អតីតមន្ត្រី CNRP ជាង៣០នាក់ត្រូវចោទនិងចាប់ខ្លួន ក្នុងពេល​ជាង១០ថ្ងៃចុងក្រោយ

រូបថតសកម្មជននិងមន្ត្រីបក្សប្រឆាំងដែលត្រូវសមត្ថកិច្ចចាប់ខ្លួននាពេលកន្លងមក(រូបថតពីហ្វេសប៊ុកអ្នកស្រីមួរសុខហួរ) បង្ហោះថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩

តុលាការកម្ពុជា ​ធ្វើការចោទប្រកាន់ ចេញដីកា និង​ចាប់​ខ្លួនអតីតសកម្មជន មេឃុំ ក្រុម​ប្រឹក្សាឃុំ/សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សសង្គ្រោះជាតិ​ ចំនួន​៣២នាក់ នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ក្នុង​​ប្រទេស​កម្ពុជា ទាក់ទងនឹងការគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ​បើគិតចាប់​ពីថ្ងៃ​ទី២០ តុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៩នេះ ។

ការចោទប្រកាន់ និងការចាប់​ខ្លួន​ពីសំណាក់​អាជ្ញាធរ​នេះ ធ្វើឡើងក្រោយអ្នក​ទាំង​នោះបាន​​បង្ហាញ​សកម្មភាពនានាតាម​រយៈ​បណ្ដាញ​សង្គម​ Facebook, Group Messenger ជាដើមដោយ​បំផុស​បំផុល កៀរគរ ឃោសនា ​ឲ្យ​មហា​ជន​ចូលរួម​ក្នុង​ដំណើរ​មាតុ​ភូមិ​និវត្តន៍​មកកម្ពុជាវិញ​របស់លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដែលនៅសល់​រយៈ​ពេល​តែ​៨ថ្ងៃទៀតប៉ុណ្ណោះ​។

តាម​ទិន្នន័យដែល​អ្នកសារព័ត៌មាន​វីអូឌី បានកត់ត្រាក្នុងរយៈពេលប្រមាណជាង១០ថ្ងៃចុងក្រោយនេះ (២០តុលា-០១ វិច្ឆិកា) មនុស្ស​៩នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ១៩នាក់​ត្រូវ​បាន​តុលាការចោទ​ប្រកាន់ និង៤នាក់​ផ្សេងទៀតត្រូវ​បាន​តុលា​ការ​ចេញ​ដីកាចាប់ខ្លួន ដែលអ្នកទាំង​នោះ​ត្រូវ​បាន​​ចោទ​​ប្រកាន់​​ពីបទ «រួមគំនិត​ក្បត់​»

មន្ត្រីជាន់ខ្ពស់​របស់​អតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​តាមបណ្ដាញ WhatsApp ថា ការធ្វើទុកបុកម្នេញ​របស់​អាជ្ញាធរ​មកលើ​អ្នកគាំទ្រ​អតីតគណបក្ស​សង្គ្រោះជាតិ គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ រំលោភសិទ្ធិសេរីភាព​យ៉ាងធ្ងន់ធ្ងរ។ លោកស្រីបន្ថែមថា ការចោទប្រកាន់របស់តុលាការ គឺជារឿង​ដែល​មិន​អាច​ទទួល​យកបាន ហើយថា ​ទង្វើទាំងនោះ​​វាប៉ះពាល់ដល់​ការបាត់បង់ប្រព័ន្ធ​អនុគ្រោះពន្ធ​​ EBA ដែរ។

លោកស្រីមានប្រសាសន៍ថា៖ «ការចាប់ចង ការគំរាមកំហែង ការយារយី ការតាមដាន ការចោទប្រកាន់ ការឃុំខ្លួន ការឃាត់ខ្លួន និងការបង្ខំឲ្យ​សមាជិក​​គណបក្សសង្គ្រោះ​ជាតិ​ ចេញមុខ​សារភាព​ រហូតបង្ខំឲ្យចុះចូលគណ​បក្សប្រជាជន​ នេះ​គឺ​ជា​ការ​រំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិសេរីភាព​ដ៏ធ្ងន់ធ្ងរ។ ការចោទប្រកាន់នេះ យើង​មិនអាច​ទទួល​យកបានទេ។ រឿងទាំងនេះ​ក៏ប៉ះពាល់​ដល់​ការ​បាត់បង់ ​EBA ដែរ»។

ឆ្លើយតបទៅនឹងសំណួរថា តើគណបក្សសង្គ្រោះជាតិ​ទទួលខុសត្រូវដូចម្ដេច​ចំពោះការចាប់ខ្លួន​អ្នក​គាំ​ទ្រ លោកស្រី មូរ សុខហួរ បញ្ជាក់ថា ខាងគណបក្ស​មានត្រៀម​ជាជំនួយផ្សេងៗ​រួចហើយ​សម្រាប់​អ្នកទាំង​នោះ​។

លោកស្រីថា៖ «ចំពោះ​គណបក្សសង្គ្រោះជាតិ​យើងវិញ ជាបន្ទាន់ ពេលទទួលបាន​ព័ត៌មាន (ចាប់ខ្លួន) យើង​មាន​ការ​បញ្ជូន​មេធាវី បញ្ជូនជំនួយតាម​ផ្លូវចិត្ត ផ្លូវធនធានទាំងឡាយ ជូនទៅដល់​ក្រុមគ្រួសារពួកគេ។ យើង​មាន​មេធាវី៤រូប ដែលកំពុង​ធ្វើការ​យ៉ាងមមាញឹក»។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលិន ប្រាប់​អ្នកសារព័ត៌មានថា ក្រសួងយុត្តិធម៌មិនទាន់​បាន​ធ្វើការ​បូកសរុប​តួលេខជាក់លាក់​រឿងចោទប្រកាន់ ឬការចាប់ខ្លួនអតីតមន្រ្តីបក្សប្រឆាំងនៅឡើយទេ។ លោកបញ្ជាក់ថា រឿងតួលេខជាក់លាក់ផ្លូវការ ខាង​អគ្គស្នងការនគរបាល​ជាតិបាន​បូកសរុប​រួចរាល់ហើយ។

លោក ឲ្យដឹងថា៖ «ចំពោះចំនួននេះ ខ្ញុំអត់បាន​ធ្វើការបូកសរុបទេ ប៉ុន្តែខាងអគ្គស្នងការនគរបាលជាតិ ​គេបានចេញប្រកាសព័ត៌មាន​ពាក់ព័ន្ធនឹងអាហ្នឹងហើយ ទាំងចំនួន​អ្នកឃាត់ខ្លួន ទាំង​អ្នករងការចោទប្រកាន់ដែលកំពុងរត់គេចខ្លួន​ អាច​យក​អាហ្នឹង​ជា​ផ្លូវការ​បាន»។

លោក ឆាយ គឹមខឿន អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ ប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះថា គិតត្រឹម​ថ្ងៃទី០១ ខែវិច្ឆិកា មានមនុស្ស​១០៩នាក់​ហើយ​ដែល​ត្រូវ​បាន​ចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និងបទញុះញង់ ក្នុងនោះ​៤៨នាក់​ត្រូវ​បាន​ចាប់ខ្លួន និង៦១នាក់​ផ្សេងទៀត​មានដីកាតាមចាប់ខ្លួន និង២២១នាក់​ផ្សេងទៀត​​បាន​ចេញមុខសារភាព​៕

រាយការណ៍ដោយ៖ ម៉ូវ ម៉ារ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ