ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​អំពាវនាវទៅរដ្ឋាភិបាលឱ្យ​ធានាសេរីភាព​សម្រាប់​អ្នកសារព័ត៌មាន​

លោក ជន ចាន់រ៉ែន (ខាងមុខ) និងលោក វណ្ណ វិចារ (ក្រោយ)

ក្រុម​អ្នកសារព័ត៌មានកម្ពុជា បាន​ទាមទារ​ទៅរដ្ឋាភិបាល និងអាជ្ញាធរ ឱ្យធានាពីសេរីភាពពេញលេញនៃការរាយការណ៍​ព័ត៌មាន​របស់អ្នកសារព័ត៌មានដែលបម្រើការនៅក្នុងប្រទេសកម្ពុជា ក្រោយ​ពី​អ្នកសារព័ត៌មាន​វីអូឌី ២​រូប ត្រូវ​បាន​ឃាត់​សួរ​នាំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អ្នក​រាយការណ៍​ព័ត៌មានវីអូឌី លោក វណ្ណ វិចារ និង​សហការី លោក ជន ចាន់រ៉ែន ដែល​ជា​អ្នក​ថតរូប ត្រូវ​បាន​កង​កម្លាំង​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់​ខ្លួន និង​សាក​សួរ អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​អំពី​ស្ថានភាព​ច្រក​ព្រំដែន​ប៉ោយប៉ែត ទាក់ទងនឹងការវិលត្រឡប់មកកម្ពុជាវិញរបស់អតីតមេដឹកបក្សប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា។

លោក វណ្ណ វិចារ រាយការណ៍ព័ត៌មានពីខេត្តបន្ទាយមានជ័យ
លោក វណ្ណ វិចារ រាយការណ៍ព័ត៌មានពីខេត្តបន្ទាយមានជ័យ

លោក វណ្ណ វិចារ បាន​ប្រាប់​ថា រូប​លោក និង​លោក ជន ចាន់រ៉ែន ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​នៅ​ម៉ោង​ប្រហែល ៣​រសៀល​ ហើយ​បញ្ជូន​ទៅ​សាក​សួរ​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​រហូត​ដល់​ម៉ោង ៦​ល្ងាច។

អ្នកសារព័ត៌មាន​រូប​នេះ រៀប​រាប់​បន្ត​​ថា សម្ភារសម្រាប់​បម្រើ​ឱ្យ​ការ​ផលិត​ព័ត៌មាន ហើយ​សូម្បី​តែ​សារ​ឆ្លើយ​ឆ្លង​ជាមួយ​ភរិយា​លោក ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដក​ហូត​យក​ទៅ​ត្រួត​ពិនិត្យ​ផង​ដែរ ដែល​សកម្មភាព​នេះ លោក​ចាត់​ទុក​ថា ជាការរារាំងដល់សិទ្ធសេរីភាពក្នុងការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ លោក វណ្ណ វិចារ ប្រាប់ថា៖

«គាត់ឃាត់ខ្លួនពួកខ្ញុំប្រហែលកន្លះម៉ោងហើយ គាត់ក៏បំបែកខ្ញុំជាមួយចាន់រ៉ែនទៀត។ គាត់យកខ្ញុំទៅដាក់ក្នុងបន្ទប់មួយ ហើយគាត់សួរខ្ញុំ ដើម្បីគាត់ឆែកមើល។ គាត់ឆែកមើលទូរសព្ទ គាត់ឆែកមើលសារក្នុងគ្រុបក្នុងទូរសព្ទទាំងអស់ហ្នឹង ហើយនិងឆែកមើលឯកសារក្នុង Laptop។ គាត់មើលអត្ថបទយើង ហើយគាត់សួរ អាអត្ថបទនេះយ៉ាងម៉េច? អាអត្ថបទនោះយ៉ាងម៉េចអ៊ីចឹង? ចំពោះទូរសព្ទគាត់ឆែកមើលសារក្នុង Messenger អ៊ីចឹង គាត់ក៏ស្តាប់សារមួយចំនួន។ ឆ្លងកាត់ការសួរនាំហើយ គាត់ក៏ធ្វើរបាយការណ៍ជូនថ្នាក់លើគាត់ តែខ្ញុំមិនដឹងថា កម្រិតប៉ុណ្ណាទេ»

​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គៀត ហ៊ុល និង​​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មិន​បក​ស្រាយ​អំពី​ករណី​ឃាត់​ខ្លួន​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ទេ ដោយ​​ប្រាប់​ថា ​ជាប់​រវល់។

ក្នុងសេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានបង្ហាញការសោកស្តាយ និង​ព្រួយបារម្ភ​ករណីកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនលោក វណ្ណ វិចារ និងលោក ជន ចាន់រ៉ែន ទៅសាកសួរអស់រយ:ពេលជាង ៣ម៉ោង។

ខេមបូចា លើក​ឡើង​ថា សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មាន ដោយគ្រាន់តែពួកគេព្យាយាមថតរូប និងថតវីដេអូអំពីសកម្មភាពតវ៉ារបស់អាជីវករដឹកត្រី ដែលបានទាមទារឱ្យអាជ្ញាធរបើកច្រកព្រំដែន ដើម្បីបានយកត្រីទៅលក់ក្នុងទឹកដីថៃ។

ខេមបូចាស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ឱ្យធានាសិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅទូទាំងប្រទេស ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ដោយពុំមានភាពភ័យខ្លាច ការគាបសង្កត់ និងការចោទប្រកាន់នានា ស្របទៅតាមមាត្រា ៤១ រដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រា៤១ នៃ​រដ្ឋធម្មនុញ្ញកម្ពុជា​ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។

នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ម៉ៃ ទិត្យថារ៉ា ចាត់ទុកការហៅអ្នកសារព័ត៌មានទាំងពីរនាក់ទៅសាកសួរនេះថា អាជ្ញាធរកំពុងរឹតត្បិតសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជា។ លោកស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរទាំងអស់ ត្រូវធានាពីសិទ្ធិសេរីសារព័ត៌មាននៅទូទាំងប្រទេស ដោយកុំឱ្យមានករណីនេះឡើងបន្តទៀត។ លោក ម៉ៃ ទិត្យថារ៉ា ប្រាប់​ថា​៖

«ធានាទៅដល់សិទ្ធិអ្នកសារព័ត៌មាន ដោយគាត់អាចធ្វើការយកព័ត៌មានបាន ដោយគ្មានការភ័យខ្លាច និងការគំរាមកំហែង។ ការធ្វើបែបនេះ វាប៉ះពាល់ដល់អ្នកសារព័ត៌មានធ្វើឱ្យពិបាកក្នុងការយកព័ត៌មាន ហើយវាជាការគំរាមកំហែងអ្នកយកព័ត៌មាន»

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត ដែល​បាន​ចុះ​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ផង​ដែរ​នោះ មានប្រសាសន៍ថា អ្នកសារព័ត៌មានមាន​សិទ្ធិថតរូបភាព ឬព្រឹត្តិការណ៍ដែលកើតឡើងទីសាធារណៈបាន ដោយមិនមានការគំរាមកំហែងឡើយ។

លោកបន្តថា ប្រសិនបើអ្នកសារព័ត៌មានគ្រាន់តែថតរូបអំពីព្រឹត្តិការណ៍ពិតនៅទីសាធារណៈ ហើយត្រូវសមត្ថកិច្ចឃាត់ ឬហៅទៅសាកសួរ បង្ហាញឱ្យឃើញ​សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា មិនទាន់មានភាពប្រសើរឡើយ។ លោក វណ្ណ សូផាត ប្រាប់​ថា​៖

«សេរីភាពអ្នកសារព័ត៌មាននៅប្រទេសកម្ពុជាហ្នឹង គឺថាមិនទាន់បានគោរពឱ្យបានទូលំទូលាយទៅតាមបទដ្ឋានអន្តរជាតិនៅឡើយទេ»

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ និងលោក មាស សុភ័ណ្ឌ រួមទាំងលោក អ៊ុក គឹមសេង បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​​លេខ​១៤៣ លើ​១៨០ ដែល​បង្ហាញ​ថា​ ស្ថានភាព​សេរី​ភាព​សារព័ត៌មាននៅ​ក្នុង​ប្រទេស​នេះ ​ស្ទើរ​តែ​គ្មាន​ភាព​សេរីទាល់​តែ​សោះ និង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ពី​១៤២​ នៅ​ឆ្នាំ​២០១៨ និង​១៣៧ ​ក្នុង​ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ