អាមេរិក គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូណេស៊ី ឱ្យកើនដល់៥០ពាន់លានដុល្លារ

រដ្ឋលេខាធិការពាណិជ្ជកម្មអាមេរិក លោក Wilbur Ross (ឆ្វេង) និងរដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto (ស្ដាំ)។ រូបភាព៖REUTERS/Willy Kurniawan

សហរដ្ឋអាមេរិកគ្រោងនឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសឥណ្ឌូណេស៊ីឱ្យបានកើនដល់៥០ពាន់លានដុល្លារ នៅរយៈពេល៣ឆ្នាំបន្ទាប់។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្ហាញជំហរវិជ្ជមានទៅកាន់អាមេរិក ក្នុងការដោះស្រាយបញ្ហាចំពោះមុខផ្សេងៗ ក្នុងកិច្ចពិភាក្សាទ្វេភាគីមួយដឹកនាំដោយរដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto។

រដ្ឋលេខាធិការពាណិជ្ជកម្មអាមេរិក លោក Wilbur Ross លើកឡើងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃម្សិលមិញថា អាមេរិកវាយតម្លៃខ្ពស់ចំពោះការរឹតចំណងទំនាក់ទំនងសេដ្ឋកិច្ចជាមួយឥណ្ឌូណេស៊ី រាប់បញ្ចូលការជំរុញវិនិយោគិនអាមេរិកមកប្រទេសមួយនេះ និងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកា​ន់តែធំ។ លោក Ross ថ្លែងថា៖

«ខ្ញុំគិតថា យើងនឹងឃើញវិនិយោគិនពីក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើងចូលមកបោះទុនរកស៊ីនៅប្រទេសឥណ្ឌូណេស៊ី ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានកម្រិតកាន់តែខ្ពស់ជាងអ្វីដែលមាននាពេលបច្ចុប្បន្ន»

លោក Wilbur Ross បន្ថែមថា លោកជឿជាក់ថា ឥណ្ឌូណេស៊ីនឹងអាចដោះស្រាយបានយ៉ាងឆាប់រហ័សនូវបញ្ហាផ្សេងៗដែលកំពុងរាំងស្ទះដល់ច្រកផ្លូវនៃការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក។

កាលពីខែមេសាកន្លងទៅ មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិក លើកឡើងថា ខ្លួនកំពុងពិនិត្យមើលសិទ្ធិទទួលបានការពង្រីកវិសាលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ប្រទេសឥណ្ឌូណេស៊ី រួមនឹងប្រទេសឥណ្ឌា និងកាហ្សាក់ស្ថាន ដោយផ្អែកលើលក្ខន្តិកៈនៃសេវាកម្ម និងការវិនិយោគ។

អគ្គនាយកកិច្ចការចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Iman Pambagyo លើកឡើ​ងថា ប្រធា​នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកពីក្តីកង្វល់រ​បស់ខ្លួនចំពោះច្បាប់ឥណ្ឌូណេស៊ីដែលកំណត់លើប្រព័​ន្ធអេឡិចត្រូនិ​ច និងប្រតិបត្តិការវិនិយោគមួយចំនួន។ ឆ្លើយតបនឹងកង្វល់នេះ លោក Airlangga បានថ្លែងថា៖

«រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងជួយសម្រួលដល់ការវិនិយោគរបស់អាមេរិក តាមរយៈការកែសម្រួលច្បាប់ដើម្បីបន្ធូរបន្ថយការរឹតបណ្តឹងលើលក្ខន្តិកៈមូលធន និងភាពជាដៃគូជំនួញ»

នៅក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលក្រុងហ្សាកាតា បានទទួលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក លើផលិតផលនាំចេញរបស់ខ្លួនទៅកាន់ប្រទេសមួយនេះ គិតជាទំហំទឹកប្រាក់បានចំនួន១,៩ពាន់លានដុល្លារ ប៉ុន្តែ ចំនួននេះស្មើត្រឹម១០ ទៅ១៥ភាគរយនៃទំ​និញនាំចេញសរុបរបស់ខ្លួនប៉ុណ្ណោះ។  

យោងតាមគេហទំព័ររដ្ឋាភិបាលអាមេរិក ឥណ្ឌូណេស៊ីគឺជាទីផ្សារទំនិញធំបំផុតលំដាប់ទី ២៦ របស់អាមេរិក គិតត្រឹមរយៈពេលចុងក្រោយនេះ។ សម្រាប់ទំហំពាណិជ្ជកម្មស​រុបនៃប្រទេសទាំងពីរ សម្រាប់ការដោះដូរទំនិញ និងសេវាកម្ម ក្នុងឆ្នាំ២០​១៨ គឺមានចំនួនប្រមាណ ៣២,៩ពាន់លានដុល្លារ ដោយការនាំចេញមាន ១០,៨ពាន់លានដុល្លារ ឯការនាំចូលមាន ២២,១ពាន់លានដុល្លារ។

ក្នុងនោះ អាមេរិកនាំចេញទៅឥណ្ឌូណេស៊ីមានចំនួន ៨,២ពាន់លានដុល្លារ កើន ១៩,១ភាគរយ ធៀបនឹងឆ្នាំ២០១៧ ដែលទទួលបាន ១,៣ពាន់លានដុល្លារ ឯអាមេរិកនាំចូលទំនិញពីឥណ្ឌូណេស៊ីសរុបមានចំ​នួន ២០,៨ពាន់លានដុល្លារ កើន ៣,១ភាគរយ ធៀបនឹងឆ្នាំ២០១៧ ដែលទទួលបាន ៦៣៦លានដុល្លារ។

នៅក្នុងឆ្នាំ២០១៥ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ បានបង្កើតការងារដល់ពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ៥៦០០ពាន់នាក់។

កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាដាក់ចេញផែនការយុទ្ធសាស្រ្តមេ ដើម្បីជំរុញទំ​ហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនដល់ ៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំទៅមុខ ខណៈឆ្នាំនោះ ប្រទេសទាំងពីរទទួលបាន ២៨,៦ពាន់លានដុល្លារ លើ​សការរំពឹងទុក ៨,២ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ