មេដឹកនាំកំពូល​ជប៉ុន និងកូរ៉េខាងត្បូងជួបគ្នា​ជាលើកដំបូង​តាំងពីជម្លោះ​ការទូតកាលពីចុងឆ្នាំមុន​

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ្ស៊ូអាបេ និង​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ិន។ រូបភាព៖ វេបសាយបរទេស

នាយក​រដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ បាន​ជួប​ជជែក​គ្នាជាលើកដំបូងក្រោយ​ពី​ផ្ទុះជម្លោះការទូត​រវាងគ្នា​ជុំ​វិញ​បញ្ហាដែលកើតឡើងនាសម័យ​សង្រ្គាម ចន្លោះពី​​ឆ្នាំ១៩១០ ដល់១៩៤៥។

ជម្លោះ​ការទូតរវាងប្រទេស​ទាំងពីរ បានកើតឡើង​កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្រោយពេល​កូរ៉េខាងត្បូងទាមទារឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ជំងឺចិត្ត​ដល់​ខ្លួន​ ចំពោះ​ការប្រើប្រាស់​កម្លាំងពលកម្ម​ជន​ជាតិកូរ៉េ​ក្នុងពេលដែល​ជប៉ុន​ដាក់​អាណានិគមប្រទេស​នេះចន្លោះពី​​ឆ្នាំ១៩១០ ដល់១៩៤៥។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ្ស៊ូអាបេ និង​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ិន បាន​ជួបគ្នា​នៅថ្ងៃចន្ទនេះ ក្នុងពេល​ដែល​មេដឹកនាំប្រទេសទាំងពីរចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​ដែលធ្វើឡើង​នាក្រុងបាំងកក។ តាម​ការចុះផ្សាយរបស់​ទីភ្នាក់​ងារសារព័ត៌មាន​រ៉យទ័រ មេដឹកនាំប្រទេស​ទាំងពីរបាន​ជួប​ជជែក​រយៈពេលប្រហែល១១នាទី។

ប្រភពដដែល​ឲ្យដឹងថា ​ក្នុងជំនួបនោះ​ប្រមុខរដ្ឋាភិបាល​ប្រទេសទាំងពីរ​យល់ស្រប​ជាមួយគ្នាថា​ ជម្លោះ​ការទូតត្រូវតែដោះស្រាយ​តាម​រយៈកិច្ចសន្ទនា។ ទាំងលោក អាបេ ​និង​លោក ជេអ៊ិន ថា​ពួកគេស្វាគមន៍គ្រប់​វិធី​ក្នុងការ​ដោះស្រាយ​ជម្លោះ​ការទូត​នេះ។

មេដឹកនាំប្រទេសជប៉ុន ធ្លាប់​អះអាងប្រាប់​កូរ៉េខាងត្បូងរួចហើយកាលពីចុងឆ្នាំ២០១៨កន្លងទៅថា ​ប្រទេសខ្លួន​បាន​សង​កូរ៉េខាងត្បូង​រួចរាល់​ហើយ​ទាក់​ទងនឹង​បញ្ហា​កេងប្រវ័ញ្ចកម្លាំងពលកម្មនៅឧបទ្វីបកូរ៉េក្នុងពេល​ដែល​ជប៉ុនដាក់អាណានិគមក្នុងតំបន់នេះ​តាមរយៈសន្ធិសញ្ញា ឆ្នាំ១៩៦៥។ ក្នុងសន្ធិសញ្ញានេះ រដ្ឋាភិបាល​ក្រុងតូក្យូបានផ្ដល់​ជាទឹក​ប្រាក់​៥០០លានដុល្លារដល់​រដ្ឋាភិបាលក្រុងសេអ៊ូល​ក្នុងការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ដោយសារតែជម្លោះការ​ទូតនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ​មូន ជេអ៊ិន មិន​មាន​វត្តមាន​នៅក្នុងពិធី​រាជាភិសេកជាផ្លូវការ​របស់​អធិរាជជប៉ុន​ថ្មី​ទេ កាល​ពីខែតុលាកន្លងទៅ។ ប្រធានាធិបតីកូរ៉េខាងត្បូងបាន​បញ្ជូននាយក​រដ្ឋមន្រ្តី​របស់ខ្លួន​ចូល​រួម​ជំនួសវិញ។ មិនត្រឹម​តែប៉ុណ្ណោះ ​បញ្ហានេះបាន​បណ្តាល​ឲ្យ​ប្រទេស​ទាំងពីរ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក​តាមរូបភាព​សេដ្ឋកិច្ចផងដែរ។ ជប៉ុន បាន​រឹតបន្តឹងការ​នាំចេញ​ផលិតផល​បច្ចេកទេសទំនើបៗដែល​កូរ៉េខាងត្បូង​ត្រូវការ​ក្នុងការ​ផលិត​ Smartphone។ ជាការឆ្លើយតបប្រជាជនកូរ៉េខាងត្បូង​ បាន​អំពាវ​ធ្វើពហិការ​ទំនិញជប៉ុន ដូចជា រថយន្ត ស្រាបៀរ និងសម្លៀកបំពាក់ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ