សមត្ថកិច្ចកម្ពុជា រកឃើញថានារីទេសចរអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុងស្លាប់​ដោយសារលង់ទឹក

កញ្ញា Amelia Bambridge ត្រូវបានគេឃើញចុងក្រោយនៅលើកោះកោះរ៉ុងនៅថ្ងៃទី ២៣ ខែតុលា (រូបភាពពីបណ្តាញសង្គម)

សមត្ថកិច្ចជំនាញសន្និដ្ឋានថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួននៅកោះរ៉ុង កាលពីចុងខែតុលា បានស្លាប់ដោយ​សារ​លង់ទឹក។

ស្ត្រីជាជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge ត្រូវបានកម្លាំងសមត្ថកិច្ច​ចម្រុះប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ កាលពីម្សិលមិញ ស្ថិតនៅត្រង់ចំណុចកោះឆ្លាមក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ។

ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ លោក មួង សុធា ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមការងាររបស់លោកបានត្រួតពិនិត្យ និងធ្វើកោសលវិច័យសព ជាមួយមន្ត្រីស្ថានទូតអង់គ្លេស មន្ត្រីជំនាញវះកាត់ និងឪពុកម្តាយជនរងគ្រោះ។ ក្រោយពីធ្វើកោសលវិច័យហើយ សមត្ថកិច្ចជំនាញរកឃើញថា សពស្ត្រីជនជាតិអង់គ្លេសនោះ ស្លាប់ដោយសារលង់ទឹក គឺមិនពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌនោះទេ។

លោកមានប្រសាសន៍ថា៖ «គ្រួសារជនរងគ្រោះ គាត់បានឯកភាព បានបញ្ចប់នៅម៉ោង១១.៤៥នាទី ព្រឹកមិញនេះ អត់មានឃើញរឿងព្រហ្មទណ្ឌកើតឡើងទេ។ មូលហេតុស្លាប់ ដោយសារលង់ទឹក យើងបានធ្វើការវះកាត់គ្រប់កន្លែងហើយ សាកសពនេះប្រហែលយកមកបូជានៅភ្នំពេញ ​បានប្រគល់ឲ្យគាត់ និងខាងកុងស៊ុល ហើយឪពុកម្តាយរបស់គាត់ទទួលស្គាល់លទ្ធផលនៃការស៊ើបអង្កេតរបស់យើងហើយ»។

រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ បានចេញពីក្រុងព្រះសីហនុទៅកោះរ៉ុង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ហើយទៅដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។ មុនបាត់ខ្លួន ជនរងគ្រោះរូបនេះបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ 

អភិបាល​ក្រុង​កោះរ៉ុង លោក នួន ប៊ុនថុល បាន​ប្រាប់​វីអូឌី​ ​ថា នារី​​ឈ្មោះ Amelia Bambridge  បាន​បាត់​ខ្លួន​ចាប់​តាំង​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា បន្ទាប់​ពី​គាត់​បាន​ជួប​ជុំ​រីករាយ​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​ជា​​ជន​ជាតិ​បរទេស​នៅ​ឯ​រមណីយដ្ឋាន​មួយ​ស្ថិត​នៅ​ភូមិ​កោះតូច នៅ​លើ​កោះរ៉ុង​នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ