កងកម្លាំងជិត២ម៉ឺននាក់នឹងដាក់ពង្រាយក្នុងថ្ងៃ៩វិច្ឆិកា និងថ្ងៃបុណ្យអុំទូក

អាជ្ញាធរមានសមត្ថកិច្ច ប្រចាំការត្រួតពិនិត្យដើម្បីរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

កងកម្លាំងចម្រុះជិត២ម៉ឺននាក់នឹងត្រូវដាក់ពង្រាយក្នុងថ្ងៃបុណ្យឯករាជ្យ និងបុណ្យអំទូក។​ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ដែលថ្លែងប្រាប់ វីអូឌី នៅថ្ងៃនេះ។

ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធកម្ពុជាបានទម្លាយប្រាប់អ្នកកាសែតថា សន្តិសុខនឹងត្រូវរឹតបន្តឹងចាប់ពី​ថ្ងៃទី០៩ ខែវិច្ឆកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណត់វិលចូលប្រទេសវិញរបស់លោក សម រង្ស៊ី។ មិនតែប៉ុណ្ណោះ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅឆ្នាំ​នេះ ក៏​ត្រូវ​នឹង​ត្រូវរឹតបន្តឹងសន្តិសុខខ្លាំងក្លាជាងបណ្ដាឆ្នាំមុនៗដែរ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា កងកម្លាំង​ប្រដាប់​​អាវុធបានដាក់ផែនការរួចរាល់ហើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងអំឡុងបុណ្យឯករាជ្យ​ជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូកអកអំបុក និងសំពះព្រះខែខាងមុខ  ។​

លោក ឆាយ គឹមឃឿន ថា៖ «កម្លាំងការពារពិធីបុណ្យគ្រប់សមាសភាពពាក់ព័ន្ធ ទាំងអស់សរុបជិត​២ម៉ឺន​នាក់។ អត់អាចជម្រាបជូនបានកម្លាំងរៀបរបៀបណារបៀបណាទេ តែសមត្ថកិច្ច​បាន​រៀបផែនការរួចរាល់អស់ហើយ រួមមានផែនការត្រៀមចាប់ខ្លួន ផែនការធានា​សុវត្ថិភាព​សន្តិ​សុខនៅតាមព្រំដែន ផែនការការពារបុណ្យឯករាជ្យជាតិ និងផែនការបុណ្យអុំទូក។​ ក្នុងផែន​ការនោះ យើងកំណត់មុខសញ្ញាគោលដៅ ទីកន្លែង កម្លាំងដើម្បីធានាស្ថិរភាព​សន្តិ​សុខ​សម្រាប់ការអនុម័តច្បាប់ចំពោះក្រុមឧទ្ទាមផង និងធានាសន្តិសុខទូទាំងប្រទេសផង«។

លោកបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធទាំងបីផ្នែក រួមមាន នគរបាល អាវុធហត្ថ និងយោធា នៅគ្រប់បណ្ដាខេត្តទាំងអស់ នឹងសហការគ្នាហ្វឹកហាត់តាមបណ្ដាខេត្តរៀងៗខ្លួន​ពិសេស​ខេត្តជាប់ព្រំដែនថៃ ដើម្បីឆ្លើយតបនឹងចលនារបស់លោក សម រង្ស៊ី។

ទន្ទឹមការអះអាងបែបនេះ នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃវិញមេទ័ពព្រំដែន បានបំពាក់អា​វុធ​​ឱ្យកងកម្លាំងរួចរាល់ហើយចាប់ពីចុងខែតុលា មកដល់ថ្ងៃទី០៤ ខែវិច្ឆិកានេះ។ ទំព័រហ្វេស​ប៊ុក​របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ​ បានផ្សាយជាបន្តបន្ទាប់តាំង​ពីថ្ងៃទី៣០​ ខែតុលា ពីសកម្មភាពរបស់នាយករងទីចាត់ការ​ការងារព្រំដែន​អគ្គបញ្ជាការ ​និងជាប្រធាន​ការិយា​ល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ​ គឺឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ទៅកាន់ច្រកព្រំដែន​នានា ។ បើតាមផេកហ្វេសប៊ុកដដែល កាលពី​ថ្ងៃទី៣០ ខែតុលា ឧត្តមសេនីយ៍ ពេជ្រ វណ្ណា បានចុះត្រួតពិនិត្យ​ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ​ ច្រកទ្វារតំបន់​ បឹងត្រកួន​ ។ នៅថ្ងៃទី៣១ ខែតុលា មេទ័ពរូបនេះបានចុះ​ទៅច្រកព្រំដែនចំនួន៥ រួមមាន ច្រកទ្វារតំបន់​ភ្នំដី​ ​ ច្រក​​ទ្វារតំបន់​អូររំដួល​ ច្រកទ្វារតំបន់អូរអន្លក់​​ ច្រកអន្តរជាតិដូង​ និងច្រកអន្តរជាតិព្រំ​ (ប៉ៃលិន)​។​

ឧត្តមសេនីយ៍ទោរូបនេះ ក៏បានចុះទៅច្រកតំបន់សែនចៅ, ច្រកតំបន់៤០០,​ ច្រកតំបន់២០៣​ និងច្រកតំបន់ពាមតា​ នៅក្នុងទិសស្រុកសំឡូត​ ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែវិច្ឆិកា និងបន្ត​ដំណើរទៅច្រកចំនួន៥ទៀតនៅខេត្តឧត្តរមានជ័យ ​នៅថ្ងៃទី០២ ខែវិច្ឆកា។

ហ្វេសប៊ុកទំព័រហ្វេសប៊ុករបស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ពីគោល​បំណងនៃទស្សនៈកិច្ចរបស់លោក ពេជ្រ វណ្ណា ទៅកាន់ច្រកព្រំដែនថា ៖ «គឺធ្វើឡើងដើម្បីពង្រឹង​ការងារធានា គ្រប់គ្រងកំលាំងនៅក្នុងអង្គភាពមានមុខ​ ១០០%​ និង​បំពាក់អាវុធដល់កងកំលាំងក្រុមការងារ ដើម្បីការពារ​ និងទប់ស្កាត់ជនក្បត់ជាតិ​ ទណ្ឌិត​ សម​ រង្សី​ និងបក្សពួក​ ដែលមានគំនិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់» ។

កាលពីថ្ងៃទី០៣ ខែវិច្ឆិកា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានចេញ​​បញ្ជាផ្ទាល់មាត់ទៅកាន់កម្លាំង​អាវុធហត្ថឱ្យត្រៀមទប់ស្កាត់ចលនារបស់​លោក សម រង្ស៊ី។ ​អង្គភាពព័ត៌មានហ្វេសញ៉ូស៍ដែលស្និទ្ធនឹងបក្សកាន់អំណាច ស្រង់ប្រសាសន៍ដើមរបស់លោក​ សៅ សុខា ថា៖

«មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀម​រាប ខេត្តទាំងបីនេះ ត្រូវត្រៀមកម្លាំងសហការជាមួយនឹងកម្លាំងនគរបាលជាតិ។ កម្លាំងដែលមានការពាក់ព័ន្ធអនុវត្តបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ត្រៀមកម្លាំងបំពាក់(អាវុធ)គ្រប់គ្រាន់ ចូលរួមប្រចាំការនៅបណ្ដាព្រលានយន្ដហោះទាំងបី ហើយមានអ្វីប្រែប្រួលត្រូវរាយការណ៍ ដោយចាប់ពីថ្ងៃនេះទៅភ្លាមត្រៀមរៀបចំកម្លាំងអនុវត្តបទបញ្ជា»។

បើតាមប្រភពដដែល លោក សៅ សុខា ក៏បានដាក់បញ្ជា ឱ្យមេបញ្ជាការអាវុធហត្ថខេត្តជាប់​មាត់សមុទ្រ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ត្រូវត្រៀមកម្លាំង ដើម្បី​អនុវត្តបទបញ្ជា ក្នុងករណី​ដែលលោក សម រង្ស៊ី ប៉ុនប៉ងចូលកម្ពុជាមកតាមផ្លូវទឹក។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងប្រាប់សារព័ត៌មានបន្ទាប់​ពីប្រជុំសភា​កាល​ព្រឹក​មិញថា ការត្រៀមកម្លាំងគ្រប់ផ្នែកក្នុងខែវិច្ឆិកានេះ ជាការងារពិសេសចាំបាច់​ដែ​ល​សមត្ថ​កិច្ច​គ្រប់ស្ថាប័នត្រូវរួមគ្នាធ្វើឱ្យខាងតែបាន។

លោក ទៀ បាញ់ លើកឡើងថា៖ «នៅគ្រប់ទីកន្លែងទាំងអស់ យើងត្រៀម​រួចរាល់​អស់ហើយ ដើម្បី​អនុវត្តដីកា​ចំពោះទណ្ឌិត និងអ្នកសមគំនិត និងគាំទ្រ»។

ទាក់ទងនឹងការត្រៀមកម្លាំងរបស់រដ្ឋាភិបាលនេះ អតីតគណបក្សសង្គ្រោះជាតិបានចេញ​សេចក្ដីថ្លែង​ការណ៍មួយកាលពីថ្ងៃទី០២ ខែវិច្ឆិកា ដោយថ្កោលទោស ចំពោះគណបក្សកាន់​អំណាច ដែលបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការរារាំង និងទប់ស្កាត់ការធ្វើមាតុភូមិនិវត្តិន៍របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី។

អ្នកឃ្លាំមើលបញ្ហានយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រ​សាសន៍​ថា ការត្រៀមកម្លាំង​ប្រដាប់អាវុធទាំងទប់ស្កាត់ លោក សម រង្ស៊ី ហាក់ដូចជាត្រៀមធ្វើសង្គ្រាមជាជាង​ត្រៀមរក្សាសន្តិសុខ។

លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ៖ «គឺសម្តេចតេជោជាមេបញ្ជាការកងទ័ព បញ្ជាអ៊ីចឹងទប់ទល់ការវិលត្រឡប់​របស់ សម រង្ស៊ី ដោយចោទថា សម រង្ស៊ី ចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល និងព្រះមហាក្សត្រ ដូច្នេះ វាជាសឹកសង្គ្រាមតែមិនប្រាកាសថាធ្វើសង្គ្រាមទេ»។

នៅថ្ងៃទី០៥ ខែវិច្ឆកានេះ លោក សម រង្ស៊ី ប្រកាសថានឹងដឹកនាំកម្លាំងសហការី និងអ្នកគាំទ្រចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ជាកំណត់គ្មានការប្រែប្រួលឡើយ។ បើតាមមន្ត្រីអតីតបក្សសង្គ្រោះជាតិ គិតមកដល់ថ្ងៃទី០២ វិច្ឆិកានេះ សកម្មជនគាំទ្រលោក សម រង្ស៊ី និងសមាជិកអតីតបក្សប្រឆាំងប្រមាណ៦០នាក់ហើយត្រូវបានចាប់ខ្លួនដាក់គុក ខណៈមនុស្សជាង១រយនាក់ផ្សេងទៀតត្រូវចោទប្រកាន់ដោយតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ