សង្គម​ស៊ីវិលទាមទារឲ្យសមត្ថកិច្ចទទួលខុសត្រូវ​ការ​ស្លាប់​បងស្រី​អតីតមន្ត្រី​បក្ស​ប្រឆាំងនៅ​​ស្វាយរៀង​

សពអ្នកស្រី សំ បុប្ផា ក្នុងពិធីបុណ្យសព។ រូបភាព៖ ផ្ដល់ឱ្យ

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​សមត្ថកិច្ច​ខេត្តស្វាយរៀង​ ទទួលខុសត្រូវលើ​ករណី​ស្លាប់​បងស្រី​អតីត​សកម្មជន​គ​ណ​បក្ស​ប្រឆាំង​ម្នាក់​ ដែល​អះអាង​ថា​ បាន​ធ្លាក់​ពីលើ​ម៉ូតូ​សមត្ថកិច្ច​បោក​ក្បាល​​ស្លាប់​ អំឡុងពេល​​នាំ​ខ្លួន​ទៅ​សាកសួរ​ ​​ពា​ក់ព័​ន្ធ​ទៅនឹង​ជម្លោះ​ក្នុង​គ្រួសារ​ ។

បើ​តាម​ក្រុម​គ្រួសារ​ សព​អ្នកស្រី​ សំ​ បុប្ផា​ ត្រូវ​បាន​បូជា​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្រោយពី​គាត់​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូ​សមត្ថកិច្ច​ពេល​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​សាលាឃុំ​ពាក់ព័ន្ធ​ជម្លោះ​ក្នុង​គ្រួសារ​។

បើ​តាម​លោក​ សំ​ ឌី​ណា​ ដែល​អះអាង​ថា​ ជា​ប្អូនប្រុស​បង្កើត​របស់​សព​អ្នកស្រី​ សំ​ បុប្ផា​ អាយុ៤៩ឆ្នាំ​ មានកូន៤នាក់​ រស់នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​ត្នោត​ ស្រុក​កំពង់រោទិ៍​ ខេត្តស្វាយរៀង​ ។ 

ស្ត្រី​រូប​នេះ​ មាន​ប្អូនប្រុស​បង្កើត​ម្នាក់ទៀត​ឈ្មោះ​ សំ​ រត្នី​ ដែល​លោក ​សំ​ រត្នី​ ជា​អតីត​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ ករុណា​ និយាយ​ថា​ ការ​ស្លាប់​នេះ​ មន្ត្រី​ពាក់ព័ន្ធ​អះអាង​ថា​ ស្ត្រី​នោះ​បាន​លោត​ចុះពី​លើ​ម៉ូតូ​ដោយខ្លួនឯង​ ពេល​សមត្ថកិច្ច​កំពុង​ព្យាយាម​ដឹក​ទៅ​សាលាឃុំ​ដើម្បីសាកសួរ។ ប៉ុន្តែ​ លោក​ថា​ ករណីនេះ​ សមត្ថកិច្ច​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។

លោកថា៖ «ប្រធាននគរបាលយុត្តិធម៌ប្រចាំខេត្តហ្នឹង ត្រូវតែបើកការស៊ើបអង្កេតឲ្យបានច្បាស់អំពីករណីស្លាប់ហ្នឹង។ ហើយបញ្ជូនសំណុំរឿងតាមនីតិវិធីទៅតុលាការ ដើម្បីឲ្យសារធារណជនគេបានដឹងអំពីចំណាត់ការហ្នឹង ដែលសមត្ថកិច្ចបានយកចិត្តទុកដាក់។ ប្រសិនបើជាអត់យកចិត្តទុកដាក់ គេនឹងចោទប្រកាន់យើងថា រើសអើងក្នុងការអនុវត្តច្បាប់បែបស្តង់ដារពីរដូចពេលកន្លងមកហ្នឹងគឺអត់ខុសទេ»។

ប្រហាក់​ប្រហែលគ្នា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តស្វាយរៀង​ លោក​ នុត​ បូ​ពិ​ណ្ណា​រ័ត្ន​ មានប្រសាសន៍​ថា​ ការ​ស្លាប់​របស់​ស្ដ្រី​ សំ​ បុប្ផា​ នេះ​ ជា​ការ​ទទួល​ខុសត្រូវ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​។

លោកថា៖ «ធម្មតាកាលដឹកគាត់ គេត្រូវមានម្នាក់អោបគាត់ជាប់ពីក្រោយ។ អញ្ចឹងកំហុសហ្នឹងជាកំហុសបច្ចេកទេសក្នុងការនាំជនសង្ស័យមកសាកសួរ។ អញ្ចឹង អាហ្នឹងជាការទទួលខុសត្រូវរបស់ប៉ូលីសហើយ»។

បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ផ្ទាល់​ ជា​អ្នក​ដើ​តួនាទី​សំខាន់​ក្នុង​ការស្វែងរក​យុត្តិធម៌​ឱ្យ​ស្ត្រីដែល​បាន​ស្លាប់​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង ​លោក​ ទេព​ ផល្លា​ អះអាង​ថា​ ព្រះរាជអាជ្ញា​នឹង​ដំណើរការ​នីតិវិធី​ផ្លូវច្បាប់​ក​រ​ណីនេះ​ ពេល​ទទួល​បាន​សំណុំរឿង​បញ្ជាក់​ពី​នគរបាល​យុត្តិធម៌​។

លោកថា៖ «ជានីតិវិធី កាលណាមានបទព្រហ្មទណ្ឌកើតឡើងអ៊ីចឹង មន្ត្រីយុត្តិធម៌ហ្នឹងត្រូវចាត់ចែងស៊ើបអង្កេតលើរឿងក្តីហ្នឹងសិន ស្ថិតក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា។ ក្រោយពីការស៊ើបអង្កេតបឋមចប់ នគរបាលយុត្តិធម៌ត្រូវជូនសំណុំរឿងនឹងមកព្រះរាជអាជ្ញា ប្តឹងចោទប្រកាន់មកចៅក្រមស៊ើបសួរយ៉ាងម៉េចៗ អាហ្នឹងតាមនីតិវិធីច្បាប់»។

អធិ​ការ​រង​ផ្នែក​ព្រហ្មទណ្ឌ​ លោក​ ហ៊ីង​ សុខា​ បាន​ច្រានចោល​ការទទួលខុសត្រូវ​លើ​ការចាត់វិធានការទៅលើមន្ត្រីដែលធ្វើឲ្យជនសង្ស័យស្លាប់អំឡុងពេលនាំខ្លួនទៅសាកសួរ​។

លោកថា៖ «អារឿងចាត់វិធានការមិនមែនជាសមត្ថកិច្ចរបស់ខ្ញុំទេ សុំទោស»។

អ្នក​នាំ​ពាក្សអគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ​ គឹ​មឃឿន​ អះអាង​ថា​ វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​ ដែល​ធ្វើ​ឱ្យ​ជនសង្ស័យ​ស្លាប់​អំឡុងពេល​នាំទៅ​សាកសួរ​នេះ​ អាស្រ័យ​លើការ​រក​ឃើញ​កំហុស​ពី​តុលាការ​។

មេធាវី​ លោក​ សេក​ សោភ័ណ្ឌ ពន្យល់​ថា​ តាម​នីតិវិធី​ច្បាប់​ ការ​នាំ​ខ្លួន​ជនសង្ស័យ​ណាមួយ​ទៅ​សាកសួរ​ត្រូវ​បង្ហាញ​ដីកា​ពី​តុលាការ​ ឬត្រូវ​មាន​វត្តមាន​ព្រះរាជអាជ្ញា​នៅកន្លែង​កើតហេតុ​។ លោកបន្ត​ថា​ បើ​ការ​នាំ​ខ្លួន​ជនសង្ស័យ​ណាមួយ​អនុវត្ត​ខុសពី​នេះ​ ជា​ការ​មិន​គោរពច្បាប់​។

មេធាវី​រូប​នេះ​ ពន្យល់​ផ្លូវច្បាប់​ទៀត​ថា​ ករណី​ធ្វើ​ឱ្យជនសង្ស័យ​ស្លាប់​ពេល​អំឡុង​ពេល​នាំ​ខ្លួន​ទៅ​សាកសួរ​ សមត្ថកិច្ច​ត្រូវ​ប្រឈម​​មុខ​ច្បាប់​ពី​ទោស​ព្រហ្មទណ្ឌ​។

លោកថា៖ «ការបាត់បង់ជីវិតរបស់គាត់ [ អ្នកស្រី សំ បុប្ផា] ដោយសាអំពើរបស់អ្នកណាហ្នឹងជាសមត្ថកិច្ចរបស់តុ​លាការ អត់អាចរួចខ្លួនទេ។ ហើយអ្នកដែលជាប់សង្ស័យជាងគេហ្នឹងគឺសមត្ថកិច្ចហ្នឹង ព្រោះរឿងបាត់បង់ជីវិតជារឿងព្រ​ហ្ម​​​ទណ្ឌមិនមែនរឿងរដ្ឋប្បវេណី»។

ទោះជាយ៉ាងណា​ សង្គម​ស៊ី​វិ​លផ្ដល់​ជា​យោបល់​ថា​ ដើម្បី​កុំ​ឱ្យសហគមន៍​ជាតិ​ និង​អន្តរជាតិ​មើលឃើញ​ថា​  ​រដ្ឋាភិបាល​ ប្រើ​ប្រព័ន្ធ​យុត្តិធម៌​ធ្វើជា​ឧបករណ៍​នយោបាយ​នោះ​ ត្រូវ​មាន​វិធានការ​ដាក់​ពិន័យ​ ឬផ្តន្ទា​ទោស​មន្ត្រី​ដែល​បំពានច្បាប់​ ដើម្បី​ជំរុញ​យន្តការ​ពង្រឹង​នីតិរដ្ឋ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ