បទយកការណ៍៖ ទូកសហគមន៍អ៊ីស្លាមប្តេជ្ញាយកជ័យលាភីទៀតនៅឆ្នាំនេះ ទោះខ្វះខាតថវិកាទ្រទ្រង់

សកម្មភាពហាត់សម នៃក្រុមកីឡាករទូកជ្រោយចង្វាមានជ័យរស្មីមេគង្គ នៅលើដងទន្លេចតុមុខ ស្ថិតក្នុងភូមិ២ សង្កាត់ចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ រូបភាព សាញ់ ប៊ុនហឿន

សំឡេងប្រកូកប្រកាសពីគណៈកម្មការទូក តាមឧបករណ៍បំពងសំឡេងបន្លឺឡើងដោយនិយាយភាសាខ្មែរខ្លះ ភាសាឥស្លាមខ្លះ មុខវិហារឥស្លាមកូឡាលោម នៅជាប់មាត់ច្រាំងទន្លេ បន្តិចក្រោយមកកីឡាករទូកបានប្រមូលផ្តុំគ្នានៅទីចំណតទូកមួយនេះ។          

សកម្មភាពហាត់សម នៃក្រុមកីឡាករទូកជ្រោយចង្វាមានជ័យរស្មីមេគង្គ នៅលើដងទន្លេចតុមុខ ស្ថិតក្នុងភូមិ២ សង្កាត់ចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ រូបភាព សាញ់ ប៊ុនហឿន
សកម្មភាពហាត់សម នៃក្រុមកីឡាករទូកជ្រោយចង្វាមានជ័យរស្មីមេគង្គ នៅលើដងទន្លេចតុមុខ ស្ថិតក្នុងភូមិ២ សង្កាត់ចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ រូបភាព សាញ់ ប៊ុនហឿន

កីឡាករ ម៉ាត់ សូម៉ាន់ និង ណោះ ស៊ូកូត អ្នកទាំងពីរត្រៀមជួយទម្លាក់ទូកចុះទឹកជាមួយនឹងកីឡាករដទៃទៀត។​

លោក ម៉ាត់ សូម៉ាន់ ​ថាពួកគាត់ត្រូវហាត់សមមុនថ្ងៃប្រកួត ហើយការហាត់សមនេះគឺធ្វើឡើងដោយស្ម័គ្រចិត្ត។​

«និយាយទៅស្ម័គ្រចិត្តមក (ហាត់) អត់មានបានថវិកាអីទេ ដើម្បីមុខមាត់ភូមិស្រុក ព្រោះតែការស្រលាញ់»។​

ក្នុងឯកសណ្ឋានជាកីឡាប្រណាំងទូក អាវយឺតដៃខ្លីពណ៌ត្រួយចេក កីឡាករ ម៉ាត់ សូម៉ាន់ អាយុ២៩ឆ្នាំ និយាយឮៗដោយលាយឡំនឹងសំណើចក្អាកក្អាយផងថា ការប្រណាំងទូកឆ្នាំនេះ ទូកជ្រោយចង្វារសែនជ័យរស្មីមេគង្គ នឹងយកជ័យជំនះបន្តទៀត។

ម៉ាត់ សូម៉ាន់ ៖ «២០១៨ យើងបានលេខមួយ ២០១៩ នឹងយកលេខមួយបន្តទៀត»។

ទូកជ្រោយចង្វារមានជ័យរស្មីមេគង្គ ជាកម្មសិទ្ធិរបស់សហគមន៍ខ្មែរឥស្លាម ចំណុះក្រោមវិហារកូឡាលោម មានទីតាំងនៅជាប់មាត់ទឹកនៃទន្លេចតុមុខ ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីឥស្លាម លោក ឡោះ ម៉ាត់សេន អាយុ៥០ឆ្នាំ ជាអតីតកីឡាករប្រណាំងទូកហើយបច្ចុប្បន្នជាប្រធានគណៈកម្មការទូកជ្រោយចង្វារមានជ័យរស្មីមេគង្គ ប្រាប់ថា កីឡាករទាំងអស់មមាញឹកនឹងមុខរបរចិញ្ចឹមជីវិត ដូចជា រត់ម៉ូតូឌុប លក់មាន់ ឬលក់ត្រី ជាដើម ប៉ុន្តែ ពួកគេនៅតែព្យាយាមចូលរួម។​

«កីឡាករខ្ញុំរាល់ថ្ងៃនេះ គឺគាត់រកដោយខ្លួនឯង ចិញ្ចឹមខ្លួនឯង អត់មានអ្នកណាឧបត្ថម្ភទេ មានតែបងប្អូន (អ្នកភូមិ) ឧបត្ថម្ភបន្តិចបន្តួចៗ ធ្វើម៉េចឱ្យបានចូលក្នុងបុណ្យជាតិយើង»។

ជាគណៈកម្មការកាន់ស្បៀង លោក ស្មាន កូប បញ្ជាក់បន្ថែមថា បន្ទាប់ពីការអំពាវឱ្យមានការចូលរួមឧត្ថម្ភ អ្នកភូមិបានចូលរួមផ្តល់ជាសម្ភារ និងថវិកាតិចតួចទៅតាមលទ្ធភាព។

«អ្នកភូមិបានចូលរួមផ្តល់ទឹកសុទ្ធ ភេសជ្ជៈ និងថវិកា ប្រាំម៉ឺន ដប់ម៉ឺន ឬម្ភៃម៉ឺន ទៅតាមលទ្ធភាពរបស់គេ»។​

កីឡាករ ណោះ ស៊ូកូត លើកឡើងថា ការជួសជុលទូក គឺគណៈកម្មការទូករៃអង្គាសគ្នាក្នុងសហគមន៍ដែលរួមមានកីឡាកររួម និងអ្នកភូមិ បើនៅតែមិនគ្រប់ចំពោះការចំណាយទៀត ត្រូវជំពាក់គេសិន។

«កីឡាកររៃពីក្នុងភូមិក្នុងស្រុកដើម្បីជួសជុលទូក។ បើដូចទូកគេ មានឯកឧត្តមគេកាន់ ឯកឧត្តមគេចំណាយលើទូកមួយហ្នឹងហ្មង បើខាងខ្ញុំវិញ ត្រូវជួសជុលទូក យើងរៃអង្គាសពីក្នុងភូមិស្រុកហ្នឹងតែម្តងទ បើខ្វះខាតបន្តិចបន្តួចយើងជំពាក់គេសិន»។

ដោយសារតែក្តីស្រលាញ់ចំពោះសហគមន៍ខ្មែរ-ឥស្លាម ប្រជាពលរដ្ឋក្នុងភូមិ រួមទាំងកីឡាករ បានចូលរួមស្រុះដៃគ្នាចូលរួមក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗ ដូចជា កីឡាប្រណាំងទូក កីឡាបាល់ទាត់ កីឡាបាល់ទះ ក្រោមឈ្មោះ«រស្មីមេគង្គ» ក្រុមមួយនេះ បានដណ្តើមពានសរុបចំនួនប្រាំបី ក្នុងនោះពានជ័យលាភីកីឡាប្រណាំងទូក បានចំនួន៣ដង ក្នុងឆ្នាំ២០០៩ ២០១៤ និង២០១៦។

លោក ម៉ាត់ អ៊ូម័រ «ព្រោះតែស្រលាញ់ ប្អូនបានឃើញហើយ ពានរបស់ពូមានប្រាំបីពាន ក្នុងកីឡាករទូកនេះពាន៦ កីឡាករទូកជាកីឡាករបាល់ទាត់ កីឡាករបាល់ទាត់ ពានពីរទៀតនៅក្នុងទូរក្នុងវិហារ ដោយសារតែរឿងសហការគ្នាហ្នឹងឯង។»

ទូកជ្រោយចង្វារមានជ័យរស្មីមេគង្គ បានបង្កើតឡើងអស់រយៈពេល១០ឆ្នាំមកហើយ ទូកដែលមានប្រវែង២៨ម៉ែត្រ ផ្ទុកកីឡាករបានចំនួន៤៤នាក់ ចំពោះលទ្ធផលនៃការប្រកួត ទូកនេះមិនដែលធ្លាក់ចំណាត់ថ្នាក់ដល់លេខបីនោះទេ ហើយចំពោះជ័យលាភីដែលសហគមន៍នេះសប្បាយរីករាយជាងគេ គឺជ័យលាភីផ្នែកសោភ័ណភាពស្អាតដាច់គេក្នុងឆ្នាំ២០១៦ ដោយទទួលពានផ្ទាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី។

លោក ម៉ាត់ អ៊ូម័រ «ជ័យលេភីលេខមួយដែលស្រលាញ់ជាងគេនៅឆ្នាំ២០១៦ ប្រជាពលរដ្ឋនៅក្នុងភូមិនេះ គាត់ត្រេកអរណាស់ ជាប់លេខមួយហ្នឹងខាងសោភ័ណភាពទេ យកពានពីព្រះករុណា»។

គណៈកម្មការទូក​ បានរៀបចំឱ្យមានការហ្វឹតហាត់ អស់រយៈពេលជិតមួយខែមកហើយ។ ចំពោះការហ្វឹកហាត់នេះ លោកប្រធានគ្រប់គ្រងទូកថា ជាការហ្វឹកហាត់ដ៏ខ្លាំងក្លា។ ប្រធានគ្រប់គ្រងទូក លោក ឡិប ពូសុះ អាយុ៧០ឆ្នាំ ដែលកំពុងមកពិនិត្យការហាត់សមផងដែរ បង្ហាញពីក្តីសង្ឃឹម១០០ភាគរយទៅលើជ័យជម្នះ។

«ខ្លាំងណាស់ កម្លាំងនេះ កម្លាំងអស់ទាស់តែម្តង យើងចម្រាញ់រាល់ឆ្នាំ…ចាប់ពីម៉ោង៣ទៅ យើងហ្វឹកហាត់ម៉ាជើងពីរជើងខ្លីៗសិន បានយើងទៅមួយគីឡូ (ម៉ែត្រ)ពីរគីឡូ (ម៉ែត្រ) ដើម្បីយកស៊ុះ (កម្លាំងស្ទុះ) ហើយពេលយើងប្រកួតក្រុង យើងមិនសូវយ៉ាប់កម្លាំងទេ ព្រោះយើងហាត់រាល់ថ្ងៃ»។

ទីតាំងភូមិ២ សង្កាត់ជ្រោយចង្វារ ជាទីតាំងអំណោយផល អំណោយផលត្រង់ថា ភូមិនេះនៅជិតបង្កើយនឹងកន្លែងប្រណាំងទូកដែលប្រារព្ធនៅលើដងទន្លេបាសាក់មុខព្រះបរមរាជវាំង កីឡាករទាំងអស់នឹងមិនត្រូវចំណាយពេលដេកយាមទូករបស់ខ្លួនកំឡុងពេលប្រកួតបីយប់បីថ្ងៃនោះទេ ដោយមានអ្នកភូមិនឹងទៅយាមជំនួយ។

ចំណែកកីឡាករ ណោះ ស៊ូកូត បង្ហាញថា ដើម្បីក្លាយជាកីឡាករយើង ក្រុមកីឡាករទូកជ្រោយចង្វារមានជ័យរស្មីមេគង្គ ខំប្រឹងហ្វឹកហាត់រាល់ថ្ងៃ មួយថ្ងៃបីជើង ដោយមានចម្ងាយជិត និងឆ្ងាយ។

«ហ្វឹកហាត់នេះ ហ្វឹកហាត់រាល់ថ្ងៃ មួយថ្ងៃបីជើង ដោយមើលចង្វាក់ចែវឱ្យស្មើគ្នា បើទូកអុំស្រួល តែទូកចែវពិបាកបន្តិច ព្រោះទូកចែវមានជំហរចែវ យើងបោះខ្លួនឱ្យអស់ធ្វើម៉េចឱ្យស្រុះគ្នា យើងហាត់ហាត់រាល់ថ្ងៃ ហើយដើម្បីឱ្យមានស៊ុះ (ស្ទុះកម្លាំង) យើងលេងនៅរាជធានី»។

យុវជន៥ ទៅ៦នាក់ នៅលើទូកនេសាទតូចមួយដាក់ម៉ាស៊ីនរុញទៅមុខ កំពុងបើកដេញតាមឃ្លាំមើលការហាត់សមនៃទូកជ្រោយចង្វារមានជ័យរស្មីមេគង្គ។ យុវជនម្នាក់ឈ្មោះ ហះ ម៉ាត់ អាយុ ៣០ឆ្នាំ ប្រាប់ថា ខ្លួនជាអ្នករស់ក្នុងភូមិនេះជាមួយនឹងកីឡាករ ហើយគាត់តែងជួយដឹកជញ្ជូនស្បៀងមានដូចជា ទឹកសុទ្ធ និងនំចំណីផ្សេងៗដល់កីឡាករតាមទូកនេសាទដែលខ្លួនកំពុងជិះ។ លោក ហះ ម៉ាត់ សង្កេតឃើញថា កាហ្វឹកហាត់ មានបីជើងក្នុងមួយថ្ងៃ ដោយហាត់ចម្ងាយខ្លីប្រវែង៥០០ម៉ែត្រ ២ជើង និងចំងាយបីគីឡូម៉ែត្រមួយជើង។

«ហាត់បានច្រើនថ្ងៃ កម្លាំងកីឡាករខ្លាំង។ ធម្មតាយើងហាត់ទីខ្លីប្រហែលជាង៥០០ម៉ែត្រ មួយជើង ឬពីរជើង យើងក៏ហាត់យកទីឆ្ងាយ ៣គីឡូ (ម៉ែត្រ) ដើម្បីយកស៊ុះ»។

យ៉ាងណាក៏ដោយ កីឡាករ ណោះ ស៊ូកូត ក៏បង្ហាញក្តីបារម្ភចំពោះភាពខ្លាំងនៃគូប្រជែងរបស់ខ្លួន ដែលគូប្រជែងឆ្នាំនេះមិនខុសពីឆ្នាំមុន។

«ឆ្នាំទៅមិញ ខ្ញុំបារម្ភទូកខាងកំពង់ឆ្នាំង ព្រោះកំពង់ឆ្នាំងគេល្បីខាងទូកចែវ ដូចជា”សម្រែករាជសីបារមីតាមោលលើ” និង”ព្រះទីនាំងសារាយអណ្តែត ចំហាំងហុយ” សុទ្ធតែទូកល្បីៗ ហើយទូកគេលឿនទៀត ហើយឆ្នាំនេះក៏នៅតែរអាខាងកំពង់ឆ្នាំង ព្រោះគេកែប្រែច្រើន និងមានបន្ថែមទៀតដូចជា ចាន់ តារា, សម្តេចចៅហ្វាវាំងជួន និងទូកថ្មីៗដែលទើបនឹងបង្កើតឡើងមក»។

ចោទសួរទាក់ទងនឹងប្រាក់រង្វាន់ដែលទទួលបានពីរដ្ឋ ក្រោយទទួលបានជ័យលាភីនាឆ្នាំកន្លងទៅ លោក ម៉ាត់ អ៊ូម័រ អនុប្រធានគ្រប់គ្រងទូក សុំមិនបញ្ចេញយោបល់ទេ តែលោកបញ្ជាក់ថា មានសប្បុរសជនផ្សេងៗបានជួយជាថវិកា និងសម្ភារដែលសរុបជាថវិកា ប្រហែល១០លានរៀល។

«ឧបត្ថម្ភគ្រប់ (ផ្នែក) រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ក្រុង ថ្នាក់ខណ្ឌ ថ្នាក់ឃុំ ថ្នាក់ក្រុមការងារ គាត់ជួយគ្រប់បែបយ៉ាងទាំងអស់ គ្រាន់តែថា វាមិនបានច្រើនទេ»

ព្រឹត្តិការណ៍ប្រណាំងទូកនឹងធ្វើនៅមុខព្រះមរមរាជវាំង ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ និងក្រោមអធិបតេយ្យភាពថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ​អកអំបុក ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

របាយការណ៍គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញថា កាលពីឆ្នាំ២០១៨ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក ក្នុងនោះ ទូកអុំចំនួន១៦៤ទូក, ទូកចែវចំនួន៣៣ទូក, ទូកអន្តរជាតិចំនួន៩៨ទូក ដែលមានចំនួនកីឡាករ-កីឡាការិនី សរុប១៩ ០១៧នាក់៕


រាយការណ៍ដោយ៖ លោក សាញ់ ប៊ុនហឿន និងលោក ឌិន បញ្ញា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ