កម្មករសំណង់​ប្រមាណ​៧០ភាគរយ នៅតែបន្តស្នាក់នៅក្នុង​អគារកំពុងសាងសង់

កម្មករពិសារអាហាររួមគ្នានៅក្នុងអាគារមួយកំពុងជួសជុលបន្ទាប់ពីសម្រាកថ្ងៃត្រង់ នៅខេត្តកោះកុង នាថ្ងៃទី ២៧ ខែកញ្ញា ២០១៧។ (រូបភាព៖ បញ្ញា ឆពណ្ណ)

កម្មករ​បម្រើ​ការងារក្នុង​វិស័យ​សំណង់​ ប្រមាណ​​៧០​ភាគរយ នៅតែ​បន្តស្នាក់​នៅ​ក្នុង​​អគារ ​​ដែល​កំពុង​សាងសង់​​​ ទោះបី​ក្រសួង​រៀបចំ​ដែនដី បាន​ចេញ​​សេចក្តី​ប្រកាស​ ណែនាំ​​ដល់​​ក្រុម​ហ៊ុន​ប្រកប​​អាជីវកម្ម​​សាង​សង់ និង​​អ្នក​​ម៉ៅការ​​សំណង់​ទាំងអស់ ​ឈប់​ឲ្យ​កម្មករ​​ស្នាក់នៅ​ក្នុង​អគារ​​ដែល​កំពុង​​សាងសង់ក៏ដោយ​។

តំណាងសហជីពសំណង់ បានអះអាងថា ក្រុមហ៊ុនសាងសង់ និង​អ្នកម៉ៅការសំណង់ ពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងដែនដី ដែលតម្រូវឲ្យសង់កន្លែងស្នាក់នៅដាច់ដោយឡែកដល់កម្មករនោះទេ ដោយបន្តអនុញ្ញាតឲ្យពួកគេស្នាក់នៅក្រោមអគារ។

ប្រធាន​​សហព័ន្ធ​សហជីពកម្មករ​សំណង់ និងព្រៃ​ឈើ​កម្ពុជា លោក សុខ គីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​​ថា ​​​ក្រសួង​រៀប​ចំ​ដែនដី បាន​​ចេញ​​សេចក្ដី​​ប្រកាស ដោយហាមកម្មករស្នាក់នៅអគារកំពុងសាងសង់ ​​តាំង​ពីខែកក្កដា​កន្លង​ទៅ។ប៉ុន្តែ​​រហូត​មក​ដល់​​ពេល​​នេះ លោក​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​​ភាគច្រើន​​មិនបាន​​អនុវត្ត​តាម​​សេចក្ដី​​ប្រកាស​​​របស់​ក្រសួង​នោះ​ទេ។ ​ក្រុមហ៊ុន​​ទាំងនោះ​ភាគច្រើន​​​នៅតែ​​បន្ត​ឲ្យ​​កម្មករ​​សំណង់​​បន្ត​​ស្នាក់​នៅ​ក្នុង​​អគារ​​កំពុង​សាងសង់​​ដដែល​។

លោក សុខ គីន មានប្រសាសន៍ថា ៖ «និយាយ​ឲ្យចំ តាំង​​ពី​សេចក្ដី​​ជូន​​ដំណឹង​របស់​ក្រសួង ចេញ​​មក​តាំងពីខែ​កក្កដា មក​ដល់​​ពេលនេះ យើង​ឃើញថា ក្រុមហ៊ុន​ប្រមាណ៧០ភាគរយ ដូច​អត់​ទាន់​មានការ​ប្រែប្រួល ឲ្យ​កម្មករ​​នៅ​​ខាង​​ក្រៅ​​អគារ​​នៃ​ការដ្ឋាន​ហ្នឹងសោះ។ ជាទម្លាប់​របស់ក្រុម​ហ៊ុន គាត់ឲ្យ​នៅ​​កន្លែង​ណា គឺនៅ​កន្លែងហ្នឹង។ ខ្ញុំអបអរសាទរ​ដែល​​មាន​​សេចក្ដី​ជូន​ដំណឹង ក៏ប៉ុន្តែ​​ខាង​ក្រុមហ៊ុន​ដូច​​អត់មាន​​បាន​​ឃើញ​​អនុវត្ត​សោះ»។

ក្រសួងដែនដី បានចេញសេចក្តីប្រកាសហាមកម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ បន្ទាប់ពីមានករណី​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ នៅខេត្ត​ព្រះ​សីហនុ បណ្ដាល​ឲ្យ​កម្មករ​សំណង់ដែលស្នាក់​នៅ​ក្នុង​អគារ​ចំនួន​២៨នាក់​បាត់​បង់​ជីវិត និង២៦នាក់​ផ្សេងទៀត​រងរបួស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។

យោងតាម​​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យ​ដឹងថា​​ នៅក្នុង​រយៈ​ពេល​៨ខែ​ដំបូងដើម​ឆ្នាំ ២០១៩ នេះ ទំហំទុន​វិនិយោគ​វិស័យ​សំណង់​ទូទាំង​ប្រទេស​មាន​តម្លៃ​សរុប​ប្រមាណ​ជិត ៦ពាន់លាន​ដុល្លារអាមេរិក ជាមួយនឹង​​គម្រោង​​វិនិយោគ​​ប្រមាណ​​ជាង ៣០០០ គម្រោង។

កម្មករសំណង់​បម្រើ​ការងារ​នៅតាម​បណ្ដា​ការដ្ឋានផ្សេងៗ អះអាងស្រដៀងគ្នាថា ការបន្ត​ស្នាក់​នៅ​​ក្នុង​​អគារ​កំពុង​សាងសង់​​ ដោយសារ​​តែ​​គ្មាន​​ជម្រើស ហើយវាអាចជួយសម្រាល​​បន្ទុក​នៃ​ការ​ចំណាយ​លើ​ថ្លៃ​ស្នាក់​​នៅ ថ្លៃទឹក និងថ្លៃភ្លើង។​​ ការស្នាក់​នៅ​​​​ក្នុង​​អគារ​​​​​កំពុង​​សាងសង់​​ទាំងនេះបាន ​ដោយមាន​​ការ​​អនុញ្ញាត​​​ពី​​ម្ចាស់​​ក្រុមហ៊ុន ឬអ្នក​​ម៉ៅការ​​សំណង់​​​ ដែល​​​ករណី​​នេះ​​​វាផ្ទុយ​​​ទៅនឹង​​​​​សេចក្ដី​​ប្រកាស​​​របស់​​​ក្រសួង​​រៀបចំ​​​ដែនដី នគរូបនីយកម្ម និង​​សំណង់។

កម្មករសំណង់​ផ្នែក​រៀប​ឥដ្ឋការ៉ូ ​វ័យ៤០ឆ្នាំ លោក សៀង យីម ធ្វើការ​នៅ​​ការដ្ឋាន​​សំណង់​​មួយ​​កន្លែង​ ម្ដុំបឹងបៃតង សង្កាត់​​ភ្នំពេញ​​ថ្មី ខណ្ឌសែនសុខ ប្រាប់អ្នក​សារព័ត៌មាន​​ថា ពេល​សាងសង់ដំបូងៗ ខាង​ម្ចាស់​សំណង់​​​ផ្ដល់​តង់​សម្រាប់​​ធ្វើ​កន្លែង​​ស្នាក់​នៅ​​បណ្ដោះ​​អាសន្ន។ ប៉ុន្តែ​ពេល​ដែល​​​សាងសង់​​បាន​​ខ្លះ​ហើយ ​ម្ចាស់សំណង់ឲ្យរើ​ទៅ​​ស្នាក់​នៅ​ខាងក្នុង​​អគារ​​វិញ។

លោក សៀង យីម មានប្រសាសន៍ថា ៖ «ហ្នឹងហើយ ចាប់​ផ្ដើមសង់ គេមាន​តង់​ប្រក់​ឲ្យ​​ដេក​សិន។ ដល់តែ​សង់បាន​​បន្ទប់​ខ្លះ​​ហើយ គេ​ឲ្យស្នាក់​​នៅ​​ខាង​​ក្នុង​​វិញ​»។

កម្មករ​សំណង់​​រូបនេះ​​បន្ថែម​ថា ​​លោក​​ពិត​ជា​​មាន​ការ​​ព្រួយ​បារម្ភពីសុវត្ថិភាព ព្រោះលោក​​ឃើញ​​សារព័ត៌មាន​​ចុះ​ផ្សាយ​​​រឿង​​គ្រោះ​ថ្នាក់​​ការងារ​​ដែល​​កម្មករ​​សំណង់​​ជួប​ប្រទះ​​ជា​រឿយៗ នៅតាម​​បណ្ដា​​ការដ្ឋាន​សំណង់​​ផ្សេងៗ។ ប៉ុន្តែលោកគ្មានលទ្ធភាពក្នុងការជួលកន្លែងស្នាក់នៅខាងក្រៅ។

លោក សៀង យីម បន្ថែមថា៖ «បារម្ភដែរហ្នឹង​ ឮព័ត៌មានគេចុះផ្សាយរឿងគ្រោះថ្នាក់​ដែរ តែឲ្យធ្វើម៉េច…គេឲ្យនៅណា នៅហ្នឹង»។

លោក ឈុន ហេង មេការសំណង់ឯកជន​មួយរូប​​ ប្រាប់អ្នក​សារព័ត៌មានថា ​នៅ​ពេល​​ដែល​​មាន​​ការ​សាងសង់​​អគារ​​ ខាង​លោក​មាន​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ឲ្យ​កម្មករ​​​នៅ​ក្បែរៗ​អគារ​​តែម្ដង។ មេការ​រូប​នេះ​បន្ថែមថា កន្លងមក ​មិនធ្លាប់​​មានអាជ្ញាធរ​​ចុះ​ណែនាំ​រឿង​​សាងសង់​​នោះទេ ដោយ​លោក​​ផ្ដល់​ហេតុផល​​ថា សំណង់​​ដែល​លោក​ទទួលសាងសង់​ គឺគ្រាន់តែ​ជាលក្ខណៈ​តូចតាច​ប៉ុណ្ណោះ។​

លោក ឈុន ហេង បញ្ជាក់ថា ៖ «ខ្ញុំម៉ៅការ​ឯកជនធម្មតា។ អឹ ពេល​សង់​អគារ យើង​មានរៀប​ចំរោង [ស្នាក់នៅ] ក្បែរៗហ្នឹង។ យាយទៅ ខាងខ្ញុំ​សាងសង់​តូចតាច​ដែរ ដូចជាអត់មាន [អាជ្ញាធរ] ចុះណែនាំអីផង​»។

ចំណុច​​មួយ​ ក្នុង​​ចំណោម​​ចំណុច​ជាច្រើន នៃសេចក្តី​ប្រកាស​​​របស់​​ក្រសួង​​រៀបចំ​ដែន​ដី ចុះ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ រៀបរាប់ថា៖ «ក្រុម​ហ៊ុន​​ប្រកប​​អាជីវកម្ម​​សាងសង់ និង​ក្រុម​ជាង​សំណង់ ត្រូវ​បំពេញ​​កាតព្វកិច្ច និង​លក្ខខណ្ឌ​ចម្បងៗ ដូចជា ត្រូវមាន​​ការិយាល័យ​​ការងារ ឃ្លាំង​​ផ្ទុក​​សម្ភារៈ ជម្រក​​កម្មករ គ្រឿងចក្រ សកម្មភាព​​​សាងសង់ ត្រូវ​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​ក្នុង​​របង​ហ៊ុម​ព័ទ្ធ​នៃការដ្ឋាន ឬ​ការដ្ឋាន​​រណប ឬ​ទីកន្លែង​​ដែល​​ធានា​​បាន​​​សណ្តាប់​ធ្នាប់ និង​សន្តិសុខ​​​សាធារណៈ ដោយ​​​មិនត្រូវ​​ឲ្យ​​ស្នាក់នៅ​​ក្នុង​អគារ​​ដែល​កំពុង​​សាងសង់​ឡើយ»

កម្មការិនី​​​សំណង់​ អ្នកស្រី ឆេង ឡាង មក​​ពីខេត្ត​កំពង់ធំ សព្វថ្ងៃ​​​បម្រើ​​ការងារ​​​នៅ​ក្នុង​​​ការដ្ឋាន​​​សំណង់​​​មួយ​​​កន្លែង ម្ដុំ​ វត្តបុទម​​សេរីសែន​​មង្គល (ហៅវត្តឃ្មួញ) ក្នុង​​ខណ្ឌ​​សែន​​សុខ​ ប្រាប់​​ឲ្យដឹងថា រាល់​ថ្ងៃ​​អ្នក​ស្រី​​ស្នាក់​​នៅ​​កន្លែង​​ធ្វើការ គឺ​ក្នុង​​​អគារ​​ដែល​​​កំពុង​​​សាងសង់​​តែម្ដង។

 អ្នក​ស្រី​​ថា ពួក​​គាត់​​អាច​​ស្នាក់​​​នៅ​​ក្នុង​​​​អគារ​​បាន គឺ​ទាល់តែ​​មាន​ការ​អនុញ្ញាត​​ពី​មេការ​​​​ដែល​​​ទទួល​​​ខុស​ត្រូវ​​ក្នុង​ការ​​​សាងសង់​​។ ការស្នាក់នៅកន្លែងអគារសាងសង់ អាចជួយកាត់បន្ថយការចំណាយផ្សេងៗ។

អ្នកស្រី ឡាង និយាយថា​ ៖ «អត់ជួល​​បន្ទប់​​ផង នៅ​​​កន្លែង​​សំណង់​​ហ្មង។ ថ្លៃទឹក ថ្លៃភ្លើង គេ​អ្នក​​ចេញ យើង​​​គ្រាន់​តែ​​​ធ្វើ​ការ​​ឲ្យ​គេ​​​ប៉ុណ្ណោះ។ សុវត្ថិភាព​​​អត់អី​ផង ចា៎! អ៎ ទាល់តែ​​គេ​​អនុញ្ញាត​​ឲ្យនៅ បាន​​នៅ​​បាន»។

លោក សុខ គីន ទទួល​ស្គាល់​ថា មាន​​ក្រុមហ៊ុន​​សាងសង់​​ខ្លះ​​​ ឲ្យកម្មករ​ស្នាក់នៅ​​ក្រៅ​​អគារ​​ដែល​កំពុង​សាងសង់​ ដោយ​គេអនុវត្ត​បែប​នេះ ​​តាំង​ពី​មុន​​មាន​​សេចក្ដី​ជូន​ដំណឹង​​ម៉្លេះ ខណៈ​​​ដែល​​​ក្រុម​ហ៊ុន​​​សាងសង់​​​ផ្សេង​ទៀត​​​​​នៅ​តែ​​បន្ត​​ឲ្យ​​កម្មករ​​​ស្នាក់នៅ​​​ក្នុង​អគារ​​​កំពុង​​សាងសង់​​​ដដែល។

លោក គីន លើកឡើង ៖ ​​​«អាច​ថា​មាន​ខ្លះ តាម​​យើង​​មើល​ទៅ​ ក្រុមហ៊ុន​​មួយ​ចំនួន គេ​ធ្វើ​នៅ​ការដ្ឋាន​​ផ្សេង កន្លែង​ស្នាក់​នៅផ្សេង មិនអត់ទេ។ តែតាម​​ដែល​យើង​​ជួប​ប្រទះ គាត់ [ក្រុមហ៊ុន] ធ្វើអ៊ីចឹង មុន​សេចក្ដី​ជូន​​ដំណឹង​​ទៀត​ហ៎។ មាន​ន័យ​ថា​ ក្រុមហ៊ុន​ណា​ធ្លាប់​ឲ្យ​កម្មករ​ស្នាក់នៅ​​ក្នុង​ការដ្ឋាន គឺនៅ​​អ៊ីចឹង​ដដែល ក្រុមហ៊ុន​ណា​​​ធ្លាប់​ឲ្យ​​នៅ​​ក្រៅ ​គឺនៅ​ក្រៅ​អ៊ីចឹង​ទៅ”

អ្នកនាំ​​​ពាក្យ​​​ក្រសួង​រៀបចំ​​ដែន​ដី នគរូបនីយ​កម្ម និង​​សំណង់ លោក សេង ឡូត មិន​អាច​​​ទាក់ទង​​​សុំ​ធ្វើ​​បទសម្ភាស ទាក់ទង​នឹង​ការ​អនុវត្តតាម​សេចក្ដី​ប្រកាស​របស់ក្រសួង​ ​ពី​សំណាក់​​ក្រុមហ៊ុន​ប្រកប​អាជីវកម្មសាងសង់ ឬអ្នក​ម៉ៅការ​សាងសង់​​​​បាន​ទេ ​​នៅ​ក្នុង​​សប្ដាហ៍​​នេះ។

យោង​តាម​​របាយការណ៍​​របស់ក្រ​សួង​​រៀបចំ​​ដែនដី​ នគរូបនីយ​កម្ម​ និង​សំណង់​ កាលពី​ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ​ ២០១៩​ បាន​​ឱ្យ​ដឹង​​​ថា​ ចំនួន​​កម្មករសំណង់​គិត​ជា​​មធ្យម​​​ប្រមាណ​​​ពី ២០០​ ០០០​ នាក់​ ទៅ​ ២២០ ០០០ នាក់ ​ក្នុង​មួយ​ថ្ងៃ​ សម្រាប់​​ទូទាំង​​ប្រទេស។​ ដោយ​ឡែក​​​នៅ​​រាជធានី​ភ្នំពេញ ​​មាន​កម្ម​ករ​​ប្រមាណ​ ៩០​ ០០០ នាក់​ ទៅ​ ១០០​ ០០០នាក់​ ក្នុង​​មួយ​ថ្ងៃ​ គឺ​​មាន​ការ​ថយ​​ចុះ​​ចំនួន​ ៣១​,៨១​ %។

សំណង់​​នៅ​​ទូទាំង​​ប្រទេស​​មាន​​ចំនួន​​សរុប ៣ ៤៣៣ គម្រោង​ មាន​​ផ្ទៃ​ក្រ​ឡា​​សំណង់​​សរុប​​ចំនួន ១៣​ ០០០​ ៦៥៣​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ៦ ៤៩៤​ ៣៧២​ ៣៧១ ដុល្លារ​ កើន​ឡើង​​ចំនួន​ ៣៤​,៧៣​% ធៀប​​រយៈ​​ពេល​​ដូចគ្នា​​​កាល​​ពី​ឆ្នាំ​​មុន៕

ដោយ ម៉ូវ ម៉ារ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ