ក្រុមហ៊ុនអាកាសចរ៤៧ រងការព្រមានពីទោសទណ្ឌបើដឹកលោក សម រង្ស៊ី ចូលស្រុក

លោក សម រង្ស៊ី ដើរដៃម្ខាងកាន់វ៉ាលី និងម្ខាងទៀតកាន់លិខិតឆ្លងដែន(រូបពីហ្វេសប៊ុកលោក សម រង្ស៊ី)

ក្រុមហ៊ុនអាកាសចរចំនួន៤៧ ត្រូវបានរងការព្រមានថា អាចមានទោសទណ្ឌបើហ៊ានដឹកលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដ៏ទៃទៀតចូលមកស្រុកខ្មែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជាដែលថ្លែងប្រាប់វីអូឌី កាលពីព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា។

ប្រភពពីអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរជាតិ និងអន្តរជាតិចំនួន៤៧ រកស៊ីដឹកអ្នកដំណើរពីបណ្ដាប្រទេសជុំវិញពិភពលោកមកកម្ពុជា ត្រូវបានទទួលការណែនាំនូវទិដ្ឋភាពច្បាប់ជុំវិញសំណុំរឿងលោក សម រង្ស៊ី នៅក្នុងកិច្ចប្រជុំមួយស្ដីពីលេខាធិការដ្ឋានគ្រប់គ្រងអាកាសយាន្តដ្ឋានអន្តរជាតិ កាលពីថ្ងៃទី០១ ខែវិច្ឆិកា។

អ្នកនាំពាក្យនាំពាក្យអាកាសចរស៊ីវិលកម្ពុជា លោក ជា អូន បានពន្យល់ថា រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិលកម្ពុជា លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាទៅផ្នែកគ្រប់គ្រងការហោះហើរនៅដែនអាកាសកម្ពុជា ដោយមិនអនុញ្ញតឱ្យយន្ដហោះដែលដឹកលោក សម រង្ស៊ី ចុះចតឡើយ។

លោកបន្តថា ចំពោះក្រុមហ៊ុនអាកាសចរវិញ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ បើសិនជាហ៊ានដឹកលោក សម រង្ស៊ី និងអ្នកអមដំណើរចូលស្រុកខ្មែរមែននោះ។

លោក ជា អូន៖ វិធានការយើងធ្វើអ៊ីចឹង អាហ្នឹងគ្រាន់តែរំលឹកទេ ដីកាតុលាការគេឱ្យចាប់ខ្លួនអ៊ីចឹងហើយមានអ្នកណាគេហ៊ានដឹក? យើងរំលឹកពួកគាត់ នៅស្រុកណាក៏ដូចស្រុកណាដែរ អាណាទៅដឹកចោរអាម៉េច ?ខ្លាចពួកគាត់អត់ដឹង គ្រាន់តែឱ្យដំណឹងពួកគាត់។ ចំណាត់ការហ្នឹងគឺអ៊ីចឹងទេ យន្ដហោះទាំងអស់៤៧ក្រុមហ៊ុនដែលហោះមកស្រុកយើងហ្នឹង។

ឆ្លើយសំណួរវីអូឌីដែលសួរថា ចុះបើក្រុមហ៊ុនណាមួយភ្លាត់ ឬភ្លេចដឹកលោក សម រង្ស៊ី មកដល់កាសដ្ឋានយាននៅកម្ពុជា តើយ៉ាងម៉េចទៅវិញដែរ? លោក ជា អូន ឆ្លើយតបវិញថា៖ បើភ្លាត់អាហ្នឹងរឿងគាត់(ក្រុមហ៊ុនអាកាសចរ) ហើយទៅជាបទសមគំនិតហើយ បើដឹងថាចោរហើយយើងដឹកចូលផ្ទះគេដែរ?

ក្រៅពីចំណាត់ការលើក្រុមហ៊ុនអាកាសចរកុំឱ្យដឹកលោក សម រង្ស៊ី និងសហការីចូលមាតុភូមិវិញនោះ កងកម្លាំងនៅតាមព្រំដែន ក៏ត្រូវដាក់ពង្រាយ និងត្រៀមជើងការដែរ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បញ្ជាក់ថា ក្រៅពីខេត្តបាត់ដំបង និងបន្ទាយមានជ័យដែលបានប្រមូលកម្លាំងចម្រុះហ្វឹកហាត់រួមគ្នាកាលពីថ្ងៃទី០១ ខែវិច្ឆិកានោះ នៅខេត្តដ៏ទៃទៀត ពិសេសខេត្តជាប់ព្រំដែនថៃផ្សេងទៀត ក៏នឹងត្រៀមជើងព្រួលទទួលលោក សម រង្ស៊ី ដូចគ្នា។

លោក ឆាយ គឹមឃឿន ៖ បងអត់អាចជម្រាបជូនប្អូនបានថា សមត្ថកិច្ចត្រៀមបែបណាទេ តែសូមជម្រាបជូនថា កងកម្លាំងត្រៀមរួចរាល់ហើយ។ មិនមែនតែបាត់ដំបង និងបន្ទាយមានជ័យទេ គឺយើងនឹងធ្វើតាមខេត្តជាប់ព្រំដែនទាំងអស់ ពិសេសជាប់ព្រំដែនថៃ កន្លងមកយើងហាត់រៀងៗខ្លួន អាលូវយើងហាត់រួមគ្នាដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលពួកគេប៉ុនប៉ងបង្ករភាពវឹកវរ។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ ថ្លែងប្រាប់វីអូឌីថា ចំណាត់ការហាមមិនឱ្យក្រុមហ៊ុនអាកាសចរដឹកក្រុមខ្លួនមកប្រទេសវិញ ជាការបិទសិទ្ធិពលរដ្ឋខ្មែរដែលមានបំណងវិលចូលមាតុភូមិរបស់ខ្លួនដែលទង្វើនេះផ្ទុយពីរដ្ឋធម្មនុញ្ញ។

អ្នកស្រីមួរ សុខហួរ៖ ថាយើងខ្ញុំជាទណ្ឌិតចុះ! ទោះបីយ៉ាងណាក៏ដោយ ក៏ត្រូវតែយើងខ្ញុំទទួលសិទ្ធិធ្វើមាតុភូមិនិវត្តន៍ យើងខ្ញុំគឺហ៊ានទទួលខុសត្រូវចំពោះមុខតុលាការ។ មានន័យថា លោក ហ៊ុន សែន ខ្លាចប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ច្បាស់ណាស់ លោក ហ៊ុន សែន ខ្លាចចំនួនប្រជាពលរដ្ឋច្រើនលើសលុបដែលគ្រោងធ្វើដំណើរជាមួយពួកខ្ញុំ។ យើងនឹងរកវិធីធ្វើមាតុភូមិនិវត្តន៍នេះ ដើម្បីដោះលែងលោក កឹម សុខា ដោះលែងប្រជាធិបតេយ្យ លោក ហ៊ុន សែន មិនឱ្យយើងធ្វើមាតុភូមិនិវត្តន៍វិញ បានន័យថា លោក ហ៊ុន សែន មិនយកប្រយោជន៍ជាតិជាធំទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការចាត់វិធានការនានា ដើម្បីទប់ស្កាត់បំណងរបស់លោក សម រង្ស៊ី និងក្រុមរបស់គាត់នេះ មិនមែនផ្ទុយពីរដ្ឋធម្មនុញ្ញឡើយ ប៉ុន្តែ ផ្ទុយទៅវិញគឺវិធានការទាំងអស់នេះគឺដើម្បីផលប្រយោជន៍សាធារណៈ ហើយមិនប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះទេ។ 

លោក ជិន ម៉ាលីន៖ អ្នកដែលត្រូវរឹតត្បិតនេះមិនមែនជាប្រជាពលរដ្ឋទូទៅទេ ផ្ទុយទៅវិញពួកគាត់ជាទណ្ឌិត កាលណាជាទណ្ឌិតហើយសិទ្ធិមួយចំនួនគឺត្រូវដកហូត ដូច្នេះវិធានការទាំងនេះមិនមែនប៉ះពាល់ដល់រដ្ឋធម្មនុញ្ញទេ។ ក្នុងករណីទង្វើណាមួយដែលប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ រាជរដ្ឋាភិបាល អាចដាក់ចេញនូវវិធានការគ្រប់រូបភាពទាំងអស់ រួមមានវិធានការច្បាប់ក្នុងការចាប់ទណ្ឌិតមកផ្តន្ទាទោស វិធានការការទូតក្នុងការទាក់ទងជាមួយប្រទេសជាមិត្តឱ្យជួយចាប់ទណ្ឌិតមកអនុវត្តទោស និងវិធានការរដ្ឋបាលគឺស្នើសុំឱ្យក្រុមហ៊ុនឯកជនមានកិច្ចសហការ។

អ្នកឃ្លាំមើលបញ្ហានយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ចំណាត់ការលើមន្ត្រី បក្សប្រឆាំងជាបន្តបន្ទាប់ជុំវិញសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ នាំឱ្យមានការមិនទុកចិត្តរវាងរដ្ឋាភិបាល និងពលរដ្ឋទាំងអស់ ។

លោកឡៅ ម៉ុងហៃ មានប្រសាសន៍ថា៖  វាជាវិធានការនៅក្នុងសង្គមកុម្មុយនីសផ្តាច់ការ ឬមូលធនផ្ដាច់ការ គឺដូចជាបាត់បង់ការទុកចិត្តចំពោះប្រជាជន ហើយប្រជាជនក៏លែងទុកចិត្តវិញដែរ»។

គិតត្រឹមថ្ងៃទី០២ ខែវិច្ឆកានេះ ការអះអាងរបស់លោក សម រង្ស៊ី ថានឹងដឹកនាំកម្លាំងសហការី និងអ្នកគាំទ្រចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកានោះ មិនទាន់មានការប្រែប្រួលនៅឡើយទេ។ បើតាមមន្ត្រីអតីតបក្សសង្គ្រោះជាតិ គិតមកដល់ថ្ងៃទី០២ វិច្ឆិកានេះ សកម្មជនគាំទ្រលោក សម រង្ស៊ី និងសមាជិកអតីតបក្សប្រឆាំងប្រមាណ៦០នាក់ហើយត្រូវបានចាប់ខ្លួនដាក់គុក ខណៈមនុស្សជាង១រយនាក់ផ្សេងទៀតត្រូវចោទប្រកាន់ដោយតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ