនុស្ស ឲ្យអតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ដំណើរការ​ឡើងវិញ និង​ត្រូវ​ដោះ​លែង​លោក កឹម សុខា ជាដើម ខណៈ​ដែល​រដ្ឋាភិបាល​ឆ្លើយ​តប​ថា​ ជា​បន្ទាត់​ក្រហម​មិន​អាច​ធ្វើ​ទៅ​រួច​ ព្រោះ​ជាអ​ធិបតេយ្យ​ជាតិ។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា​ EBA ត្រូវបានមន្ត្រីជំនាញ រដ្ឋាភិបាលប៉ាន់ប្រមាណថា ទឹក​ប្រាក់​ជិត ៧០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ