បក្សកុម្មុយនីសចិន ប្តេជ្ញារក្សាការពារសន្តិសុខហុងកុង ខណៈបាតុកម្មបន្តអូសបន្លាយ

លោកប្រធានាធិបតី ស៊ី ជីងពីង និងលោកស្រី ខារី ឡាំ។ រូបភាព៖ វេបសាយបរទេស

បក្សកម្មុយនីសចិន ប្តេជ្ញារក្សាការពារសន្តិសុខហុងកុងតាមវិធានការពង្រឹងប្រព័ន្ធច្បាប់ថ្មីមួយ ខណៈចលនាបាតុ​កម្មពលរដ្ឋនៃដែនដីរដ្ឋបាលស្វយ័តពិសេសនេះ បន្តអូសបន្លាយច្រើនខែ និងកាន់តែធ្ងន់ធ្ងរ មិនអាចរកឃើញច្រកចេញ។

យោងតាមសារព័ត៌មាន South China Morning Post ឱ្យដឹងថា ការប្រកាសនេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការមជ្ឈឹមបក្ស ៤ថ្ងៃ នៅទីក្រុងប៉េកាំង ថ្ងៃម្សិលមិញ ដើម្បីផ្តួចផ្តើមបង្កើតគោលនយោបាយថ្មី។

ប្រភពដដែលឱ្យដឹងបន្ថែមថា ថ្នាក់ដឹកនាំបក្សបានប្រកាសថា៖ «ខ្លួននឹងគ្រប់គ្រង និងថែរក្សាការពារយ៉ាងតឹងរ៉ឹងលើតំបន់រដ្ឋបាលស្វយ័តពិសេសហុងកុង និងម៉ាកាវ តាមយន្តការពង្រឹងការអនុវត្តច្បាប់ និងតាមប្រព័ន្ធច្បាប់ថ្មីមួយ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ Basic Law ដើម្បីស្ថិរភាព និងភាពរុងរឿងរយៈពេលវែងនៅតំបន់ដែនកោះទាំងពីរ»

ការប្រកាសបែបនេះ ធ្វើឡើងខណៈចលនាបាតុកម្មពលរដ្ឋហុងកុងបន្តអូសបន្លាយជាង៤ខែ ដោយបានបង្កការបំផ្លិចបំផ្លាញ ការវា​យ​បង្រ្កាបយ៉ាងហិង្សា និងការចាប់ឃុំខ្លួនមនុស្សជាច្រើន ហើយនៅថ្ងៃម្សិលមិញនេះដែរ បើតាមសារព័ត៌​មាន Straits Times ប៉ូលីសហុងកុងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងស្ព្រាយ៍ម្រេច បាញ់ទៅលើក្រុមបាតុករពីរក្រុមកំពុងប្រ​មូ​ល​​ផ្តុំគ្នាតវ៉ាប្រឆាំងការបង្រ្កាបឃោរឃៅ និងច្បាប់ហាមពាក់ម៉ាស់មុខ។

យោងតាមសារព័ត៌មាន People អ្នកនាំពាក្យរដ្ឋបាលក្រុងហុងកុងមួយរូបលើកឡើងថា ហុងកុងបានអនុវត្តយ៉ាងពេញលេញ និងដោយជោគជ័យនូវគោលការ ”ប្រទេសមួយ ប្រព័ន្ធពីរ” ។​

លោកថា៖ «រដ្ឋបាលដែនដីស្វយ័តពិសេសហុងកុង មានកាតព្វកិច្ចរក្សាការពារសិទ្ធិសេរីភាពពលរដ្ឋហុងកុងដែលមានចែងក្នុងច្បាប់ធម្មនុញ្ញ Basic Law របស់ហុងកុង ហើយយើងចាត់ទុកកាតព្វកិច្ចនេះមានសារសំខាន់បំផុត»

អ្នកនាំពាក្យរូបនេះលើកឡើងបន្ថែមថា ការចាត់វិធានការបង្ក្រាបកន្លងមក គឺដោយសារក្រុមបាតុករប្រព្រឹត្តសកម្មភាពខុសច្បាប់ ដោយបានបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ។

សាស្រ្តាចារ្យរងនៃសកលវិទ្យាល័យនយោបាយសាធារណៈរបស់សិង្ហបុរី លោក Alfred Wu លើកឡើងថា ទីក្រុងប៉េកាំងចាត់ទុកបញ្ហានៅហុងកុង គឺជាបញ្ហាសន្តិសុខជាតិ ហើយសន្តិសុខជាតិ គឺជាសន្តិសុខតំបន់ ឬសន្តិសុខបក្សកម្មុយនីស។

លោក Wu បន្ថែមថា៖ «ដូច្នេះ គណៈកម្មការមជ្ឈឺមរបស់ទីក្រុងប៉េកាំង នឹងពង្រឹងការរឹតបន្ដឹងកាន់តែខ្លាំងទៅលើបញ្ហាឯករា​ជ្យភាពដែនដីហុងកុង និងចាំឃ្លាំមើ​លស្ថានការនៅទីនោះ ថាតើមានការប្រែប្រួលប៉ះពាល់ដល់សន្តិសុខរបស់ខ្លួនឬ?»

បាតុកម្មនៅហុងកុងផ្តើមឡើងនៅខែមិថុនា ដោយក្រុមបាតុករទាមទារឱ្យប្រមុខរដ្ឋបាលហុងកុង លោកស្រី Carrie Lam ទម្លាក់ចោលសំណើច្បាប់ធ្វើបត្យាប័នពលរដ្ឋហុងកុងទៅកាត់ទោសនៅចិនដីគោក ដោយពួកគេចាត់ទុកច្បាប់នេះ រំ​លោភលើសិទ្ធិសេរីភាពរបស់ខ្លួន និងផ្តល់អំណោចអាណានិគមដល់រដ្ឋាភិបាលកម្មុយនីសចិន មកលើដែនដីរដ្ឋបាលពិសេសរបស់ពួកគេ។

សភាអាមេរិកនៅថ្ងៃទី១៥ ខែតុលា បានអនុម័តសេចក្តីព្រៀងច្បាប់ការពារសកម្មភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពល​រដ្ឋហុងកុង ដើម្បីបើកផ្លូវឱ្យខ្លួនមានសិទ្ធស្របច្បាប់ក្នុងការចាត់វិធានការលើមន្រ្តីរដ្ឋការចិនដែលចូលរួមរំលោភសិទ្ធិសេរីភាពពលរដ្ឋហុងកុង។ ឆ្លើយតបនឹងសេចក្តីសម្រេចនេះ ចិនបានប្រ​កា​សសងសឹក បើប្រធានាធិបតីអាមេរិកហ៊ានចុះហត្ថលេខាអនុម័ត។

នៅក្នុងពិធីរំឭកខួប៧០ឆ្នាំនៃការបង្កើតបក្សកម្មុយនីសប្រជាជនចិន កាលពីថ្ងៃទី១ ខែតុលា លោក Xi Jinping បានអំពាវនាវឱ្យរក្សាស្ថិរភាពនៅហុងកុង និងបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនលើនយោបាយ ”ប្រទេសមួយ ប្រើប្រព័ន្ធពីរ” ពោលគឺចាត់ទុកកិច្ចការរបស់ហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ