ក្រសួងការបទេសលុបចោលសុពលភាពលិខិតឆ្លងដែនអតីតមន្ត្រីជាន់ខ្ពស់ CNRP ចំនួន១២នាក់

លោក ឡុង រី – លោក អេង ឆៃអៀង និងលោកស្រី មូរ សុខហួរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចលុបចោលសុពលភាពលិខិតឆ្លងដែនរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១២រូប។

ក្នុងលិខិតចុះថ្ងៃទី៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាប្រាប់ទៅបេសកកម្មការទូត និងកុងស៊ុលទាំងអស់របស់កម្ពុជាថា លិខិតឆ្លងដែនរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន១២រូប ត្រូវបានចាត់ទុកជាមោឃភាព។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលត្រូវបានក្រសួងការបរទេសលុបចោលលិខិតឆ្លងដែននោះមាន លោកស្រី មូរ សុខហួរ លោក ហូរ វណ្ណ លោក អេង ឆៃអៀង លោក ឡុង រី លោក សរ ចាន់ដេត លោក មុំ ផល្លា លោក គង់ សាភា លោក ហេង ដាណារ៉ូ និងមន្ត្រីមួយចំនួនទៀត។

អ្នកនាំពាក្យក្រសួងការបរទេស លោក គុយ គួង បញ្ជាក់ប្រាប់វីអូឌីប្រព័ន្ធ Telegram បន្ថែមថា ក្រសួងការបរទេសបានសេចក្តីប្រកាសនេះពិតមែន ដោយលោកបញ្ជាក់ថា

« ការលុបចោលលិខិតឆ្លងដែននេះ ដោយសារអ្នកទាំងនោះ មានទោសតាមសាលក្រមតុលាការ ហើយពួកគេរត់គេចពីការអនុវត្តច្បាប់ ចេញទៅប្រទេសក្រៅ»

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ករណីរដ្ឋាភិបាលលុបចោលលិខិតឆ្លងដែនរបស់អតីតមន្ត្រីបក្សប្រឆាំងនេះ គឺបានរំលោភទៅលើរដ្ឋធម្មនុញ្ញាដែលមានចែងអំពីសិទ្ធិពលរដ្ឋក្នុងការទទួលបានការបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ជាដើម។

ប៉ុន្តែ យ៉ាងណា លោកស្រីថា ក្រុមមន្ត្រីអតីតបក្សប្រឆាំងពុំការព្រួយបារម្ភ និងភ័យខ្លាចនោះទេ ដោយថា រដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងឆ្អែតឆ្អន់ហើយ។ លោកស្រីបន្ថែមថា៖

«យើងមិនភ័យខ្លាចទេ គេធ្លាប់ធ្វើបាបយើងសឹងតែបាត់បង់ជីវិត ហើយយើងបានជាប់គុករាប់ឆ្នាំ។ អ្វីដែលបារម្ភ និងភ័យខ្លាចគឺការបាត់បង់ EBA»។

កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ អង្គការលើកលែងទោសអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើងឡើងថា ករណីរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលលិខិតឆ្លងដែនរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនោះ គឺជាផ្នែកមួយទៀតនៃការធ្វើទុក្ខបុកម្នេញលើទៅអតីតមន្ត្រីបក្សប្រឆាំង។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អង្គការអន្តរជាតិមួយនេះបានស្នើទៅរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការដាក់សម្ពាធទៅលើប្រទេសជាសមាជិកក្នុងតំបន់ ដើម្បីរុកកួន និងចាប់ខ្លួនពលរដ្ឋកម្ពុជាដែលមានទំនាក់ទំនងជាមួយអតីតបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ