លោក សម​ រង្ស៊ី​ អះអាងថានឹងរក​គ្រប់មធ្យោ​បាយ​ដើម្បី​ចូល​ស្រុក​ឲ្យ​ទាល់តែបាន​នៅថ្ងៃ​៩វិច្ឆិកាខាងមុខ

លោក ហ៊ុន សែន លោក ទៀ បាញ់ និងលោក សម រង្ស៊ី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បង្ហាញ​ក្ដី​សង្ឃឹមថា​ លោក​នឹង​មានវត្តមានក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៩វិច្ឆិកា​ តាម​ការ​គ្រោងទុក​ ទោះ​បក្ស​កាន់អំណាចប្រកាសពី​វិធានការ​ទប់ស្កាត់​​ក៏ដោយ​។

នៅប៉ុន្មានសប្តាហ៍នេះ​ កម្លាំងប្រដាប់អាវុធ​ត្រូវ​បានគេ​ដាក់​ពង្រាយ​តាម​ព្រំដែន​ថៃ​ និង​កន្លែង​ខ្លះ​នៅក្នុង​ប្រទេស​ក្រោម​សារ​នយោបាយ​ ទប់ស្កាត់​ការ​ធ្វើ​រដ្ឋ​ប្រ​ហារ​ទម្លាក់​រដ្ឋាភិបាល របស់លោក ហ៊ុន សែន ​។

ជាង​នេះ​ទៅទៀត​ ​ រដ្ឋាភិបាល​បាន​ណែនាំ​ក្រុមហ៊ុន​អាកាសចរទាំងអស់​មិនឱ្យដឹក​លោក​ សម​ រង្ស៊ី​ មកចុះចត​លើទឹក​ដី​កម្ពុជា​ទេ​ ដោយ​គំរាមថានឹង​ជាប់ចោទពីបទ​«រួមគំនិតក្បត់​»

តាម​វីដេអូ​បង្ហោះ​លើ​ហ្វេ​សប៊ុ​ករយៈពេល​ជាង៩នាទី​ លោក​ សម​ រង្ស៊ី​ ថ្លែង​ថា​ នៅសល់​តែ៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ លោក​នឹង​មកដល់​កម្ពុជា​តាម​ការ​គ្រោងទុក​ ទោះ​មានការ​គំរាមកំហែង​ពីលោក ហ៊ុន សែន យ៉ាងណាក៏ដោយ​។

លោក​ថា​៖ «ឥឡូវនេះ ​គេ ​[រដ្ឋាភិបាល​] បាន​ហាម​ក្រុមហ៊ុន​អាកាសចរ​ថា​មិន​ឱ្យ​ដឹក​ សម​ រង្ស៊ី​ តាមយន្តហោះ​ ដើម្បី​ទៅចុះ​នៅ​ព្រលា​នយន្តហោះ​ណាមួយ​ទៅ​ប្រទេស​កម្ពុជា​ តែ​បងប្អូន​កូនក្មួយកុំ​បារម្ភ​ ខ្ញុំ​នឹង​រក​មធ្យោបាយ​វិលត្រឡប់​ទៅ​រក​ប្រទេសកំណើត​របស់​យើង​នេះ​ឱ្យ​ទាល់តែបាន​»។

លោក សម រង្ស៊ី​ អះអាង​ថា​ វិធានការ​ទប់ស្កាត់​ដំណើរ​វិលត្រឡប់​របស់​លោក​ ជា​រូបភាព​ភ័យ​ស្លន់ស្លោ​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​ ខ្លាច​ចរន្ត​ប្រជាធិបតេយ្យ​ដែល​ថា​កំពុង​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​មេដឹកនាំ​។

លោក​ សម​ រង្ស៊ី​ អះអាង​ទៀត​ថា​ ការ​រួមគ្នា​ដោយ​មនសិការ​ជាតិ​ ការ​តស៊ូ​ដោយសន្តិវិធី​ ជា​កម្លាំង​មួយ​គ្មាន​នរណា​អាច​ទប់ស្កាត់​បាន​។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ បាញ់​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​មន្ទីររ​ដ្ឋ​សភា​នា​ថ្ងៃ​ចន្ទ​នេះ​ថា​ វិធានការ​ដាក់​ពង្រាយ​កងទ័ពនៅគ្រប់ទីកន្លែងពេលនេះ ដើម្បីការពារដ្ឋាភិបាល ទប់ស្កាប់គម្រោងធ្វើរដ្ឋប្រហារ។

លោក​ថា​៖ «អ្នក​ដែល​បង្កើតរឿង​គឺជា​ទណ្ឌិត ​[សម​ រង្ស៊ី​]។ ទណ្ឌិត​ បង្កើតរឿង​បន្ថែម​ទៀត​គឺ​បំផុសបំផុល​ឱ្យ​ធ្វើ​រដ្ឋ​ប្រ​ហា​រ ឥឡូវ​ហ្នឹងគឺ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ គឺ​បាន​បញ្ជាក់​ហើយ​គឺ​ត្រៀម​អនុវត្ត​ដីកា​របស់​តុលាការ​ដែល​មានស្រាប់​ចំ​ពោះ​​ទណ្ឌិត​ និង​អ្នកសមគំនិត​»។

ទោះជាយ៉ាងណា​ លោក​ សម​ រង្ស៊ី​ អះអាង​ថា​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​មិន​បាញ់សម្លាប់​ពលរដ្ឋខ្មែរ​ តាម​បញ្ហា​របស់​មនុស្ស​មួយ​ក្រុម​នោះ​ទេ​ ដោយ​អះអាង​ថា​ កងកម្លាំង​មាន​ឈាមជ័រ​ជាខ្មែរ​ដូចគ្នា​។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​លោក​ សុខ​ ឥសាន​ ហៅ​សារ​អំពាវនាវ​របស់​លោក​ សម​ រង្ស៊ី​ នេះ​ថា​ជា​សារ​នយោបាយ​បែប​បោកបញ្ឆោត​ថ្មីទៀត​ពី​ដំណើរ​វិលត្រឡប់​នេះ​ និង​បាន​ច្រានចោល​ការ​អះអាង​ថា​មេដឹកនាំ​លោក​ កំពុង​ភ័យ​ស្លន់ស្លោ​ ពី​វត្តមាន​របស់​អតីត​មេ​ដឹកនំ​បក្ស​ប្រឆាំង​រូប​នេះ​។

លោក​ថា​៖ «ភ័យ​ស្លន់ស្លោ​ គេ​នៅចាំ​ក្នុង​ស្រុក​តើ​ គេ​មាន​រត់​ទៅក្រៅ​ស្រុក​ឯណា?​ ​បើ​រត់​ទៅក្រៅ​ស្រុក​ចាំ​ថា​! សម្តេច ហ៊ុន​ សែន​ ទៅ​ប៉ុន្មាន​ថ្ងៃនេះ​ទៅ​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ថៃ​តើ​! ប្រហែលជា​ល្ងាច​នេះ ​ឬស្អែក​គាត់​អញ្ជើញ​មកវិញ​ហើយ​ គាត់​មាន​ទៅ​ភ័យ​ស្ល​ន់ស្លោ​អី​ជាមួយ​ពួក​ឧទ្ទាម​»។

ទោះជាយ៉ាងណា​ អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ក្នុង​កិច្ចប្រជុំ​លើក​ទី​៤២​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ី​ស បាន​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​ ផ្តោត​លើ​ការ​ជជែកវែក​ញែក​គ្នា​ ប្រកបដោយ​ការស្ថាបនា​ ជាជាង​ការវាយប្រហារ​លើ​បុគ្គល​ ដើម្បី​ទទួល​បាន​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

បើ​តាម​ការ​ថ្លែង​នោះ​ សំឡេងឆ្នោត​ចំនួន​៤២ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​បាន​បោះឆ្នោត​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្នាក់​ឃុំ​ សង្កាត់​ (ឆ្នាំ២០១៧​) នៅតែ​ត្រូវ​បាន​បដិសេធ​ចោល​មិនទាន់​ដោះស្រាយ​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ