វិភាគ​៖ តើ​រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពលរដ្ឋមាន​​ជំនឿ​ចិត្តលើប្រព័ន្ធសុខាភិបាល​ក្នុងស្រុក​​?

ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

ព្រះ​ពុទ្ធ​ត្រាស់​សំដែង​ថា​ « បើ​គ្មាន​សុខភាព​ទេ​មិន​អាច​ហៅ​ថា​ជា​ជីវិត​បាន​ទេ វា​គ្រាន់​តែ​ជា​ការ​ភាន់​ច្រលំ និង​ទុក្ខ​វេទនា​តែ​ប៉ុណ្ណោះ »

មនុស្ស​គ្រប់​រូប​តែ​ង​ប្រាថ្នា​នូវ​សុខភាព​ល្អ ហើយ​នៅពេល​មាន​បញ្ហា​សុខភាព​ពួកគេ​តែងទៅ​រក​សេវា​សុខភាព​ណា​ដែល​គេ​ទុក​ចិត្ត​ដើម្បី​ព្យាបាល​ ដោយ​សង្ឃឹម​ថា​នឹង​បន្តជីវិត​របស់​ពួកគេបន្ត​ទៀត។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ដើម្បី ព្យាបាល​សុខភាព​ខ្លួន បើ​ទោះ​បី​រដ្ឋាភិបាល​បាន​ផ្ដល់​សេវា​សុខភាព​នៅ​ក្នុង​ស្រុក​ក៏​ដោយ​។

ក្នុង​សារលិខិត​ស្វាគមន៍​របស់​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) បាន​លើក​ឡើង​ថា​ក្នុង​មួយ​ឆ្នាំ​ពលរដ្ឋ​កម្ពុជា​ជាង​៨០​ម៉ឺននាក់​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ថៃ ជា​ពិសេស​គឺ​ដើម្បី​ពិនិត្យ​សុខភាព។

កាល​ពី​ថ្ងៃ​ទី​២៨ តុលា ​ក្នុង​​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា​លោក​ ម៉ម ប៊ុន​ហេង បាន​ជំរុញ​ដល់​ពលរដ្ឋ​ដែល​តែ​ងតែទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ឱ្យ​ងាក​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នានា​ក្នុង​ស្រុក​វិញ ដោយ​ថាស្ដង់ដា​​សុខាភិបាល​កម្ពុជាខ្ពស់​ដែល​​អាច​ធៀប​ជា​មួយ​ប្រទេស​ដទៃ​បាន​។

តើរដ្ឋាភិបាលគួរធ្វើបែបណាដើម្បី​ឱ្យពលរដ្ឋមានជំនឿចិត្ត​ក្នុង​ការ​ព្យាបាលជំងឺនៅក្នុងប្រទេស​?

កម្ពុជា​ត្រូវ​បាន​អ្នក​ប្រវត្តិ​វិទ្យា​ប្រទេស​អង់គ្លេស​លោកបណ្ឌិត Peter Sharrock ចាត់​ទុក​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខភាព​​ជាតិដំបូងគេបំផុតលើពិភពលោក ក្នុង​រាជ​សេ្តច​ជ័យ​វរ្ម័ន​ទី​៧ អំឡុង​សតវត្ស​ទី​១២ ដោយមានមន្ទីរពេទ្យជាង ១០២កន្លែង និងមានបុគ្គលិកពេទ្យឯកទេស និងអ្នកបម្រីការទូទៅជាច្រើន ដើម្បី​បម្រើ​​ការ​ថែរក្សា​សុខភាព​ជូន​ពលរដ្ឋ​ទូទៅដោយ​ឥត​គិត​ថ្លៃ។

ទោះ​បី​ជា​មាន​បទពិសោធន៍​ចំណាស់​ជាង​គេ​ក្នុង​ការ​ថែរក្សា​សុខភាព​សាធារណៈក្ដី​ តែ​ការ​ថែរក្សា​សុខភាព​សាធារណៈ​កម្ពុជា​នៅ​តែ​មិន​អាច​ឈានដល់​កម្រិត​ដែល​ពលរដ្ឋ​ទទួល​យក​បាន​នោះ​ទេនាពេល​បច្ចុប្បន្ន។

បច្ចុប្បន្ន​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ត្រូវ​បាន​រង​ការ​រិះគន់​ជា​ច្រើនស្រប​ពេល​ដែល ព័ត៌មាន​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​សុខភាព​ខ្សោយ​នៅ​កម្ពុជាមាន​ជា​ហូរ​ហែ​ផង​ដែរ ដែល​​រួម​មាន​ ​ ក្រម​សីលធម៌​គ្រូពេទ្យ​ ការ​ទារ​ថ្លៃ​ហួស​កម្រិត និងជំនាញ​​វិជ្ជា​ជីវៈ​របស់​គ្រូពេទ្យ​ជា​ដើម បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿទុក​ចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធរបស់​រដ្ឋ​​ដែល​សំខាន់​មួយ​នេះ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​លោក សាន ដំរី ដែល​តែង​តែ​ទៅ​ព្យាបាល​ជំងឺ​រលាក​តម្រង​នោម ៣ខែ​ម្ដង​នៅ​ពេទ្យ​ខេត្ត​ឧប៊ុន ប្រទេស​ថៃ​បាន​រៀបរាប់​ប្រាប់​VOD ថា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ឈប់​ព្យាបាល​នៅ​ស្រុក​ខ្មែរ​ដោយ​សារ​ជំនាញ​មិនច្បាស់លាស់ រួម​ជា​មួយ​នឹង​ក្រម​សីលធម៌​មិន​សមរម្យ​ចំពោះ​អ្នក​ជំងឺដោយ​ក្រុម​​គ្រូពេទ្យ​ក្នុង​ស្រុក។

លោក​មាន​ប្រសាសន៍ថា៖ « ពេល​ខ្ញុំ​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ​ម្ដង​នៅ​ពេល​ក្នុង​ស្រុក​ ខ្ញុំ​ឃើញ​ជំងឺ​ផ្សេង​ ដល់​ខ្ញុំ​ទៅ​ពិនិត្យ​នៅពេទ្យ​មួយ​ទៀត ​វា​ផ្សេង​ទៀត។ ខ្ញុំ​បាន​សាក​ល្បង​ទៅ​ពីរ​ហ្នឹង​គឺ​លទ្ធផល​វា​ពីរផ្សេង​គ្នា។ ដល់​អញ្ចឹង​ ​ខ្ញុំ​មាន​ការ​ព្យាបាល​ពីរខុសគ្នា ទី១​ថ្នាំ​​ផ្សេង​ទៅជំងឺ​វា​ផ្សេង ដល់​ទី២ ​វា​ផ្សេង​ទៀត​ថ្នាំ​ផ្សេង​ទៀត។ អញ្ចឹង​ខ្ញុំ​ត្រូវទទួល​បាន​ការ​ព្យាបាល​ពីរ​ផ្សេង​គ្នា ហើយ​ពីរ​ដង​ហើយ​វា​នៅ​តែ​អត់​អន់​ទៀត! ខ្ញុំ​អត់​ដឹង​ថា​ខ្ញុំ​ត្រូវ​នៅ​បន្ត​ព្យាបាល​ធ្វើ​អី​ទៀតនោះ​ទេ។ ខ្ញុំ​គិត​ថា​បើ​សិន​ខ្ញុំ​ញាំ​ថ្នាំ​ឬ​ទទួល​ការ​ព្យាបាល​ច្រើន​ដង​វា​ប៉ះពាល់​ដល់​សុខភាព​ខ្ញុំ អញ្ចឹង​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​គួរ​ផ្ទុក​ថ្នាំ​ដដែល ឬ​ថ្នាំ​ច្រើន​ទៀត​ក្នុង​ខ្លួន​ខ្ញុំ​ទេ! អញ្ចឹង​ខ្ញុំ​ក៏សម្រេច​ថា​ទៅ​ព្យាបាល​នៅ​ឧប៊ុន​តែ​ម្ដង​ទៅ »

ប្រធាន​សមាគម​និស្សិត​បញ្ហា​វ័ន្ត​កម្ពុជា​លោក មួង សូនី មាន​ប្រសាសន៍​ថា​បញ្ហា​នៃ​ប្រព័ន្ធ​សុខាភិបាល​បច្ចុប្បន្ន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿចិត្ត និង​សេដ្ឋកិច្ច​ពលរដ្ឋ​ជា​ខ្លាំង ហើយ​នេះ​ក្រម​សីលធម៌​មួយ​ដែល​រដ្ឋ​ត្រូវ​ទទួល​ខុសត្រូវ។

លោក​ថា៖ « វា​មិន​មែន​ជា​រឿង​លេងសើចទេ។ វា​ជា​រឿង​អសីលធម៌ ជា​រឿង​អគុណធម៌​ធ្ងន់ធ្ងរណាស់​! ព្រោះ​ការ​ព្យាបាល​ជំងឺ​របស់​អ្នក​ជំងឺ​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​អាយុជីវិត​វា​ពាក់ព័ន្ធ​នឹង​សេចក្តី​ស្លាប់ មនុស្ស​ភ័យ​។ […] ត្រូវ​ខាតពេល​វេលា​ត្រូវ​ខ្ចី​លុយ​ធនាគារ ដើម្បី​សង្គ្រោះ​ជីវិត​គ្រួសារ​តែ​ជា​ចុង​ក្រោយ​គឺ​បែរ​ជា​ប្រព័ន្ធ​សុខាភិបាល​យើង​យករឿង​ហ្នឹង​ជា​រឿង​លេង​សើច ខ្ញុំ​មិន​ថា​គ្រូពេទ្យ​ទាំង​អស់​ទេ តែ​ខ្ញុំ​ជួប​អ្នក​ជំងឺ​ភាគច្រើន​គេ​លើក​ឡើង​អំពី​អសីលធម៌ អគុណធម៌​របស់​គ្រូពេទ្យ ដែល​មិន​យក​ចិត្ត​ទុកដាក់​ហ្នឹង​ឯង​ »

ក្រៅ​ពី​បញ្ហា​នេះ​ ការ​ចេញ​ទៅ​ព្យា​បាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​របស់​មន្ត្រី​ធំ​ៗ​របស់​កម្ពុជា​ក៏​ជា​រឿង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​ទុក​ចិត្ត​លើ​សេវាសុខាភិបាល​ក្នុង​ស្រុក​ផង​ដែរ។

នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ជា​បុគ្គល​គំរូ​មួយ​នៅ​កម្ពុជា​តែង​ទៅ​ពិនិត្យ​សុខភាព​ជា​និច្ច​កាល​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​សឹង្ហបុរី ខណៈ​មន្ត្រី​គ្រាក់ៗ​នៃ​រដ្ឋាភិបាល​មួយ​ចំនួន​ក៏​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​សុខភាព​ផង​ដែរ។​

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​លោក យ៉ង់ គិមអេង មាន​ប្រសាសន៍​ថា​រូប​ភាព​នេះ​ក៏​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ​ផង​ដែរ​ស្របពេល​ដែល​បញ្ហាសុខាភិបាល​​ជា​ច្រើនត្រូវ​បាន​ពលរដ្ឋ​រិះគន់​នោះ។

លោក​ថា៖ « ហេតុ​អី​បាន​ជា​អ្នក​ធំ​នៅ​ក្នុង​ស្រុក​យើង​ចេះ​តែ​ទៅ​ព្យាបាល​នៅ​ប្រទេស​ទាំង​អស់​ហ្នឹង? យើង​សួរ​តែ​ប៉ុណ្ណឹងបាន​ហើយ។ ចំពោះ​ខ្ញុំ​ៗ​យល់​ថា​ប្រហែល​ជា​(គុណភាព) អត់​បាន​ទៅ​ដល់​គេ​ហ្នឹង​ហើយ។ ហើយ​កម្រិត​នៃ​ការ​ជឿជាក់​ទៅ​លើ​សេវា​សុខា​ភិបាល​របស់​ដែល​ធ្វើ​ឱ្យ​ខូច​ក្កេរ្តិ៍​ឈ្មោះ​កន្លង​មក​នោះ​ហើយ​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ចេះ​តែ​ទៅ​ព្យាបាល​នៅ​ខាងក្រៅ​រួម​ទាំង​អ្នក​ធំ​ អ្នក​មាន​បណ្ដាស័ក្កិ​ផង​ដែរ » ។ ​

ជា​រួម​អ្នក​​តាម​ដាន​យល់​ថា បញ្ហា​បច្ចេកទេសវិជ្ជាជីវៈ​ ​ក្រម​សីលធម៌​ និង​ភាព​ជា​គំរូ​របស់​ថ្នាក់​ដឹក​នាំ​កំពុង​ជះ​ឥទ្ធិពលដល់​ជំនឿ​ចិត្ត​ពលរដ្ឋ​លើ​ប្រព័ន្ធសុខាភិបាល​ក្នុង​ស្រុក ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ងាក​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅ​ប្រទេស​ ឬ​ជិត​ខាង​។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោកបណ្ឌិត​ប៉ា ច័ន្ទរឿន​ មាន​ប្រសាសន៍​ថា​ការ​បាត់​បង់ជំនឿ​ចិត្តរបស់​ពលរដ្ឋ​​លើ​ប្រព័ន្ធ​សុខាភិបាល​ជាតិ​នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​គ្រូ​ពេទ្យ​ សេដ្ឋកិច្ចជាតិ​ និង​ជំនឿចិត្ត​របស់​ពលរដ្ឋ​លើ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ប្រទេស​ទៀត​ផង។

អ្នក​តាម​ដាន​ឱ្យ​ជា​យោបល់​ថា​ ថ្នាក់​ដឹក​នាំ​គួរ​ធ្វើ​ជា​គំរួ​មុន​គេ​ក្នុង​ការ​បង្កើន​ជំនឿចិត្ត​របស់​ពលរដ្ឋ​នេះ ខណៈ​ក្រសួង​សុខាភិបាល​ត្រូវ​មាន​ការ​ពិនិត្យ​វាយ​តម្លៃ​ឡើង​វិញ​ពី​ការងារ​របស់​ខ្លួន ដោយ​ផ្ដោត​លើ​មតិយោបល់​ពលរដ្ឋ យក​មក​កែ​លំម្អ​សកម្មភាព​ការងារ​របស់​មន្ទីរពេទ្យ និង​ក្រម​សីលធម៌​គ្រូពេទ្យ​របស់ខ្លួនផង​ដែរ​​។

លោក​បណ្ឌិត​ប៉ា ច័ន្ទ​រឿន​មាន​ប្រសាសន៍​ថា​ ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​គុណភាព​គ្រួពេទ្យ ទាំង​ក្រម​សីលធម៌ និង​​បរិក្ខាព្យាបាល​​ ត្រូវ​មាន​គោលនយោបាយរយៈពេល​មធ្យម និង​វែង​ដើម្បី​បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាពដល់​ពលរដ្ឋ​គ្រប់​រួប​ និងបង្កើត​​ភាព​ជា​គំរូ​របស់​ថ្នាក់​ដឹក​នាំ​ក្នុងការ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​។

លោក​ថា៖ « ខ្ញុំ​ថា​មន្ត្រីរាជការ​យើង​រួម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូលៗផង​គួរ​តែ​ធ្វើ​ជា​គំរូ មាន​ន័យ​ថា​ជ្រើស​រើស​ការ​ព្យាបាល​ក្នុង​ស្រុក ហើយ​ធ្វើ​ឱ្យ​ប្រជាជន​ឃើញ​ថា​ពួកគាត់​ទទួល​បាន​ការ​ព្យាបាល​ក្នុងស្រុក​ដែរ នៅ​ពេល​ដែល​ពួកគាត់​ធ្វើ​ជា​គំរួខ្ញុំជឿ​ថា​វា​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើន​ជំនឿ​ចិត្ត​របស់​សាធារណ​ជន​ឱ្យគាត់​ទទួល​ស្គាល់​ និងប្រើប្រាស់​ក៏​ដូច​ជាជឿជាក់​លើ​ប្រព័ន្ធ​សុខភាព​ក្នុង​ស្រុក​យើង​ »

លោក​យ៉ង គិមអេង​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជា​គំរូ​របស់​ថ្នាក់​ដឹក​នាំ​ក៏​អាច​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​​បានដឹង​ពី​កង្វះខាត​របស់​មន្ទីរពេទ្យ​​ក្នុង​ស្រុក និង​ធ្វើ​ឱ្យ​ពេទ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​បម្រើ​ពលរដ្ឋ​ផង​ដែរ។

លោក​ថា៖ « ខ្ញុំ​គិត​ថា​អ្នក​មាន​បណ្ដា​ស័ក្កិ​គាត់​ប្រើប្រាស់​សេវា​សុខាភិបាល​យើង​បាន​ច្រើន​គ្នា ប្រហែលជា​ជួយ​រុញ​គុណភាព​ស្ដង់ដារ​សុខាភិបាល​របស់​យើងឱ្យ​ដើរ​ទៅជិត​ទាន់​ប្រទេស​ជិត​ខាង​យើង​បាន​ឆាប់​ បើ​នៅ​ដូច​រាល់​ថ្ងៃ​នេះ​ប្រហែល​យើង​នៅ​បន្ត​នៅ​ឆ្ងាយ​ពី​គេ​កាន់​តែ​ឆ្ងាយទៀត​ហើយ »

រាយការណ៍​បន្ថែម​ដោយកញ្ញា ឃុន វ៉ាន់ដា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ