កម្មករបារម្ភបាត់បង់ការងារបន្ទាប់ពីរោងចក្រត្រូវភ្លើងឆេះអស់ទាំងស្រុង

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គិភ័យឆេះរោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រមួយស្ថិតនៅខណ្ឌដង្កោរាជធានីភ្នំពេញ បារម្ភបាត់បង់ការងារធ្វើ ក្រោយពីរោងចក្រដែលពួកគេបំពេញការងារនោះ ត្រូវឆ្លើងឆេះអស់ទាំងស្រុងកាលពីម្សិលមិញ។

កាលពីម្សិលមិញនេះ រោងចក្រមានម្ចាស់ជាជនជាតិចិនមួយឈ្មោះ អេឃ្វេ ភើហ្វមមេនស៍ (ខេមបូឌា) នៅសង្កាត់ព្រៃស ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនៅម៉ោង១រំលងអធ្រាត្រយប់មិញនេះ ដោយសារផ្ទុះហ្គាស។

កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រ អេឃ្វេ ភើហ្វមមេនស៍ អ្នកស្រី អ៊ិម សំអាត មានប្រសាសន៍ថា ក្រោយរោងចក្រនេះឆេះអស់ អ្នកស្រីបារម្ភបាត់បង់ការងារធ្វើ ដោយថា អ្នកស្រីបម្រើការងារនៅរោងចក្រនេះរយៈពេល៤ឆ្នាំហើយ។ អ្នកស្រី អ៊ិម សំអាត៖

« ខ្ញុំព្រួយបារម្ភណាស់ ខ្លាចអត់មានការងារធ្វើ។ អត់ការងារធ្វើ បានអីចិញ្ចឹមកូន។ ឥលូវអត់ដឹងថាយ៉ាងម៉េចទេ។ ខាងរោងចក្រគេអត់ទាន់ផ្តល់ដំណឹងដល់ពួកយើងថា ត្រូវបញ្ឈប់ ឬបញ្ជូនទៅកន្លែងណាទៀត»

កម្មករិនីផ្នែកកាត់ខ្សែរអំបោះ អ្នកស្រី សុខ ឌីណា និយាយថា ប្រសិនបើរោងចក្របិទ ពួកគាត់ប្រឈមអត់ការងារ និងត្រូវរើចេញទៅរកការងារកន្លែងផ្សេង។ អ្នកស្រីបន្តថា ថៅកែនៅជំពាក់ប្រាក់ឈ្នួលកម្មករកន្លះខែទៀតមិនទាន់បានបើកឲ្យពួកគាត់។ អ្នកស្រីបន្ថែមថា

«ថៅកែរោងចក្រនេះស្រួលទេ គាត់ល្អតើ។ រោងចក្រនេះដល់ថ្ងៃបើកលុយកម្មករគឺទាន់ពេលវេលា និយាយទៅគាត់អត់ដែលបង្កបញ្ហាលំបាកដល់កម្មករទេ។ ប៉ុន្តែ យើងបារម្ភ ព្រោះថៅកែក៏គាត់ខាត ហើយកម្មករដែលធ្វើការរយៈពេលកន្លះខែហ្នឹងក៏មិនដឹងទៅទារលុយពីគាត់យ៉ាងម៉េច? យើងចាំមើលគាត់ហៅយើងប្រជុំសិន ថាផ្អាកដំណើរប៉ុន្មានខែៗ ហើយគាត់បន្តទៀត យើងរងចាំពួកគាត់ទៅ។ បើអត់ទេ យើងរកថ្មីទៅ»

ប្រធានរដ្ឋបាលរបស់រោងចក្រ លោក អ៊ុង គង់ហេង ឱ្យដឹងថា បើទោះបីជារោងចក្រនេះត្រូវឆេះអស់ទាំងស្រុងក៏ដោយគឺខាងរោងចក្រមិនបោះបង់កម្មករនោះទេ ដោយថា ថៅកែនឹងធ្វើការងារដោះស្រាយដោយសន្តិវិធីជូនកម្មករ។

ប្រធានរដ្ឋបាលរូបនេះបន្តថា ករណីភ្លើងឆេះអគារអស់ទាំងស្រុងនេះ គឺថៅកែមិនទាន់អាចគណនាតម្លៃខូចខាតបាននៅឡើយទេ។ ហើយថា រោងចក្រនឹងសាងសង់អគារឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។ លោក អ៊ុង គង់ហេង ៖

«យើងនឹងរៀបចំរកដំណោះស្រាយមួយដ៏ល្អ ជូនកម្មករ គឺអត់មានការបញ្ឈប់ពួកគាត់ទេ។ ជំហររបស់រោងចក្រគឺ អាចនឹងសាងសង់ឡើងវិញ។ ស្អែកខានស្អែកយើងនឹងធ្វើការជួបប្រជុំជាមួយពួកគាត់ដើម្បីរកដំណោះស្រាយ»

បើតាមលោក អ៊ុង គង់ហេង រោងចក្រ អេឃ្វេ ភើហ្វមមេនស៍ គឺផលិតអាវពោងទឹក និងដេរកាតាប ដែលមានកម្មករ-កម្មការិនីបម្រើការងារជាង៦០០នាក់។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់វីអូឌីតាម Telegram៖

« ក្រសួងកំពុងសិក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យមើលច្បាប់ និងការធានារ៉ាប់រងនានា ដើម្បីជាប្រយោជន៍ដល់បងប្អូនកម្មករ»។

មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត មានប្រសាសន៍ជាទូទៅថា បើរោងចក្រមួយឆេះ ហើយស៊ើបអង្កេតរកឃើញថា ការឆេះនោះកើតឡើងដោយការធ្វេសប្រហែសរបស់និយោជក គឺនិយោជកត្រូវទូទាត់សំណងជូនកម្មករតាមផ្លូវច្បាប់ ប៉ុន្តែបើស៊ើបអង្កេតរកឃើញថា កើតឡើងដោយឯកឯង ដោយគ្រោះធម្មជាតិ នោះថៅកែត្រូវរួចផុតពីការទទួលខុសត្រូវទូទាត់សំណង។ លោកបន្ថែមថា៖

«បើសិនជាបញ្ហាដែលកើតឡើង មិនស្ថិតក្នុងករណីប្រធានសក្ដិទេ មានន័យថា មិនស្ថិតចូលទៅក្នុងការកើតឡើងដោយឯកឯង ដោយគ្រោះធម្មជាតិ រន្ទះបាញ់ ឬក៏អ្វីផ្សេងទៀតទេ អាហ្នឹងគឺ ជាកាតព្វកិច្ចរបស់និយោជកត្រូវតែបង់ជូនទៅដល់បងប្អូនកម្មករទៅតាមផ្លូវច្បាប់។ បើពួកគាត់មានកិច្ចសន្យាមិនកំណត់ ត្រូវគិតឲ្យគាត់ប្រាំចំណុច ប៉ុន្តែបើស្ថិតក្នុងករណីប្រធានសក្កិនិយោជកអាចរួចផុតពីកាតព្វកិច្ចពីការបង់ប្រាក់ឈ្នួល»

អធិការរងនគរបាល​ខណ្ឌដង្កោ លោក សូរ វិសាល បានឱ្យដឹងថា រោង​ចក្រ​កាត់ដេរ អេឃេ ភើហ្វមមេនស៍ (ខេមបូឌា) បាន​ត្រូវ​ភ្លើង​ឆាប​ឆេះ​នៅ​វេលា​ម៉ោង ១​រសៀល​ ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ហើយ​លោក​ថា អគ្គិភ័យ​នេះ​កើត​ចេញ​ពី​ការ​ផ្ទុះ​ធុង​ហ្គាស។

លោក សូរ វិសាល ឲ្យដឹងថា ករណីភ្លើងឆេះរោងចក្រនេះ អាជ្ញាធរបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យចំនួន៨៧គ្រឿង និងផ្លាស់ប្តូរយកទឹកពន្លត់ចំនួន២៨៧ជើង ហើយរលត់អស់ទាំងស្រុងនៅម៉ោង១រំលងអធ្រាត្រយប់មិញនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ