រដ្ឋាភិបាល​​រៀប​ចំ​គោល​នយោបាយ​ជាតិ​វិនិយោគ​លើ​ដំឡូង​មី

រោងចក្រដំឡូងមីមួយកន្លែង។ រូបភាព៖ ផ្ដល់ឱ្យ

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​គាំទ្រ​​​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP​ ​កំពុង​រៀប​ចំ​គោល​នយោបាយ​ជាតិ​ដំឡូង​មី ដោយរំពឹង​ថា ​អនាគតដំឡូង​មី​នៅ​កម្ពុជា​នឹង​ផ្ដល់​ផល​ចំណេញ​​ច្រើន​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក ម៉ៅ ថូរ៉ា បាន​លើក​ឡើង​ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពីការ​រៀប​ចំ​ករណីវិនិយោគ​សម្រាប់​ដំឡូង​មី​នៅ​ព្រឹក​នេះ​ថា ក្រសួង​ពាណិជ្ជកម្ម​កំពុង​សិក្សា​លើ​ការ​រៀប​ចំ​គោល​នយោបាយ​ជាតិ​ដំឡូង​មី ខណៈ​ទទួល​បាន​ការ​ឯកភាព​លើ​ខ្លឹម​សារដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ។

លោក​ថា៖ « រឿង​ដែល​នៅ​ស្ទះនោះគឺថា ​ខ្លឹម​សារ​គេ​ឯកភាព​គ្នា​អស់​ហើយ វា​នៅ​តែ​ទម្រង់។ ដូច្នេះ​ យើង​ប្រជុំ​គ្នា​ ខ្ញុំគិត​ថា​ បើ​សិន​ជា​យើង​អាច​អញ្ជើញ​ក្រសួងមួយ​ចំនួន​ចូល​ជួយ​ឱ្យ​យោបល់​ប្រហែល​ជា​ស្រួល តែ​កុំ​ទាញ​(ខ្លឹមសារ) ឱ្យ​តែ​ទាញ​ទៅ​រឿង​អី​ផ្សេង​ៗចុះ​ឡើងៗ​ វា​យឺត​ទៀត​អត់​បាន​ឆ្លងទេ។ ទាល់​តែ​ឯកភាព​គ្នា​តាម​ការ​ណែ​នាំ​ពី​គណៈរដ្ឋមន្ត្រី​ ដល់​ពេល​យើង​ទៅ​ឆ្លងអន្តរក្រសួង​ វាលឿន  » ។

អ្នក​តំណាង​ UNDP ប្រចាំ​កម្ពុជា​ លោក Nick Beresford មាន​ប្រសាសន៍​ថា ​ការ​ចាប់​យក​ការ​អភិវឌ្ឍផលិតកម្ម​ដំឡូង​មី​នៅ​ពេល​នេះ​ វា​នឹង​ផ្ដល់​ប្រយោជន៍​គុណ​នឹង​បី​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ដែល​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើន​កំណើន​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាច្រើន​ផង​ដែរ។

លោក​ថា៖ « របាយការណ៍​បាន​រក​ឃើញ​ថា ​កំណើន​សេដ្ឋកិច្ច​សង្គម​នឹង​កើន​ឡើង​តាម​រយៈ​ការ​កើន​ឡើង​នៃ​ការងារ និង​កាត់​បន្ថយភាព​ក្រីក្រ ដែល​មាន​អំណោយផល​ច្រើន​ពី​ការ​វិនិយោគលើ​ដំឡូង​មី។ ការ​វិភាគ​បង្ហាញ​ថា​ ការ​វិនិយោគ​កាន់​តែ​ច្រើន​លើ​ដំឡូង​មី វា​​នឹង​បង្កើន​ចំណូល​ច្រើន​ដល់​កសិករ​ដែល​មាន​ដី​តិចតួច និង​មិន​សូវ​មាន​ជំនាញ​ (បើ​ប្រៀបធៀប​នឹង​ផ្នែក​ផ្សេង​ទៀត)​ » ។

ប្រធាន​គម្រោង​ UNDP លោក លាង រ័ត្នម៉ាណា មាន​ប្រសាសន៍​ថា ​បច្ចុប្បន្ន​ ទីផ្សារ​ដំឡូង​មី​កំពុង​តែ​កើន​ឡើងទាំង​តម្លៃ និង​តម្រូវ​ការនៅ​លើ​ពិភព​លោក ហើយ​​ប្រទេស​​ចិនជា​អ្នក​ទទួល​ទិញ​ធំ​ជាង​គេ ខណៈ​អ្នក​ទទួល​ប្រយោជន៍​ច្រើន​នោះ​គឺ​ប្រទេស​ថៃ និង​វៀតណាម។ លោក​បន្ថែម​ថា ​ដល់​ពេល​ហើយ​ដែល​កម្ពុជា​គួរ​ទាញ​ប្រយោជន៍​​ពី​​ដំឡូង​មី​នេះ​ដោយ​ផ្ទាល់​ ដោយ​មិន​ចាំ​បាច់​ពឹង​លើ​ប្រទេស​ថៃ និង​វៀតណាម​។

លោក លាង រ័ត្នម៉ាណា៖ « ប្រទេស​ផ្សេង​ៗ​ជា​ពិសេស​ប្រទេសថៃបាន​ប្រមូល​ហើយ​កេង​ចំណេញ​អំពី​ចំណុច​ពិសេស​របស់​ម្សៅ​ដំឡូង​មី​ក្នុង​ការ​ពង្រី​ក​ទី​ផ្សារ​ពិភព​លោក ហើយ​ធ្វើ​ឱ្យ​មាន​ការ​លូត​លាស់​នៅ​ក្នុង​ឧស្សាហកម្ម។ នៅ​ខណៈ​ពេល​​ដែល​យើង​ផលិត​កម្ម​កើន​ឡើង តែ​និរន្តរភាព​នៃ​ផលិត​កម្ម​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គួរ​ឱ្យព្រួយ​បារម្ភ ហើយ​ឧស្សាហកម្ម​​ដែល​កើត​ឡើង​របស់​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​លិចលង់ » ។

​ក្នុង​របាយការណ៍​ករណីការ​រៀប​ចំ​ការ​វិនិយោគ​សម្រាប់​ដំឡូង​មី​ ចេញផ្សាយ​នៅ​ថ្ងៃ​នេះ​ UNDP បាន​រក​ឃើញថា​ការ​វិនិយោគ​លើ​ដំឡូង​មី​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​ការ​វិនិយោគ​លើ​ជម្រើស​ផ្សេង​ទៀត ដូច​ជា វិស័យ​ស្រូវ វិស័យ​ចិញ្ចឹម​សត្វ ស្បៀង​អាហារ និង​វិស័យ​ទេសចរណ៍​ ជា​ដើម ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បង្ហាញ​ទស្សនៈ​ច្បាស់​លាស់​លើ​ការ​វិនិយោគ​លើ​ដំណាំ​នេះនៅឡើយ​ទេ។

ក្នុង​របាយការណ៍​នោះ​សរសេរ​ថា៖ « ការ​ដាក់ទុនវិនិយោគ​លើវិស័យ​​ដំឡូង​មី​ចំនួន​២៩៤​លានដុល្លារ វិស័យ​ដំឡូង​មី​នឹង​រីក​ចំរើន​ជាង​វិស័យ​ចិញ្ចឹម​សត្វ ស្បៀង​អាហារ និង​ទេសចរណ៍។ វានឹង​មាន​លទ្ធផល​ដូច​ការ​វិនិយោគ​លើ​ស្រូវ​អង្ករ​ដែរ។ ហើយ​ផល​ត្រលប់វិញ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ដល់​ទៅ​បី​ដង​ ហើយ​បើ​គិត​ពី​ផល​ចំណេញ​សេដ្ឋកិច្ច​វិញគឺ​មិន​តិច​ជាង​៩៤០លានដុល្លារ​ទេ​ក្នុង​រយៈពេល​១០​ឆ្នាំ » ។

UNDP ឱ្យ​ជា​យោបល់​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ទម្លាក់​កញ្ចប់​ថវិកាចំនួន​២៩៦​លានដុល្លារ​ ដើម្បី​អភិវឌ្ឍវិស័យ​នេះ ដោយ​គាំ​ទ្រ​ឱ្យ​មាន​រោងចក្រ​ឧស្សាហកម្មកែ​ច្នៃ និង​​​រៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​អាទិភាព គួរ​បង្កើត​សំណុំ​ទិន្នន័យ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​​វិភាគ​សេដ្ឋកិច្ច និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ដើម្បីតាម​ដាន​ផង​ដែរ។

របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ថា​ បច្ចុប្បន្ន​ ប្រទេស​វៀតណាម និង​ថៃ គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​នៃ​ដំណាំ​ដំឡូង​មី​កម្ពុជា ខណៈ​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០១៩​នេះ ​កម្ពុជា​នាំ​ចេញ​ដំឡូង​មី​ទាំង​ក្រៀម ស្រស់ និង​ម្សៅ​ ទៅ​លក់​ក្រៅ​ប្រទេស​បាន​​ជាង ​២លាន ​៣សែន​តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ